ក្រសួង​មហាផ្ទៃ​ការពារ​មន្ត្រី​គ្រាក់ៗ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ឆបោក​អនឡាញ​លោក តេង ភីពីង

0
101
លោក ហ៊ុន សែន (ស្ដាំ) និងមេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​គឺ​លោក តេង ភីពីង (Deng Pibing)។ រូប៖ បណ្ដាញសង្គម
លោក ហ៊ុន សែន (ស្ដាំ) និងមេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​គឺ​លោក តេង ភីពីង (Deng Pibing)។ រូប៖ បណ្ដាញសង្គម

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ អះអាង​ថា គ្មាន​មន្ត្រី​នគរបាល ឬ​ស្ថាប័ន​រដ្ឋ​ណា​មួយ​ឃុបឃិត​ជាមួយ​មេខ្លោង​ឆបោក​តាម​អនឡាញ ឬ​បុគ្គល​ឯកជន ដើម្បី​ទទួល​បាន​លុយ​កាក់ ឬ​ផល​ប្រយោជន៍​ឡើយ។ ការ​ចេញ​មុខ​ការពារ​មន្ត្រី​គ្រាក់ៗ​ដោយ​អ្នកនាំពាក្យ​រូប​នេះ​កើតឡើង​ក្រោយ​ទូរទស្សន៍​អន្តរជាតិ​ល្បី​ឈ្មោះ​មួយ​គឺ​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដែល​លាតត្រដាង​អំពី​សកម្មភាព​របស់​មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​គឺ​លោក តេង ភីពីង (Deng Pibing) សូកប៉ាន់​មន្ត្រី​គ្រាក់ៗ​គ្រប់​ច្រកល្ហក ដើម្បី​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ទ្រង់ទ្រាយ​ធំ ព្រមទាំង​កន្លែង​ជួញដូរ​ផ្លូវ​ភេទ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​សេរី​ក្នុង​តំបន់​តារាសាគរ ខេត្តកោះកុង។  

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ច្រានចោល និង​ចេញ​មុខ​ការពារ​មន្ត្រី​គ្រាក់ៗ​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​គឺ​លោក តេង ភីពីង (Deng Pibing) ទាំង​ដែល​មិន​ទាន់​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​នៅ​ឡើយ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ប្រកាស​នៅ​តាម​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី១៤ ខែតុលា​ថា ការ​លើកឡើង​របស់​មេខ្លោង​ឆបោក​អនឡាញ​លោក តេង ភីពីង (Deng Pibing) ដែល​អួតអាង​អំពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​ការ​បែងចែក​លុយ​កាក់​ដែល​រក​បាន​ពី​អំពើ​ឧក្រិដ្ឋកម្ម​ជាមួយ​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​គឺ​ជា​អំពើ​ខុស​ច្បាប់ និង​គ្រាន់តែ​ជា​ការ​សម្ញែង​អំណាច និង​ឥទ្ធិពល​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​អះអាង​ថា គ្មាន​អង្គភាព ឬ​មន្ត្រី​សាធារណៈ​ណា​ទៅ​ឃុបឃិត​បែងចែក​ភាគ​លាភ និង​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ ឬ​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ឯកជន​ឡើយ។

លោក ទូច សុឃៈ៖ «ពេល​ខ្លះ យើង​អាច​មាន​ការ​ភាន់ច្រឡំ​ថា វា​គឺ​ជា រថយន្ត​របស់​អង្គភាព និង​មាន​ការ​អនុញ្ញាត​ពី​អង្គភាព។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ក្លែងបន្លំ​សកម្មភាព​ពី​សំណាក់​អ្នក​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​នោះ ដោយ​អាច​ទៅ​យក​ផ្លាក​លេខ​ក្លែងក្លាយ ទៅ​យក​ឡូហ្គោ (Logo) យក​មក​បិទ​ក្នុង​កាលៈទេសៈ​ណា​មួយ ក្នុង​ទី​កន្លែង​ណា​មួយ ក្នុង​ស្ថានភាព​ណា​មួយ ដើម្បី​សម្ញែង បំភ័យ ដើម្បី​បង្ហាញ​ឥទ្ធិពល ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​គាត់​មិន​មាន​សមត្ថភាព​យល់​ដឹង​ទៅ​លើ​ការ​ប្រើប្រាស់។ ទាំង​ផ្លាក​លេខ ទាំង​ឡូហ្គោ (Logo) និង​ទាំង​រថយន្ត​របស់​រដ្ឋ»។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ក៏​ថ្លែង​ការពារ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​អះអាង​ថា រាល់​រូបភាព​នៃ​ជំនួប​រវាង​លោក ហ៊ុន សែន ជាមួយ​អ្នក​ជំនួញ​ខ្មែរ​ដើម​កំណើត​ចិន​លោក តេង ភីពីង គឺ​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​នានា​តែប៉ុណ្ណោះ។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​នេះ​កើត​បន្ទាប់​ពី​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បាន​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ដោយ​សម្ងាត់​មួយ​កាល​ពី​ថ្ងៃ​ទី១០ ខែតុលា ដែល​បាន​លាតត្រដាង​ពី​អាណាចក្រ​ជំនួញ​ខ្មៅ​ងងឹត​របស់​ពាណិជ្ជករ​ខ្មែរ​ដើម​កំណើត​ចិន​គឺ​លោក លោក តេង ភីពីង សាងសង់​អគារ​ខ្ពស់​ស្កឹមស្កៃ​ក្នុង​គម្រោង ឡុង បេ (Long Bay) នៅ​តំបន់​តារា​សាគរ​ខេត្ត​កោះកុង ដើម្បី​ប្រែក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​សម្បើម ព្រម​ទាំង​មាន​កន្លែង​ជួញដូរ​ផ្លូវ​ភេទ និង​បង្កើត​ជា​ទីជម្រក​ឧក្រិដ្ឋកម្ម​គ្រឿងញៀន។ របាយការណ៍​ស៊ើបអង្កេត​ក៏​បាន​បង្ហាញ​ពី​សកម្មភាព លោក តេង ភីពីង និង​បក្ខពួក​ប្រើប្រាស់​គ្រឿងញៀន​ដោយ​សេរី​ក្នុង​បន្ទប់​ខារ៉ាអូខេ​ឯកជន​របស់​ខ្លួន និង​បង្ហាញ​អគារ​ជាច្រើន​សម្រាប់​បង្ខាំង​មនុស្ស​រាប់​ពាន់​នាក់ ដើម្បី​បង្ខំ​ឱ្យ​បម្រើ​ការងារ​ជា​អ្នក​ឆបោក​អនឡាញ។

ទូរទស្សន៍​អាល់ ចាហ្ស៊ីរ៉ា បាន​បង្ហាញ​ពី​ជីវិត​រស់​នៅ​ហ៊ឺហា​របស់​លោក តេង ភីពីង និង​របៀប​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​របស់​លោក​ជាមួយ​មន្ត្រី​គ្រាក់ៗ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ទទួល​ផល​ប្រយោជន៍ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដើម្បី​កាង​ការពារ​មជ្ឈមណ្ឌល​ឆបោក​របស់​លោក តេង ភីពីង នៅ​តំបន់​តារា​សាគរ​ឱ្យ​បន្ត​ដំណើរ​រលូន​ដោយ​គ្មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប។ ក្នុង​នោះ​រួម​មាន​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​ពាក់​ផ្កាយ ៣ គឺ​លោក យឹម លាង ត្រូវ​បាន​រាយការណ៍​ថា មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ លោក តេង ភីពីង និង​ទំនង​បាន​ណែនាំ​ឱ្យ​អ្នក​ជំនួញ​ចិន​រូប​នេះ​ទៅ​ជួប​ជជែក​ជាមួយ​លោក ហ៊ុន សែន នា​ពេល​កន្លង​ទៅ ដើម្បី​ពង្រឹង​ឥទ្ធិពល​ក្នុង​មុខ​ជំនួញ​ឆបោក និង​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​នៅ​កម្ពុជា។ លោក យឹម លាង គឺ​ជា​បងប្រុស​បង្កើត​របស់​លោក យឹម លក្ខណ៍ ដែល​សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ក្នុង​សំណុំ​រឿង​ឆបោក​តាម​អនឡាញ ហើយ​ពួកគេ​ក៏​ត្រូវ​ជា​កូន​ប្រុស​របស់​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក យឹម ឆៃលី និង​ជា​អតីត​ដន្លង​របស់​លោក ហ៊ុន សែន ។

អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​ពាក់​ផ្កាយ ៣ គឺ​លោក យឹម លាង ប្រាប់​ទូរទស្សន៍ អាល់ ចាហ៊្សីរ៉ា ថា លោក​មិន​បាន​ដឹង​អំពី​មុខ​ជំនួញ​ខ្មៅ​ងងឹត​របស់​លោក តេង ភីពីង ឡើយ ហើយ​លោក​បាន​ស្គាល់ និង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនួញ​ខ្មែរ​ដើម​កំណើត​ចិន​រូប​នេះ​តាមរយៈ​ការ​ណែនាំ​ដោយ​ប្អូន​ប្រុស​របស់​លោក​គឺ​លោក យឹម លក្ខណ៍ តែប៉ុណ្ណោះ។

ក្រៅ​ពី​បុគ្គល​ទាំង​នេះ​ក៏​មាន​មន្ត្រី​នគរបាល​ពាក់ស័ក្ដិ ៣ និង​ជា​កូនចៅ​របស់​លោក យឹម លាង បម្រើ​ការងារ​ក្នុង​នាយកដ្ឋាន​អង្គរក្ស​ឈ្មោះ ជាតិ មុន្នី ក៏​ត្រូវ​បាន​រាយការណ៍​ថា ធ្វើ​ការ​ក្រោម​បង្គាប់​មេខ្លោង​ឆបោក​លោក តេង ភីពីង ដែរ។

ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា បាន​ស៊ើបអង្កេត​ដោយ​សម្ងាត់​លើ​ជំនួញ​អាណាចក្រ​ឆបោក​របស់​លោក តេង ភីពីង ក្នុង​តំបន់​តារា​សាគរ ក្នុង​ខេត្តកោះកុង​តាំង​ពី​ឆ្នាំ២០២២ ហើយ​របៀប​ស៊ើបអង្កេត​របស់​អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍​អន្តរជាតិ​នេះ​គឺ បន្លំ​ខ្លួន​ជា​មេខ្លោង​ឆបោក​មក​ពី​ប្រទេស​ហ្វីលីពីន និង​បង្កប់​កាមេរ៉ា​ដោយ​សម្ងាត់ ដើម្បី​ទៅ​ជួប​ជជែក​ដោយ​ផ្ទាល់​ជាមួយ​មេខ្លោង​ឆបោក​លោក តេង ភីពីង និង​កូនចៅ​ជំនិត​ឈ្មោះ ហុង ឡី (Hong Lei) ក្នុង​មជ្ឈមណ្ឌល​ឆបោក​ក្នុង​គម្រោង ឡុង បេ ខេត្ត​កោះកុង។

ក្នុង​អំឡុង​ពេល​អ្នកសារព័ត៌មាន​បន្លំ​ខ្លួន ដើម្បី​ពិភាក្សា​ការ​ជួល​ទីតាំង​ឆបោក​ជាមួយ​លោក តេង ភីពីង មន្ត្រី​នគរបាល​បម្រើ​ការ​នៅ​នាយកដ្ឋាន​អង្គរក្ស​ឈ្មោះ ជាតិ មុន្នី ក៏​បាន​អង្គុយ​ស្ដាប់ និង​អម​ដំណើរ​លោក តេង ភីពីង ផង​ដែរ។

ក្នុង​ឃ្លិប​វីដេអូ​នៃ​របាយការណ៍​ស៊ើបអង្កេត​របស់​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា លោក តេង ភីពីង លើកឡើង​ថា មន្ត្រី​នគរបាល​ឈ្មោះ ជាតិ មុន្នី គឺ​ជា​ជំនួយ​ការ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ម្នាក់​របស់​លោក។ លោក តេង ភីពីង ក៏​បាន​អួត​អាង​ពី​ខ្នង​បង្អែក​ដ៏​រឹងមាំ និង​ធានា​ចំពោះ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​របស់​មាន​ស្ថិរភាព ដោយសារ​តែ​លោក​បញ្ជាក់​ថា បាន​ផ្ដល់​លុយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​គ្រប់​ច្រក​ល្ហក ដើម្បី​ឱ្យ​ជួយ​ការពារ និង​បិទ​បាំង​កុំ​ឱ្យ​អាជ្ញាធរ​ចុះ​ឆ្មក់​បង្ក្រាប។ ក្រៅ​ពី​នេះ លោក​ថា ក៏​មាន​ក្បួន​រថយន្ត​នគរបាល​ចាំ​ហែហម​អម​ដំណើរ​លោក និង​បក្ខពួក​ចុះ​មើល​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នានា​ក្នុង​តំបន់​ថែម​ទៀត​ផង។

លោក តេង ភីពីង ទម្លាយ​ទៀត​ថា រាល់​ចំណូល​ដែល​លោក​រក​បាន​ពី​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក គឺ​មួយ​ផ្នែក​ធំ​លោក​បាន​យក​ទៅ​ចិញ្ចឹម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពោល​រក​បាន ១០ដុល្លារ​លោក ទុក​តែ ២ដុល្លារ​ប៉ុណ្ណោះ ចំណែក ៨ដុល្លារ​ទៀត​លោក​ប្រគល់​ឱ្យ​ចៅហ្វាយ​ធំ។ ពាណិជ្ជករ​ខ្មែរ​ដើម​កំណើត​ចិន​រូប​នេះ​ថែម​ទាំង​នាំ​អ្នកសារព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា ដើរ​ពិនិត្យ​អគារ​នីមួយៗ​ដែល​អាច​បន្ទុក​មនុស្ស​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អនឡាញ​បាន ៦ពាន់​នាក់​ក្នុង​មួយ​ជាន់ ពិនិត្យ​លើ​អគារ​ការិយាល័យ ផ្សារ​ទំនើប កន្លែង​ជួញដូរ​ផ្លូវ​ភេទ និង​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​បន្ទប់​ខារ៉ាអូខេ​ក្នុង​បរិវេណ​នៃ​មជ្ឈមណ្ឌល​ឆបោក។ លោក តេង ភីពីង បញ្ជាក់​ថា ស្ត្រី​ស្អាតៗ និង​គ្រឿងញៀន​តែងតែ​ត្រូវ​បាន​ជួញដូរ​មក​កាន់​មជ្ឈមណ្ឌល​ឆបោក​របស់​លោក ដើម្បី​ផ្ដល់​ជា​រង្វាន់​ដល់​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ឆបោក​លុយ​ពី​ជនរងគ្រោះ​ពី​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ វាយ​តម្លៃ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា គឺ​ជា​មុខរបរ​មួយ​ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ លោក​ក៏​ស្នើ​ឱ្យ​សមាជិក​រដ្ឋសភា​កម្ពុជា​បោះឆ្នោត​ព្យួរ​តំណែង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដើម្បី​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ។

លោក គឹម សុខ៖ «ឧក្រិដ្ឋកម្ម​ធំៗ​បែប​នេះ​ណា ទាល់​តែ​មាន​ការ​ស៊ើបអង្កេត​នាំ​ខ្លួន​មន្ត្រី​ទាំង​នោះ ទៅ​សាកសួរ ទើប​អាច​បញ្ជាក់​ថា ពួក​មន្ត្រី​ទាំង​ហ្នឹង​មាន​ការ​ជាប់​ពាក់ព័ន្ធ​ឬ​ក៏​អត់ ឬ​ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្រៅ​កម្រិត​ណា។ ប៉ុន្តែ កាលណា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រឹម​តែ​ប្រើ​មាត់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បដិសេធ នោះ​កាន់តែ​ធ្វើ​ឱ្យ​គេ​ឯង​សង្ស័យ ថា តើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ្នឹង ប្រព័ន្ធ​រដ្ឋាភិបាល​ទាំង​មូល ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​កម្រិត​ណា​ទៅ ទើប​មិន​ហ៊ាន​ធ្វើ​ការ​ស៊ើបអង្កេត ហើយ​ចេះ​តែ​និយាយ​បដិសេធ​ដដែលៗ»។

ប្រព័ន្ធ​ឃោសនា​ចិន​រាយការណ៍​ថា ពាណិជ្ជករ​ដើម​កំណើត​ចិន​ទទួល​បាន​សញ្ជាតិ​ខ្មែរ​លោក តេង ភីពីង បាន​ចូល​មក​កម្ពុជា​អំឡុង​ឆ្នាំ២០០០ និង​ធ្វើ​ការ​ជា​អ្នក​ជំនាញ​បច្ចេកវិទ្យា​មុន​នឹង​រលាស់​ខ្លួន​ទៅ​កៀក​លោក ហ៊ុន សែន និង​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន ហ្សេងហេង គ្រុប (Zhengheng Group) កសាង​ទីក្រុង​រណប​ក្នុង​គម្រោង ឡុង បេ នៅ​តំបន់​តារា​សាគរ ខេត្តកោះកុង។

លោក តេង ភីពីង និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​របស់​លោក​បាន​ចាប់ផ្ដើម​មាន​កេរ្តិ៍​ឈ្មោះ​ស្អុយ​រលួយ​ចាប់​តាំង​ពី​ឆ្នាំ២០២៣ មក​បន្ទាប់​ពី​ចក្រភពអង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​អនឡាញ ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​អ្នកស្រី មូរ សុខហួរ សោកស្ដាយ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​មេដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ឃុបឃិត​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​បង្កើត​ជា​ទី​ជម្រក​នៃ​ឋានសួគ៌​របស់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក។ អ្នកស្រី​ទទូច​ដល់​អាជ្ញាធរ​ស៊ើបអង្កេត​អ្នក​ពាក់ព័ន្ធ​ដែល​រង​ការ​ចោទ​ប្រកាន់​ដោយ​ឯករាជ្យ និង​ចាត់​ទុក​ការ​បកស្រាយ​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថា គ្រាន់​ជា​លេស​គេចវេះ​ដដែលៗ ដើម្បី​បិទ​បាំង​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​មន្ត្រី​គ្រាក់ៗ​ដែល​ជា​មេខ្លោង​ការពារ​ពី​ក្រោយ​អំពើ​ឧក្រិដ្ឋកម្ម។

អ្នកស្រី មូរ សុខហួរ៖ «បើ​សិន​ជា​គ្មាន​ការ​ធានា គ្មាន​ការ​ការពារ​ពី​ថ្នាក់​ដឹកនាំ​កំពូល​ទេ មិន​អាច​ទេ មិន​អាច​មាន​ការ​ឆបោក​ដ៏​មាន​ទំហំ​ធំ​តែ​ប៉ុណ្ណឹង អស់​រយៈពេល​យូរ​តែ​ប៉ុណ្ណឹង។ លោក ហ៊ុន ម៉ាណែត គួរ​តែ​ព្យួរ​មន្ត្រី​ទាំង​នោះ​នៅ​ក្រសួង​មហាផ្ទៃ ព្យួរ​ទៅ ហ៊ាន​តតាំង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់ និង​គណបក្ស​ប្រជាជន​ទៅ បើសិនជា​មិន​អ៊ីចឹង​ទេ (Scambodia) នៅ​តែ (Scambodia) ទេ។ យើង​ចង់​ឱ្យ​មាន​ការ​ស៊ើបអង្កេត​មួយ ការ​ទទួល​ខុស​ត្រូវ​ពី​លោក ហ៊ុន ម៉ាណែត អ្នក​ណា​ដែល​គេ​កំពុង​តែ​ស៊ើបអង្កេត មាន​ចិន​ប៉ុន្មាន​ទៀត​ដែល​កាន់​សញ្ជាតិ​ខ្មែរ​នៅ​ក្នុង​ហ្នឹង? ភស្តុតាង​ប៉ុណ្ណឹង​ហើយ គេ​ឃើញ​រាប់​លាន​នាក់​ហើយ ហើយ​ហ៊ាន​មក​ថា អត់​មាន​មន្ត្រី​ណា​ពាក់ព័ន្ធ​នឹង​រឿង​នេះ វា​ជ្រុល​ពេក»។

គម្រោង ឡុង បេ (Long Bay) គឺ​ស្ថិត​ក្នុង​បរិវេណ​ផ្ទៃ​ដី​ក្រុមហ៊ុន​រដ្ឋ​អំណាច​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី​ជាង ៤ម៉ឺន ៥ពាន់​ហិកតារ​ក្នុង​ស្រុក​ចំនួន ២ គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​តារា​សាគរ​កាល​ពី​ឆ្នាំ២០០៨ ដើម្បី​សាងសង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ និង​ប្រលានយន្តហោះ​ជាដើម។ ក្រុមហ៊ុន​នេះ​បាន​កសាង​អគារ​ផ្នែក​ខ្លះ​ក្នុង​តំបន់​នេះ​ឱ្យ​ប្រែក្លាយ​ជា​សណ្ឋាគារ លំនៅឋាន និង​អគារ​កាស៊ីណូ​យ៉ាង​ឆាប់​រហ័ស ដើម្បី​បម្លែង​ទៅ​ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ បន្ទាប់​ពី​បាន​ឈូស​ឆាយ​ផ្ទះ​សម្បែង និង​បំផ្លាញ​ផល​ដំណាំ​អ្នក​ភូមិ ព្រម​ទាំង​បណ្ដេញ​ពលរដ្ឋ​ជាង ១ពាន់ ៣រយ​គ្រួសារ (១.៣០០) ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ។ ក្រសួង​រតនាគារ​អាមេរិក​កាល​ពី​ឆ្នាំ២០២០ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ចិន​មួយ​នេះ ក្រោម​ច្បាប់ សាកល ហ្គូប៊ល ម៉ានិកស្គី អ៊ែក (Global Magnitsky Act) ក្រោយ​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ការ​ច្បាម​យក​ដី​ពលរដ្ឋ និង​រំលោភ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក តេង ភីពីង ទម្លាយ​ទៀត​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​កោះកុង​នេះ​មិន​ត្រឹមតែ​ទទួល​បាន​ជំនួយ​មូលនិធិ​ពី​រដ្ឋាភិបាល​ចិន ដើម្បី​អភិវឌ្ឍ​ជា​ទីក្រុង​ទំនើប​នោះ​ទេ ប៉ុន្តែ​យោធា​ចិន​ក៏​មាន​មហិច្ឆតា​បង្កើត​ជា​តំបន់​យុទ្ធសាស្ត្រ​សម្រាប់​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ដឹកជញ្ជូន​សព្វាវុធ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ចិន​នៅ​ប្រទេស​ជីប៊ូទី (Djibouti)។ លោក តេង ភីពីង ក៏​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា ថា រាល់​សំណង់​អគារ​ដែល​បម្លែង​ទៅ​ជា​មជ្ឈមណ្ឌល​ឆបោក​តាម​ក្នុង​តំបន់ ឡុង បេ ខេត្ត​កោះកុង​គឺ​សុទ្ធ​តែ​ត្រូវ​បាន​រចនា និង​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ​អំណាច​ចិន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ