

អ្នកឃ្លាំមើល និងគណបក្សប្រឆាំងលើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវដោះស្រាយជម្លោះដីធ្លីនៅទូទាំងប្រទេស ជាប្រព័ន្ធឱ្យបានត្រឹមត្រូវ គឺមិនមែន ត្រឹមតែជាការសម្រួលជូនពលរដ្ឋតែម្នាក់ ឬពីរនាក់ ដើម្បីយករូបភាពឃោសនា នយោបាយនោះទេ។ ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។
អ្នកឃ្លាំមើល និងរដ្ឋាភិបាលក្រៅប្រទេសទទូចឱ្យលោក ហ៊ុន ម៉ាណែត បង្ហាញ គោលការណ៍ដោះស្រាយបញ្ហាជម្លោះដីធ្លី ជាប្រព័ន្ធ និងដោយអាចទទួលយកបាន តាមការតវ៉ា របស់ប្រជាពលរដ្ឋរងគ្រោះ នៅទូទាំងប្រទេស ជាជាងធ្វើបាបពលរដ្ឋ រាប់ឆ្នាំមកហើយ រួចក៏ប្រើរូបភាពសម្រួលផ្ដល់ដីឱ្យពលរដ្ឋម្នាក់ ឬ ពីរនាក់ ដើម្បីឃោសនានយោបាយ បំភ័ន្ដភ្នែកប្រជាពលរដ្ឋទូទៅ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៧ ខែតុលាថា បញ្ហាដីធ្លី នៅតំបន់អន្ទង់អាំង ក្នុងខេត្តពោធិ៍សាត់ កើតឡើងជាជម្លោះធំ នៅពេលកម្លាំងអាជ្ញាធរ ចាប់ពលរដ្ឋដែលតវ៉ាចង់បានដំណោះស្រាយ ដាក់ពន្ធនាគារ និង ចោទប្រកាន់ពលរដ្ឋរងគ្រោះ ជាបន្តបន្ទាប់។ លើសពីនេះទៀត ជម្លោះនេះមាន ភាពតានតឹង ដោយសារតែអាជ្ញាធរបានបិទផ្លូវ និងដាក់គ្រឿងចក្រ ទៅឈូសឆាយ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋមានការ ភ័យខ្លាច។
លោក យិន ម៉េងលី មានប្រសាសន៍ថា តំបន់ថ្មីដែលអាជ្ញាធរដោះដូរជូនប្រជាពលរដ្ឋជាង ២០គ្រួសារ នៅតំបន់អន្ទង់អាំងនោះ ឃើញមានការសងសង់ផ្លូវកៅស៊ូ មែន ប៉ុន្តែ ពុំទាន់មានភ្លើងអគ្គិសនី និង ប្រព័ន្ធទឹកស្អាតត្រឹមត្រូវទេ។ លោកថា អាជ្ញាធរ គួរតែពន្យល់ប្រជាពលរដ្ឋ ឱ្យច្បាស់ អំពីដំណោះស្រាយ ដោយស្ដាប់គំនិត យោបល់របស់ពលរដ្ឋ និងមិនត្រូវចាប់បង្ខំពលរដ្ឋនោះទេ។
លោកលើកឡើងថា ដំណោះស្រាយត្រឹមត្រូវ គឺជាតួនាទីរបស់រដ្ឋាភិបាល ដែលត្រូវ ធ្វើជាប្រព័ន្ធ សម្រាប់ប្រជាពលរដ្ឋ ទាំងជាង ២០គ្រួសារ នៅតំបន់អន្ទង់អាំង និង ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលរងគ្រោះពីជម្លោះដីធ្លី។ លោកថា អាជ្ញាធរត្រូវ បង្ហាញដំណោះស្រាយ តាមតួនាទី និងច្បាប់ជូនពលរដ្ឋរងគ្រោះគ្រប់គ្នា ដោយ មិនត្រូវរង់ចាំបទបញ្ជារបស់នាយករដ្ឋមន្ត្រីតែម្នាក់នោះទេ ហើយអាជ្ញាធរក៏មិនត្រូវ ប្រើវិធីចោទប្រកាន់ប្ដឹងផ្ដល់ពលរដ្ឋទៅតុលាការ រួចទើបងាកមកសម្របសម្រួលនោះ ដែរ ដែលបែបនេះ ធ្វើឱ្យពលរដ្ឋកាន់តែរងគ្រោះ។
លោក យិន ម៉េងលី៖ «សូមឱ្យមើលទាំងមូលនៃបញ្ហា ដូចនៅក្នុងរឿងហ្នឹង យើងមិនចង់ឱ្យនិយាយតែមួយគ្រួសារទេ យើងនិយាយគ្រួសារទាំងមូលតែម្ដង ទី២ សូមកុំឱ្យយកយន្តការតុលាការប្ដឹងចាប់មនុស្សដាក់គុក ចោទប្រកាន់បន្តបន្ទាប់ ហើយចាប់ផ្ដើមធ្វើការសម្របសម្រួលដោះស្រាយ វាមិនមែនជាយន្តការល្អទេ នៅពេលដែលគេមើលមកឃើញរបៀបហ្នឹង។យើងអបអរសាទនៅការដោះស្រាយនេះ ប៉ុន្តែបើដោះស្រាយកាន់តែលឿនហើយយើងចង់ឱ្យធ្វើការដោះស្រាយនៅតំបន់ផ្សេងៗទៀត»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបញ្ចប់ជម្លោះដីធ្លីរវាង អាជ្ញាធរខេត្តពោធិ៍សាត់ និង លោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំង ឬនៅភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយដោះ ដូរដី ឱ្យលោកស្រីនៅតំបន់ផ្សេង ហើយលោកស្រីក៏ព្រមទទួលយក។ តំបន់អន្ទង់អាំងនេះ គឺជាទីតាំងជម្លោះ ដែលអាជ្ញាធរបានចុះរុះរើសផ្ទះលោកស្រី សែម សុខគា និងពលរដ្ឋជាង ២០ គ្រួសារទៀត អំឡុងខែមិថុនា ឆ្នាំ២០២៥ ដោអាជ្ញាធរ បានចោទប្រកាន់ពលរដ្ឋរស់នៅខុសច្បាប់ លើដីតំបន់ការពារបៃតងរបស់រដ្ឋ។
លោកនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរអរគុណលោកស្រី សែម សុខគា លើហ្វេសប៊ុក កាលពីថ្ងៃទី០៦ បន្ទាប់ពីលោកស្រី បានយល់ព្រមតាមការអំពាវនាវ របស់លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០១ ខែតុលា ឱ្យទៅជួបក្រុមការងារខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញថា តំបន់អន្ទង់អាំងនេះ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ ជាសត្រូវនោះទេ។ លោកថា រដ្ឋាភិបាល តែងតែជួយរកដំណោះស្រាយ ជូនប្រជា ពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ ដូចជា ការផ្ដល់ដីសម្បទានសង្គមកិច្ច រួមទាំង ការកសាងផ្ទះជូនពលរដ្ឋ។ លោកថា រដ្ឋាភិបាលបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់ គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធីLASED កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ។ល។
លោក ហ៊ុន ម៉ាណែត ថា ការដោះស្រាយដោះដូរដី ជូនលោកស្រី សែម សុខគា គឺជាការយកចិត្តទុកដាក់របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាមគោលនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាល។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលលើកឡើងថា ការពន្យារពេលយូរ ក្នុង ការផ្ដល់ដំណោះស្រាយសមរម្យ ជូនពលរដ្ឋរងគ្រោះ ដោយមានការគំរាមកំហែង របស់អាជ្ញាធរ គឺជារឿងអយុត្តិធម៌ដ៏មួយទៅហើយ។
លើសពីនេះទៀត លោកស្រី សែម សុខគា ដែលទទួលបានដំណោះស្រាយពីលោក ហ៊ុន ម៉ាណែត នៅពេលនេះ គឺបន្ទាប់ពីលោកស្រី បានពរកូនតូចដើរតវ៉ាទៅកាន់ស្ថាប័នអាជ្ញាធររដ្ឋាភិបាលជាច្រើនកន្លែង តាំងពីក្នុងខេត្តពោធិ៍សាត់ ដល់ក្រសួងយុត្តិធម៌និងមន្ទីររដ្ឋសភានៅរាជធានីភ្នំពេញ។ ទម្រាំតែបានដំណោះស្រាយនេះ លោកស្រី សែម សុខគា ក៏ត្រូវរងការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរ និងលោកស្រីបានគេចខ្លួន ដើម្បីសុវត្ថិភាព អស់ជាច្រើនខែ។
លោកស្រី សែម សុខគា៖ «គេចោទប្រកាន់ថា រុករានដីព្រៃខែ ៨ ខែ៩ រស់នៅខុសច្បាប់ រុករានដីព្រៃកាប់ឆ្ការ ដីកាតុលាការព្រហ្មទណ្ឌ ទាំងដែលប្លង់នេះ ដាក់នៅធនាគារចំនួន ១១ ម៉ឺនដុល្លារ រយៈពេលជាង១០ ឆ្នាំហើយ អត់ដែលមានបញ្ហាអីទេ ខ្ញុំនៅតែម្ចាស់ដីខ្ញុំក្រោមអន្ទង់អាំង គីឡូ១៣៦ មន្ត្រីរាជការ គ្រប់ក្រសួងអាចទៅមើលបាន ហេតុអីក៏មិនជួយមើលខ្ញុំផង។ ខ្ញុំក្រ ខ្ញុំមានចៅ ខ្ញុំដើរមកដល់គ្រប់ក្រសួងទាំងអស់ ចុះមន្ត្រីរាជការបម្រើរាស្ត្រពេលរាស្ត្រមានទុក្ខ រាស្ត្រដើរមកដល់ ក្រសួងហើយហេតុអីមិនជួយផង»។
ប្រធានស្ថាប័នរៀបចំដីធ្លីសម្រាប់ពលរដ្ឋក្រីក្រ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក សៅ រ៉ាស៊ី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៧ ខែតុលា ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពបំពេញតួនាទីជារដ្ឋាភិបាល ដែល អាចធានានូវយុត្តិធម៌ជូនជនរងគ្រោះទូទៅ ក្នុងបញ្ហាគ្រប់វិស័យនោះទេ។ លោកថា ដោយសារតែវិបត្តិ ដែលបង្កឡើងដោយសារគ្រួសារត្រកូលហ៊ុនច្រើនពេក និងធំ ពេក លោក ហ៊ុន ម៉ាណែត ចេញមុខដោះស្រាយជាបុគ្គលៗ តែលើករណីណា ដែលមានការតវ៉ា និងផ្សព្វផ្សាយផុសផុល លើបណ្ដាញសង្គម ដើម្បីបន្ថយប្រតិកម្ម ខ្លះរបស់ពលរដ្ឋប៉ុណ្ណោះ។
លោក សៅ រ៉ាស៊ី ថា ជម្លោះដីធ្លី គឺជាវិបត្តិជាតិជារួម ដែលជាប់គាំងទូទាំងប្រទេស ដូច្នេះ ការដោះស្រាយយូរៗម្ដង ជូនពលរដ្ឋតែម្នាក់ ឬពីរនាក់ គ្រាន់តែជាការបង្កើត រូបភាពនយោបាយ បោកភ្នែកប្រជាពលរដ្ឋ និងមិនមែនជាយុត្តិធម៌ ដែលប្រជាពល រដ្ឋទូទៅ ប្រាថ្នាចង់បាននោះទេ។
លោក សៅ រ៉ាស៊ី៖ «អ៊ីចឹងដំណោះស្រាយមួយករណីៗ អាហ្នឹងវាមិនមាន ចរន្តត្រឹមត្រូវសម្រាប់ឱ្យការដឹកនាំប្រទេសជាតិទេ ក្នុងនាមលោក ហ៊ុន ម៉ាណែតជា នាយករដ្ឋមន្ត្រី បើលោកចង់ដោះស្រាយសូមឱ្យលោកហ្នឹង ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ហ្នឹង គឺដោះស្រាយជាប្រព័ន្ធទៅឱ្យមានច្បាប់ទម្លាប់ ហើយ អនុវត្តទៅតាមច្បាប់ភូមិបាលរបស់សុរិយោដីទៅ អាហ្នឹងវាអត់មានទំនាស់អី កើតឡើងទេ ហើយបើមិនអ៊ីចឹងទេ ប្រទេសខ្មែរវាច្របូកច្របល់ទាំងអស់»។
អ្នកឃ្លាំមើលព្រមានថា បញ្ហាជម្លោះដីធ្លីនៅប្រទេសកម្ពុជា អាចនឹងក្លាយទៅជា បដិវត្តទាមទារយុត្តិធម៌របស់ប្រជាពលរដ្ឋរងគ្រោះដោយជៀសមិនផុត ប្រសិនបើ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែប្រងើយកន្តើយ មិនដាក់ចេញនូវយន្តការច្បាស់លាស់ ក្នុងការដោះស្រាយជាប្រព័ន្ធឱ្យបានត្រឹមត្រូវនោះទេ៕









