

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានទទួលស្គាល់ថា ថៃធ្វើរបងជញ្ជាំងបេតុង ឬថ្មអចិន្ត្រៃយ៍នៅតាមបង្គោលព្រំដែនលេខ៥២ដល់៥៩ ជាប់នឹងខេត្តបាត់ដំបង ហើយថាការសាងសង់នេះ មិនប៉ះពាល់ទឹកដីកម្ពុជា នោះទេ។ ទន្ទឹមគ្នានោះ លោកបញ្ជាក់ថាមកទល់ពេលនេះ កម្ពុជាមិនបានបាត់បង់ទឹកដីនៅតំបន់ណាមួយនោះទេ គ្រាន់តែបាត់បង់ការគ្រប់គ្រងនៅតំបន់ខ្លះប៉ុណ្ណោះ។ មន្ត្រីបក្សប្រឆាំងចាត់ទុក ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ថា ជាសារ«បោកប្រាស់»ដើម្បីបិទបាំងការពិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែតុលា បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅខេត្តបាត់ដំបងថាកន្លងទៅមានពលរដ្ឋ និងអ្នកនយោបាយខ្លះចង់កេងចំណេញបានរិះគន់ថា កម្ពុជាបានបាត់បង់ទឹកដីនៅចន្លោះ បង្គោលព្រំដែនលេខ៥២ ទៅ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោយពីថៃបានធ្វើជញ្ជាំងរបងបេតុងក៏ប៉ុន្តែ លោកអះអាងថាទីតាំងទាំងនោះបានវាស់វែងរួចហើយ ដូច្នេះគ្មានប៉ះពាល់លើដីកម្ពុជានោះទេ។
បន្ថែមលើនោះ លោកថាកន្លងទៅការវាស់វែងនេះក៏មានចំណុចខ្លះដីចម្ការខ្មែរ បានកាត់ឱ្យទៅភាគីថៃ ហើយដីចម្ការថៃខ្លះ ក៏បានកាត់មកឱ្យកម្ពុជាវិញដែរ។ ករណីនេះលោក ហ៊ុន ម៉ាណែត អះអាងថា មានពលរដ្ឋថៃខ្លះ បានតវ៉ាទៅកាន់រដ្ឋាភិបាលថៃ ដែលបានកាត់ដីឱ្យកម្ពុជា។ លោកថា នៅពេលក្រោយ ការវាស់វែងបង្គោលព្រំដែន នឹងឱ្យអ្នកសង្កេតការណ៍អាស៊ានចូលរួមត្រួតពិនិត្យ។ ក្រៅពីនោះ លោក ហ៊ុន ម៉ាណែត បានព្យាយាមនិយាយ លួងបន្លាចយុវជន និងពលរដ្ឋអំពីផលប៉ះពាល់នៃសង្គ្រាម ម្ដងហើយម្ដងទៀត ដើម្បីឱ្យពលរដ្ឋ ស្ងប់ចិត្ត និងអរគុណសន្តិភាព។
លោក ហ៊ុន ម៉ាណែត៖ «វាស់វែងរួចហើយបង្គោលលេខ៥២-៥៩។ ឥឡូវគេចាប់ផ្ដើមធ្វើផ្លូវ យើងក៏ចាប់ផ្ដើមធ្វើផ្លូវ គ្រាន់តែមិនទាន់ស្របនឹងនីតិវិធីJBC តែកងទ័ពយើងនៅការពាររាល់ថ្ងៃ។ បងប្អូនខ្លះ ឃើញគេធ្វើរបងថា គេយកដីយើងអាហ្នឹងអត់ទេគេធ្វើក្នុងដីគេ។ កន្លែងខ្លះប្រជាពលរដ្ឋធ្វើស្រែជាការចូលទៅគេ ធ្វើរបងហើយ យើងចូលមកវិញ។កន្លែងខ្លះគេធ្វើរបងចូលមកយើង គេត្រូវដកចេញ។ ថ្ងៃមុនឃើញពលរដ្ឋថានៅចន្លោះបង្គោល៥២ ៥៩មកទាមទារដីពីរដ្ឋាភិបាលថៃ ក្រោយពីកាត់មកឱ្យយើងក្រោយពីការវាស់វែង»។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីថា ចាប់តាំងពីថៃបានបង្កសង្គ្រាមឈ្លានពានទឹកដីខ្មែរជាង១ឆ្នាំមកនេះ កម្ពុជាមិនទាន់បានបាត់បង់ទឹកដីនៅតំបន់ណាមួយនោះទេ គ្រាន់តែកម្ពុជា បាត់បង់ការគ្រប់គ្រង់នៅតំបន់ខ្លះ។ លោកសង្ឃឹមថាភាគីថៃនឹងប្រគល់ទឹកដីទាំងនោះមកឱ្យកម្ពុជាវិញ ដោយលោកសំអាងលើប្រវត្តិសាស្ត្រ ឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ និងឆ្នាំ១៩៤១ ដល់ឆ្នាំ ១៩៤៦ ដែលកាលនោះថៃបានគ្រប់គ្រងខេត្តបាត់ដំបង់ បន្ទាយមានជ័យ និងសៀមរាប ក្រោយមកក៏ប្រគល់ឱ្យកម្ពុជាវិញ។

លោក ហ៊ុន ម៉ាណែត៖ «បើទោះបីជាក្នុងដំណាក់កាលខ្លះវាបាត់បង់ការគ្រប់គ្រង នៅតំបន់ភូមិជោគជ័យ ព្រៃចាន់ ឬខេត្តទាំងមូល ប៉ុន្តែភាពចាំបាច់ និងការទាមទាររបស់យើងមិនបោះបង់ទេ ។ យើងមើលប្រវត្តិសាស្ត្រដែរ កន្លងមកដែលយើងបានយកខេត្តមកវិញមិនមែនពេលវាយគ្នាទេ គឺក្រោយប្រើសម្ពាធអន្តរជាតិ កាលនោះមានបារាំង និងតាមសន្ធិសញ្ញា និងអនុសញ្ញាហើយកាល១៩៤៦ ក៏ដូចគ្នា ក្រោយជប៉ុនចាញ់សង្គ្រាមដោយសារតែសម្ពាធការទូត»។
ទោះជាយ៉ាងណាការអះអាងរបស់ លោក ហ៊ុន ម៉ាណែត ដែលថា ថៃធ្វើជញ្ជាំងរបងបេតុង មិនប៉ះពាល់លើដីខ្មែរ គឺផ្ទុយទាំងស្រុងទៅនឹងការអះអាងរបស់ក្រសួងការបទេសកម្ពុជា ដែលធ្លាប់ចេញលិខិតតវ៉ា ប្រឆាំងនឹងសកម្មភាពសាងសង់របងព្រំដែនជា ឯកតោភាគីរបស់ថៃ និងចាត់ទុកការសាងសង់នេះ រំលោភលើកិច្ចព្រមព្រៀងរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្ដោះអាសន្ន ព្រោះបង្គោលទាំងនោះពុំទាន់បានវាស់វែងរួចនៅឡើយ ដោយសារគ្រានោះកម្ពុជា និងថៃបានផ្ទុះសង្គ្រាមដាក់គ្នា នៅតាមព្រំដែន កាលពីចុងឆ្នាំ២០២៥ ដូច្នេះក៏បានផ្អាកការវាសវាងវិញ។
ជាមួយគ្នានោះ ពលរដ្ឋខ្មែរដែលរស់នៅ និងអាស្រ័យផលក្បែរតំបន់បង្គោលព្រំដែនលេខ៥២ដល់៥៤ ធ្លាប់បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា យោធាថៃបានរំកិលបង្គោលព្រំដែនដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន ចូលក្នុងទឹកដីកម្ពុជារាប់រយម៉ែត្រ ដែលធ្វើឱ្យដីស្រែចម្ការរបស់ពលរដ្ឋខ្មែរជាច្រើនហិកតារ ត្រូវបាត់បង់ទៅកាន់ប្រទេសថៃ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន អះអាងថា ការសាងសង់របងជញ្ជាំងបេតុងរបស់ថៃតាមបណ្ដោយបង្គោលលេខ៥២ ទៅ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង មិនមែនធ្វើលើទឹកដីថៃ ដូចការអះអាងរបស់លោក ហ៊ុន ម៉ាណែត នោះទេ គឺជាក់ស្ដែង បានរំលោភចូលដីខ្មែរជិត១គីឡូម៉ែត្រ។ លោកចាត់ទុកការអះអាង របស់លោក ហ៊ុន ម៉ាណែត បង្ហាញថា រដ្ឋាភិបាលត្រកូលហ៊ុន បានយល់ព្រមកាត់ដី ឱ្យបរទេស ដើម្បីដោះដូរនឹងសន្តិភាព ជាបណ្ដើរៗហើយ។

ជាមួយគ្នានោះ លោកសម្ដែងការហួសចិត្ត ចំពោះការកុហកបោកប្រាស់ពលរដ្ឋម្ដងហើយម្ដងទៀត ដែលថា កម្ពុជាមិនបានបាត់បង់ទឹកដីទៅកាន់ប្រទេសថៃ គ្រាន់តែ បាត់បង់ការគ្រប់គ្រង។ លោកចាត់ទុកសម្ដីបែបនេះ ជាសារប្រជាភិថុតិ ដើម្បីស្អំចិត្តពលរដ្ឋ និងដើម្បីគេចវេះពីការទាមទារទឹកដីពីថៃ មកឱ្យជនភៀសសឹក ដែលបាត់បង់ផ្ទះសម្បែងនិងដីធ្លី។ លោកហ៊ានភ្នាល់ដាក់ជីវិតថា ដរាបណារដ្ឋាភិបាលត្រកូលហ៊ុន បន្តដឹកនាំប្រទេសទោះជា១០០ឆ្នាំទៀតក្ដីក៏ ទឹកដីកម្ពុជា ជាង៨០ទីតាំងដែលថៃ បានវាយកាប់កាន់ ថៃនឹងមិនប្រគល់ឱ្យកម្ពុជាវិញនោះទេ។
លោក អ៊ុំ សំអាន៖ «គាត់គ្រាន់តែលួងចិត្តប្រជាពលរដ្ឋ ហើយធ្វើនយោបាយប្រជាភិថុតិដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ទិញពេលដើម្បីកាន់អំណាចបន្តទៅមុខទៀត។ តាមពិត គាត់មិនអាចទាមទារទឹកដីបានមកវិញនោះទេ នៅពេលដែលគាត់មិនព្រមប្ដឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC, មិនប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ, មិនប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ៩១ ហើយគាត់គ្រាន់តែសង្ឃឹមថា ចរចាទ្វេភាគី ធ្វើម៉េចថៃគេប្រគល់ទឹកដីមកឱ្យខ្មែរយើងវិញ»។
អ្នកឃ្លាំមើលយល់ថា មួយរយៈពេលចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត ហាក់កំពុងព្យាយាមរកលេស ដើម្បីគេចវេះពីការទាមទារទឹកដីពីថៃមកវិញ តាមរយៈការនិយាយបន្លាចម្ដងហើយម្ដងទៀត អំពីផលប៉ះពាល់នៃសង្គ្រាមទៅកាន់ពលរដ្ឋ និងយុវជន។ ក្នុងនោះ លោកតែងតែសួរ មតិពីពលរដ្ឋ និងយុវជន ថាតើចង់ បានសង្គ្រាម ឬចង់បានដំណោះស្រាយដោយសន្តិវិធី។ ក្រោយមក លោកក៏បង្ហាញអាកប្បកិរិយារីករាយ និងនិយាយបញ្ចុះបញ្ចូលឱ្យពលរដ្ឋផ្ដល់តម្លៃលើសន្តិភាព។
អ្នកឃ្លាំមើលយល់ថា ការថ្លែងសាររបស់ លោក ហ៊ុន ម៉ាណែត កាន់តែច្រើន គឺកាន់តែបង្ហាញពីល្បិចកលនយោបាយ និងកង្វះការទទួលខុសត្រូវលើបូរណភាពទឹកដី ជាពិសេសនៅថ្ងៃនេះ លោកបែរ ជាទទួលស្គាល់ថា ការសាងសង់របងបេតុងរបស់ថៃ គឺធ្វើឡើងដោយត្រឹមត្រូវ បើទោះជាកន្លងទៅកម្ពុជារិះគន់ថា ភាគីថៃបាន សាងសង់របងបេតុងថ្មនេះ ដោយឯកតោភាគី ខណៈដែលបង្គោលព្រំដែនលេខ៥២ ដល់៥៩ នៅពុំទាន់បានវាស់វែង ចប់ស្រួលបួលនៅឡើយក៏ដោយ៕









