កម្ពុជា​បង្កក​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ ជិត ១ពាន់​លាន​ដុល្លារ និង​តាម​ចាប់​ខ្លួន​ជនសង្ស័យ ៣២នាក់

0
11
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​អះអាង​ថា អាជ្ញាធរ​បាន​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​លោក ចេន ហ្ស៊ី (Chen Zhi) ដែល​មាន​តម្លៃ​ជិត ១ពាន់​លាន​ដុល្លារ និង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​ជា​មេខ្លោង​ចំនួន ៣២នាក់។ ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល​យល់​ថា ការ​ប្រកាស​តួលេខ​ទាំង​នេះ​មិន​ទាន់​អាច​បង្កើត​ទំនុក​ចិត្ត​ដល់​សហគមន៍​អន្តរជាតិ​បាន​នៅ​ឡើយ​ទេ ដរាប​ណា​ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា​ខ្វះ​តម្លាភាព និង​មិន​មាន​ការ​អនុញ្ញាត​ឱ្យ​ស្ថាប័ន​អន្តរជាតិ​ជំនាញ​ចូលរួម​ពិនិត្យ​ភស្តុតាង​ដោយ​ឯករាជ្យ ដើម្បី​ផ្ទៀងផ្ទាត់​ការ​អះអាង​របស់​អាជ្ញាធរ។

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​អះអាង​ថា អាជ្ញាធរ​បាន​ស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​បណ្ដាញ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​លោក ចេន ហ្ស៊ី (Chen Zhi) អស់​រយៈពេល​ជា​ច្រើន​ខែ ដោយសារ​តែ​មាន​លក្ខណៈ​ស្មុគស្មាញ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ​លោក ឆៃ ស៊ីណារិទ្ធ អះអាង​ថា ក្រោយ​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត អាជ្ញាធរ​បាន​រក​ឃើញ​ក្រុមហ៊ុន​ចំនួន​ជិត ២រយ​ក្រុមហ៊ុន (១៩៨) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ព្រីនស៍ ដំណើរ​ការ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។ ក្នុង​នោះ ក្រុមហ៊ុន​ចំនួន ៩៨ ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​នៅ​កម្ពុជា និង ១០០ក្រុមហ៊ុន​ទៀត​បាន​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​ក្រៅ​ប្រទេស។

លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់​ថា ប្រធាន​ក្រុមហ៊ុន លោក ចេន ហ្ស៊ី និង​បក្ខពួក​ត្រូវ​អាជ្ញាធរ​កំណត់​ជា​មេខ្លោង​សំខាន់​ក្នុង​សំណុំ​រឿង​នេះ។ អាជ្ញាធរ​ក៏​រក​ឃើញ​ថា បណ្ដាញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ចេន ហ្ស៊ី នៅ​កម្ពុជា​បាន​ប្រើប្រាស់​សណ្ឋាគារ និង​អគារ​កាស៊ីណូ​ដែល​ដំណើរ​ការ​ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ព្រីន គ្រុប ដើម្បី​បិទបាំង​របរ​ទុច្ចរិត​ពួកគេ​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

លោក ឆៃ ស៊ីណារិទ្ធ អះអាង​ទៀត​ថា តុលាការ​កម្ពុជា​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជន​ជាប់​ចោទ ៣២នាក់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លាង​លុយ​កខ្វក់ និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ទាំង​នេះ។ ក្នុង​ចំណោម​ជនសង្ស័យ​សំខាន់ៗ​មួយ​ចំនួន​ក៏​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កម្ពុជា និង​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​ប្រទេស​ចិន​ដូចជា លោក ចេន ហ្ស៊ី លោក លី សុង (Li Xong) លោក លីវ អ៊ីន (Liu Yin) លោក ហួង រ៉ុង (Huang Ron) លោក អេង ដារ៉ា (Eng Dara) និងលោក អៀង សុខលីម (Eang Soklim)។

មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ទ្រព្យ​សម្បត្តិ​ដែល​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ក្រុមហ៊ុន ចេន ហ្ស៊ី តុលាការ​បាន​បញ្ជា​ឱ្យ​បង្កក​ប្រាក់​ក្នុង​តម្លៃ​ជាង ៣រយ​លាន​ដុល្លារ​ក្នុង​គណនី​ធនាគារ ព្រម​ទាំង​រឹបអូស​អគារ កាស៊ីណូ និង​អចលនទ្រព្យ​រាប់​ពាន់​កន្លែង​ផ្សេង​ទៀត​នៅ​កម្ពុជា​ដែល​មាន​តម្លៃ​ជិត ១ពាន់​លាន​ដុល្លារ។

លោក ឆៃ ស៊ីណារិទ្ធ បង្ហាញ​តួលេខ​ទាំង​នេះ​ក្នុង​ពេល​ដែល​លោក​ផ្ដល់​បទសម្ភាសន៍​ជាមួយ​កាសែត​ក្នុង​ស្រុក​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) កាល​ពីថ្ងៃ​ទី២១ ខែតុលា។

ក្រៅ​ពី​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មេខ្លោង​ឧក្រិដ្ឋជន ចេន ហ្ស៊ី លោក លោក ឆៃ ស៊ីណារិទ្ធ អះអាង​ថា កម្ពុជា​ក៏​កំពុង​ស្នើ​សុំ​អង្គការ​នគរបាល​ព្រហ្មទណ្ឌ​អន្តរជាតិ ប៉ូលិស​អាំងទែប៉ូល (INTERPOL) ដើម្បី​តាម​ចាប់​ជន​សង្ស័យ ២៩នាក់​ដែល​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

ទាក់ទង​នឹង​រឿង​នេះ ភ្នាក់​ប៉ូលិស​អាំងទែប៉ូល​មិន​បាន​បញ្ជាក់​ថា ខ្លួន​បាន​ទទួល ឬ​មិន​បាន​ទទួល​សំណើ​ពី​ភាគី​កម្ពុជា​ចេញ​និវេទ​ក្រហម​តាម​ចាប់​ជនសង្ស័យ​ទាំង ២៩នាក់​នោះ​ឡើយ។ ការិយាល័យ​សារព័ត៌មាន​របស់​ប៉ូលិស​អន្តរជាតិ (Interpol) ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​តាម​អ៊ីមែល (Email) ថា រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត និង​សំណើ​សុំ​ចេញ​និវេទ​ក្រហម រួម​ទាំង​ព័ត៌មាន​អំពី​បុគ្គល​ដែល​ពាក់ព័ន្ធ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា ឬ​ប្រទេស​ជា​សមាជិក​ដែល​បាន​ផ្ដល់​ព័ត៌មាន។ Interpol បញ្ជាក់​ថា ខ្លួន​អាច​ផ្ដល់​ព័ត៌មាន​ក្នុង​កាលៈទេសៈ​ពិសេស ឬ​នៅ​ពេល​មាន​ការ​យល់​ព្រម​ពី​ប្រទេស​ពាក់ព័ន្ធ ឬ​ជា​សមាជិក​តែ​ប៉ុណ្ណោះ។

ភ្នាក់ងារ​ប៉ូលិស​អាំងទែប៉ូល (Interpol) ក៏​បាន​ជំរុញ​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី​ទាក់ទង​អាជ្ញាធរ​កម្ពុជា​ដោយ​ផ្ទាល់ ដើម្បី​សាកសួរ​ព័ត៌មាន​បញ្ជាក់​ពាក់ព័ន្ធ​នឹង​សំណើ​សុំ​ចេញ​និវេទក្រហម​តាម​ចាប់​ខ្លួន​ជនសង្ស័យ ២៩នាក់ ក្នុង​សំណុំ​រឿង​ព្រីនស៍ គ្រុប។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ឆៃ ស៊ីណារិទ្ធ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២២ ខែតុលា។

ទោះ​បី​ជា​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ប្រកាស​ពី​ចំណាត់​ការ​បង្កក​ទ្រព្យ​សម្បត្តិ​មេខ្លោង ចេន ហ្ស៊ី និង​បង្ហាញ​តួលេខ​ទីតាំង​នៃ​ក្រុមហ៊ុន​ជិត ១រយ​ក្រុមហ៊ុន​ដែល​រកស៊ី​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ ក៏​លោក​មិន​បាន​បង្ហាញ​ពី​ឈ្មោះ​ក្រុមហ៊ុន​ទាំង​នោះ​ទេ។ ជា​មួយ​គ្នា​នេះ អាជ្ញាធរ​ក៏​គ្មាន​វិធានការ​ម៉ឺងម៉ាត់ ឬ​ស៊ើបអង្កេត​ឱ្យ​ដល់​ឫសគល់​ចំពោះ​អ្នក​ពាក់ព័ន្ធ អ្នក​ទទួល​ផល​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ និង​អ្នក​កាង​ការពារ​ក្រុមហ៊ុន​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា កម្ពុជា​គួរតែ​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ដោយ​តម្លាភាព​ជាង​នេះ និង​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​មេខ្លោង​សំខាន់ៗ និង​ការ​អនុវត្ត​ច្បាប់​ជាក់ស្ដែង។ អ្នកស្រី​ជឿជាក់​ថា ក្នុង​ចំណោម​អ្នក​រង​ការ​ចោទ​ប្រកាន់ និង​ម្ចាស់​ក្រុមហ៊ុន​រកស៊ី​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ទំនង​គ្មាន​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ លោក កុក អាន និង​ក្មួយ​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ឡើយ។

អ្នកស្រី មូរ សុខហួរ បន្ត​ថា ការ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ក៏​មិន​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជឿជាក់​បាន​ឡើយ ដោយសារ​តែ​ការ​ស៊ើបអង្កេត​គ្មាន​តម្លាភាព និង​គ្មាន​ការ​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ អាច​ចូលរួម​ត្រួត​ពិនិត្យ​ដោយ​ឯករាជ្យ ដើម្បី​ផ្ទៀងផ្ទាត់​ភស្តុតាង។

អ្នកស្រី មូរ សុខហួរ៖ «បើសិនជា​មិន​ចាត់​វិធានការ​នៅ​លើ​មេខ្លោង​កំពូល​នោះ​ទេ ជំងឺ​ហ្នឹង​វា​នៅ​តែ​មាន ជំងឺ​ពុករលួយ ជំងឺ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា (Scambodia) រហូត​ដល់​ពេល​នេះ។ និយាយ​ឱ្យ​ខ្លី​ទៅ នៅ​ពេល​ណា ដែល​យើង​មិន​ឃើញ​មាន​ចាត់​វិធានការ​ទៅ​លើ កុក អាន និង​លើ លី យ៉ុងផាត់ ទេ នៅ​ពេល​នោះ​មហាជន​នៅ​តែ​មិន​ទាន់​មាន​ទំនុក​ចិត្ត​ថា លោក ហ៊ុន ម៉ាណែត មាន​សេចក្ដី​ក្លាហាន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ខ្ពស់ៗ​ដែល​ជា​សមាជិក​រដ្ឋាភិបាល​ផង ជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជាន់​ខ្ពស់​នោះ​ទេ»។

ទាក់ទង​នឹង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នេះ​ដែរ អាជ្ញាធរ​តៃវ៉ាន់ (Taiwan) ថ្មីៗ​នេះ​ក៏​បាន​ពង្រីក​ចំណាត់​ការ​របស់​ខ្លួន​ប្រឆាំង​នឹង​មេខ្លោង​ឧក្រិដ្ឋកម្ម ចេន ហ្ស៊ី និង​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន ព្រីនស៍ គ្រុប ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ១រយ ៨០លាន​ដុល្លារ។ អាជ្ញាធរ​តៃវ៉ាន់​បញ្ជាក់​ថា បណ្ដាញ​ក្រុមហ៊ុន ចេន ហ្ស៊ី បាន​លាង​លុយ​កខ្វក់​ប្រមាណ​ជាង ៣រយ​លាន​ដុល្លារ​នៅ​កោះ​តៃវ៉ាន់​តាមរយៈ​ការ​បង្កើត​ប្រព័ន្ធ​ធនាគារ និង​ក្រុមហ៊ុន​កំបាំង​មុខ ដើម្បី​លាក់​បាំង​ប្រភព ឬ​អ្នក​ទទួល​លុយ​ពិតប្រាកដ។

សហរដ្ឋ​អាមេរិក​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០២៥ ពលរដ្ឋ​សហរដ្ឋ​អាមេរិក​បាន​បាត់បង់​លុយ​ជាង ២១ពាន់​លាន​ដុល្លារ​ពី​អំពើ​ឆបោក​តាម​អនឡាញ​របស់​បណ្ដាញ​ឧក្រិដ្ឋកម្ម​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុង​ឆ្នាំ២០២៥ ដដែល​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា ប្រជាជន​នៅ​អាស៊ី​បូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី (Australia) និង​នូវែលហ្សេឡង់ (New Zealand) ក៏​បាន​ខាតបង់​លុយ​ជាង ១១៤ពាន់​លាន​ដុល្លារ ពី​ការ​ឆបោក​តាម​អនឡាញ​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

សហរដ្ឋអាមេរិក​កាល​ពី​ចុង​ឆ្នាំ២០២៥ បាន​ប្រកាស​បង្កក​ទ្រព្យ​សម្បត្តិ​មេខ្លោង ចេន ហ្ស៊ី ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១៥ពាន់​លាន​ដុល្លារ និង​បាន​ចោទ​ថា មេខ្លោង ចេន ហ្ស៊ី ជា​មេខ្លោង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ដើម្បី​បង្កើត​ជា​មជ្ឈមណ្ឌល​ឆបោក ព្រម​ទាំង​បង្ខាំង​មនុស្ស និង​ធ្វើ​ទារុណកម្ម​បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក​លុយ​ពី​ជនរងគ្រោះ​ជុំវិញ​ពិភព​លោក។ ក្រោយ​សហរដ្ឋអាមេរិក​នាំ​មុខ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ ចក្រភពអង់គ្លេស សហភាព​អឺរ៉ុប តៃវ៉ាន់ សិង្ហបុរី កូរ៉េខាងត្បូង ហ្វីលីពីន និង​ប្រទេស​ថៃ​ជាដើម ក៏​បាន​បន្ត​ពង្រីក​ដាក់​ទណ្ឌកម្ម​លើ​បណ្ដាញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ព្រីនស៍ គ្រុប និង​ប្រកាស​បង្កក​ទ្រព្យ​សម្បត្តិ​មេខ្លោង​លោក ចេន ហ្ស៊ី ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ