សាកសព​ជនជាតិ​បង់ក្លាដេស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត ក្រោយ​រង​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា

0
24
យុវជន​បង់ក្លាដេស​លោក សូហាក់ អាម៉េដ (Sohag Ahmed) ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូប៖ កាសែត​ ដឹ ដេលី ស្ដារ
យុវជន​បង់ក្លាដេស​លោក សូហាក់ អាម៉េដ (Sohag Ahmed) ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូប៖ កាសែត​ ដឹ ដេលី ស្ដារ

សាកសព​យុវជន​បង់ក្លាដេស (Bangladesh) ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​រុំ​ដាក់​ក្នុង​ក្ដារ​មឈូស​បញ្ជូន​មក​ដល់​ប្រទេស​កំណើត​វិញ​ហើយ​នៅ​ថ្ងៃ​ទី៨ ខែតុលា បន្ទាប់​ពី​គាត់​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាសែត​ប្រទេស​បង់ក្លាដេស​រាយការណ៍​ថា នៅ​មុន​ពេល​យុវជន​រូប​នេះ​បាន​ស្លាប់ បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​ប្រទេស​បង់ក្លាដេស​អស់​ប្រមាណ​ជាង ៧ពាន់​ដុល្លារ​អាមេរិក។

ក្រុម​គ្រួសារ​របស់​យុវជន​បង់ក្លាដេស​លោក សូហាក់ អាម៉េដ (Sohag Ahmed) បាន​ទន្ទឹង​រង់ចាំ​អស់​ជា​ច្រើន​ខែ ដើម្បី​ទទួល​កូន​ប្រុស​ត្រឡប់​មក​ពី​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ការ​រង់ចាំ​នោះ បែរ​ជា​បញ្ចប់​ដោយ​ក្ដី​សោកសៅ និង​អារម្មណ៍​ក្ដុកក្ដួល នៅ​ពេល​ក្រុម​គ្រួសារ​ទទួល​បាន​កូនប្រុស​ត្រឡប់​មក​ពី​កម្ពុជា​វិញ ក្នុង​សភាព​ជា​សាកសព ក្នុង​ក្ដារ​មឈូស។

កាសែត​ល្បី​ឈ្មោះ​របស់​បង់ក្លាដេស ដឹ ដេលី ស្ដារ (The Daily Star) បាន​រាយការណ៍​ថា លោក សូហាក់ អាម៉េដ មាន​អាយុ ២៣ឆ្នាំ និង​បាន​មក​កម្ពុជា​កាល​ពី​ខែមេសា ឆ្នាំ២០២៥ ដើម្បី​ស្វែង​រក​ការងារ។ ម្ដាយ​ឪពុក​របស់​លោក​ក៏​បាន​ខ្ចី​លុយ​គេ​យ៉ាង​ច្រើន ដើម្បី​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា ដោយ​សង្ឃឹម​ថា កូនប្រុស​នឹង​អាច​រក​ប្រាក់​ជួយ​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ។

ប៉ុន្តែ​ពេល​មក​ដល់​កម្ពុជា​គ្រួសារ​របស់​លោក សូហាក់ អាម៉េដ អះអាង​ថា កូនប្រុស​ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ក្នុង​ទីតាំង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន និង​ត្រូវ​គេ​ធ្វើ​ទារុណកម្ម និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​អគារ​ឆបោក។

ម្តាយ​របស់​លោក សូហាក់ អាម៉េដ គឺ​លោកស្រី សូហាជី ខាតុន (Sohagi Khatun) ថ្លែង​ប្រាប់​កាសែត ដឹ ដេលី ស្ដារ ថា មុន​ពេល​កូនប្រុស​បាន​ស្លាប់ កូន​លោកស្រី​បាន​ហៅ​ទូរស័ព្ទ​បញ្ជាក់​ថា ខ្លួន​កំពុង​រង​ការ​ធ្វើ​ទារុណកម្ម និង​ត្រូវ​បាន​គេ​យក​ម្ជុល ប្រេងកាត​ដាក់​ចូល​ភ្នែក​កូនប្រុស​លោកស្រី។ ម្ដាយ​ជនរងគ្រោះ​អះអាង​ទៀត​ថា ពេល​កូនប្រុស​ទៅ​ដល់​កម្ពុជា​បណ្ដាញ​ឆបោក​បាន​ចាប់​បង្ខាំង​កូន​ប្រុស ដើម្បី​ជំរិត​ទាមទារ​ប្រាក់​ជា​បន្តបន្ទាប់ ហើយ​លោកស្រី និង​ប្ដី​បាន​ដើរ​ខ្ចី​បុល​លុយ​គេ ដើម្បី​ផ្ញើ​ទៅ​ឱ្យ​ក្រុម​បណ្ដាញ​ឆបោក​នៅ​កម្ពុជា​អស់​ជាង ៧ពាន់​ដុល្លារ។

កាសែត ដឹ ដេលី ស្ដារ ឱ្យ​ដឹង​ថា យុវជន​បង់ក្លាដេស លោក សូហាក់ អាម៉េដ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០២៥។ សាកសព​របស់ លោក សូហាក់ អាម៉េដ ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កំណើត​នៅ​ថ្ងៃ​ទី៨ ខែតុលា ជាមួយ​សាកសព​ជនជាតិ​បង់ក្លាដេស ២នាក់​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​នៅ​កម្ពុជា​អំឡុង​ពេល​ពួកគេ​មក​ធ្វើ​ជា​ពលករ។

ការ​ស្លាប់​របស់​យុវជន​បង់ក្លាដេស​វ័យ ២៣ឆ្នាំ លោក សូហាក់ អាម៉េដ មិន​ត្រឹម​តែ​បន្សល់​ទុក​នូវ​ភាព​សោកសៅ និង​ការ​ឈឺចាប់​ដល់​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ស្រាប់​កាន់​តែ​ធ្លាក់​ខ្លួន​ក្រ​លំបាក និង​ត្រូវ​ប្រឈម​នឹង​បំណុល​វ័ណ្ឌ​ក។ សារព័ត៌មាន​អន្តរជាតិ​ក៏​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​ការ​ស្លាប់​យុវជន​បង់ក្លាដេស​រូប​នេះ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បន្ត​រង​ភាព​អាម៉ាស់ និង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់​តែ​ខ្លាច​រអា និង​បារម្ភ​ពី​សុវត្ថិភាព​ពេល​មក​លេង​កម្សាន្ត​កម្ពុជា។

មកដល់ពេលនេះ មិន​ទាន់​មាន​ការ​បកស្រាយ​ជា​សាធារណៈ ឬ​ការ​បង្ហាញ​ពី​ចំណាត់​ការ​ស៊ើបអង្កេត​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជុំវិញ​ករណី​ការ​ស្លាប់​យុវជន​បង់ក្លាដេស​រូប​នេះ​នៅ​ឡើយ​ទេ។

ទូរទស្សន៍​អាស៊ីសេរី​ក៏​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៨ ខែតុលា។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​រៀបចំ​សាកសព​យុវជន​បង់ក្លាដេស​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​គឺ​ជា កិច្ចការ​មនុស្សធម៌​របស់​កម្ពុជា ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ចំពោះ​ការ​សម្លាប់​យុវជន​រូប​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ។

លោក អំ សំអាត៖ «អាជ្ញាធរ​កម្ពុជា​ហ្នឹង​ត្រូវតែ​ធ្វើ និង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការ​វិវត្ត​នៃ​ការ​ស៊ើបអង្កេត ការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ការ​ស្លាប់​របស់​យុវជន​បង់ក្លាដេស​ហ្នឹង។ អា​ហ្នឹង​បង្ហាញ​អំពី​ការ​ទទួល​ខុស​ត្រូវ និង​ការ​អនុវត្ត​ច្បាប់។ សម្រាប់​កម្ពុជា ជន​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​បទល្មើស​នៅ​លើ​ទឹកដី​កម្ពុជា គឺ​មិន​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់។ ហើយ​បើសិនជា​ជន​ដែល​ពាក់ព័ន្ធ​ហ្នឹង អាច​នឹង​ចាកចេញ​ពី​កម្ពុជា ហើយ​មាន​តម្រូវ​ការ កម្ពុជា​ក៏​អាច​សហការ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ហ្នឹង ដើម្បី​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើស​ហ្នឹង ដើម្បី​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ផង​ដែរ»។

ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ជនបរទេស​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​មិនមែន​កើត​ឡើង​តែ​លើ​ជនជាតិ​បង់ក្លាដេស​នោះ​ឡើយ។ កន្លងទៅ ក៏​មាន​បុគ្គល​ឆបោក​អនឡាញ​ជា​ជនជាតិ​ឥណ្ឌា ចិន តៃវ៉ាន់ វៀតណាម និង​ជនជាតិ​ថៃ​ជាដើម ក៏​ត្រូវ​បាន​រាយការណ៍​អំពី​ការ​ចាប់​បង្ខាំង និង​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ដោយសារ​តែ​ពួកគេ​មិន​អាច​ឆបោក​លុយ​ពី​ជនរងគ្រោះ​តាម​គោលដៅ​ដែល​ក្រុម​មេខ្លោង​ជនជាតិ​ចិន​បាន​កំណត់។ សាក្សី​មួយ​ចំនួន​បាន​អះអាង​ថា ជនបរទេស​ខ្លះ​ទៀត​ដែល​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ធ្វើ​ទារុណកម្ម ពួកគេ​ក៏​បាន​បង្ខំ​ចិត្ត​បញ្ចប់​ជីវិត​របស់​ខ្លួន​ដោយ​ចង់ ក និង​លោត​សម្លាប់​ខ្លួន​ពី​អគារ​ឆបោក​អនឡាញ។

គិត​ត្រឹម​ខែ​មិថុនា យ៉ាងហោចណាស់​មាន​ពលរដ្ឋ​បង់ក្លាដេស​ជិត ៦រយ​នាក់ (៥៨៣) ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​នោះ​ក៏​មាន​អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។

ពលរដ្ឋ​បង់ក្លាដេស ដែល​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន​រៀបរាប់​ប្រាប់ កាសែត ឌឹ ដេលី ស្ដារ (The Daily Star) ថា ពួកគេ​ធ្វើ​ដំណើរ​មក​កម្ពុជា​ដោយសារ​តែ​ទទួល​បាន​ការ​ឃោសនា​ការងារ​ដូចជា ប្រតិបត្តិ​ករ​កុំព្យូទ័រ បញ្ចូល​ទិន្នន័យ និង​កម្មករ​រោងចក្រ​ជាដើម។ ប៉ុន្តែ​ពេល​មក​ដល់ ពួកគេ​បែរ​ជា​ត្រូវ​បាន​បង្ខាំង និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ជនជាតិ​បង់ក្លាដេស​មួយ​ចំនួន ដែល​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ក៏​បាន​អះអាង​ថា លិខិត​ឆ្លងដែន​របស់​ពួកគេ​ត្រូវ​បាន​រឹបអូស ចំណែក​ឯ អ្នក​ដែល​បន្ត​ជាប់​ឃុំឃាំង​ក្នុង​អគារ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​លក់​ពួកគេ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ដើម្បី​បង្ខំ​ឱ្យ​បន្ត​ប្រតិបត្តិការ​ឆបោក​លុយ​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភព​លោក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ