

បុរសម្នាក់ដែលអះអាងថា ជាជនរងគ្រោះ បានចេញមុខបកអាក្រាតជាសាធារណៈអំពើពុករលួយរបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ និងបក្ខពួក ព្រមទាំងការសូកប៉ាន់ទិញតួនាទីចូលបម្រើការងារក្នុងប្រព័ន្ធយុត្តិធម៌របស់មន្ត្រីតុលាការទាំងមូល។ អ្នកឃ្លាំមើលយល់ថា ប្រទេសកម្ពុជា នឹងកាន់តែចុះទន់ខ្សោយថែមទៀត ប្រសិនបើរដ្ឋាភិបាលមិនកែទម្រង់ប្រព័ន្ធយុត្តិធម៌ឡើងវិញ និងលុបបំបាត់អំពើពុករលួយ។
រយៈពេលជាយូរមកហើយ ដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជារងការរិះគន់ថា មានអំពើពុករលួយចាក់ស្រេះ កាត់ក្តីតាមទម្ងន់ទឹកប្រាក់ ហើយពលរដ្ឋស្លូតត្រង់រងភាពអយុត្តិធម៌ជាច្រើន។ ជនរងគ្រោះម្នាក់បានចេញមុខលាតត្រដាងអំពើអយុត្តិធម៌ដែលខ្លួនជួបប្រទះ និងការសូកប៉ាន់លុយដ៏ច្រើនសន្ធឹកសន្ធាប់ ទិញតួនាទី ចាប់ពីថ្នាក់ក្រោម ដល់ថ្នាក់កំពូល ដើម្បីបានបម្រើការក្នុងស្ថាប័នតុលាការនៅកម្ពុជា។
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះប្រមាណ ៣០គ្រួសារផ្សេងទៀត គឺលោក វង់ ដារា បានបង្ហោះវីដេអូឃ្លីបប្រមាណជាង១៣នាទីនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយ រៀបរាប់ថា គ្រួសាររបស់លោកទទួលរងភាពអយុត្តិធម៌ពីព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ គឺលោក ច្រឹង ខ្មៅ និងបក្ខពួក បានជំរិតទាប្រាក់ គាបស៊ី អស់រយៈពេលជាង១០ឆ្នាំមកហើយ។ លោកថា សាលាដំបូងរាជធានីភ្នំពេញ បានប្រព្រឹត្តអំពើពុករលួយយ៉ាងស៊ីជម្រៅ និងជាប្រព័ន្ធ ចាប់តាំងពីក្រឡាបញ្ចីរហូតដល់ព្រះរាជអាជ្ញា និងមេធាវី ដែលលោកមិនអាចទទួលយកបានឡើយ។ លោកបញ្ជាក់ថា ដោយសារតែអំពើពុករលួយជាប្រព័ន្ធ ការអនុវត្តច្បាប់មានស្តង់ដារ២នេះហើយ ដែលបានប្រែក្លាយរឿងក្តីរបស់គ្រួសារលោក និងជនរងគ្រោះជាច្រើនទៀត ពីជនរងគ្រោះ មកជាជនល្មើសវិញ។
លោក វង់ ដារា លើកឡើងពីការសូកប៉ាន់លុយទិញតួនាទីនៅទូទាំងសាលាដំបូងខេត្តនិងរាជធានីភ្នំពេញថា ប្រសិនបើចង់បានតួនាទីជាក្រឡាបញ្ជី គឺត្រូវសូកប៉ាន់មន្ត្រីនៅក្រសួងយុត្តិធម៌ចំនួនចន្លោះពី ២ម៉ឺន ៥ពាន់ទៅ ៤ម៉ឺនដុល្លារ តាមកម្រិតភាពស្នឹទស្នាលជាមួយមន្ត្រីថ្នាក់កំពូល។ តួនាទីជាចៅក្រម និងព្រះរាជអាជ្ញា ត្រូវបង់ប្រាក់ចំនួន ១០ម៉ឺនដុល្លារ សម្រាប់ប៉ុស្តិ៍ឆ្ងាយៗនៅតាមខេត្តដែលមិនអាចប្រព្រឹត្តអំពើពុករលួយបានច្រើន ហើយនៅរាជធានីភ្នំពេញ ត្រូវបង់លើសពី១០ម៉ឺនដុល្លារសម្រាប់ប៉ុស្តិ៍ល្អៗ មានន័យថា ជាកន្លែងដែលអាចប្រព្រឹត្តអំពើពុករលួយ ជំរិតទារប្រាក់ពីជនរងគ្រោះបានច្រើន សូម្បីការជ្រើសរើសចៅក្រម និងព្រះរាជអាជ្ញាដោយក្រសួងយុត្តិធម៌ផ្ទាល់ក៏ដូចគ្នា។ រីឯ តូនាទីជាមេធាវី ត្រូវចំណាយប្រាក់សូកប៉ាន់ ចន្លោះពី ២ម៉ឺន ទៅ៣ម៉ឺន៥ពាន់ដុល្លារ តាមរយៈគណៈមេធាវីនៅកម្ពុជា។
លោក វង់ ដារា៖ «បងប្អូន គិតមើលថា ប្រសិនបើបងប្អូន មានបញ្ហា ដើម្បីស្វែងរកយុត្តិធម៌ណាស់ ពេលដែលយើង រងការអយុត្តិធម៌ តើប្រព័ន្ធតុលាការមួយនេះ អាចផ្ដល់យុត្តិធម៌ឲ្យយើងបានទេ ប្រសិនបើតុលាការទាំងមូល ជាប្រព័ន្ធមួយ ដែលប្រព្រឹត្តអំពើពុករលួយ យ៉ាងស៊ីជម្រៅ និងជាប្រព័ន្ធមួយវិញទៀត? តាមដែលខ្ញុំដឹង បាទ ក្រសួងយុត្តិធម៌ ក៏គាត់ក៏មាន បង្កើតគណៈកម្មការ ត្រួតពិនិត្យភាពមិនប្រក្រតី នៅតាមសាលាដំបូងមួយៗ នៅតាមបណ្តាខេត្ត ក៏ដូចជារាជធានីភ្នំពេញ។ ប៉ុន្តែ សមាជិកនៃគណៈកម្មការទាំងអស់នោះ គឺមកពីសាលាដំបូង នៃបណ្តាខេត្ត ក៏ដូចជាសាលាដំបូងពាក់ព័ន្ធទាំងអស់។ អញ្ចឹង មានន័យថា គាត់ជាអ្នកប្រព្រឹត្តអំពើពុករលួយ ហើយទៅចាប់ពុករលួយយ៉ាងម៉េច? ចាប់អ្នកប្រព្រឹត្តអំពើពុករលួយយ៉ាងម៉េច? ចាប់ម៉េចបាទ? មានន័យថា គាត់គឺ ជាចោរ ហើយទៅចាប់ចោរ ចាប់មិនបានទេ បាទ។ ធ្វើម៉េចចាប់បានបាទ?»។
លោក វង់ ដារា ស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើលោក ច្រឹង ខ្មៅ និងបក្ខពួក ដោយរឹបអូសយកទ្រព្យសម្បត្តិរបស់បុគ្គលទាំងនោះ ទៅជួយពលរដ្ឋរងគ្រោះ និងទាហានខ្មែរដែលកំពុងឈរជើងនៅតាមព្រំដែន។ លោកទទូចឲ្យរដ្ឋាភិបាលពិចារណាកែទម្រង់ឲ្យបានស៊ីជម្រៅនៃប្រព័ន្ធតុលាការនៅកម្ពុជា កាត់ផ្តាច់ឬសគល់នៃអំពើពុករលួយទាំងអស់នៅទូទាំងប្រទេសដែលលោកយល់ថា វាជាជំងឺមហារីកដែលអាចបង្កឲ្យកម្ពុជាវិនាសហិនហោចដោយសារបុគ្គលទាំងនោះ។
មិនតែប៉ុណ្ណោះ លោកទាមទារឲ្យរដ្ឋាភិបាលដកពាក្យស្លោកថា «ខ្មែរធ្វើបាន» ចេញ ដែលលោកហាក់ចង់បង្ហាញថា វាមិនសាកសម ព្រោះពាក្យស្លោកនោះ ធ្វើឲ្យលោកឈឺចាប់ និងរងគ្រោះពីប្រព័ន្ធតុលាការនៅកម្ពុជា ហើយទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការយកប្រព័ន្ធតុលាការជាឧបករណ៍ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋដែលប្រើប្រាស់សិទ្ធិបញ្ចេញមតិ ហ៊ាននិយាយការពិត ខ្វាយខ្វល់ពីព្រំដែន អ្នកការពារធនធានធម្មជាតិ និងអ្នកស្នេហាជាតិទាំងអស់ផងដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសួរនាំពីករណីនេះបានទេ នៅថ្ងៃទី២២ តុលា នេះ។ ចំណែក អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ មិនលើកទូរស័ព្ទ។
កន្លងមក ប្រជាពលរដ្ឋ អ្នកវិភាគ អង្គការជាតិនិងអន្តរជាតិជាច្រើនក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ និងបង្ហាញក្តីបារម្ភជុំវិញការអនុវត្តស្តង់ដារ២នៃប្រព័ន្ធតុលាការកម្ពុជា និងការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ដើម្បីការពារអំណាច ដូចជាការចាប់ខ្លួនសកម្មជនគណបក្សនយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្សជាបន្តបន្ទាប់។ អ្នកជាប់ឃុំដោយការប្រើប្រាស់សិទ្ធិរបស់ខ្លួនមានជាង១០០នាក់ហើយ តាមការចងក្រងរបស់អង្គការលីកាដូ ដែលរងភាពអយុត្តិធម៌ពីប្រព័ន្ធតុលាការនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត មានប្រសាសន៍ថា អំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌នេះ កើតមានតាំងពីជំនាន់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយបន្តមកដល់កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទៀត។ លោកថា តុលាការ របបមួយនេះ មិនអាចផ្តល់យុត្តិធម៌ឲ្យពលរដ្ឋបានឡើយ ផ្ទុយទៅវិញពួកគេប្រើប្រាស់តុលាការនេះ ដើម្បីកាត់ទោសជនស្លូតត្រង់ដែលហ៊ានប្រឆាំងនឹងរដ្ឋាភិបាលរបស់គ្រួសារត្រកូលហ៊ុន។ លោកលើកឡើងថា អ្នកដែលបានបញ្ចប់ការសិក្សាផ្នែកច្បាប់មួយចំនួន ទោះមានសមត្ថភាព ក៏មិនប្រាកដថា អាចចូលបម្រើការក្នុងតុលាការដោយអព្យាក្រឹត្តបានដែរ ហើយមួយចំនួនទៀតត្រូវប្រើប្រាស់ខ្សែរស្រឡាយ និងការសូកប៉ាន់ទើបអាចចូលធ្វើការបាន។
លោកទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរបោសសម្អាតអំពើពុករលួយនេះចេញ ដើម្បីកុំឲ្យកម្ពុជាធ្លាក់ដុនដាបជាងនេះ និងរងភាពអាម៉ាសនៅលើឆាកអន្តរជាតិ។
លោក ម៉ែន ណាត៖ «ហើយអាពួកតុលាការ ពួកក្រឡាបញ្ជី ពួកព្រះរាជអាជ្ញា ពួកអីអស់ហ្នឹង គឺកោសរូស អ្នកគ្នាជាជនរងគ្រោះ ដែលជាអតិថិជនហ្នឹង តាមតែខ្លួនឯងចង់បាន ហើយស៊ីលុយទាំងសងខាង។ ហើយអញ្ចឹងៗអីតើ ប្រជាពលរដ្ឋដែលគាត់ទៅពឹង ក្រសួង យុត្តិធម៌មិចបាន ហើយទៅពឹងតុលាការ ឲ្យផ្ដល់យុត្តិធម៌ឲ្យមិចបាន វាអញ្ចឹងហា៎ វាទៅជារឿងស្អុយរលួយពេញស្ថាប័នយុត្តិធម៌អស់ទៅ។ រួចតុលាការមិនមែនកន្លែងរកស៊ីទេ គឺកន្លែងដែលបម្រើសេវា ផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញ តុលាការបច្ចុប្បន្នវាទៅជាកន្លែង ទីផ្សារ ដោះដូរទំនិញ ផ្ដល់លុយ អ្នកណាឲ្យលុយច្រើនកាត់ឲ្យអ្នកហ្នឹងឈ្នះ អ្នកណាឲ្យលុយតិចកាត់ឲ្យចាញ់ វាទៅជាកន្លែងអញ្ចឹងទៅ»។
អង្គការជាតិ និងអន្តរជាតិជាច្រើនធ្លាប់បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់តុលាការចោទប្រកាន់បទព្រហ្មទណ្ឌ ដូចជា បទញុះញង់ ឬបទរួមគំនិតក្បត់ ទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន យុវជន និងសមាជិកបក្សប្រឆាំង ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការជ្រៀតជ្រែកលើប្រព័ន្ធយុត្តិធម៌ លុបបំបាត់អំពើពុករលួយ ពង្រឹងឯករាជ្យភាព និងតម្លាភាពនៃប្រព័ន្ធតុលាការ និងបើកលំហសេរីភាពពលរដ្ឋ និងប្រជាធិបតេយ្យឡើងវិញ៕









