អ្នកឃ្លាំមើល​ចោទ​សួរ​ពី​តម្លាភាព​ហិរញ្ញវត្ថុ ក្រោយ​លោក ហ៊ុន សែន អះអាង​ថា មិនខ្វះថវិកា

0
12
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្គម​ចោទ​សួរ​អំពី​តម្លាភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល និង​ហេតុផល​នៅ​ពីក្រោយ​ការ​ដាក់​ឱ្យ​ចរាចរក្រដាសប្រាក់ថ្មីប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល ។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា រដ្ឋមិនខ្វះលុយសម្រាប់ចំណាយ និង​មានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង ២.៥០០លានដុល្លារនោះទេ។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាននិយាយថា ការអះអាងអំពីទំហំសាច់ប្រាក់បម្រុង និងចំណូលរដ្ឋ គួរត្រូវបានគាំទ្រដោយទិន្នន័យ និងរបាយការណ៍ហិរញ្ញវត្ថុ​ផ្លូវការ ជាជាងការបញ្ជាក់តាមបណ្តាញសង្គម។ លោកថា ប្រសិនបើរដ្ឋពិតជាមានសាច់ប្រាក់បម្រុង  ២.៥០០លានដុល្លារ ការមិនបង្ហាញព័ត៌មានលម្អិតអំពីស្ថានភាពរតនាគារ បំណុលសាធារណៈ និងចំណូល-ចំណាយថវិកា អាចបង្កើតសំណួរអំពីតម្លាភាព និងការត្រួតពិនិត្យពីសាធារណជន។

លោក សេង វណ្ណលី ក៏បានព្រមាន​ថា ការឆ្លើយតបរបស់រដ្ឋចំពោះកង្វល់ផ្នែកសេដ្ឋកិច្ច មិនគួរពឹងផ្អែកលើការធានាថា រដ្ឋមានលុយ ប៉ុណ្ណោះទេ ប៉ុន្តែគួរប្រើទិន្នន័យផ្លូវការ និង​របាយការណ៍​ហិរញ្ញវត្ថុដែលអាចត្រួតពិនិត្យបាន។

លោក សេង វណ្ណលី បន្ថែមទៀតថា ចំពោះរឿងក្រដាសប្រាក់ ៥ម៉ឺន និង១០ម៉ឺនរៀលថ្មី ទោះបីជាការចោទប្រកាន់ថារដ្ឋ អស់លុយទើបបោះពុម្ពលុយ អាចជាការ​សន្និដ្ឋានប្រញាប់​ពេក​ផ្នែក​បច្ចេកទេស ប៉ុន្តែប្រភពដើមនៃការសង្ស័យ និងការភ័យខ្លាចរបស់ប្រជាជន គឺកើតចេញពី​ការ​លាក់​បាំងព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា។ ការដាក់ឲ្យចរាចរក្រដាសប្រាក់ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងប្រឈមសម្ពាធ ដោយមិនព្រម​បញ្ជាក់​ពី​ទំហំពិតប្រាកដនៃប្រាក់រៀលដែលដាក់ឱ្យចរាចរ ឬ​បរិមាណ​ប្រាក់ចាស់ដែលត្រូវ​ដកហូត គឺជាការធ្វើការបែបប្រហែសដែលរុញឲ្យពលរដ្ឋធ្លាក់ក្នុងភាពសង្ស័យ។

ការអះអាងរបស់អ្នកតាមដានភូមសាស្ត្រនយោបាយកម្ពុជារូបនេះ កើតឡើងបន្ទាប់​ពីអតីត​នាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរនៅលើ​ហ្វេសប៊ុក កាល​ពីថ្ងៃទី៧ ខែតុលា ថា រដ្ឋាភិបាលកម្ពុជាមិនខ្វះលុយសម្រាប់ចំណាយនោះទេ ហើយរដ្ឋ​មាន​សាច់​ប្រាក់​ក្នុងរតនាគារមិនតិចជាង២.៥០០ លានដុល្លារនោះឡើយ។

លោក ហ៊ុន សែន ក៏បាននិយាយ​ថា រដ្ឋ​ចំណាយ​ប្រមាណ ២៣០​លានដុល្លារ​ក្នុងមួយខែ​សម្រាប់​ប្រាក់បៀវត្សរ៍ឱ្យមន្ត្រីរាជការ ខណៈចំណូលរដ្ឋក្នុងរយៈពេល​ប្រាំបួនខែ​មានច្រើនជាង ៥ពាន់​លានដុល្លារ ឬជាមធ្យមប្រមាណ ៥០០ ទៅ ៦០០លានដុល្លារក្នុងមួយខែ។

ជុំវិញបញ្ហា​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានច្រានចោលការពន្យល់របស់លោក ហ៊ុន សែន ដោយចាត់ទុកថាជាការដោះសារ។ លោកបានអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងប្រឈម​នឹងការ​ខ្វះថវិកាសម្រាប់ឆ្នាំ២០២៧ ដោយសារការខ្ចីប្រាក់បន្ថែមពីចិន និងម្ចាស់បំណុលផ្សេងទៀតកាន់​តែ​ពិបាក។

លោក អ៊ុំ សំអាន បានអះអាងថា មួយរយៈពេលកន្លងមកនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រស់ដោយសារចំណូលទទួលបានពីក្រុមមេខ្លោងឆបោកប្រាក់តាម អនឡាញ ហើយនៅពេល​សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើឧកញ៉ាធំៗ ធ្វើឲ្យលោកហ៊ុន ម៉ាណែតខ្វះលុយ ដើម្បី បង្គ្រប់ថវិកាជាតិ និងដើម្បីបើកប្រាក់ខែឱ្យមន្ត្រីរាជការ គ្រូបង្រៀន ទាហាន ប៉ូលិស គ្រូពេទ្យ ដូច្នេះការបោះពុម្ពប្រាក់បន្ថែមអាចជាមធ្យោបាយមួយដែលរដ្ឋាភិបាលប្រើ ដើម្បីបំពេញតម្រូវការ​ថវិកា។

លោក អ៊ុំ សំអាន៖ «បើសិនជាអត់មានលុយបើកប្រាក់ខែឱ្យមន្ត្រីរាជការទេ គេ​អាច​ធ្វើបាតុកម្ម​ទម្លាក់ពីតំណែង មេដឹកនាំកម្ពុជា ជាពិសេសត្រកូលហ៊ុន អាច ប្រជាពលរដ្ឋទាញទម្លាក់តាមរយៈ​ការធ្វើបាតុកម្មនៅពេលដែលអត់បើកប្រាក់ខែឱ្យមន្ត្រីរាជការ គ្រូបង្រៀន ឬក៏ទាហាន»។

ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបដិសេធរួចមកហើយថា ការបោះពុម្ពក្រដាស​ប្រាក់ថ្មីប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល មិនមែនដោយសាររដ្ឋាភិបាលអស់ប្រាក់នោះទេ។ លោក​បាន​ពន្យល់ថា ក្រដាសប្រាក់ថ្មីត្រូវបានបោះពុម្ពឡើង ដើម្បីជំនួសក្រដាសប្រាក់ចាស់ដែលត្រូវ​បាន​ដកចេញពីចរាចរ និងពង្រឹងសុវត្ថិភាពប្រឆាំង​នឹងការក្លែងបន្លំ។ លោក ថា ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានកម្ទេចក្រដាសប្រាក់ប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀលប្រមាណ ៤៣៥លានសន្លឹក។

តាមទិន្នន័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥ កម្ពុជាមានបំណុលសាធារណៈសរុបចំនួនជិត១៣ (១២,៦៧) ពាន់លានដុល្លារ ខណៈបំណុលទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិ។ កម្ពុជាមានបំណុលក្រៅប្រទេស ៩៩% និងបំណុលក្នុងប្រទេស ១%។

ទន្ទឹមនឹងនេះ វិស័យធនាគារកម្ពុជាក៏បានប្រឈមនឹងការផ្លាស់ប្តូរមួយចំនួន។ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុយ៉ាងតិច៦ រួមមាន ធនាគារ ស៊ីស៊ីយូ ខមមើសល ធនាគារ ហេង ហ្វឹង ធនាគារ អេចអេច ធនាគារពាណិជ្ជផេនដា ក្រុមហ៊ុនហួយវ័នផេ និងធនាគារព្រីនស៍។

អ្នកឃ្លាំមើលសង្គម អះអាងថា ការបោះពុម្ពក្រដាសប្រាក់ថ្មីរបស់រដ្ឋាភិបាល គឺធ្វើឡើងដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតថវិកាជាតិ បន្ទាប់ពីប្រទេសចិន និងម្ចាស់បំណុលអន្តរជាតិនានា បានបដិសេធមិនផ្តល់កម្ចីបន្ថែម។ កម្ពុជាកំពុងប្រឈមនឹងការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងររហូតដល់រាប់ពាន់លានដុល្លារ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការបោះពុម្ពសាច់ប្រាក់បន្ថែម ដើម្បីយកមកបង្គ្រប់កម្លាំងថវិកាជាតិ និងបើកប្រាក់ខែជូនមន្ត្រីរាជការនោះឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ