ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​កូន​លោក ទ្រី ភាព គំរាម​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ

0
67
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ នៅ​ខេត្ត​ព្រះវិហារ​ អះអាង​ថា ក្រុមហ៊ុន​ គ្លូប៊ល ហ្គ្រីន (Global Green ) របស់​លោក ទ្រី ដាលុច ដែល​ជា​កូនប្រុស​របស់​ឧកញ៉ា​រកស៊ី​ឈើ​លោក ទ្រី ភាព មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​អាស្រ័យផល​លើ​ដី​ដែល​នៅ​សេសសល់​ពី​ការ​ឈូស​ឆាយ​យក​រ៉ែ​ដែក​ និង​គំរាម​ប្ដឹង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ទៅ​តុលាការ​ថែមទៀត ។ សង្គម​ស៊ីវិល ថា​ អាជ្ញាធរ​គួរ​ចុះ​ពិនិត្យ​ និង​រក​ដំណោះស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​បន្ទាន់។

ក្រោយ​រង់ចាំ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ  អស់​ជា​ច្រើន​ខែ​ ពលរដ្ឋ​រស់នៅ​ឃុំ​រួសរាន់ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ អះអាង​ថា​ ក្រុមហ៊ុន​ គ្លូប៊លហ្គ្រីន​ របស់​លោក​ ទ្រី ដាលុច មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​អាស្រ័យផល​ លើ​ដី​ដែល​នៅ​សេសសល់​ពី​ការ​ឈូស​ឆាយ​កាយ​យក​រ៉ែ ហើយ​ក្រុមហ៊ុន​ថែមទាំង​បាន​កាប់​ដើម​ស្វាយ​ចន្ទី​ដែល​នៅ​សេសសល់​យក​ធ្វើ​អុស​លក់​ទៀត។ លើស​ពី​នោះ​ តំណាង​ក្រុមហ៊ុន ក៏បាន​គំរាម​ប្ដឹង​ពលរដ្ឋ​ដែល​ធ្លាប់​ចេញ​តវ៉ា​ទៅ​តុលាការ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ស្រុក​រវៀង​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ គ្លូបល ហ្គ្រីន​ លោកស្រី នុត សុខឿន អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅថ្ងៃទី១៥ ខែ​កញ្ញា​ថា អស់​រយៈពេល​ជិត៣ខែហើយ​ដែល​អាជ្ញាធរ​ថ្នាក់​ជាតិ​សន្យា​ចុះ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ មិនទាន់​ឃើញ​មាន​មន្ត្រី​ទាំង​នោះ​ ចុះទៅ​ជួប​ពលរដ្ឋ​ផ្ទាល់​នៅ​កន្លែង​ដីធ្លី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ​។ លើសពីនោះ​ សន្តិសុខ​ក្រុមហ៊ុន​ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​ នៅ​លើដី​និង​ដំណាំ​ស្វាយ​ចន្ទី​ ដែល​សេសសល់​ពីការ​ឈូស​ឆាយ​ កាយ​យក​រ៉ែដែក​នោះ​ឡើយ​ ហើយ​តំណាង​ក្រុមហ៊ុន​គំរាម​ប្ដឹង​ពលរដ្ឋ​ដែល​ធ្លាប់​ចេញ​តវ៉ា​ទៅ​តុលាការ​ថែមទៀត​។ លោកស្រី​ថា​ បច្ចុប្បន្ន​ពលរដ្ឋ​មិនអាច​ធ្វើ​ស្រែ​ចម្ការ​ ឬ​ទៅ​រក​អនុផល​ព្រៃឈើ​បាន​នោះ​ទេ​ ដោយសារ​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ដី​ក្រុមហ៊ុន​កំពុង​គ្រប់គ្រង​ សូម្បីតែ​គោក្របី​របស់​ពលរដ្ឋ​ ចូល​ទៅ​រក​ស្មៅ​ស៊ី​ក្នុង​បរិវេណ​ក្រុមហ៊ុន​ ក៏​ត្រូវ​ហាមឃាត់​ដែរ។


លោកស្រី នុត សុខឿន៖ «ហេតុអី​គាត់​ជា​ចាហ្វាយខេត្ត​របស់ខ្ញុំ​ទាំងមូល​ ហេតុអី​មិន​ចាប់​អារម្មណ៍​ពួកខ្ញុំ​ ព្រោះ​តាម​សំណង​ក្រុមហ៊ុន​វៃ​យក​ គ្មាន​នរណា​ដោះស្រាយ​ រហូត​ដល់ខ្ញុំ​ទ្បើង​ទៅ​ដល់​ខេត្ត​ដល់​ភំ្នពេញ​ហើយ​ គេ​ថា​ដោះស្រាយៗ​ ដល់ហើយ​ខ្ញុំចង់​ថាក្រុមហ៊ុន​ ប្រជាពលរដ្ឋ​ ចាហ្វាយ​ខេត្ត​ក៏ដោយ​ គ្រប់​ក្រសួង​ក៏ដោយ​ចុះ​មក​រក​ដំណោះ​ឲ្យ​ពួកខ្ញុំផង​ ខាង​ក្រុមហ៊ុន​ត្រូវ​ ឬ​ខាង​ប្រជាពលរដ្ឋ​យ៉ាងម៉េច​ក៏ដោយ​ ខុស​ក៏​ដោយ​ ត្រូវក៏​ដោយ​ ចង់​ឲ្យ​បាន​និយាយ​គ្នា​ ខ្ញុំ​ទៅ​កាប់​ទំពាំង​ក៏​មិន​ឲ្យ​ខ្ញុំ​ទៅ​ ខ្ញុំ​ទៅ​ជីក​ដំទ្បូង​ក៏​មិន​ឲ្យ​ចេញទៅ​ដំណើរ​ទៅ​ ហេតុអី​ខាង​ក្រុមហ៊ុន​មិន​ឲ្យ​ខ្ញុំ​ទៅ​»។ទូរទស្សន៍អាស៊ីសេរី​មិនអាច​ទាក់ទង​អភិបាល​ខេត្តព្រះវិហារ​ លោក គឹម រិទ្ធី​ និង​តំណាង​ក្រុមហ៊ុន​គ្លបលហ្គ្រីន​ លោក ដេត សិលា ដើម្បី​បកស្រាយ​បានទេ​នៅថ្ងៃទី១៥ ខែកញ្ញា​។



កាលពីថ្ងៃទី០២ ខែមិថុនា​ រដ្ឋបាល​ខេត្តព្រះវិហារ​ បាន​ចេញ​លិខិត​កោះហៅ​ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គមថ្មី​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ឆាយណាហ្គ្រេត ខស (China Great Cause) និង​ពលរដ្ឋ​នៅ​ស្រុករវៀង​ ដែល​មាន​ផលប៉ះពាល់​ជាមួយ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ឲ្យ​មក​ប្រជុំ​នៅ​សាលាខេត្ត​ព្រះវិហារ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ និង​សន្យា​ចុះ​ទៅ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទាល់​នៅ​កន្លែង​ដី​ដែល​មាន​វិវាទ​ និង​ឲ្យ​ពលរដ្ឋ​អាស្រ័យផល​បណ្ដោះអាសន្ន​នៅ​លើ​ដី​មាន​បញ្ហា​ទាំងនោះ​។ ប៉ុន្តែ​ពលរដ្ឋ​ថា​ រហូត​មកដល់​ពេលនេះ​ មិនទាន់​មាន​ដំណោះស្រាយ​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហានេះ​ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី​ និង​ធនធាន​ធម្មជាតិ​ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី​ យល់​ឃើញ​ថា​ អាជ្ញាធរ​ដែល​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ក្នុង​ការ​រក​ដំណោះស្រាយ​ គួរតែ​ធ្វើតាម​ការសន្យា​ មិន​គួរ​ទុក​ពលរដ្ឋ​ចោល​បែបនេះ​នោះ​ទេ​។ លោក​បន្ថែម​ថា​ ប្រសិនបើ​មានការ​គំរាម​កំហែង​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ​ដូច​ពលរដ្ឋ​អះអាង​មែន​នោះ​ អាជ្ញាធរ​មិនមែន​ជា​តំណាង​ពលរដ្ឋ​ទៀត​ឡើយ​។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​គួរ​ប្រញាប់​រក​ដំណោះស្រាយ​ ជុំវិញ​បញ្ហា​ទាំងអស់​នេះ​។


លោក យិន ម៉េងលី៖ «មិនមែន​ជា​យន្តការ​ល្អ​ទេ​ គប្បី​ធ្វើការ​ពិនិត្យ​ទៅលើ​បញ្ហា​ប្តឹង​ មិនមែន​ជារឿងល្អ​ទេ​សម្រាប់​ពលរដ្ឋ​ ហើយ​នៅ​ក្នុង​បញ្ហា​ដែរប្រជាពលរដ្ឋ​កំពុងតែ​លំបាក​ប៉ះពាល់​ច្រើនណាស់​ទៅលើ​ជីវភាព​របស់​គាត់​ ទី២​សូម​គណៈកម្មការ​ដែល​បាន​ចុះទៅ​ ដែរ​បាន​និយាយ​សន្យា​ម៉េច ខ្ញុំ​មិនដឹង​ ខ្ញុំ​មិន​បាន​ចូលរួម​ប្រជុំ​ទេ​ សូម​ពន្លឿន​បញ្ហា​ទាំងអស់​នេះ​ឲ្យ​បាន​ចប់​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ ហើយ​ជួយ​អន្តរាគមន៍​យ៉ាងណា​កុំ​ឲ្យ​មានការ​គំរាម​គំហែង​យកពាក្យ​ប្តឹង​នេះ​ប្តឹង​នោះ​ដាក់ពីមុខ​ បំបាក់ស្មារតី​ពលរដ្ឋ​នេះមិនមែន​ជារឿង​ល្អទេ​»។

កាលពីឆ្នាំ២០២៣​ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់​លោក ​ទ្រី ដាលុច​ រុករក​និង​ធ្វើ​អាជីវកម្មរ៉ែដែក​ទូល​ទាំង​ប្រទេស​ ក្រោម​ហេតុផល​ថា​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន​សេដ្ឋកិច្ច​ជាតិ​ក្រោយវិបត្តិកូវីដ១៩​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​ កំពុងតែ​ធ្វើអាជីវកម្ម​រ៉ែដែក​ក្នុង​ខេត្តព្រះវិហារ​ និង​ខេត្តស្ទឹងត្រែង​ រួច​ដឹក​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​ តាម​ច្រក​អន្តរជាតិ​ ក្អមសំណរ​ ខេត្ត​កណ្ដាល​ ដោយ​ដឹកជញ្ជូន​មក​ដាក់​សាឡង់​នៅ​ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ។

ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន​ គឺ​ជា​កម្មសិទ្ធិ​ របស់​លោក​ ទ្រី ដាលុច​ ដែល​ជា​កូនប្រុស​ច្បង​របស់​អ្នកឧកញ៉ា​ ទ្រី ភាព​ ល្បីល្បាញ​ខាង​រក​ស៊ី​ឈើ​និង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​លោក ទ្រី ដាលុច​ ជា​ទីប្រឹក្សា​អនុប្រធានទី១​ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ស៊ី.ឌី.ស៊ី (CDC)លោក ស៊ុន ចាន់ថុល។
លោក ទ្រី ដាលុច​ មិនមែន​តែ​​​​​​​​​​​​​​​​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​​​​គ្លូប៊លហ្គ្រីន(ខេមបូឌា) មួយ​ប៉ុណ្ណោះទេ​ លោក​ក៏​ជា​អគ្គនាយករង​ក្រុមហ៊ុន​ ទ្រី ភាព​ គ្រុប​ផង​ដែរ​។ លោក ទ្រី ដាលុច​ ត្រូវ​បាន​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន​ ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្​រឲ្យ​ផ្ដល់​គោរមងារ​ ជា​«ឧកញ៉ា» នៅឆ្នាំ២០១៣​។ ក្រៅពី​ទទួល​បាន​គោរមងារ «ឧកញ៉ា» ហើយ​នោះ​ លោក ទ្រី ដាលុច​ ក៏ជា​អនុប្រធាន​យុវជន​ស្រុក​កណ្ដាលស្ទឹង​ និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​ត្បែង​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​ នៃ​គណបក្ស​ប្រជាជនកម្ពុជា​ផង​ដែរ​។

ពលរដ្ឋ​អះអាង​ថា​ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ​ ពលរដ្ឋ​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​របស់​ពួកគាត់​នោះ​ឡើយ​ពីព្រោះ​ពួកគាត់​មិន​មាន​ដីស្រែ​ចម្ការ​សម្រាប់​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​ខាងមុខ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ