

អ្នកគាំទ្រគណបក្សកម្លាំងជាតិម្នាក់ទៀត គឺលោក រឿន ខឿន ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងចាប់ខ្លួន ដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់ ។ សង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែសម្រួលស្ថានការណ៍នយោបាយ ជាជាងការបន្តចាប់ខ្លួនសកម្មជនប្រឆាំង ទើបជាដំណោះស្រាយពិតប្រាកដ។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងបង្កើនយុទ្ធនាការចាប់ខ្លួនសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងជាបន្តបន្ទាប់ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅតាមរយៈសារឆ្លើយឆ្លងរវាងរដ្ឋាភិបាល និងក្រុមនយោបាយប្រឆាំងនៅក្រៅ ប្រទេសពីបញ្ហាព្រំដែនកម្ពុជា-ថៃ។
ប្រពន្ធលោក រឿន ខឿន គឺលោកស្រី រិទ្ធ សារ៉ាត់ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២២ ខែតុលា ថា កាលពីល្ងាចថ្ងៃទី២១ ខែតុលា មេភូមិរំចេក១ និង មេប៉ុស្ដិ៍នគរបាលសង្កាត់រតនៈ ក្រុងបាត់ដំបង បានទៅដល់ផ្ទះគាត់ និងហៅប្ដីរបស់គាត់ ទៅសាលាសង្កាត់មួយភ្លែត ដោយមិនបានប្រាប់ពីមូលហេតុឡើយ ហើយអះអាងថា មិនមានរឿងអីទេ។ ប៉ុន្តែលោកស្រីប្រាប់ថា ប្ដីលោកស្រីនៅកន្លែងធ្វើការ។ ក្រោយមកកម្លាំងនគរបាល ៨នាក់ ក្នុងឯកសណ្ឋាន ក៏ទៅចាប់ប្ដីលោកស្រី ពេលគាត់ជិះម៉ូតូចេញពីកន្លែងធ្វើការ ប្រុងទៅដឹកកូនទៅពេទ្យ។
លោកស្រី រិទ្ធ សារ៉ាត់ មិនទាន់ដឹងថាអាជ្ញាធរបញ្ជូនប្តីទៅកាន់ទីណានៅឡើយទេ ប៉ុន្តែលោកស្រីសង្ស័យថា អាជ្ញាធរអាចបញ្ជូនប្ដីលោកស្រី ទៅដាក់នៅពន្ធនាគារព្រៃស ភ្នំពេញ។
លោក រឿន ខឿន ធ្វើការជាសន្តិសុខ នៅទីតាំងការងារមួយកន្លែង ជិតរង្វង់មូលតាដំបងគ្រញូង ក្នុងក្រុងបាត់ដំបង។ លោកស្រី រិទ្ធ សារ៉ាត់ ថា ប្ដីលោកស្រី តែងតែសកម្មក្នុងការចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងសង្គមជាតិ ជាពិសេស រឿងបាត់បង់ទឹកដីកម្ពុជា។
លោកស្រី រិទ្ធ សារ៉ាត់ ទាមទារឲ្យអាជ្ញាធរដោះលែងប្ដីដោយលោកស្រីថា ទទួលយកមិនបានទេ ពេលឃើញប្តីដែលគ្រាន់តែបញ្ចេញមតិ និងគ្មានកំហុសសោះ ត្រូវនគរបាលឆ្មក់ចាប់សាហាវជាងចាប់ចោរប្លន់ទៅទៀត។
លោកស្រី រិទ្ធ សារ៉ាត់៖ «ខ្ញុំទៅសួរកន្លែងសន្តិសុខមិញ គេថា គាត់ខមិនជេរសម្ដេចគេ តែមិនដឹងថា ពិតឬអត់? ខ្ញុំថា វាហួសហេតុ វាឃោឃៅពេក ដោយសារអាហ្នឹង ជាសិទ្ធិរបស់យើង យើងជាប្រជាពលរដ្ឋ យើងមានសិទ្ធិបញ្ចេញមតិ បញ្ចេញយោបល់ បើសិនជាយើងខុសថាខុសទៅ បើសិនជា យើងត្រូវថា ត្រូវទៅ អាហ្នឹងជា សិទ្ធិរបស់យើង។ បើសិនជាគេថា អ៊ីចឹងមែន ប្រាប់ទៅថា អាអូនឯងកុំធ្វើអញ្ចេះ ណែនាំគ្នាទៅ ម៉េចដល់ចាប់គ្រាដាក់ខ្នោះ ដាក់ចូលក្នុងឡានដូចមនុស្សដែលសម្លាប់មនុស្សអ៊ីចឹង» ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា ដើម្បីសុំការបំភ្លឺ ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែតុលា។
លោក រឿន ខឿន អាយុ ៥០ឆ្នាំ ដែលមានកូនបីនាក់ក្នុងបន្ទុក រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកស្រី រិទ្ធ សារ៉ាត់ និយាយថា ប្ដីលោកស្រី ជាពលរដ្ឋល្អ ដែលស្មោះត្រង់ និង ស្អប់អំពើអយុត្តិធម៌។ ដូច្នេះ លោកស្រីថា បើគាត់ប្រើពាក្យអ្វីខុសឆ្គង គួរតែអាជ្ញាធរណែនាំ មិនមែនចាប់ទាំងកំរោលនោះទេ។
កំណើននៃការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះក៏ជាការផ្គើននឹងអនុសាសន៍ របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andraws) ដែរ ។ លោក ថម អេនឌ្រូ បានដាស់តឿនលោក ហ៊ុន ម៉ាណែត នៅចំពោះមុខ កាលពីចុងខែកក្កដា ឲ្យដោះស្រាយបញ្ហាសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ព្រមទាំងដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជាង ១០០នាក់ ដែលកំពុងជាប់ពន្ធនាគារ ដោយសារសកម្មភាពប្រើសិទ្ធិជាមូលដ្ឋានដូចជា ការសម្ដែងមតិជាដើម។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២២ ខែតុលា ថា ការរិះគន់លើការប្រតិបត្តិគោលនយោបាយរបស់រដ្ឋាភិបាល និងក្រុមមន្ត្រីរដ្ឋ ដែលខ្វះចន្លោះក្នុងការបំពេញការងារជូនជាតិមិនមែនជាបទល្មើសទេ ប៉ុន្តែជាការផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាល។ លោកថា បើបុគ្គលណា ដែលមិនចង់ឲ្យមានការរិះគន់លើខ្លួន ទាល់តែពួកគេកុំទៅទទួលតំណែងបំពេញតួនាទី ក្នុងកិច្ចការរដ្ឋ ឬការងារសាធារណៈណាមួយ។
លោក យិន ម៉េងលី៖ «ហើយការចាប់ខ្លួនពលរដ្ឋ អាជ្ញាធរសូមពិនិត្យមើលឡើងវិញដែរ បើសិនជាចាប់ខ្លួនក្នុងបទល្មើសអត់ជាក់ស្ដែង ហើយយើងទៅចាប់ពលរដ្ឋ អ៊ីចឹងសមត្ថកិច្ចដែលទៅហ្នឹង គឺខុសច្បាប់ហើយ ប៉ុន្តែបើសិនចាប់ខ្លួន មានដីកា អាហ្នឹងក៏ត្រូវអានដីកាប្រាប់ពលរដ្ឋ ប្រាប់សាមីខ្លួនឱ្យយល់ដឹងអំពីដីកា ដីកាចាប់ខ្លួននេះ។ បើសិនជា មិនបានប្រាប់ឱ្យត្រឹមត្រូវទេ អាហ្នឹងជាការធ្វើដោយខុសច្បាប់ ហើយការចាប់ខ្លួនដែលអត់បានផ្ដល់ព័ត៌មានច្បាស់លាស់។ អ៊ីចឹងរហូតដល់ស្មាននេះ យើងសួរតើប្រពន្ធកូនទទួលបានព័ត៌មានពីបញ្ហានេះ ហើយឬនៅ»។
អ្នកឃ្លាំមើល លើកឡើងថា លោក ហ៊ុន ម៉ាណែត កំពុងរៀនដើរតាមនយោបាយរបស់ឪពុកលោកកាន់តែស្ទាត់ជំនាញ ក្នុងការកម្ចាត់ភាគីគូប្រជែង ដោយការបំភ្លៃច្បាប់ និងរំលោភសិទ្ធិមនុស្សទាំងកំរោល។ ពួកគាត់ថា នយោបាយគំរូហិង្សាបែបនេះ នឹងដើរដល់ទីទ័លច្រក ហើយដួលរលំ ពេលប្រជាពលរដ្ឋកាន់តែច្រើន មានសេចក្ដីក្លាហាន ស្រុះគ្នាប្រើសិទ្ធិជាមូលដ្ឋាន តាមរដ្ឋធម្មនុញ្ញ នាំគ្នាចេញទាមទារយុត្តិធម៌៕









