អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​សរសើរ​លោក ហ៊ុន សែន ដោយសារ​មាន​សម្ពាធ

0
75
​ព្រះ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​អគារ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា កាលពីថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
​ព្រះ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​អគារ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា កាលពីថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​យល់​ថា ការ​ថ្លែង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា ដែល​កោតសរសើរ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថា​ជា​អ្នកដឹកនាំ​ឆ្លាត​វៃ​ក្នុង​ការ​ការពារ​ទឹកដី និង​អនុវត្ត​នូវ​គោលនយោបាយ​ឈ្នះៗ ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន និង​មានការ​ផ្សះផ្សា​ជាតិ​ដែល​ខុស​ទៅ​នឹង​ទិដ្ឋភាព​ជាក់ស្ដែង​នេះ ទំនងជា​ការ​រៀបចំ​របស់​មន្ត្រី​អែបអប​មួយចំនួន​បង្គាប់​ឱ្យ​ព្រះអង្គ មាន​ព្រះបន្ទូល ដើម្បី​ស្អំ​ចិត្ត​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។

អ្នកឃ្លាំមើល​លើកឡើង​ថា មូលហេតុ​ដែល​ព្រះមហាក្សត្រ មាន​ព្រះរាជ​បន្ទូល​លើក​សរសើរ​លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វិមាន​សាមគ្គីភាព ឬ​អគារ​ថ្មី​នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​២១ សីហា​នេះ ដោយសារ​ព្រះអង្គ ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​លោក ហ៊ុន សែន ជាពិសេស​លិខិត​ដែល​ព្រះមហាក្សត្រ​អាន​នោះ គឺជា​ការរៀបចំ​របស់​ក្រុម​លោក ហ៊ុន សែន តែម្តង។

ប្រធាន​សមាគម​ខ្មែរ​រដ្ឋ Victoria ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែសីហា​ថា ពុំមែន​ជា​រឿង​ចម្លែក​ទេ ដែល​ព្រះមហាក្សត្រ​តែងតែមាន​ព្រះរាជ​បន្ទូល សរសើរ​លើសលប់ ចំពោះ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ព្រោះ​ព្រះអង្គ​ដឹង​ថា ប្រសិនបើ ហ៊ាន​មាន​ព្រះរាជ​បន្ទូល​អំពី​បញ្ហា​ប្រទេសជាតិ ដូចជា​បញ្ហា​បាត់បង់​ទឹកដី​ទៅ​ឱ្យ​ថៃ​រឿង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ជាដើម ព្រះអង្គ​នឹង ត្រូវ​បាន​លោក ហ៊ុន សែន គំរាមកំហែង ដូច​កាលសម័យ​ព្រះមហាក្សត្រ​ព្រះបាទ សម្ដេច​នរោត្តម​សីហនុ។ ដូច្នេះ លោក​ថា ការ​សរសើរ​របស់​ព្រះអង្គ គឺជា​ការ​រៀបចំឡើង​ដោយ​មន្ត្រី​បក្ស​កាន់អំណាច។

លោក ជា យូហ៊ន៖ «ព្រះមហាក្សត្រ​យើង​នឹង លោក​គ្មាន​ហ៊ាន​ធ្វើ​អី​ទេ គឺ​និយាយ​តាមតែ​គេ​ហ្នឹង ហ៊ាន​និយាយ​ថា ហ៊ុន សែន អាក្រក់ អឺ​! អត់​ហ៊ាន​ទេ​។ ដូច្នេះ ចាំតែ​ហៃអើ​!​ចាក់ខ្សែ ទៅតាម​គេ​ហ្នឹង គឺថា​គេ​ឱ្យធ្វើ​អី ធ្វើ​ហ្នឹង ក្រោមបង្គាប់​បញ្ជា​របស់ ហ៊ុន សែន ហ្នឹង​បាទ​។ ដូច្នេះ ខ្ញុំ​ឃើញថា បើសិនជា​ស្រុក​ខ្មែរ​យើង​មាន​អ្នកដឹកនាំ​របៀប​ហ្នឹង វា​ហ្នឹង វិនាស​ហើយ បាទ​។ គួរ​ទុក​ពេលវេលា​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជោគវាសនា​ប្រទេសជាតិ​ដោយ​ខ្លួនឯង»។

ការ​លើកឡើង​នេះ ក្រោយពី​ព្រះ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល នៅ​ថ្ងៃទី​២១ ខែសីហា ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​អគារ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា ថា ក្រោម​ការដឹកនាំ​ប្រទេស ប្រកបដោយ​ចក្ខុវិស័យ គតិបណ្ឌិត​ដ៏​ឆ្នើម និង​ពិតប្រាកដ​របស់​លោក​ហ៊ុន សែន បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​នយោបាយ​ឈ្នះ ឈ្នះ ជា​បន្ត​បន្ទាប់មក និង បាន​អនុវត្ត​គោលនយោបាយ​កែទម្រង់​មុត​ស្រួច និង​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ សេដ្ឋកិច្ច សង្គម ដែល​ធ្វើ​ឱ្យ​កម្ពុជា ទទួល​បាន​ការ​អភិវឌ្ឍ និង​ការ​រីកចម្រើន ជា​លំដាប់។

ទន្ទឹមគ្នា​នោះ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា បច្ចុប្បន្ន​កម្ពុជា​ក៏ មាន​មហា​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ក្រោម​ម្លប់​សន្តិភាព​ដ៏​រឹងមាំ និង​យូរអង្វែង​ក្នុង​ផ្ទៃ​ប្រទេស ខណៈ​កំណើនសេដ្ឋកិច្ច បាន​ហក់​ខ្ពស់​ជាប់​មិន​ដាច់ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​នេះ​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ បន្ថែម​ពីលើ​នោះ ព្រះមហាក្សត្រ ក៏​មាន​បន្ទូល​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន បាន​អង្រឹង​ឯកភាព​ជាតិ រក្សា​ការពារ​អធិបតេយ្យភាព​ជាតិ ដ៏​ថ្លៃថ្លា និង អរិយធម៌​អង្គរ ដ៏​បវរ​ផង​​​ដែរ។

ព្រះបាទ​សម្ដេច​នរោត្តម សីហមុនី៖ «​ក្នុង​ឱកាស​ដ៏​ប្រសើរ​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៅ​គ្រប់​កាលៈទេសៈ ដែល​ប្រទេសជាតិ ត្រូវ​ទទួលរង​ការ​រំលោភបំពាន និង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​បរទេស​នានា​ពេល​កន្លងទៅ សម្ដេច​បាន​ដឹកនាំ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស​ជាមួយ​បងប្អូន​វីរ​យុទ្ធជន​ជាតិ​យើង នៅ​គ្រប់​លំដាប់ថ្នាក់ និង​នៅ​តាម​ទីតាំង​បញ្ជាការ​ជួរមុខ តាម​បណ្ដាល​ព្រំដែន​កម្ពុជា​។ រួម​ទាំង​បាន​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្ដល់​ប្រឹក្សា​យោបល់​យុទ្ធសាស្ត្រ ផ្ដល់​ការ​លើកទឹកចិត្ត គាំទ្រ​គ្រប់បែបយ៉ាង និង​គ្រប់​ទិដ្ឋភាព​ដោយ​គ្មាន​ពេល​សម្រាក ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បុព្វហេតុ​តែមួយគត់ គឺ​ការការពារ​ឱ្យ​ខាង​តែ​បាន នូវ​បូរណភាព​ទឹកដី និង​ដែន​អធិបតេយ្យភាព​ជាតិ​របស់​យើង»។

បើទោះបីជា​ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​បែបនេះ​ក្ដី អ្នកឃ្លាំមើល​យល់ថា នេះ​គ្រាន់តែ​ជា​ព្រះរាជសារ​ដែល​មន្ត្រី​រដ្ឋាភិបាល​រៀបចំ​ឱ្យ​ព្រះអង្គ​អាន ដើម្បី​ស្អំ​ចិត្ត​លោក ហ៊ុន សែន ព្រោះ​លោក ហ៊ុន សែន ជា​មនុស្ស​ចូលចិត្ត​ឱ្យ​គេ​សរសើរ និង​លើកតម្កើង បើទោះបីជា​ប្រទេសជាតិ​កំពុងតែ ត្រូវ​បាន​សត្រូវ​ឈ្លានពាន​ទឹកដី អស់​ជិត​១០០​ទីតាំង​ក្ដី ក៏​លោក ពុំ​សូវ​អើពើ ផ្ទុយទៅវិញ​លោក​ណែនាំ​ឱ្យ​អាម៉ីអាថោង និពន្ធ​បទ​ចម្រៀង​សរសើរ​រដ្ឋាភិបាល និង​ស្នាដៃ​មួយចំនួន​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដោយ​ពុំ​អើពើ ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ឡើយ។

រឹតតែ​ធ្ងន់ធ្ងរ​ទៀត​នោះ អ្នកឃ្លាំមើល​យល់ថា ក្នុង​ស្ថានភាព​ដែល​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ ហើយ​ជួប​វិបត្តិ​សេដ្ឋកិច្ច គួរតែ​រដ្ឋាភិបាល​ត្រូវ​ប្រឹងប្រែង​រក​ការងារ​ឱ្យ​ពលរដ្ឋ​ធ្វើ ផ្ទុយទៅវិញ មន្ត្រី​រដ្ឋាភិបាល បែរជា យក​លេស​ថា នេះ​ជា​បាតុភូត នៃ​ការប្រែប្រួល​សេដ្ឋកិច្ច​សាកល​នៅ​លើ​ពិភពលោក ដោយសារតែ សង្គ្រាម​នៅ បច្ឆិម​បូព៌ា​ជាដើម​។ ចំណែក បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​មាន​ជាប់​ពាក់ព័ន្ធ​រដ្ឋាភិបាល បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ក៏​លោក​ហ៊ុន សែន មិនអាច​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​បាន​ដែរ ដែល​ករណីនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ​ពី​ក្រៅប្រទេស។

លោក ជា យូហ៊ន យល់ឃើញ​ថា ក្រោម​ការដឹកនាំ​តាម​បែប​ផ្ដាច់ការ​របស់ លោក ហ៊ុន សែន គឺ​ចូលចិត្ត​ណាស់​ពាក្យ​សរសើរ ដោយ​មិន​ខ្វល់​ពី​បញ្ហា​ប្រទេសជាតិ និង​ភាព​មហន្តរាយ​នា​ពេល​អនាគត ខណៈ​ដែល​ទឹកដី​បន្ត​បាត់បង់​ទៅ​ប្រទេសជិតខាង​។ លោ​កថា​នេះ​ជា​រឿង​ដ៏​ឈឺចាប់​បំផុត ខណៈ​ដែល លោក ហ៊ុន សែន ក្រៅពី​ការ​ស្ដាប់​ពាក្យ​សរសើរ គឺ​មានតែ​រៀបចំ​យុទ្ធសាស្ត្រ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ និង​បំបែកបំបាក់​អ្នក​រាជាធិបតេយ្យ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ