កម្ពុជា​បន្ត​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​ក្នុង​របាយការណ៍​ជួញដូរ​មនុស្ស​របស់​សហរដ្ឋអាមេរិក

0
137
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ ថ្នែងក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ កាលពីឆ្នាំ​២០២៣។ Photo Courtesy of AP

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ ថ្នែងក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ កាលពីឆ្នាំ​២០២៣។ Photo Courtesy of AP

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បន្ត​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​អាក្រក់​បំផុត (Tier 3) ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។ ចំណាត់​ថ្នាក់​អន់​បំផុត​នេះ​គឺ​ដោយសារ​តែ​សហរដ្ឋអាមេរិក​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ប្រឹងប្រែង​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​តាម​ស្តង់ដារ​អប្បបរមា និង​មិន​បាន​ចាត់​ការ​លើ​មន្ត្រី​ជាន់​ខ្ពស់ រួម​ទាំង​ឧកញ៉ា​គ្រាក់ៗ​ដែល​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ទៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នានា​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ប្រចាំ​ឆ្នាំ២០២៦ របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៨ ខែតុលា បាន​បន្ត​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​នៅ​កម្រិត​ទី៣ (Tier 3) ដែល​មាន​ន័យ​ថា បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​មាន​ស្ថានភាព​អាក្រក់​ដដែល ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​បំពេញ​តាម​ស្តង់ដារ​អប្បបរមា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។ សហរដ្ឋអាមេរិក​ក៏​រក​ឃើញ​ការ​ជាប់​ពាក់ព័ន្ធ និង​ទទួល​ផល​ប្រយោជន៍​ពី​បទល្មើស​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន ព្រម​ទាំង​ការ​អនុវត្ត​ច្បាប់​ដោយ​រើស​មុខ ដែល​ធ្វើ​ឱ្យ​មេខ្លោង​ពិតប្រាកដ និង​អ្នក​មាន​អំណាច​មួយ​ចំនួន​គេច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លើកឡើង​ថា ទោះ​បី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​ចាប់​ខ្លួន​មេខ្លោង​ឧក្រិដ្ឋជន​មួយ​ចំនួន​ក៏​ដោយ ក៏​អាជ្ញាធរ​មិន​ទាន់​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ម្ចាស់​ទីតាំង និង​មេខ្លោង​កំពូលៗ​ដែល​ឃុបឃិត ឬ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​កម្ពុជា​ជួញដូរ​ជនរងគ្រោះ​ទៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​ឡើយ។ លើស​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ទីប្រឹក្សា​មេដឹកនាំ​កំពូល និង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ដែល​ត្រូវ​បាន​រាយការណ៍​ថា បាន​ទទួល​ផល​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ពី​ការ​ជួញដូរ​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​ឆបោក ថែម​ទាំង​ការពារ​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ឆបោក​ទាំង​នោះ និង​បាន​បំភិតបំភ័យ​ជនរងគ្រោះ ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​ព្យាយាម​ជួយ​ផ្ដល់​កិច្ច​គាំពារ​លើ​ជនរងគ្រោះ​ក្នុង​ឧហ្សាហកម្ម​ឆបោក។

របាយការណ៍​ដដែល​លើកឡើង​ថា មន្ត្រី​ជាន់​ខ្ពស់ សមាជិក​គ្រួសារ​មន្ត្រី និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល រួម​ទាំង​សមាជិក​ព្រឹទ្ធសភា ២រូប គឺ​លោក លី យ៉ុងផាត់ និង កុក អាន ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​រួច​មក​ហើយ​នោះ មាន​ជាប់​ពាក់ព័ន្ធ ឬ​ទទួល​ផល​ប្រយោជន៍​ពី​មជ្ឈមណ្ឌល​ឆបោក​តាមរយៈ​ការ​នាំ​ជនរងគ្រោះ​ទៅ​ជួញដូរ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​ផ្ទុយ​ពី​ឆន្ទៈ​ពួកគេ។ លើស​ពី​នេះ ទោះ​មាន​ភស្តុតាង​ភ្ជាប់​ទីតាំង​ឆបោក​ទៅ​នឹង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ពួកគេ​កាន់កាប់ និង​គ្រប់គ្រង​ក៏​ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អើពើ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​សមាជិក​ព្រឹទ្ធសភា​ទាំង​ពីរ​រូប​នេះ​ឡើយ។

ពាក់ព័ន្ធ​នឹង​កិច្ចការ​មនុស្ស​ធម៌​វិញ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​រក​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បរាជ័យ​ក្នុង​ការ​ផ្ដល់​កិច្ច​គាំពារ​ដល់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជួយ​ចេញ​ពី​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។ ក្នុង​ចំណោម​ជនបរទេស​រាប់​ម៉ឺន​នាក់​ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា ក្រោយ​សមត្ថកិច្ច​បង្កើន​ប្រតិបត្តិការ​បង្ក្រាប និង​បិទ​ទីតាំង​ឆបោក​តាម​អនឡាញ អាជ្ញាធរ​មិន​បាន​ត្រួត​ពិនិត្យ និង​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។

ជា​មួយ​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ពិនិត្យ​ស្វែងរក​ជនរងគ្រោះ ឬ​ផ្ដល់​សេវា​ជួយ​សង្គ្រោះ​ដល់​ជនបរទេស​ដែល​កំពុង​ឃុំ​ខ្លួន​នៅ​មណ្ឌល​អន្តោប្រវេសន៍​ដោយ​សេរី​ដែរ។ ការ​រឹតត្បិត​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ជនរងគ្រោះ​មួយ​ចំនួន​រស់​នៅ​ឯកោ គ្មាន​ទីជម្រក អាហារ និង​ជំនួយ​ចាំបាច់ ខណៈ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​ផ្សេង​ទៀត​នៅ​តែ​បន្ត​ប្រឈម​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​ក្រុម​ឧក្រិដ្ឋជន​សាជាថ្មី។

របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ក៏​បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​កាត់​ទោស​អ្នក​ជួញដូរ​មនុស្ស​ណា​ម្នាក់​ដែល​នាំ​ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​ឡើយ ទោះ​បី​មាន​ការ​រាយការណ៍​ទូលំទូលាយ​អំពី​ការ​ធ្វើ​ទារុណកម្ម និង​ការ​បង្ខំ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អនឡាញ​ក៏​ដោយ។ ផ្ទុយទៅវិញ ជនរងគ្រោះ​ដែល​ត្រូវ​បាន​បោក​បញ្ឆោត ឬ​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​មួយ​ចំនួន​បែរ​ជា​ត្រូវ​បាន​ឃុំ​ខ្លួន និង​រង​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​រឿង​បញ្ហា​អន្តោប្រវេសន៍ ដោយសារ​តែ​ឯកសារ​លិខិត​ឆ្លងដែន​ពួកគេ​ត្រូវ​បាន​ឧក្រិដ្ឋជន​ដក​ហូត និង​បំផ្លាញ។ កាន់​តែ​អាក្រក់​ជាង​នេះ មន្ត្រី​មួយ​ចំនួន​ទៀត​ថែម​ទាំង​ជំរិត​ទារ​ជនរងគ្រោះ ដើម្បី​ជា​ថ្នូរ​ដោះលែង និង​ផ្តល់​អាហារ ហើយ​ក្នុង​ករណី​ខ្លះ ជនរងគ្រោះ​ត្រូវ​បាន​លក់​បន្ត​ទៅ​មជ្ឈមណ្ឌល​ឆបោក​ផ្សេង​ទៀត។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មនុស្ស​ប្រមាណ ១៥ម៉ឺន​នាក់ ត្រូវ​បាន​កេង​ប្រវ័ញ្ច​ឱ្យ​ធ្វើ​ការ​ដោយ​បង្ខំ​នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​ឆបោក​ប្រមាណ ៣៥០កន្លែង​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ២០២៥។ ក្រុម​ឧក្រិដ្ឋជន​ទាំង​នេះ​បាន​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម ដើម្បី​បោកបញ្ឆោត​ជ្រើសរើស​បុគ្គលិក​នៅ​កម្ពុជា និង​ពី​ប្រទេស​ផ្សេងៗ ដោយ​សន្យា​ផ្ដល់​ការងារ​ប្រាក់​ខែ​ខ្ពស់។ បន្ទាប់​មក ពួកគេ​បង្ខំ​ជនរងគ្រោះ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​ដូចជា ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់ ការ​ឆបោក​ក្នុង​វិនិយោគ​រូបិយប័ណ្ណ​គ្រីបតូ ការ​ក្លែង​បន្លំ​ខ្លួន​ធ្វើ​ជា​ប៉ូលិស និង​ការ​ឆបោក​ក្នុង​ទម្រង់​ស្នេហា​ជាដើម។ កាន់​តែ​អាក្រក់​ជាង​នេះ ជនរងគ្រោះ​ដែល​មិន​អាច​បំពេញ​តាម​ការ​កំណត់​របស់​ក្រុម​ឧក្រិដ្ឋជន​ត្រូវ​ប្រឈម​នឹង​អំពើ​ហិង្សា​ធ្វើ​ទារុណកម្ម ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​ការ​លក់​បន្ត​ទៅ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​ផ្សេង​ទៀត។

ទាក់ទង​នឹង​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៥ ខែតុលា។

ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​លោក ឆៃ ស៊ីណារិទ្ធ ធ្លាប់​អះអាង​ថា កម្ពុជា​តែងតែ​គិតគូរ ផ្ដល់​អាទិភាព​ផ្នែក​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា លើកឡើង ថា របាយការណ៍របស់សហរដ្ឋអាមេរិកគឺផ្អែក លើការពិត ហើយរដ្ឋាភិបាលមិនទាន់ដោះស្រាយបញ្ហាជួញដូរមនុស្សឱ្យមានប្រសិទ្ធភាពនៅឡើយ។ លោកអំពាវនាវ ដល់រដ្ឋាភិបាលទទួលស្គាល់ការពិត និងយកចិត្តទុកដាក់នឹងការលាតត្រដាងរបស់សហរដ្ឋអាមេរិក ដើម្បីចាត់ការលើមន្ត្រីដែលជាមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព។

លោក ឌី ថេហូយ៉ា៖ «ប្រសិទ្ធភាព​ទី១ គឺ​ធ្វើ​ម៉េច​ចាប់​មេខ្លោង ឬ​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​អំពើ​ជួញដូរ​នេះ​ឱ្យ​ខាន​តែ​បាន ដើម្បី​ផ្ដន្ទាទោស ហើយ​ដើម្បី​បង្ហាញ​នូវ​ភាព​ស្អាតស្អំ​ដល់​ប្រទេស​កម្ពុជា ហើយ​ផ្ដល់​យុត្តិធម៌​ឱ្យ​ប្រទេស​កម្ពុជា​ដែរ ព្រោះ​ប្រទេស​កម្ពុជា ប្រជាជាតិ​កម្ពុជា​ទាំង​មូល​ហ្នឹង គឺ​រង​អំពើ​អយុត្តិធម៌​ពី​ឧក្រិដ្ឋជន​ទាំង​អស់​នេះ។ ចំណុច​ទី២ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​កិច្ច​ការងារ​នេះ​ឱ្យ​បាន​ហ្មត់ចត់ ហើយ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល ជាតិ អន្តរជាតិ ដើម្បី​ចូល​រួម​លុប​បំបាត់ កម្ចាត់ បោសសម្អាត អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ ដោយ​មាន​តម្លាភាព ដើម្បី​ឆ្លើយតប​នូវ​បញ្ហា​នេះ​ឱ្យ​បាន​ស្អាត កុំ​ឱ្យ​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​អង្គការ​សហប្រជាជាតិ ក៏​ដូចជា​សហរដ្ឋអាមេរិក និង​ក្នុង​ពិភពលោក ដែល​កំពុង​តែ​តាម​ដាន​ឃ្លាំមើល»។

ការ​កើន​ឡើង​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មិនមែន​កើត​មាន​ឡើង​តែ​នៅ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ប៉ុណ្ណោះ​ទេ។ ក្នុង​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​ក៏​លើកឡើង​ពី​ការ​ជួញដូរ​មនុស្ស​ក្នុង​ទម្រង់​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​រួមមាន ការ​ជួញដូរ និង​បង្ខំ​ស្ត្រី​ខ្មែរ​ឱ្យ​ទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ពលកម្ម​ដោយ​បង្ខំ​នៅ​លើ​ទូក​នេសាទ ការ​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​ការដ្ឋាន​សំណង់ រោងចក្រ និង​ឡឥដ្ឋ ព្រម​ទាំង​ការ​កេងប្រវ័ញ្ច និង​ជួញដូរ​កុមារ​ឱ្យ​ធ្វើ​ជា​អ្នក​សុំទាន ជាដើម។

ចាប់​តាំង​ពី​ឆ្នាំ២០២២ មក​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខណៈ​ជនរងគ្រោះ​នៅ​តែ​បន្ត​កើន​ឡើង​ច្រើន ប៉ុន្តែ​មន្ត្រី​គ្រាក់ៗ​ដែល​ពាក់ព័ន្ធ​ជំនួញ​ខុស​ច្បាប់​នេះ​នៅ​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់។

សហរដ្ឋអាមេរិក​លើកឡើង​ថា អំពើពុករលួយ និង​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី និង​បណ្ដាញ​ឧក្រិដ្ឋជន​ក្នុង​បទល្មើស​ជួញដូរ​មនុស្ស គឺ​ជា​ឧបសគ្គ​ធំ​មួយ​ដែល​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ អាមេរិក​ព្រមាន​ថា ការ​ខកខាន​ក្នុង​ការ​ស៊ើបអង្កេត និង​ចាត់​វិធានការ​លើ​មន្ត្រី និង​អ្នក​មាន​អំណាច​ដែល​ត្រូវ​បាន​ចោទ​ថា ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំង​នេះ មិន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើន​ហានិភ័យ​ឱ្យ​ជនរងគ្រោះ​ធ្លាក់​ក្នុង​ការ​កេងប្រវ័ញ្ច និង​ការ​ជួញដូរ​មនុស្ស​សាជាថ្មី​ថែម​ទៀត​ផង។

ទោះ​បី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ប្រតិបត្តិការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​ចាប់​ខ្លួន​ជនសង្ស័យ​មួយ​ចំនួន​ក៏​ដោយ ក៏​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅ​តែ​លើកឡើង​ពី​បញ្ហា​ធ្ងន់ធ្ងរ រួម​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​រើស​មុខ បញ្ហា​អំពើ​ពុករលួយ និង​កង្វះ​កិច្ច​គាំពារ​ជនរងគ្រោះ។ អាមេរិក​សង្កត់​ធ្ងន់​ថា ការ​បិទ​ទីតាំង​ឆបោក​តែ​មួយ​មុខ ក៏​មិន​អាច​ដោះស្រាយ​វិបត្តិ​ឧក្រិដ្ឋកម្ម​នេះ​បាន​ទេ ប្រសិន​បើ​អ្នក​នៅ​ពី​ក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម និង​មន្ត្រី​ដែល​ត្រូវ​បាន​ចោទ​ថា ជាប់​ពាក់ព័ន្ធ មិន​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់ និង​នាំ​មក​ទទួល​ខុសត្រូវ​តាម​ច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ