

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយបណ្ដាប្រទេសជាមិត្ត ដើម្បីតាមចាប់ជនសង្ស័យដែលជាមេខ្លោងកសាងអាណាចក្រឆបោកតាមអនឡាញនៅតំបន់តារាសាគរ ខេត្តកោះកុង គឺលោក តេង ភីពីង (Deng Pibing)។ មន្ត្រីជាន់ខ្ពស់កម្ពុជាបញ្ជាក់ថា ក្រសួងស្ថាប័នជំនាញក៏កំពុងបើកការស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធគ្រាក់ៗមួយចំនួនដូចគ្នា ក្រោយទូរស្សន៍អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) លាតត្រដាងពីទំនាក់ទំនងពួកគេជាមួយមេខ្លោងឆបោកជនជាតិខ្មែរដើមកំណើតចិនលោក តេង ភីពីង។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានព្រងើយកន្តើយក្នុងការស៊ើបអង្កេតលើបុគ្គលពាក់ព័ន្ធ និងមានទំនាក់ទំនងជាមួយមេខ្លោងលោក លោក តេង ភីពីង (Deng Pibing) ដែលកសាងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងគម្រោង ឡុង បេ (Long Bay) នៃខេត្តកោះកុងឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៦ ខែតុលាថា ការស៊ើបអង្កេតលើសំណុំរឿងលោក តេង ភីពីង (Deng Pibing) មិនមែនជាការងាររបស់ក្រសួងមហាផ្ទៃតែឯងនោះទេ ប៉ុន្តែជាកិច្ចការរបស់រដ្ឋាភិបាលកម្ពុជាទាំងមូល ដែលកំពុងសហការជាមួយបណ្ដាប្រទេសដៃគូ និងអង្គការអន្តរជាតិពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យដែលជាមេខ្លោងរូបនេះ។
លោក ទូច សុឃៈ អះអាងថា រដ្ឋាភិបាលប្ដេជ្ញាអនុវត្តច្បាប់ដោយការទទួលខុសត្រូវខ្ពស់ ដោយមិនកំណត់ការស៊ើបអង្កេតត្រឹមតែបុគ្គល ឬមន្ត្រីគ្រាក់ៗដែលទូរទស្សន៍អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បានលាតត្រដាងអំពីទំនាក់ទំនងពួកគេជាមួយមេខ្លោងឆបោកលោក តេង ភីពីង តែប៉ុណ្ណោះទេ។ លោកបញ្ជាក់ថា សមត្ថកិច្ចចម្រុះកំពុងពង្រីកការស៊ើបអង្កេតលើបុគ្គលផ្សេងទៀតដែលអាចជាប់ពាក់ព័ន្ធ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងជាក់ស្ដែង។ ទោះជាយ៉ាងណា លោក ទូច សុខៈ មិនបានបញ្ជាក់ឈ្មោះបុគ្គល ឬមន្ត្រីដែលកំពុងស្ថិតការក្រោមស៊ើបអង្កេតរបស់អាជ្ញាធរឡើយ ព្រោះលោកអះអាងថា ប៉ះពាល់ដល់ប្រសិទ្ធភាពនៃការស៊ើបអង្កេត។
លោក ទូច សុឃៈ៖ «ជាការពិតហើយចំពោះបុគ្គលជាមុខសញ្ញានៃការស៊ើបអង្កេត បើសិនជានៅក្នុងស្រុក គឺសមត្ថកិច្ចនឹងរឹតបន្តឹង តាមបណ្ដាច្រកទាំងជើងគោក និងជើងអាកាស មិនអាចឱ្យបុគ្គលនោះ ចេញក្រៅប្រទេសបានទេ។ ក៏ប៉ុន្តែបើសិនជាបានចេញទៅក្រៅប្រទេសបាត់ហើយនោះ ជាជនជាតិខ្មែរ យើងមានវិធីមួយទៀត គឺបិទគណនី (Account) ធនាគារមិនអាចឱ្យប្រើប្រាស់បានជាដើម»។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ កើតឡើងបន្ទាប់ពីទូរទស្សន៍អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បានផ្សាយរបាយការណ៍ស៊ើបអង្កេតកាលពីពេលថ្មីៗនេះដែលលាតត្រដាងអំពីជំនួញឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ គ្រឿងញៀន និងការជួញដូរផ្លូវភេទ នៅគម្រោង ឡុង បេ (Long Bay) ខេត្តកោះកុង របស់អ្នកជំនួញខ្មែរដើមកំណើតចិន លោក តេង ភីពីង (Deng Pibing)។ របាយការណ៍ស៊ើបអង្កេតក៏លាតត្រដាងចម្លើយសារភាពរបស់ លោក តេង ភីពីង បានផ្ដល់លុយចិញ្ចឹមមន្ត្រីជាន់ខ្ពស់កម្ពុជាគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យជួយការពារ និងផ្ដល់ខ្នងបង្អែកដល់អាជីវកម្មក្នុងមជ្ឈមណ្ឌលឆបោករបស់លោកក្នុងខេត្តកោះកុង។
របាយការណ៍ស៊ើបអង្កេតរបស់អាល់ ចាហ្ស៊ីរ៉ា បានបង្ហាញថា យ៉ាងហោចណាស់មន្ត្រីកម្ពុជា ២រូប បានទទួលផលប្រយោជន៍ពាក់ព័ន្ធនឹងការការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញរបស់លោក តេង ភីពីង នៅតំបន់ ឡុង បេ។ អ្នកទាំងពីរនោះរួមមាន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្សពាក់ផ្កាយ ៣ គឺលោក យឹម លាង និងអ្នកស្រី ជាតិ មុន្នី ដែលជាមន្ត្រីនគរបាលបម្រើការងារក្នុងនាយកដ្ឋានអង្គរក្ស និងជាកូនចៅរបស់លោក យឹម លាង។ លោក យឹម លាង គឺជាបងប្រុសបង្កើតលោក យឹម លក្ខណ៍ ដែលសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មក្នុងសំណុំរឿងឆបោកតាមអនឡាញ ហើយពួកគេក៏ត្រូវជាកូនប្រុសរបស់របស់អតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី និងជាអតីតដន្លងរបស់លោក ហ៊ុន សែន។
ក្នុងអំឡុងពេលអ្នកសារព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា បន្លំខ្លួនជាមេខ្លោងឆបោក និងបង្កប់កាមេរ៉ាដោយសម្ងាត់ លោក តេង ភីពីង បានអួតអាងអំពីទំនាក់ទំនង និងខ្នងបង្អែកដ៏រឹងមាំក្នុងជួរមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងបញ្ជាក់ថា មន្ត្រីប៉ូលិសពាក់ស័ក្កិ ៣ គឺអ្នកស្រី ជាតិ មុន្នី ថា ជាជំនួយការដ៏ពិសេសរបស់លោក។ អ្នកស្រី ជាតិ មុន្នី កូនចៅមេប៉ូលិសផ្កាយ ៣ លោក យឹម លាង ក៏ត្រូវបានរាយការណ៍ថា ចេះនិយាយភាសាចិនស្ទាត់ជំនាញ និងតែងតែហែហមអមដំណើរលោក តេង ភីពីង ជជែកលើជំនួញឆបោកតាមរយៈក្បួនរថយន្តនគរបាលជាតិ។ មិនតែប៉ុណ្ណោះ សូម្បីតែចៅហ្វាយរបស់ខ្លួនគឺលោក តេង ភីពីង ជួបជុំស៊ីផឹកប្រើប្រាស់ថ្នាំញៀនសេរីក្នុងបន្ទាប់ខារ៉ាអូខេ អំឡុងពេលអ្នកសែតអន្តជាតិបន្លំខ្លួនចូលស៊ើបអង្កេតក៏អ្នកស្រី ជាតិ មុន្នី មានវត្តមានក្នុងមជ្ឈមណ្ឌលឆបោកដែរ។
មេខ្លោងឆបោកលោក តេង ភីពីង បាននិយាយនៅខាងកាមេរ៉ាសម្ងាត់របស់អ្នកស៊ើបការណ៍ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា ថា ទីតាំង និងមជ្ឈមណ្ឌលឆបោកដែលលោកកសាងក្នុងគម្រោងឡុង បេ ខេត្តកោះកុង មិនងាយរកបានទេនៅពិភពលោក ហើយសូម្បីតែជួញដូរគ្រឿងញៀនក៏អាចរកលុយបានច្រើនដូចរបររបស់លោកឡើយ។ លោកបញ្ជាក់ថា លោករីករាយ និងសុខចិត្តបែងចែកលុយដែលរកបានពីអំពើឆបោក ៨០ ភាគរយទៅកាន់មន្ត្រីរដ្ឋាភិបាល និងចៅហ្វាយធំ រួមទាំងអ្នកមានអំណាចនៅពីក្រោយខ្នង និងទុក ២០ ភាគរយសម្រាប់ខ្លួនឯង។ លោក តេង ភីពីង បញ្ជាក់ថា នេះគឺជាវិធីតែមួយគត់ ដើម្បីធានាថា ទីតាំងមជ្ឈមណ្ឌលឆបោករបស់លោកបន្តដំណើរការដោយរលូន និងមានស្ថិរភាព ហើយក៏អាចទទួលដំណឹងមុននៅពេលសមត្ថកិច្ចចុះបង្ក្រាប។
ទាក់ទងនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅប្រទេសអាហ្សេបៃហ្សង់ (Azerbaijan) កាលពីថ្ងៃទី១៥ ខែតុលា ថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ គួរផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្ដែង ការគោរពអធិបតេយ្យភាពជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ជាជាងយកបញ្ហាឧក្រិដ្ឋកម្មនេះភ្ជាប់នឹងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។
អ្នកជំនាញភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី លើកឡើងថា ការណ៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្យាយាមលើកយកប្រធានបទ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ មកធ្វើជាលេសបិទបាំងដំណោះស្រាយជុំវិញបញ្ហានៅមណ្ឌលឆបោកក្នុងតំបន់ ឡុង បេ ខេត្តកោះកុង គឺគ្រាន់តែជាយុទ្ធសាស្ត្របង្វែរដាន និងជាការគេចវេះពីការទទួលខុសត្រូវចំពោះមុខច្បាប់តែប៉ុណ្ណោះ។
លោក សេង វណ្ណលី លើកឡើងថា ការព្យាយាមបង្កើតរូបភាពចោទប្រកាន់លើរបាយការណ៍ស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា ជា «ការវាយប្រហារនយោបាយ» នោះ គឺជាការបិទបាំងការពិត។ លោកបន្ថែមថា បញ្ហាស្នូលដែលពិភពលោក និងប្រជាពលរដ្ឋខ្មែរកំពុងតែក្តៅក្រហាយពិតប្រាកដ និងស្អប់ខ្ពើមគឺបទល្មើសជួញដូរមនុស្ស ការបង្ខាំងមនុស្សខុសច្បាប់ និងអំពើពុករលួយជាប្រព័ន្ធ។
លោក សេង វណ្ណលី៖ «ការលុបបំបាត់មណ្ឌលឆបោក និងការចាត់វិធានការលើអ្នកមានអំណាចនៅពីក្រោយខ្នង គឺជាផ្លូវតែមួយគត់ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចស្ដារកិត្តិយសជាតិដែលកំពុងរងការអាម៉ាស់លើឆាកអន្តរជាតិឡើងវិញបាន។ ការដើរស្រែកប្រាប់គេឯងថា កម្ពុជាជាជនរងគ្រោះនៃសង្គ្រាមភូមិសាស្ត្រនយោបាយ មិនអាចលុបលាងអំពើពុករលួយ និងការបើកដៃឱ្យក្រុមឧក្រិដ្ឋជនឆ្លងដែន ប្រែក្លាយទឹកដីកម្ពុជាជាជម្រកសុវត្ថិភាពបាននោះទេ ដរាបណាអ្នករៀបចំ និងអ្នកការពារនៅពីក្រោយនៅតែរួចផុតពីសំណាញ់ច្បាប់ នោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះមុខប្រវត្តិសាស្ត្រ និងប្រជាជនខ្មែរទាំងមូល»។
ពាក់ព័ន្ធនឹងការប្រកាសរបស់ក្រសួងមហាផ្ទៃដែលអះអាងថា កំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធវិញ អ្នកវិភាគរូបនេះចាត់ទុកថា គ្រាន់តែជា ល្ខោននយោបាយបំបាត់ភ្នែកសាធារណជន ដើម្បីពន្យារពេលឱ្យសំណុំរឿងឧក្រិដ្ឋកម្មនេះស្ងាត់ទៅវិញតាមពេលវេលាតែប៉ុណ្ណោះ ហើយលោកជឿថា សាធារណជនក៏គ្មានជំនឿចិត្តលើការស៊ើបអង្កេតដែលបង្កប់ដោយបក្សពួកនិយមទៀតដែរ។ លោក សេង វណ្ណលី យល់ថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពិតជាមានឆន្ទៈកម្ទេចឧក្រិដ្ឋកម្មនេះមែននោះ មិនមែនអនុញ្ញាតឱ្យមេខ្លោងឆបោក លោក តេង ភីពីង ចាកចេញពីកម្ពុជាដោយងាយ ហើយមន្ត្រីគ្រាក់ដែលពាក់ព័ន្ធនៅបន្តរស់នៅក្រៅសំណាញ់ច្បាប់ឡើយមកដល់ពេលនេះ។
អ្នកជំនាញភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញភាពស្មោះត្រង់ តាមរយៈការបង្កើតគណៈកម្មាធិការស៊ើបអង្កេតដោយឯករាជ្យ និងអនុញ្ញាតឱ្យអង្គការអន្តរជាតិចូលរួមត្រួតពិនិត្យភស្តុតាង។ ជាមួយគ្នានេះ លោកក៏ទាមទារឱ្យក្រសួងមហាផ្ទៃបង្ហាញរបាយការណ៍ស៊ើបអង្កេតជាសាធារណៈ រួមទាំងចាត់វិធានការបង្កកទ្រព្យសម្បត្តិអ្នកពាក់ព័ន្ធ និងបង្ហាញវិធានការច្បាប់ម៉ឺងម៉ាត់លើមន្ត្រីជាន់ខ្ពស់គ្រាក់ៗដែលជាប់ពាក់ព័ន្ធដោយគ្មានការលើកលែង ជាជាងប្រកាសតែមាត់ពីចំណាត់ការស៊ើបអង្កេត ប៉ុន្តែមន្ត្រីដែលពាក់ព័ន្ធអំពើពុករលួយក្នុងសំណុំរឿងឧក្រិដ្ឋកម្មនៅតែមានសេរីភាព៕









