អ្នកឃ្លាំមើលរិះគន់​ថា ការ​បង្ក្រាប​ឆបោក​អនឡាញ​មិន​ទាន់​អាច​កំណត់​គោលដៅ​អ្នក​មាន​អំណាច

0
3
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

អ្នកឃ្លាំមើល​សង្គម​រិះគន់​ថា យុទ្ធនាការ​បង្ក្រាប​ការឆបោក​តាម​អនឡាញ​របស់​អាជ្ញាធរ​កម្ពុជា មិនទាន់​អាចកំណត់គោលដៅ​លើបុគ្គលមានអំណាចដែលត្រូវបានចោទប្រកាន់ថា មាន​ជាប់​ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្ម ខណៈអាជ្ញាធរ​រាយការណ៍ថា បានបណ្ដេញ​ជនបរទេស​រាប់រយ​នាក់ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា(Online Scams)។

យុទ្ធនាការបង្ក្រាបប្រតិបត្តិការ​ឆបោក​តាមអនឡាញ​នៅ​កម្ពុជា កំពុងរងការ​ចោទសួរ​ថា តើ​អាជ្ញាធរ​កំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែ​ចាត់​វិធានការ​លើបុគ្គលិក​ថ្នាក់​ទាប និងជនបរទេសប៉ុណ្ណោះ។

អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍​អាស៊ីសេរី ថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុន មានជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញ ដែលបោកប្រាស់ប្រជាពលរដ្ឋខ្មែរ និងមនុស្ស​នៅជុំវិញពិភពលោក។

លោក គឹម សុខ បន្ថែមថា រដ្ឋាភិបាលកំពុងប្រើប្រាស់យុទ្ធនាការបង្ក្រាបនេះ ដើម្បីបំភាន់​សាធារណជន និងសហគមន៍អន្តរជាតិ ព្រោះម្តងអះអាងថាបានលុបបំបាត់ការឆបោក​តាម​អនឡាញអស់ហើយ ប៉ុន្តែក្រោយមកនៅតែបន្តរាយការណ៍អំពីករណីថ្មីៗ។ លោកថា ប្រតិបត្តិការ​ឆបោកតាមអនឡាញនៅតែបន្តរីកដុះដាលក្រោម​ការការពារ​ពីមន្ត្រីដែល​មាន​ទំនាក់ទំនង​ជាមួយត្រកូលហ៊ុន។

លោក គឹម សុខ៖ «តើយើងជឿការដែរថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតកំពុង​តែកំចាត់ឧក្រិដ្ឋកម្ម​ឆបោកអនឡាញនោះ ពីព្រោះនៅពេលដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននេះ បង្ហាញអំពីតួលេខ​នៃការចាត់ការទីតាំងនេះទីតាំងនោះ ដែលគេអះអាងថាជាឧក្រិដ្ឋកម្មឆបោកអនឡាញ ក៏ប៉ុន្តែមិន​ដែលបង្ហាញមុខអ្នកទទួលខុសត្រូវណាម្នាក់ឡើយដែលជាមេបណ្តាញនៅទីតាំងទាំងនោះ»។

ការលើកឡើងនេះ បន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានរាយការណ៍ថា អាជ្ញាធរ​បាន​បណ្ដេញជនបរទេសចំនួន ៧២១នាក់ចេញពីប្រទេស ក្នុងរយៈពេល១០ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ដែលភាគច្រើនត្រូវបានរាយការណ៍ថា មានជាប់ពាក់ព័ន្ធ​នឹងការ​ឆបោក​តាមអនឡាញ។

ជនបរទេសដែលត្រូវបានបណ្ដេញចេញទាំងនោះមាន ២០សញ្ជាតិ រួមមាន ឥណ្ឌូណេស៊ី ចិន បង់ក្លាដែស ហ្វីលីពីន នីហ្សេរីយ៉ា ប៉ាគីស្ថាន កាមេរូន ជប៉ុន ហ្គាណា តៃវ៉ាន់ ម៉ាឡេស៊ី កូរ៉េខាងត្បូង អ៊ូហ្គង់ដា ឥណ្ឌា មីយ៉ាន់ម៉ា បារាំង លីបេរីយ៉ា ស្វីស អ៊ូបេគីស្ថាន និង​សហរដ្ឋអាមេរិក។

ក្នុងចំណោមជនបរទេសទាំង ៧២១នាក់ មានជនជាតិឥណ្ឌូណេស៊ីចំនួន ៣៥៥នាក់ ដែល​ត្រូវ​បាន​រាយការណ៍ថា សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ។ ពួកគេត្រូវ​បានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជនជាតិចិនចំនួន ៩០នាក់​ផ្សេង​ទៀត ដែលមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ត្រូវបានបណ្ដេញចេញតាម​ជើង​ហោះហើរពិសេស។

កន្លង​មក លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជា​នឹងមិនអនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន​ប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោក ឬបទល្មើស​ផ្សេងៗ​ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោកឡើយ។ លោក​បាន​ណែនាំឱ្យអាជ្ញាធរ​បន្ត​ស្វែងរក បង្ក្រាប និងបណ្ដេញជនល្មើសចេញដោយគ្មានការលើកលែង ដោយ​ចាត់ទុក​វិធានការ​ទាំងនេះថា ជាការចាំបាច់ដើម្បីការពារសន្តិសុខជាតិ និងកេរ្តិ៍ឈ្មោះកម្ពុជា។

អ្នក​តាមដានភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី បាននិយាយ​ថា ការ​អះអាង​ម្តងហើយម្តងទៀត​របស់​រដ្ឋាភិបាល​អំពី​ជោគជ័យ​ក្នុង​ការបង្ក្រាបការឆបោកតាម​អនឡាញ ត្រូវ​បាន​អ្នកតាមដាន​អន្តរជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួនមើលឃើញ​ដោយមន្ទិលសង្ស័យ​យ៉ាងខ្លាំង។

លោក សេង វណ្ណលី បានលើកឡើងថា ប្រតិបត្តិការបង្ក្រាបភាគច្រើនផ្តោតលើបុគ្គលិកថ្នាក់ទាប ជនដែលអាចជាជនរងគ្រោះនៃការជួញដូរមនុស្ស និងអ្នកដែលបំពានច្បាប់អន្តោប្រវេសន៍ ខណៈដែលមេខ្លោង វិនិយោគិនមានអំណាច និងមន្ត្រីជាន់ខ្ពស់ដែលត្រូវបានសង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធនឹងបណ្តាញទាំងនេះ នៅតែមិនទាន់ត្រូវបាននាំខ្លួនមកទទួលខុសត្រូវតាមច្បាប់។

លោក សេង វណ្ណលី បន្ថែមទៀត​ថា វិធានការ​ចុះបង្ក្រាប និងការផ្សព្វផ្សាយលទ្ធផលហាក់ដូចជា ធ្វើឡើងតាមរលកសម្ពាធនយោបាយ និងការទាមទារពីបរទេស ដូចជាចិន កូរ៉េខាងត្បូង ឬអាមេរិក ឬធ្វើឡើងនៅជិតព្រឹត្តិការណ៍ការទូតសំខាន់ៗប៉ុណ្ណោះ។ នៅពេលដែលសម្ពាធ​អន្តរជាតិ​ថយចុះ ឬព័ត៌មានស្ងប់ស្ងាត់ទៅវិញ បណ្តាញឆបោកទាំងនោះគ្រាន់តែផ្លាស់ប្តូរទីតាំង ប្តូរ​ឈ្មោះ​ក្រុមហ៊ុន ឬបង្វែរប្រតិបត្តិការរបស់ពួកគេទៅកាន់តំបន់ដាច់ស្រយាល និងទីប្រជុំជន​តាមព្រំដែន ដើម្បី​បន្តអាជីវកម្ម​ខុសច្បាប់​ជា​ធម្មតា។

លោក សេង វណ្ណលី អះអាង ប្រសិន​បើបុគ្គលមានអំណាច​ដែលត្រូវ​បាន​សង្ស័យថា មានជាប់ពាក់ព័ន្ធ មិនត្រូវបានស៊ើបអង្កេតដោយ​តម្លាភាព ហើយ​ប្រព័ន្ធតុលាការ​មិនមាន​ឯករាជ្យភាព នោះប្រតិបត្តិការបង្ក្រាបនឹងនៅតែរងការសង្ស័យអំពីប្រសិទ្ធភាពរបស់​ខ្លួន។

របាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលចេញ​ផ្សាយកាល​ពីខែមិថុនា អះអាងថា យុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ​នៅ​ទូទាំង​ប្រទេសកម្ពុជា បានបរាជ័យក្នុងការការពារជនរងគ្រោះពីការជួញដូរមនុស្ស និង បានទុកឱ្យជនរងគ្រោះនៃការជួញដូររងទុក្ខវេទនាដោយប្រឈមនឹងការកេងប្រវ័ញ្ច និងការ​រំលោភបំពាន។ ការបរាជ័យនេះគឺ ដោយសារតែអាជ្ញាធរ ខកខានក្នុងការកំណត់​អត្តសញ្ញាណជន​រងគ្រោះ​នៃការជួញដូរ និងមានការគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន ដោយបាន​អនុញ្ញាតឱ្យក្រុមឆបោកគេចវេសពីការវាយឆ្មក់។

អង្គការសិទ្ធិមនុស្សបាន​អំពាវនាវ​ម្តង​ហើយម្តងទៀតឱ្យមានការកំណត់អត្តសញ្ញាណ និងការពារ​ជនរងគ្រោះនៃការជួញដូរមនុស្ស ជាជាងចាត់ទុកពួកគេត្រឹមតែជាជនល្មើសអន្តោប្រវេសន៍ ឬជាជនសង្ស័យ។

អ្នកឃ្លាំមើលសង្គមកម្ពុជា អះអាងថា រដ្ឋាភិបាលកម្ពុជា​គ្មានឆន្ទៈបង្ក្រាបអ្នកមានអំណាច​ដែល​ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនោះទេ ហើយសកម្មភាពបង្ក្រាបកន្លងមក គ្រាន់តែធ្វើឡើង ដើម្បីបំភ័ន្ត​ភ្នែកសហគមន៍អន្តរជាតិប៉ុណ្ណោះ។ ជាក់ស្តែងឧកញ៉ាគ្រាក់ៗដូចជា លោក លី យ៉ុងផាត់ លោក កុក អាន និងលោក ហ៊ុន តូ កំពុងរស់នៅលើគំនរទ្រព្យសម្បត្តិមហាសាល​ដែលរងការ​ចោទ​ប្រកាន់​ថា បានមកពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ អ្នកឃ្លាំមើលថា ដោយសារតែការបង្ក្រាប​គ្មាន​ប្រសិទ្ធភាព និងមិនប៉ះពាល់ដល់មេខ្លោង ទើបក្រុមឧក្រិដ្ឋជនបានបែកខ្ញែក និងបត់បែន​វិធីសាស្ត្រ​ប្រតិបត្តិការ​ពី​មជ្ឈមណ្ឌលធំៗមកជាទម្រង់តូចៗដូចជាតាមបន្ទប់ជួល និងអាគារ​របស់​អ្នក​មាន​លុយ​មាន​អំណាច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ