

ក្រសួងការបរទេសថៃ បានចេញមកបដិសេធចំពោះការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលបានអះអាងថា អាមេរិកបានប្រាប់ភាគីថៃឱ្យបញ្ឈប់សកម្មភាពវាតទីលើទឹកដីកម្ពុជា។ ក្រសួងការបរទេសថៃ បានចាត់ទុកការអះអាងរបស់មេដឹកនាំកម្ពុជានេះ គឺជាការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីកេងចំណេញនយោបាយ។
ក្រសួងការបរទេសថៃ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែតុលា នេះ ដោយបញ្ជាក់ថា កន្លងទៅប្រមុខការទូតថៃបានទៅជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំប្រទេសថៃជាច្រើនលើក ក៏ប៉ុន្តែមន្ត្រីរបស់សហរដ្ឋអាមេរិកទាំងនេះ មិនបានប្រាប់មកកាន់ប្រទេសថៃឱ្យបញ្ឈប់សកម្មភាពណាមួយនៅតំបន់ព្រំដែនកម្ពុជា ដូចដែលមេដឹកនាំកម្ពុជាបានលើកឡើងនោះឡើយ។
ក្នុងនោះក្រសួងការបរទេសថៃ បានប្រតិកម្មថា ការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលថា សហរដ្ឋអាមេរិកបានប្រាប់ឱ្យប្រទេសថៃ បញ្ឈប់សកម្មភាពរំលោភបំពានលើទឹកដីកម្ពុជានោះ គឺជាការបំភ្លៃព័ត៌មានដើម្បីវាយប្រហារនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ និងជាការកេងចំណេញនយោបាយរបស់បក្សកាន់អំណាចនៅកម្ពុជា។ ក្រសួងការបរទេសថៃបានព្រមានថា បញ្ហានេះ នឹងធ្វើឱ្យការស្ដារទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបាត់បង់ ដោយសារការបាត់បង់ទំនុកចិត្ត ហើយបញ្ហាជម្លោះព្រំដែនក៏នឹងកាន់តែរីកធំ។
ការថ្លែងរបស់ក្រសួងការបរទេសថៃនេះ គឺជាការឆ្លើយតបទៅនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានលើកឡើងកាលពីម្សិលមិញថា លោកបានជួបឧបការីរបស់សហរដ្ឋអាមេរិកមួយរូប កាលពីថ្ងៃទី៤ ខែតុលា កន្លងទៅ ដោយឧបការីអាមេរិករូបនេះ បានប្រាប់លោកថា រដ្ឋមន្ត្រីការបរទេសអាមេរិក គឺលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានប្រាប់ភាគីថៃដែលជាគូជម្លោះជាមួយកម្ពុជា ឱ្យបញ្ឈប់បង្កភាពតានតឹង និងសកម្មភាពវាតទីលើទឹកដីកម្ពុជា។ លោក ហ៊ុន ម៉ាណែត បន្តថា ក្រៅពីនេះឧបការីរបស់សហរដ្ឋអាមេរិក ក៏បានស្នើឱ្យភាគីកម្ពុជាកុំបង្កកម្តៅតាមបន្ទាត់ព្រំដែន ដូចគ្នាផងដែរ។
នៅក្នុងកិច្ចសន្ទនាដដែលនេះ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាន់ឧបការីអាមេរិកនោះវិញថា កម្ពុជាមិនដែលធ្វើសកម្មភាពបង្កហេតុតាមបន្ទាត់ព្រំដែនជាមួយភាគីថៃនោះទេ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៨ ខែតុលា។
នេះមិនមែនជាលើកទីមួយនោះឡើយ ដែលភាគីថៃបានចោទប្រកាន់មកលើមេដឹកនាំ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ថាបានវាយប្រហារមកលើភាគីថៃ ដើម្បីកូរស្ថានការណ៍ និងស្ដារប្រជាប្រិយភាពនយោបាយ។ ក្នុងនោះអ្នកនយោបាយ និងយោធាថៃ ធ្លាប់បានចោទប្រកាន់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលបានធ្វើឱ្យបែកធ្លាយសំឡេងកិច្ចសន្ទនារបស់អតីតមេដឹកនាំថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បណ្ដាលឱ្យប្រទេសថៃកើតវិបត្តិនយោបាយ ខណៈលោក ហ៊ុន សែន កាលនោះបានកើនឡើងនូវប្រជាប្រិយភាព នៅមុនពេលសង្គ្រាមតាមព្រំដែនបានផ្ទុះឡើង ដែលធ្វើឱ្យយោធាថៃចូលកាន់កាប់ទឹកដីរបស់កម្ពុជាជាច្រើនទីតាំង នៅតាមបណ្ដោយព្រំដែនរហូតមកដល់សព្វថ្ងៃ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលថា ឧបការីអាមេរិកបានប្រាប់ថៃឱ្យបញ្ឈប់ការឈ្លានពានកម្ពុជានោះ អាចជារឿងពិត ព្រោះដោយសាររដ្ឋាភិបាលអាមេរិក អាចនឹងបានទទួលរបាយការណ៍ពីអង្គការអន្តរជាតិនានា ដែលបានចុះទៅអង្កេតផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា។ ទៅជាយ៉ាងណា លោកបន្តថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ ក៏មានចរិតនយោបាយផងដែរ ដោយលោកបានលើកឡើងតែពីចំណុចវិជ្ជមានរបស់រដ្ឋាភិបាលរបស់ខ្លួនឯងប៉ុណ្ណោះ ខណៈបញ្ហាយោធាថៃ បានធ្វើសកម្មភាពឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែន ជារៀងរាល់ថ្ងៃនោះ លោក ហ៊ុន ម៉ាណែត មិនបានលើកយកមកនិយាយប្រាប់ឱ្យប្រជាពលរដ្ឋបានដឹងនោះឡើយ។
លោក ម៉ែន ណាត៖ «កម្ពុជាមិនអាចធ្វើឥរិយាបថដូចជាជនរងគ្រោះដែលគួរឱ្យអាណិតទេតែធ្វើជាជនរងគ្រោះដែលមានគោលការណ៍ដែលប្តឹងថៃទៅតុលាការអន្តរជាតិដំឡើងកម្រិតការទូតខ្លាំងក្លា»។
អ្នកឃ្លាំមើលលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលកងទ័ពខ្មែរ និងកងទ័ពថៃកំពុងភ្ជង់កាណុងកាំភ្លើងតម្រង់រកគ្នា នៅតាមខ្សែបន្ទាត់ព្រំដែនបែបនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរតែចរចាដើម្បីដោះស្រាយគ្នា ជាជាងការផ្លោងពាក្យសម្ដីដាក់គ្នាទៅវិញទៅមក ក្នុងរូបភាពជាការថ្លែងសារនយោបាយ ដែលធ្វើឱ្យស្ថានភាពជម្លោះកាន់តែមានភាពតានតឹង។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលបានកត់សម្គាល់ឃើញថា ក្រោយទទួលរងការឈ្លានពានពីសំណាក់យោធាថៃនៅតាមព្រំដែន មេដឹកនាំកម្ពុជា បានប្រើប្រាស់មធ្យោបាយប្រជាភិថុតិ ដើម្បីស្ដារប្រជាប្រិយភាព ជាជាងការទប់ស្កាត់សកម្មភាពឈ្លានពានរបស់យោធាថៃ។ ក្នុងនោះលោក ហ៊ុន សែន ធ្លាប់បានលើកឡើងដោយស្ម័គ្រខ្លួនទទួលស្គាល់កំហុសជំនួសកូន គឺលោក ហ៊ុន ម៉ាណែត ក្រោយពេលយោធាថៃចូលកាន់កាប់តាមតំបន់ព្រំដែន ខណៈលោក ហ៊ុន ម៉ាណែត វិញ បានថ្លែងសារ ការពារកំហុសឪពុក ថាមិនមែនជាអ្នកបង្កសង្គ្រាម និងវាយប្រហារអ្នកប្រឆាំង៕









