

អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បង្ហាញពីវិធានការស៊ើបអង្កេតលើកូនប្រុសមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក យឹម ឆៃលី គឺលោក យឹម លាង ដែលជាមន្ត្រីនគរបាលពាក់ផ្កាយ ៣ និងមន្ត្រីនគរបាលអ្នកស្រី ជាតិ មុន្នី ដែលជាប់សង្ស័យថា បានកាងការពារអាជីវកម្មឆបោកតាមអនឡាញរបស់មេខ្លោងជនជាតិចិន លោក តឹង ភីពីង (Deng Pibing) នៅតំបន់តារាសាគរ ខេត្តកោះកុងនៅឡើយ។ អ្នកឃ្លាំមើលយល់ថា ការខកខានមិនចាត់វិធានការម៉ឺងម៉ាត់លើមន្ត្រីជាន់ខ្ពស់ដែលជាប់សង្ស័យទាំងនេះ ទំនងដោយសារតែពួកគេជាប់ពាក់ព័ន្ធអំពើពុករលួយទ្រង់ទ្រាយធំ និងទទួលបានការកាងការពារពីអំណាចរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ដោយផ្ទាល់តែម្ដង។
តើក្រុមគ្រួសារត្រកូល «យឹម» មានអំណាច និងទំនាក់ទំនងស៊ីជម្រៅបែបណាជាមួយរដ្ឋាភិបាលត្រកូល «ហ៊ុន» ទើបសមត្ថកិច្ចមិនស៊ើបអង្កេតក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ?
លោក យឹម លាង គឺជាមន្ត្រីនគរបាលជាតិជាន់ខ្ពស់មួយរូបមានទាំងលុយ មានទាំងអំណាច និងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន។ ដំបូងឡើយកេរ្តិ៍អាស្រូវសមាជិកនៃក្រុមគ្រួសារត្រកូល យឹម មានតែលោក យឹម លក្ខណ៍ ប្អូនប្រុសលោក យឹម លាង ម្នាក់ប៉ុណ្ណោះដែលអន្តរជាតិស្គាល់ថា ជាមេបណ្ដាញធំម្នាក់ឃុបឃិតជាមួយឧក្រិដ្ឋជនក្នុងជំនួញឆបោកតាមអនឡាញពីជនរងគ្រោះជុំវិញពិភពលោក។
ប៉ុន្តែក្រោយទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗនេះបានលាតត្រដាងរបាយការណ៍ស៊ើបអង្កេតដោយសម្ងាត់មួយកេរ្តិ៍ឈ្មោះ លោក យឹម លាង ក៏ចាប់ផ្ដើមល្បីល្បាញរឿងជាប់ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញមិនចាញ់ប្អូនប្រុសរបស់លោកឡើយ។
មតិសាធារណជនមួយចំនួនលើកឡើងថា ការណ៍ដែលអាជ្ញាធរព្យាយាមរក្សាភាពស្ងៀមស្ងាត់ក្នុងសំណុំឧក្រិដ្ឋកម្មសង្ស័យពាក់ព័ន្ធនឹងលោក យឹម លាង និងមន្ត្រីពាក់ព័ន្ធ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយ ក្នុងបរិបទសង្គមកម្ពុជាដែលមានប្រព័ន្ធដឹកនាំបែបពុករលួយ និងគ្រួសារបក្ខពួកនិយមចាក់ស្រេះ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចអនុវត្តច្បាប់ក៏ទំនងស្ថិតក្រោមអំណាច និងឥទ្ធិពលរបស់លោក យឹម លាង ដែរ ដោយសារមេប៉ូលិសពាក់ផ្កាយ ៣រូបនេះមានទាំងអំណាចទឹកលុយ អំណាចនយោបាយទាំងក្នុងជួររដ្ឋាភិបាល និងទាំងក្នុងជួរគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
លោក យឹម លាង មានតួនាទីជាអគ្គស្នងការរងនគរបាលជាតិពាក់ផ្កាយ ៣ និងជាប្រធាននាយកដ្ឋានអង្គរក្ស រៀបចំកងកម្លាំងប៉ូលិសការពារសន្តិសុខឥស្សរជននយោបាយ និងមន្ត្រីកំពូលៗនៅកម្ពុជា។ ក្រៅពីមានតំណែងធំក្នុងជួរកងកម្លាំងនគរបាលជាតិបច្ចុប្បន្នលោក យឹម លាង ក៏ជានាយករងខុទ្ទកាល័យប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ កាលពីឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានតែងតាំងលោកជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំព្រឹទ្ធសភាផងដែរ។
ក្រៅពីមានអំណាចពេញដៃក្នុងជួររដ្ឋាភិបាល និងផ្ទៃក្នុងបក្សលោក យឹម លាង ក៏មានប្អូនប្រុសបង្កើតគឺលោក យឹម លក្ខណ៍ ដែលបច្ចុប្បន្នមានតួនាទីជាទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន ដែរ។ លោក យឹម លក្ខណ៍ ស្ថិតក្នុងចំណោមមន្ត្រីគ្រាក់ៗផ្សេងទៀតដែលមានកេរ្តិ៍ឈ្មោះអាស្រូវជាយូរមកហើយពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងរកស៊ីលើជំនួញបែបឧក្រិដ្ឋកម្ម។ បច្ចុប្បន្ន លោកក៏កំពុងត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា។
ឪពុករបស់លោក យឹម លាង គឺលោក យឹម ឆៃលី ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា ជាអតីតឧបនាយករដ្ឋមន្ត្រី ជាអតីតដន្លងដងស្នែងរបស់លោក ហ៊ុន សែន ហើយបច្ចុប្បន្នក៏ជាសមាជិកឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកំពង់ចាមផងដែរ។
រីឯ ប្អូនស្រីរបស់លោក យឹម លាង ម្នាក់ទៀតគឺអ្នកស្រី យឹម ឆៃលីន ដែលជាអតីតភរិយារបស់លោក ហ៊ុន ម៉ានី ក៏ជាបុគ្គលលេចធ្លោម្នាក់ក្នុងរង្វង់គ្រួសារត្រកូល «យឹម» ដោយសារអ្នកស្រីតែងបង្ហាញពីជីវិតរស់នៅបែបហ៊ឺហា ឬហាយសូ (High Show) ព្រមទាំងសម្ញែងសម្ភារៈប្រើប្រាស់ម៉ាកល្បីៗ និងគ្រឿងអលង្ការមាសពេជ្រកែវកង ដែលមានតម្លៃរាប់លានដុល្លារ។
លោក យឹម លាង ក៏ត្រូវជាស្វាមីរបស់អ្នកស្រី ជា សុផាម៉ាដែន កូនស្រីអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺ លោក ជា សុផារ៉ា។ ចំណែក កូនស្រីពៅរបស់លោកគឺកញ្ញា យឹម លីនដា ក៏តែងបង្ហាញពីជីវិតរស់នៅបែបលំដាប់អភិជន និងចូលចិត្តអួតសម្ញែងទ្រព្យសម្បត្តិគ្រឿងអលង្ការដែលមានតម្លៃកប់ពពកដោយគ្មានភាពអៀនខ្មាស មិនខុសពីម្តាយមីងរបស់នាង គឺអ្នកស្រី យឹម ឆៃលីន ឡើយ។
កូនស្រី លោក យឹម លាង និងអ្នកស្រី ជា សុផាម៉ាដែន គឺកញ្ញា យឹម លីនដា មានវ័យក្រោម ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែត្រូវបានគេពណ៌នាថា ស្លៀកសំលៀកបំពាក់ប្រណីតៗរួមទាំងពាក់គ្រឿងមាសពេជ្រសោចដងខ្លួនមានតម្លៃមិនក្រោម ១លានដុល្លារឡើយ ដើម្បីតុបតែងលម្អនៅពេលនាងទៅចូលរួមកម្មវិធីមង្គលការកូនចៅអ្នកមានអំណាច និងកម្មវិធីលំដាប់អភិជនម្ដងៗ។ ក្រៅពីនេះ សូម្បីតែខ្សែកដាំពេជ្ររូបក្បាលតោរបស់ក្រុមហ៊ុនគ្រឿងអលង្ការប្រណីតលំដាប់ពិភពលោកមកពីប្រទេសបារាំង ដែលនាង យឹម លីនដា ពាក់ចូលរួមពិធីមង្គលការកូនស្រីរបស់លោក នេត សាវឿន កន្លងទៅ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃចន្លោះពី ៥០ម៉ឺនទៅ ៦០ម៉ឺនដុល្លារក្នុងមួយខ្សែ។ នេះមិនទាន់រាប់បញ្ចូលសម្ភារៈប្រណីតៗផ្សេងទៀតដូចជា ក្រវិលដាំពេជ្រ សម្លៀកបំពាក់ កាបូបម៉ាក់យីហោល្បីៗ និងរថយន្តទំនើបៗដែលនាងតែងបង្អួតសម្ញែងតាមបណ្ដាញសង្គម និងតាមរយៈកម្មវិធីលំដាប់អភិជនទាំងនោះនៅឡើយ។
ចំណែក ប្អូនប្រុស លោក យឹម លាង គឺលោក យឹម លក្ខណ៍ វិញគឺជាប្រធានក្រុមហ៊ុន ប៊ី អាយ ស៊ី គ្រុប (BIC Group) ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនបុត្រសម្ពន្ធជាច្រើនទៀតដែលរកស៊ីជាអាទិ៍លើ វិស័យធនាគារ អចលនទ្រព្យ វិស័យទីផ្សារហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង ជាដើម។ មេខ្លោងឆបោកតាមអនឡាញជនជាតិចិនលោក តឹង ភីពីង (Deng Pibing) ដែលលោក យឹម លាង បានអមដំណើរឱ្យទៅជួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន កន្លងទៅ ក៏មានភាគហ៊ុនមួយផ្នែកក្នុងក្រុមហ៊ុន ប៊ី អាយ ស៊ី របស់ប្អូនប្រុសលោកគឺលោក យឹម លក្ខណ៍ ដែរ។
លោក យឹម លក្ខណ៍ ត្រូវបានកាសែតអន្តរជាតិល្បីៗរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបច្រើនជាង ២រយលានដុល្លារដែលមួយផ្នែកធំនៃទ្រព្យសម្បត្តិទាំងនោះគឺលោកទទួលបានមកពីរបរពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ ទ្រព្យសម្បត្តិក្នុងតម្លៃខ្ទង់លានដុល្លារនេះក៏មិនទាន់រាប់បញ្ចូលសម្ភារៈប្រណីតៗផ្សេងទៀតរបស់លោក យឹម លក្ខណ៍ ដូចជា រថយន្តស្ព័រម៉ាក់ ប៊ូហ្គាត់ទី (Bugatti Chiron) ហ្វឺរ៉ារី ឡាហ្វឺរ៉ារី (Ferrari LaFerrari) ខូនីកសេក (Koenigsegg) យន្តហោះឯកជន នាវាលំហែកាយឯកជនជាច្រើនគ្រឿង និងអចលនទ្រព្យនៅក្រៅប្រទេសដែលមានតម្លៃរាប់លានដុល្លារផ្សេងទៀតនៅឡើយ។
ទ្រព្យសម្បត្តិដ៏មហាសាលរបស់សមាជិកគ្រួសារត្រកូល យឹម នេះ បើប្រៀបធៀបនឹងប្រាក់ខែរបស់មន្ត្រីរាជការ និងកម្មកររោងចក្រម្នាក់ទទួលបានត្រឹមជាង ២០០ដុល្លារក្នុងមួយខែ គឺពួកគាត់ត្រូវចំណាយពេលធ្វើការរាប់រយឆ្នាំ។
របាយការណ៍ស៊ើបអង្កេតរបស់ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ក៏បានលាតត្រដាងថា កូនចៅជំនិតលោក យឹម លាង ដែលជាមន្ត្រីប៉ូលិសពាក់ស័ក្តិ ៣ ម្នាក់បម្រើការងារនៅនាយកដ្ឋានអង្គរក្សគឺអ្នកស្រី ជាតិ មុន្នី ជាចារកម្មមួយរូបធ្វើការឱ្យមេខ្លោងឆបោកតាមអនឡាញ លោក តឹង ពីភីង (Deng Pibing)។ អ្នកស្រី ជាតិ មុន្នី ក៏ត្រូវបានរាយការណ៍ថា តែងរៀបចំក្បួនរថយន្តនគរបាលជាតិ និងដើរហែហមដំណើរមេខ្លោងឆបោកលោក តឹង ពីភីង គ្រប់ទីកន្លែង និងសូម្បីតែកន្លែងដែលពោរពេញដោយការប្រព្រឹត្តអំពើពេស្យាចារ ការសេពគ្រឿងញៀនក្នុងបន្ទប់ខារ៉ាអូខេឯកជនរបស់អ្នកជំនួញខ្មែរលោក តឹង ពីភីង នៅតំបន់តារាសាគរ ខេត្តកោះកុង ក៏មានវត្តមានអ្នកស្រី ជាតិ មុន្នី ដែរ។
អ្នកជំនួញខ្មែរដើមកំណើតចិន លោក តឹង ពីភីង បានថ្លែងនៅចំពោះមុខកាមេរ៉ាសម្ងាត់របស់ក្រុមអ្នកស៊ើបអង្កេតទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ដែលបានបន្លំខ្លួនជាអ្នកចរចាការងារថា លោកបានផ្ដល់ប្រាក់ដល់អាជ្ញាធរ រួមទាំងប៉ូលិសមូលដ្ឋាន និងសូកប៉ាន់ដល់មន្ត្រីតាមស្ថាប័ន និងនាយកដ្ឋានគ្រប់ច្រកល្ហក ដើម្បីឱ្យពួកគេជួយការពារ និងធានាឱ្យអាជីវកម្មដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មរបស់លោកនៅក្នុងគម្រោងឡុង បេ (Long Bay) ខេត្តកោះកុងអាចដំណើរការបានដោយរលូន និងមានស្ថិរភាព។
មកដល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅមិនទាន់បង្ហាញជាសាធារណៈអំពីលទ្ធផល ឬវិធានការស៊ើបអង្កេតជាក់លាក់លើមន្ត្រីនគរបាល ២រូបគឺលោក យឹម លាង និងអ្នកស្រី ជាតិ មុន្នី នៅឡើយទេ បន្ទាប់ពីទូរទស្សន៍អន្តរជាតិ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បានលាតត្រដាងអំពីទំនាក់ទំនង និងសកម្មភាពនៃការប្រព្រឹត្តអំពើពុករលួយរបស់ពួកគេ ដើម្បីកាងការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញ រួមទាំងរបរឧក្រិដ្ឋនានារបស់មេខ្លោងលោក តឹង ពីភីង នៅតំបន់តារាសាគរ ខេត្តកោះកុង។
មកទល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បង្ហាញវិធានការច្បាស់លាស់ក្នុងការឃាត់ខ្លួន ឬកោះហៅអ្នកពាក់ព័ន្ធមកសាកសួរនៅឡើយ ដើម្បីធានាថា មន្ត្រីជាន់ខ្ពស់គ្រាក់ៗដែលរងការចោទជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត និងមិនអាចគេចខ្លួនចេញទៅក្រៅប្រទេសបាន។
លោក ទូច សុខៈ៖ «នីតិវិធីបាន និងកំពុងបន្តដោយមិនមានការលើកលែង។ ដូចប្រសាសន៍របស់សម្ដេចតេជោកន្លងទៅ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវធ្វើទន្ទឹមនឹងការអនុវត្តច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធ ឬមន្ត្រីដែលមិនអើពើ។ ហើយចំពោះលទ្ធផលដូចដែលបានឃើញកន្លងមក មានមុខតំណែងខ្ពស់ៗទាំងអគ្គនាយក អភិបាល ស្នងការ អគ្គនាយករង ស្នងការរង អធិការ អធិការរង និងមន្ត្រីពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ដែលមកដល់ពេលនេះ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ គឺមានជិត ៨០ នាក់ ដែលរងការអនុវត្តច្បាប់ និងមួយចំនួនច្រើនទៀត គឺបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការឱ្យអនុវត្តច្បាប់ដោយមិនមានការលើកលែងនោះទេ»។
អ្នកឃ្លាំមើលរិះគន់ថា កង្វះឆន្ទៈនយោបាយរបស់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ចាត់វិធានការលើក្រុមមន្ត្រីជាន់ខ្ពស់ ឬឈ្មួញឧកញ៉ាគ្រាក់ៗដែលស្ថាប័នអន្តរជាតិជំនាញតែងលាតត្រដាងភស្តុតាងថា ពួកគេជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនេះ បានក្លាយជាវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ និងធ្វើឱ្យកម្ពុជាបន្តមានកេរ្តិ៍ឈ្មោះអាក្រក់លើឆាកអន្តរជាតិ។ លើសពីនេះ ពួកគាត់ថា វាក៏បានបង្ហាញពីប្រព័ន្ធដឹកនាំរដ្ឋាភិបាលរបស់ត្រកូល ហ៊ុន ខ្លួនឯងព្យាយាមការពារមន្ត្រីធំៗឱ្យបន្តរកស៊ីរបរទុច្ចរិត ដើម្បីប្រមូលលុយចិញ្ចឹមអំណាច និងបង្វែរដានចាប់មន្ត្រីតូចតាច ដើម្បីបន្លំភ្នែកអន្តរជាតិ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា កត់សម្គាល់ថា ទោះបីជាមានរបាយការណ៍ និងភស្តុតាងពីសហរដ្ឋអាមេរិក និងស្ថាប័នអន្តរជាតិជំនាញ ក៏រដ្ឋាភិបាលកម្ពុជាបង្ហាញការស៊ើបអង្កេតត្រឹមតែបបូរមាត់ចំពោះមន្ត្រីដែលជាប់សង្ស័យជាប់ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្ម។ លោកយល់ថា ការរីករាលដាលអំពើឧក្រិដ្ឋកម្មបែបទំនើបក្នុងទំហំទ្រង់ទ្រាយធំដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា មេដឹកនាំក្រុងភ្នំពេញ គួរបង្ហាញឆន្ទៈពិតប្រាកដតាមរយៈការស៊ើបអង្កេតស៊ីជម្រៅ និងចាត់វិធានការផ្លូវច្បាប់លើមន្ត្រីពាក់ព័ន្ធដោយគ្មានការលើកលែង ជាជាងបង្វែរដាន ដើម្បីបន្តបិទបាំង និងការពារមន្ត្រីទុច្ចរិតពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនេះ។
លោក ស៊ឹង សែនករុណា៖«បញ្ហាទៅរកស៊ី (Scam) អនឡាញនៅក្នុងប្រទេសដែលមានមូលដ្ឋានគ្រឹះឡើងប៉ុណ្ណាប៉ុណ្ណី ហើយនៅក្នុងប្រទេសកម្ពុជាយើង បើគ្មានការផ្ដល់ឱកាសពីមេកើយ អ្នកដែលមានអំណាចដ៏ធំ អនុញ្ញាតឱ្យប្រព្រឹត្តទេ ខ្ញុំយល់ថា បញ្ហាឆបោកអនឡាញហ្នឹង អត់អាចប្រព្រឹត្តទៅបានទេ។ ចង់មិនចង់ អ្នកដែលពាក់ព័ន្ធផ្សេងទៀត ក៏អាចថា ជាអ្នកដែលជួយរកលុយផ្ដល់ទៅឱ្យមេដឹកនាំក៏ថាបានដែរ ដើម្បីឱ្យមេដឹកនាំហ្នឹងការពារខ្លួន។ អ៊ីចឹងចង់មិនចង់ នៅពេលដែលមានបញ្ហាទាំងអស់ហ្នឹង គេមិនមានការភ័យខ្លាចទេ ពីព្រោះអ្នកដែលមានឥទ្ធិពល មានអំណាចអីទាំងអស់ហ្នឹង គឺសុទ្ធតែជាអ្នកមានអំណាចទៅលើផ្លូវច្បាប់ ទៅលើតុលាការទាំងអស់ អ៊ីចឹងគេមិនភ័យក្នុងការប្រព្រឹត្តបទល្មើសទេ»។
ថ្វីត្បិតតែក្រុមគ្រួសារត្រកូល យឹម រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួន និងឧកញ៉ាគ្រាក់ៗដូចជា លោក លី យ៉ុងផាត់ និងលោក កុក អាន កំពុងរស់នៅលើគំនរទ្រព្យសម្បត្តិមហាសាលដែលរងការចោទប្រកាន់ថា បានមកពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញក៏ដោយ ក៏ពួកគេនៅតែស្ថិតក្រោមអំណាច និងការចាត់ចែងរបស់ក្រុមគ្រួសារត្រកូល ហ៊ុន។ ម្យ៉ាងវិញទៀត ពួកគេប្រៀបដូចជាត្រីក្នុងកន្ត្រកដែលលោក ហ៊ុន សែន ធ្លាប់ប្រកាសថា «ចង់កាច់កស៊ីពេលណាក៏បាន»។ ស្របពេលជាមួយគ្នានេះ សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យធំៗកំពុងដឹកនាំបណ្ដាប្រទេសជុំវិញពិភពលោកប្ដេជ្ញាឥតងាករេក្នុងការតាមកម្ទេចមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅគ្រប់កន្លែងដោយគ្មានទីបញ្ចប់ និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមន្ត្រីជំនិតៗលោក ហ៊ុន សែន ដែលពាក់ព័ន្ធ។ ក្នុងបរិបទនេះ អ្នកឃ្លាំមើលថា ប្រសិនបើរបបក្រុងភ្នំពេញបន្តរងសម្ពាធនយោបាយ និងការទូតអន្តរជាតិកាន់តែខ្លាំងដែលអាចរង្គោះរង្គើដល់អំណាចរដ្ឋាភិបាលត្រកូល ហ៊ុន នោះមន្ត្រី និងអ្នកមានអំណាចមួយចំនួនក៏ទំនងមានជោគវាសនាមិនខុសពីកូនធម៌លោក ហ៊ុន សែន គឺលោក ចេន ហ្ស៊ី ឡើយ៕









