តុលាការ​ខេត្ត​ព្រះវិហារ​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​បទ​គំរាមសម្លាប់ និង​លួច​ទ្រព្យសម្បត្តិ

0
61
ប្រជាសហគមន៍​នាំ​គ្នា​មក​ឃាត់​គ្រឿងចក្រ​របស់​ឧកញ៉ា អ៊ុក គឹមសាន ដែល​ឈូស​ឆាយ​ព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ភូមិដងផ្លិត ស្រុកឆែប ខេត្តព្រះវិហារ កាល​ពី​ដើម​ខែមករា ឆ្នាំ២០២៥។ រូប៖ ផ្ដល់ឱ្យ
ប្រជាសហគមន៍​នាំ​គ្នា​មក​ឃាត់​គ្រឿងចក្រ​របស់​ឧកញ៉ា អ៊ុក គឹមសាន ដែល​ឈូស​ឆាយ​ព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ភូមិដងផ្លិត ស្រុកឆែប ខេត្តព្រះវិហារ កាល​ពី​ដើម​ខែមករា ឆ្នាំ២០២៥។ រូប៖ ផ្ដល់ឱ្យ

តុលាការ​ខេត្ត​ព្រះវិហារ​កោះហៅ​សហគមន៍​រងគ្រោះ​ដីធ្លី ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន សាន់តាណា នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​បទ​គំរាម​សម្លាប់ និង​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។ សហគមន៍​អះអាង​ថា ពលរដ្ឋ​មិន​បាន​គំរាម​សម្លាប់ និង​លួច​ទ្រព្យសម្បត្តិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

ពលរដ្ឋ​អះអាង​ថា តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចេញ​ដីកា​កោះហៅ​ពលរដ្ឋ​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​បទចោទ គំរាមកំហែងថានឹងសម្លាប់ និង​លួច​យក​សម្ភារៈ​ធ្វើ​ស្រែ​របស់​អ្នក​ដទៃ​នៅ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ប៉ុន្តែ​ពលរដ្ឋ​បាន​ស្នើ​សុំ​ពន្យា​ពេល​ទៅ​តុលាការ​រួច​ហើយ ពីព្រោះ​ពលរដ្ឋ​មិន​ទាន់​មាន​មេធាវី ដើម្បី​ចូល​បំភ្លឺ​នោះ​ឡើយ។ លើស​ពី​នោះ​ពលរដ្ឋ​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដោយ​អះអាង​ថា ពលរដ្ឋ​បាន​នាំ​គ្នា​ដើរ​ល្បាត និង​ទប់ស្កាត់​ក្រុម​ឈ្មួញ​មិន​ឲ្យ​ឈូសឆាយ​ធ្វើ​ស្រែ​សម្ការ នៅ​លើ​ដីធ្លី​កំពុង​មាន​ទំនាស់ ពីព្រោះ​ដី​ស្រែ​ទាំង​អស់​នោះ ស្ថិត​នូវ​រង់ចាំ​រក​ដំណោះស្រាយ​នៅ​ឡើយ។

តំណាង​ពលរដ្ឋ​ដែល​រង​ពាក្យ​បណ្ដឹង លោក សោម ណៃ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​ទី១ ខែ​តុលា​ថា ពលរដ្ឋ​ជិត​១០​នាក់​រង​ពាក្យ​បណ្ដឹង ពី​បទ​គំរាម​សម្លាប់ និង​លួច​សម្ភារៈ​របស់​អ្នក​ដទៃ និង​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ ប៉ុន្តែ​ពួក​លោក​បាន​ដាក់​លិខិត​ពន្យា​ពេល​ទៅ​ថ្ងៃ​ខាង​មុខ​រួច​រាល់​ហើយ។ លោក​ថា នៅ​ថ្ងៃ​ចុះ​ល្បាត មាន​ពលរដ្ឋ​ជាង​៤០​នាក់ បាន​ហាមឃាត់​មនុស្ស​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​ធ្វើ​ស្រែ​សម្ការៈ​នៅ​លើ​ព្រៃ​សហគមន៍​និង​ដីធ្លី​របស់​ពួក​គាត់​ដែល​កំពុង​មាន​វិវាទ។ លោក​ថា ពលរដ្ឋ​បាន​សួរ​នាំ និង​បាន​ដក​ហូត​សម្ភារៈ​ធ្វើ​ស្រែ​ចម្ការៈ​ទាំង​នោះ យក​ទៅ​ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​ដើម្បី​រក្សា​ទុក ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​បដិសេធ​មិន​ទទួល​យក​វត្ថុតាង​ទាំង​នេះ​ឡើយ ទើប​ពលរដ្ឋ​រក្សា​ទុក​សម្ភារៈ​ទាំង​នោះ​នៅ​វត្ត​បណ្ដោះអាសន្ន។ លោក​ថា​ពលរដ្ឋ​គ្មាន​បំណង​យក​សម្ភារៈ​ទាំង​អស់​ទៅ​ណា​ឡើយ ហើយ​មិន​បាន​គំរាម​សម្លាប់​នរណា​នោះ​ដែរ។

លោក សោម ណៃ៖ «សុំ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ ដែល​ពាក្យ​មិន​ពិត​នៅ​ក្នុង​ពាក្យ​បណ្ដឹង អ្នក​ណា​ជា​អ្នក​ប្ដឹង វា​មិន​មាន​សាច់​រឿង​ដែល​ត្រូវ​ប្ដឹង​នោះ​ទេ ពីព្រោះ​ពួកគាត់​មិនមែន​ទៅ​លួច​ទេ ទៅ​គ្នា​ឡើង​៤០​នាក់​ជាង​ហើយ ទៅ​លួច​យ៉ាង​ម៉េច នាំ​គ្នា​ទៅ​ទប់ស្កាត់ និង​យក​មក​ថែរក្សា​ទុក ចំណែក​មន្ត្រី​ទាំង​អស់​គេច​ខ្លួន​បាត់​ស្រមោល មិនមាន​នរណា​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ ងាក​ៗ​ប្ដឹង ងាក​ៗ​ប្ដឹង រង​កម្មវេទនា​មិន​ចេះ​ចប់​ទេ»។

តំណាង​ពលរដ្ឋ​រូបនេះ​លើក​ឡើង​ទៀត​ថា ក្រុម​មនុស្ស​ដែល​ដាក់​គ្រឿង​ចក្រ និង​សម្ភារៈ​ធ្វើ​ស្រែ​ចម្ការ បាន​សារភាព​ថា ពួក​គេ​ស៊ី​ឈ្នួល​ឲ្យ​មាន​អ្នក​អំណាច​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ឲ្យ​មក​ធ្វើ​ស្រែ​នៅ​លើ​ដី​ទាំង​អស់​នេះ ប៉ុន្តែ​ពួកគេ​មិន​បាន​បញ្ហា​ឈ្មោះ​បុគ្គល​ម្នាក់​នេះ​ឡើយ។

ជុំវិញ​រឿង​នេះទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ លោក វុធ សាវី ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​នោះ​ទេ នៅ​ថ្ងៃ​ទី​០១ ខែ​តុលា។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចេញ​ដីកា​កោះហៅ លោក សោម ណៃ រស់​នៅ​ភូមិ​ដង​ផ្លិត ឃុំ​ឆែបពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​ដំណើរ​រឿង គំរាមកំហែង​ថា​នឹង​សម្លាប់ និង​លួច​យក​សម្ភារៈ​ធ្វើ​ស្រែ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។ នេះ​បើ​តាម​ដីកា​កោះ របស់​សាលា​ដំបូង​ដែល​ទូរទស្សន៍​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី១ ខែ​តុលា។

លោក សោម ណៃ អះអាង​ទៀត​ថា ដីធ្លី និង​ដី​ព្រៃ​សហគមន៍ មាន​វិវាទ​ជាមួយ​ក្រុមឈ្មួញ​មាន​អំណាច​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ អាជ្ញាធរ​ពាក់ព័ន្ធ​តែងតែ​ពន្យារ​ពេល​មិន​រកដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ។ លើសពី​នោះ​អាជ្ញាធរ​ខេត្ត​អះអាង​ថា ដីធ្លី​ទាំង​នោះ​មិនមែន​ជា​របស់​បុគ្គល​អ្នក​មាន​អំណាច​ណា​ម្នាក់​នោះ​ឡើយ ប៉ុន្តែ​ពលរដ្ឋ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ និង​បញ្ចប់​វិវាទ​មួយ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី សោកស្ដាយ​ដែល​អាជ្ញាធរ​មិន​អាច​សហការ​ជាមួយ​ពលរដ្ឋ ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ឈូស​ឆាយ ខណៈ​ដីធ្លី​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​វិវាទ​នៅ​ឡើយ។ លោក​ថា ប្រសិនបើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ពលរដ្ឋ​មាន​សិទ្ធិ​ហាមឃាត់ និង​ចាប់​វត្ថុតាង​ទាំង​នោះ​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​តាម​ច្បាប់ មិនមែន​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​នោះ​ឡើយ។


លោក យិន ម៉េងលី៖ «ប្រសិនបើ​គាត់​ធ្វើ​របៀប​នេះទី​មួយ​ពលរដ្ឋ​គាត់​លែង​ចូលរួម​ហើយក្នុង​ការ​ការពារ​ព្រៃឈើការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​ហើយពីព្រោះ​នៅ​ពេល​ចាប់​ហើយ​មិន​ដឹង​យក​ទៅ​ប្រគល់​ឲ្យ​នរណាហើយ​ខ្លួន​ឯង​មាន​ទោសអញ្ចឹង​ធ្វើ​ឲ្យ​ការ​ចូលរួម​ក្នុង​ការការពារ​នឹងវា​លែង​សកម្ម​ហើយ»។

ដី​ព្រៃ​សហគមន៍ និង​ដី​ស្រែ​ចម្ការៈ​របស់​ពលរដ្ឋ​ស្ថិត​នៅ​ឃុំ​ឆែបពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ជិត​៥​ពាន់​ហិកតារ (៤,៩៥៧)​ត្រូវ​បាន​ក្រុមហ៊ុន​សាន់តាណា​របស់​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹមសាន ដាក់​គ្រឿង​ចក្រ​ឈូសឆាយ​រំលោភ​យក និង​គំរាមកំហែង​ពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា។ លើស​ពី​នោះ​ក្រុមហ៊ុន​នេះ លួច​កាប់​ឈើ​ធ្វើ​អាជីវ​កម្ម​ក្នុង​តំបន់​ព្រៃ​ការពារ​ថែម​ទៀត។ ពលរដ្ឋ​ថា អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដែល​ពលរដ្ឋ​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន សាន់តាណា ហើយ​អាជ្ញាធរ​នៅ​តំបន់​នោះ​មិន​ទាន់​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ