សង្គមស៊ីវិល​រៀបចំ​វេទិកា​ពលរដ្ឋ​ស្ដីពី​កង្វល់​​បញ្ហា​សិទ្ធិមនុស្ស​សម្រាប់​តស៊ូមតិ​នៅ​វេទិកា​អាស៊ាន

0
19
វេទិកាប្រជាពលរដ្ឋកម្ពុជា។ រូប៖ បណ្ដាញសង្គម
វេទិកាប្រជាពលរដ្ឋកម្ពុជា។ រូប៖ បណ្ដាញសង្គម

អង្គការសង្គមស៊ីវិលនៅកម្ពុជា គ្រោងរៀបចំវេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) ឆ្នាំ២០២៦ ក្រោម​ប្រធានបទ “សំឡេងរបស់យើង តំបន់របស់យើង៖ ការកសាងផ្លូវឆ្ពោះទៅកាន់អាស៊ានដែលយក​ប្រជាជន​ជាស្នូល ប្រកបដោយយុត្តិធម៌ គណនេយ្យភាព បរិយាបន្ន និងអន្តរអត្តសញ្ញាណ” នៅថ្ងៃទី២៤ តុលា។ វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF)  រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែល​កំពុងកើតមាននៅកម្ពុជា និងប្រមូល​អនុសាសន៍រួមជាអាទិភាពមួយ​ដើម្បីរួមចំណែកដល់ការតស៊ូមតិ​ថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជាម្ចាស់ផ្ទះ។

វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) ឆ្នាំ ២០២៦ ជាវេទិកាថ្នាក់ជាតិ​មួយ ដែលនឹងរៀបចំឡើងនៅ​សណ្ឋាគារ​កាំបូឌីយ៉ា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ដលថ្ងៃទី២៦ តុលា។ វេទិកានេះ នឹងមានអ្នកចូលរួមប្រមាណ ២៥០នាក់ រួមមាន ជនជាតិដើមភាគតិច អង្គការ​ស្ត្រី​បណ្តាញយុវជន សហជីព ជនពិការ អង្គការមូលដ្ឋាន អង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ជាដើម ដើមឲ្យពួកគេចែករំលែកបទពិសោធន៍ ពិភាក្សាអំពីបញ្ហាប្រឈម​ដែលប៉ះពាល់ដល់​ជីវិត​របស់​ពួកគេ និងការអភិវឌ្ឍអាទិភាពរួមមួយ។

វេទិកានេះទទួលស្គាល់​ថា សិទ្ធិមនុស្ស ការចូលរួមតាមបែបប្រជាធិបតេយ្យ លំហពលរដ្ឋ សមភាព​យេនឌ័រ យុត្តិធម៌បរិស្ថាននិងការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចដីធ្លីនិងធនធានធម្មជាតិ សិទ្ធិពលករ ការផ្លាស់ប្តូរទីលំនៅ (ទេសន្តរប្រវេសន៍) អភិបាលកិច្ចឌីជីថល កិច្ចគាំពារសង្គម និងការទទួលបានសេវាសាធារណៈ គឺជាបញ្ហាដែលផ្សារ​ភ្ជាប់គ្នា ហើយទាមទារឱ្យមានការចូលរួម​យ៉ាងមានអត្ថន័យទាំងនៅក្នុងកម្រិតជាតិ និងកម្រិតតំបន់។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា ប្រាប់អាស៊ីសេរីថា វេទិកាប្រជាពលរដ្ឋកម្ពុជា គឺជាវេទិកាប្រចាំឆ្នាំដ៏សំខាន់មួយ ដែលផ្តល់ឱ្យ​ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល សហជីព សហគមន៍ និងអ្នកតស៊ូមតិ នូវឱកាស​ដ៏មានតម្លៃក្នុង​ការប្រមូលផ្តុំគ្នាជជែកពីទស្សនៈ បញ្ហា និងចងក្រងសំឡេងរបស់ប្រជាពលរដ្ឋ និងពាំនាំ​ទៅវេទិកា​ប្រជាពលរដ្ឋអាស៊ាន។ អ្នកស្រី ឆន សុគន្ធា អះអាងថា CCIM និងអង្គការដៃគូ នឹងប្រើប្រាស់លទ្ធផលទាំងនេះ ក្នុងការតស៊ូមតិជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និង​តំណាង​អង្គទូត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តការប្តេជ្ញាចិត្ត​ផ្នែកសិទ្ធិមនុស្ស​របស់ខ្លួន។

អ្នកស្រី ឆន សុគន្ធា៖ «វេទិកាប្រជាជនកម្ពុជា ឆ្នាំ ២០២៦ បម្រើគោលបំណងបំពេញបន្ថែមពីរ គឺជាវេទិកាជាតិ ដើម្បីកំណត់ និងប្រមូលអនុសាសន៍ជាអាទិភាពរបស់ប្រជាពលរដ្ឋ​សម្រាប់ការតស៊ូ​មតិនៅវេទិកាប្រជាពលរដ្ឋអាស៊ាន APF និងជាលំហសម្រាប់កិច្ចសន្ទនា និងការសម្រេចចិត្តរួមគ្នា​រវាងកម្ពុជាជាមួយអាស៊ានតាមរយៈយន្តការសម្របសម្រួលប្រកបដោយបរិយាបន្នដើម្បីពង្រឹងសាមគ្គីភាពពីគ្រប់ស្ថាប័នចម្រុះ និងរួមចំណែកដល់អាស៊ានឲ្យមានគណនេយ្យភាព និងយកប្រជាជន​ជាស្នូល»។

សហគមន៍ សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល មើលឃើញថា ទោះបីជាអាស៊ានបាន​បង្កើត​ផ្លូវសម្រាប់កិច្ចសន្ទនារវាងរដ្ឋជាសមាជិកក៏ដោយ ក៏ការចូលរួមប្រកបដោយអត្ថន័យរបស់សហគមន៍ អង្គការសង្គមស៊ីវិល​ជាដើម នៅតែមានកម្រិត និងមិនទាន់មានភាពប្រាកដប្រជា។

ទោះជាយ៉ាងណា នៅក្នុងជំនួបរវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងនាយក​អង្គការ​តស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ី លោក ហ្វីល រ៉ូប៊ឺសុន កាលពីថ្ងៃទី២២ តុលា លោក កែវ រ៉េមី បានលើកឡើងថា ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជា​បានថែរក្សា បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍជាតិ និងការលើកកម្ពស់​សិទ្ធិមនុស្ស។

អង្គការជាតិ និងអន្តជាតិជាច្រើន នៅតែបង្ហាញក្តីបារម្ភខ្លាំងចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលពួកគេយល់ថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះ និងរងការគំរាមកំហែង ធ្វើទុក្ខបុកម្នេញខ្លាំង។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ថ្លែងប្រាប់ក្នុងអំឡុងពេល​លោកកំពុងមានវត្តមាន​នៅប្រទេសហ្វីលីពីន ថា កម្មវិធីវេទិកាប្រជាពលរដ្ឋនៅថ្ងៃស្អែកនេះ ក្រុមការងាររបស់លោក នឹងទៅចូលរួម ដើម្បីរករបៀបវារៈ និងដំណោះស្រាយរួមមួយ​សម្រាប់​កម្មករ​គ្រប់ផ្នែកទាំងអស់ ជាពិសេសកម្មករផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីដាក់ជូនទៅរដ្ឋាភិបាលអាស៊ាន ដោះស្រាយបញ្ហាកិច្ចគាំពារសង្គម ពាក់ព័ន្ធប័ណ្ណ​របបសន្តិសុខសង្គម (ប.ស.ស) បម្រែបម្រួល​អាកាសធាតុ បញ្ហាប្រាក់ចំណូលដែលកំពុងធ្លាក់ចុះ សុខភាពនិងសុវត្ថិភាពកន្លែងការងារ និងសេដ្ឋកិច្ច​ពលរដ្ឋ​ជាដើម។ លោកថា អនុសាសន៍របស់កម្មករដែលផ្តល់ឲ្យទាំងនោះ នឹងត្រូវដាក់​ចូលក្នុងកិច្ចប្រជុំថ្នាក់អាស៊ានដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ដល់២៩ ខែតុលា នេះ។

លោក វន់ ពៅ បញ្ជាក់ថា ក្រៅពីបញ្ហាទាំងនេះ លោកក៏នឹងលើកយកបញ្ហាមួយចំនួនទៀតដូចជា ការរំលោភសិទ្ធិកម្មករ សេរីភាពនៃការជួបជុំរបស់សមាគម ការដាក់កម្រិតសេរីភាពសហជីព និងការ​ចងក្រង ព្រមទាំងការរើសអើងខ្ពស់ពីសំណាក់អាជ្ញាធរកម្ពុជា។ «»

មិនតែប៉ុណ្ណោះ នៅក្នុងវេទិកាជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ក៏នឹងមានការជជែក និង​លើក​យករបៀបវារៈពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការ​ធ្វើទុកបុកម្នេញ​ប្រជាពលរដ្ឋស្លូតត្រង់ជាដើម ដើម្បីឲ្យថ្នាក់ដឹកនាំអាស៊ានទាំងមូលជួយរកដំណោះស្រាយ ឬដាក់​សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ទង្វើទាំងនោះ ដោយបើកលំហសេរីភាព ប្រជាធិបតេយ្យ​ឡើងវិញផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ