

អតិថិជនដែលទិញដី និងផ្ទះ ពីក្រុមហ៊ុនភូមិខ្មែរគ្រុប នៅតំបន់មរតកថ្មស ទាមទារឲ្យអាជ្ញាធរខេត្តស្វាយរៀង ពន្លឿនប្រគល់ដីដល់ពួកគាត់ឱ្យបានឆាប់ ដោយថា ការយឺតយ៉ាវនេះ ធ្វើឱ្យពួកគាត់រងគ្រោះកាន់តែធ្ងន់ធ្ងរ ពីព្រោះ គ្មានលុយសងត្រឡប់ទៅធនាគារ។ សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះសំណូមពររបស់ពលរដ្ឋ ពីព្រោះដំណោះស្រាយដ៏យឺតយ៉ាវនេះ នឹងធ្វើឲ្យពលរដ្ឋកាន់តែលំបាកវេទនា និង គ្មានជំនឿលើរដ្ឋាភិបាល។
វិបត្តិឆបោកអតិថិជន របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ដែលជាកម្មសិទ្ធិរបស់លោក សោម សុធា ជាសាច់ញតិរបស់អតីតជំនួយការ លោក ហ៊ុន សែន គឺលោក ដួង តារា នៅតែជាប់គាំង ហើយអាជ្ញាធរមិនអាចរកដំណោះស្រាយ ជូនអតិថិជនរាប់រយនាក់បាននៅឡើយ។ អតិថិជនខ្លះ អះអាងថា ពួកគាត់ទទួល បានតែ ក្រដាសផ្ដិតមេដៃសន្យា តែមិនទាន់បានប្លង់ដី រីឯអតិថិជនខ្លះ ទៀតបានប្លង់ដី តែនៅមិនទាន់បានដី។
អតិថិនជន លោក ប៊ូ ឡន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៦ ខែតុលា ថា លោកទិញផ្ទះ ក្នុងតម្លៃ ៤ម៉ឺន ៥ពាន់ដុល្លារ តែបានត្រឹមតែដី ១ប្លង់ ទំហំ ៥ម៉ែត្រx២០ ម៉ែត្រ ដែលមានតម្លៃ ត្រឹមតែ ៩ ពាន់ដុល្លារ ហើយដីនោះទៀតសោតក៏លោកនៅមិនទាន់ទទួលបាននៅឡើយបើទោះជាលោកបាន រង់ចាំដំណោះស្រាយ អស់ជាច្រើនខែមកហើយក្តី។ លោកថា ដោយសាររឿងនេះ លោកពិបាកទុកចិត្ត រដ្ឋាភិបាលណាស់។
លោក ប៊ូ ឡន មានប្រសាសន៍ថា ទោះបីជាអតិថិជនដែលទិញផ្ទះ យល់ព្រមទទួល យកតែដី ក៏ពួកគាត់ជាច្រើនគ្រួសារ រង់ចាំជិត ១ឆ្នាំហើយ នៅតែមិនទាន់បានដី ទៀត។ លោកថា ពលរដ្ឋច្រើនរយគ្រួសារ ត្រូវខាតបង់ប្រាក់ ប្រមាណជាង ២ម៉ឺន ទៅជាង ៣ម៉ឺនដុល្លារ ពីការចំណាយប្រាក់ទិញផ្ទះ និង ដី ពីក្រុមហ៊ុនភូមិខ្មែរគ្រុប។
លោក ប៊ូ ឡន៖ «សម្រាប់ខ្ញុំខាតចូលជាង ២ ម៉ឺនដុល្លារដែរ ព្រោះខ្ញុំបង់ច្រើនដែលហើយបង់ជិតរួចហើយ នៅសល់តែជាង ៨ពាន់ដុល្លារ ឥឡូវយើងបានតែដីអត់បានផ្ទះ។ កាលពីខ្ញុំកំពុងចូលទិញផ្ទះ តម្លៃដីឡូតិ៍ដែលខ្ញុំទិញ ៩ ពាន់ដុល្លារ តម្លៃផ្ទះ ៤ ម៉ឺន៥ ពាន់ដុល្លារ ។ អ្នកផ្សេងៗជាច្រើនបានដូចតែខ្ញុំដែរហ្នឹង បានតែដី មានបងៗខ្លះ ជាច្រើនគាត់បង់ផ្ដាច់ទៀត ៤ ម៉ឺន ៥ ពាន់ដុល្លារ គាត់បង់ផ្ដាច់ រួចហើយ ឥឡូវទីបំផុត បានតែដីមួយប្លង់ដូចគ្នា អត់បានផ្ទះ»។
លោក ប៊ូ ឡន បានអំពាវនាវឱ្យអភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា ជំរុញឱ្យមន្ទីរសុរិយោដីខេត្ត ដោះស្រាយចែកដីឱ្យអតិថិជនឱ្យបានឆាប់។
ទូរទស្សន៍អាស៊ីសេរី មិនទាន់អាចទាក់ទងអភិបាលខេត្តស្វាយរៀងលោក ប៉េង ពោធិ៍សា ដើម្បីបំភ្លឺជុំវិញការលើកឡើងរបស់អតិថិជនបានទេ នៅថ្ងៃទី០៦ ខែតុលា។
អតិថិជនមួយចំនួន ដែលបានទិញដី និងផ្ទះ ពីក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង នៅតែតវ៉ាយកដីនៅតំបន់ថ្មស ក្នុងស្រុកស្វាយជ្រុំ តាមកិច្ចសន្យាទិញ-លក់ តែគ្មានដំណោះស្រាយ។ អតិថិជនជាច្រើនទៀត យល់ព្រមតាមការសម្របសម្រួល របស់មន្ទីរសុរិយោដី ខេត្តស្វាយរៀង ដែលតម្រូវឲ្យដោះដូរដីទៅតំបន់ផ្សេង ប៉ុន្តែ ក៏ នៅតែមិនទាន់បានដី នៅទីតាំងថ្មីនោះ។
អតិថិជនច្រើនរូប ប្រាប់ទូរទស្សន៍អាស៊ីសេរីជារឿយៗថា តំបន់ថ្មីនោះ គឺនៅសង្កាត់ ប្រាសាទ ក្រុងបាវិត ដែលនៅឆ្ងាយដាច់ស្រយាល ក្បែរព្រំដែនកម្ពុជា-វៀតណាម ហើយដីមានតម្លៃទាប មិនបានពាក់កណ្ដាលនឹងដី នៅទីតាំងដើម នៅតំបន់មរតក ថ្មស ដែលពួកគាត់បានទិញពីក្រុមហ៊ុននោះទេ។
អតិថិជនមួយរូប ដែលទិញដីនៅថ្មស ជិតផ្សារឫស្សីជ្រុំ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រុមហ៊ុននេះ គប់គិតជាមួយអ្នកមានអំណាច បោកប្រាស់ពលរដ្ឋ តាំងពី ពេលចាប់ផ្ដើម ។ អតិថិជនរូបនេះ បញ្ជាក់ថា អតិថិនជនខ្លះ បានដីឆាប់នៅតំបន់ថ្មី ដែលមានតម្លៃថោកទៅហើយនោះ លុះត្រាតែព្រមកាត់បន្ថយចំនួនប្លង់ដី ដែលពួកគាត់ បានទិញ គឺ«ទិញ ២ប្លង់ តែត្រូវទទួលយកតែ ១ប្លង់»។
អតិថិជនរូបនេះ មានប្រសាសន៍ថា អតិថិជន ដែលមិនទាន់បានដី ហើយព្រមទៅ យកដីនៅកន្លែងថ្មី ដែលមានតម្លៃថោកនោះ គឺដោយសារតែពួកគាត់ ទ័លច្រកពេក នឹងការជំពាក់បំណុល ដោយសង្ឃឹមថា ពេលបានដី ពួកគាត់អាចយកទៅដាក់លក់ ដើម្បីរំលស់បំណុលវ័ណ្ឌកបានខ្លះ។ ហេតុនេះ ពួកគាត់ទទូចឲ្យរដ្ឋាភិបាលរៀបចំ ប្រគល់ដីនៅតំបន់ថ្មី ឲ្យពួកគាត់ឲ្យបានឆាប់។
អតិថិជន៖ «បារម្ភថា ខ្លាចបោកទៀត តែខ្ញុំសួរច្បាស់ហើយ ខ្ញុំមិនទទួលយកទេ ខ្ញុំថា ម្ដងហ្នឹងបោកទៀតអត់? ពួកគាត់ថា មិនមែនបោកទេ ពីព្រោះមិនមែនក្រុមហ៊ុន ដូចពីមុនទេ ក្រុមហ៊ុនក្ស័យធន ឥឡូវខាងរដ្ឋាភិបាល ខាងរដ្ឋគេអ្នកដោះស្រាយជូន ដល់អ៊ីចឹងទៅ ខ្ញុំក៏រង់ចាំមើលតែមិនឃើញទៀត ខ្ញុំបបួលគ្នាជួបជុំទៀតហើយ»។
ក្រុមហ៊ុនភូមិខ្មែរគ្រុប ត្រូវបានបង្កើតឡើង ដោយលោក សោម សុធា ក្នុងឆ្នាំ២០១៦ និង រកស៊ីផុលផុសក្នុងឆ្នាំ២០២២ ដោយវិនិយោគលើវិស័យកសិកម្ម ភោជនីយដ្ឋាន គម្រោងដីឡូត៍ និងផ្ទះល្វែង ដែលឈរជើងនៅខេត្តស្វាយរៀង។ ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធជាច្រើនទៀត រួមមាន ភូមិពងទាខ្មែរ ភូមិកាហ្វេ និងភូមិមរតក ដែលជាវិស័យអចលនទ្រព្យ។
អគ្គនាយកក្រុមហ៊ុន លោក សោម សុធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងខែមិថុនា ឆ្នាំ២០២៤ ក្រោយដំណើរការបានប្រហែល ៥ឆ្នាំ ក្រោមបទចោទឆបោកពលរដ្ឋ ពាក់ពន្ធនឹងការប្រមូលប្រាក់ពីពលរដ្ឋ ក្រោមរូបភាពវិនិយោគឱ្យការប្រាក់ជាង ៤% ភាគរយ (៤.៤%) ក្នុងមួយខែ និងការលក់ដីខ្យល់ ឱ្យអ្នកភូមិរាប់រយគ្រួសារ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី ទទូចឱ្យរដ្ឋាភិបាលព្យាយាម ជួយពលរដ្ឋរងគ្រោះ ឲ្យបានដីឆាប់ៗ ពីព្រោះ ពលរដ្ឋចាញ់បោកក្រុមហ៊ុន ដែលមានអាជ្ញារប័ណ្ណធ្វើអាជីវកម្មពីស្ថាប័នរដ្ឋ។
លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៦ ខែតុលា ថា ដំណោះស្រាយដែលយឺតយ៉ាវពេក នឹងធ្វើឲ្យប្រជាពលរដ្ឋមិនទទួលបានយុត្តិធម៌ផង និងបណ្ដាយឲ្យពលរដ្ឋបាត់បង់ជំនឿលើរដ្ឋាភិបាលផង។ លោកថា ដំណោះស្រាយដែលគ្មានយុត្តិធម៌ គឺជាកត្តាជះឥទ្ធិពលមិនល្អដល់សេដ្ឋកិច្ចជាតិ ដោយសារការខ្វះជំនឿចិត្តរបស់អ្នកវិនិយោគត្រឹមត្រូវ និងប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ព្រោះតែគ្មានលុយដោះបំណុល។
លោក យិន ម៉េងលី៖ «អ៊ីចឹងសូមយកចិត្តទុកដាក់បន្តិចចំពោះជនរងគ្រោះ កុំឱ្យគាត់រងគ្រោះដល់ទៅ ២ដង អ៊ីចឹងគាត់កាន់តែឈឺចាប់ កាន់តែខ្លាំងឡើងថែមទៀត នៅក្នុងបញ្ហាទាំងអស់នេះ។ អ៊ីចឹងស្ដាប់យោបល់គាត់ ហើយព្យាយាមឆ្លងឆ្លើយ ទៅតាមលទ្ធភាពដែលអាចឆ្លងឆ្លើយ ជាមួយប្រជាពលរដ្ឋបាន ប្រាប់គាត់អំពីដំណើរការអំពីការវិវត្តន៍ និងបញ្ហាប្រឈមផ្សេងៗទៀត។ កាលណាយើងបានទទួលព័ត៌មានហើយ យើងមានកន្លែងឆ្លងឆ្លើយ ពេលខ្លះបញ្ហាក្នុងចិត្តតឹងតែងទៅជាបញ្ហាធូរទៅវិញ»។
អតិថិជនមួយចំនួន ដែលបានទិញដី និង ផ្ទះ ពីក្រុមហ៊ុនភូមិខ្មែរគ្រុប តែងតែប្រាប់ ទូរទស្សន៍អាស៊ីសេរីថា ពួកគាត់ឈឺចាប់ណាស់ ពីព្រោះការទិញ-លក់កន្លងមក សុទ្ធតែមានការផ្សព្វផ្សាយអះអាងធានា ដោយមន្ត្រីធំៗ និងមានមេធាវីក្រុមហ៊ុន ធ្វើកិច្ចសន្យាទិញ-លក់ច្បាស់លាស់ ប៉ុន្តែរដ្ឋាភិបាលនៅតែបណ្ដោយឱ្យប្រជាពលរដ្ឋ ដែលជាអតិថិជន បន្ដរងគ្រោះដោយសារអំពើបោកប្រាស់ស្រស់ៗ ជាសាធារណៈ នៅនឹងមុខអ្នកដឹកនាំប្រទេសបែបនេះ៕









