តុលាការ​កំពង់ចាម​សម្រេច​ឃុំខ្លួន​សមាជិក​គណបក្ស​កម្លាំងជាតិ​ម្នាក់​ដោយ​ចោទ​ពី​បទ​ញុះញង់

0
50
សមាជិកគណបក្សកម្លាំងជាតិខេត្តកំពង់ចាម លោក ប៉ាវ ប៉ោហេង។ រូប៖ បណ្ដាញសង្គម
សមាជិកគណបក្សកម្លាំងជាតិខេត្តកំពង់ចាម លោក ប៉ាវ ប៉ោហេង។ រូប៖ បណ្ដាញសង្គម

សាលាដំបូង​ខេត្ត​កំពង់ចាម​សម្រេចឃុំខ្លួនសមាជិកគណបក្ស​កម្លាំងជាតិ​ម្នាក់ ក្នុង​ពន្ធនាគារ ដោយ​ចោទ​ពី​បទញុះញង់។ មន្ត្រីសិទ្ធិមនុស្ស​យល់​ថា រដ្ឋាភិបាល​មិនបាន​បើកលំហសិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ តាមការស្នើសុំរបស់មន្ត្រី​អង្គការ​សហប្រជាជាតិ​ឡើយ។

សាលាដំបូង​ខេត្តកំពង់ចាម​សម្រេចឃុំខ្លួនសមាជិក​គណបក្ស​កម្លាំងជាតិ លោក ប៉ាវ ប៉ោហេង ក្នុង​ពន្ធនាគារ ដោយ​ចោទ​ពី​បទ «ញុះញង់បង្ក​ឲ្យ​មាន​ភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ពាក់ព័ន្ធ​ការ​បង្ហោះសារ​លើ​បណ្តាញ​សង្គម​កាល​ពីថ្ងៃទី១៦ តុលា។

ប្អូនស្រី​លោក ប៉ាវ ប៉ោហេង គឺលោកស្រី ប៉ាវ លីណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រុមគ្រួសារ មិន​ទាន់​បានរកមេធាវីជូនលោកនៅឡើយ ដោយចាំចូលជួបលោក ប៉ាវ ប៉ោហេង ក្នុងពន្ធនាគារ ដើម្បីសួរនាំ​លោក​សិន។ លោកស្រី​បន្ត​ថា ក្រុមគ្រួសារ​ពិបាក​ចិត្ត និង​បារម្ភពីសុខទុក្ខ​សមាជិក​គណបក្សកម្លាំងជាតិរូបនេះជាខ្លាំង។ លោកស្រីថា សាច់ញាតិ និងក្រុមគ្រួសារ គ្រោង​ទៅជួប​លោក ប៉ាវ ប៉ោហេង នៅ២សប្តាហ៍ទៀត​បន្ទាប់​ពីការឃុំខ្លួន។

លោកស្រី ប៉ាវ លីណា៖ «ដូចថា ពិបាកចិត្តគាត់មិនដឹងគិតអាម៉េចអញ្ចឹងទៅណាថា គ្រួសារ​គាត់ហ្នឹង​ក៏គាត់មិនមានលុយកាក់អី​សម្រាប់​សេសសល់​តម្កល់​ដើម្បី​ដែរ។ គាត់គ្រាន់បានមួយ​រស់ៗអ៊ីចឹង​ទៅណា គាត់ពិបាកហើយប៉ុន្តែមិនដឹងធ្វើអាម៉េច។ កូនៗហ្នឹងក៏ពិបាកចិត្តដូចតែម្តាយ ដូចតែខ្ញុំជាមីងដូចតែគ្នាហ្នឹង គ្រាន់ថា យើងមិនដឹងថា គិតល្មិច។ អឺខាងពន្ធ (ពន្ធនាគារ) ហ្នឹង គេកំណត់ ២សប្តាហ៍បានឲ្យសាច់ញាតិទៅចូលអញ្ចឹងទៅណា»។

អាជ្ញាធរ​បាន​ចាប់ខ្លួន​សមាជិក​គណបក្ស​ប្រឆាំងរូប​នេះ កាលពីយប់ថ្ងៃទី១៣ តុលា នៅ​ប៉ុស្តិ៍​ប៉ូលិស ឃុំជើងព្រៃ ស្រុកបាធាយ ដោយមានគេបោកបញ្ឆោតទូរស័ព្ទទៅលោក ប៉ាវ ប៉ោហេង ដែល​មាន​មុខរបរ​ជា​អ្នក​រត់កង់បី​ឲ្យទៅដឹកអ្នកជំងឺ​ដែល​ត្រូវ​គេអះអាង​ថា ជាមន្ត្រីប៉ូលីស ដើម្បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យ។ ប៉ុន្តែ​ពេល​លោក​ទៅ​ដល់ ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន លោក​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម។

លោក ប៉ាវ ប៉ោហេង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​មិនមាន​ដីកា ហើយ​មិន​បាន​ជូនដំណឹង ឬ​ប្រាប់​ពី​មូលហេតុ​ឲ្យ​ក្រុម​គ្រួសារ​លោក​បាន​ដឹង​ឡើយ។ លោកក៏ជាភ្នាក់ងារសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង​បញ្ជី​ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មួយរូប ឲ្យគណបក្សកម្លាំងជាតិនៅក្នុងឃុំជើងព្រៃ ស្រុកបាធាយ ខេត្ត​កំពង់ចាម។

នាយក​ទទួល​បន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លង​មក​អង្គការជាតិ និងអន្តរជាតិ បាន​សម្តែងការព្រួយបារម្ភ​ពី​ការ​បន្ត​ចាប់ខ្លួន​សកម្មជន​គណបក្ស​នយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់។ លោក​ថា ទង្វើនេះ មិន​បានបង្ហាញពីការបើកលំហសេរីភាព​នយោបាយ និង​សេរីភាព​ប្រជាពលរដ្ឋឲ្យបានទូលំទូលាយនៅឡើយ។ លោកបានពន្យល់ថា ប្រសិនបើ​បទល្មើស​ជាក់ស្តែង ការ​ចាប់ខ្លួន​មិន​បាច់​មាន​ដីកា​ទេ ប៉ុន្តែ​ត្រូវ​បង្ហាញ​ពី​មូលហេតុ​ឲ្យ​សាមីខ្លួន និងក្រុមគ្រួសារ​បាន​ដឹង។ លោកអះអាងថា ចំពោះបទល្មើសមិនជាក់ស្តែងត្រូវមានដីកា និង​ប្រាប់​ពីខ្លឹមសារ​នៃ​ដីកា​នោះ​ឲ្យសាមីខ្លួន និងក្រុមគ្រួសារបានដឹងជាមុន ហើយបើអាជ្ញាធរ​មិន​បាន​អនុវត្តបែបនេះ នោះការចាប់ខ្លួន គឺមិនសមស្រប ឬខុសនីតិវិធីច្បាប់។

លោក អំ សំអាត៖ «អឺកន្លងមក យើងឃើញហើយ ទាំងអង្គការសហប្រជាជាតិក៏ដូចជា​អ្នកជំនាញ​នៃ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិក៏ដូចជាអង្គការអន្តរជាតិនៃសហគមន៍​អន្តរជាតិ​គេ​នៅតែទទូចថា សុំឲ្យមានការដោះលែងទៅលើសកម្មជនគណបក្សនយោបាយ ហើយសូម​បញ្ឈប់​ការបន្តចាប់ខ្លួនពួកគេ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាព បរិយាកាស លំហអឺនយោបាយ​នៅកម្ពុជាហ្នឹងមានស្ថានភាពល្អប្រសើរដែលស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ហើយការប្រកួតប្រជែងរវាងគណបក្សនយោបាយ គឺទៅលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។

កន្លង​មក គណបក្ស​នយោបាយ អង្គការ​ជាតិ និងអន្តរជាតិ ក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍ព្រួយ​បារម្ភ​ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា មានការធ្លាក់ចុះ ខណៈអាជ្ញាធរ និងតុលាការបន្តចាប់ និងឃុំខ្លួន​អ្នក​នយោបាយ អ្នក​ការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នក​ប្រើប្រាស់បណ្តាញសង្គមជាដើម ក្នុង​ពន្ធនាគារ។ បច្ចុប្បន្ន អ្នកជាប់ឃុំ​ដោយ​ការប្រើប្រាស់​សិទ្ធិរបស់ខ្លួនមានជាង ១០០នាក់ហើយ តាមការចងក្រងរបស់អង្គការលីកាដូ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ