សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថា បញ្ហា​ប្រជាធិបតេយ្យកម្ពុជា​មិនមែន​ជា​រឿង​ឆ្ងាយ​ពី​ជប៉ុន​ទេ

0
16
សមាជិកព្រឹទ្ធសភាជប៉ុន អ្នកស្រី សាគូរ៉ា អ៊ូជីកូស៊ី (Sakura Uchikoshi) ជួបប្រមុខដឹកនាំរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក សម រង្ស៊ី  នៅក្នុងពិធីជួបសំណេះសំណាលមួយដែលរៀបចំឡើងនៅអគារការិយាល័យសមាជិកព្រឹទ្ធសភាជប៉ុន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ Photo Courtesy of Sakura Uchikoshi
សមាជិកព្រឹទ្ធសភាជប៉ុន អ្នកស្រី សាគូរ៉ា អ៊ូជីកូស៊ី (Sakura Uchikoshi) ជួបប្រមុខដឹកនាំរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក សម រង្ស៊ី  នៅក្នុងពិធីជួបសំណេះសំណាលមួយដែលរៀបចំឡើងនៅអគារការិយាល័យសមាជិកព្រឹទ្ធសភាជប៉ុន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ Photo Courtesy of Sakura Uchikoshi

សមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងថា តួនាទីរបស់ប្រទេសជប៉ុនក្នុងការជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជានៅតែមានសារៈសំខាន់ ខណៈការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការរឹតត្បិតសេរីភាពនៅកម្ពុជា កំពុងបង្កផល​ប៉ះពាល់មិនត្រឹមតែដល់ពលរដ្ឋខ្មែរ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះទេ ថែមទាំងដល់ពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ។

សមាជិកព្រឹទ្ធសភាជប៉ុន អ្នកស្រី សាគូរ៉ា អ៊ូជីកូស៊ី (Sakura Uchikoshi) បានថ្លែងបែបនេះ បន្ទាប់ពីបានជួបជាមួយប្រមុខដឹកនាំរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក សម រង្ស៊ី  នៅក្នុងពិធីជួបសំណេះសំណាលមួយដែលរៀបចំឡើងនៅអគារការិយាល័យសមាជិកព្រឹទ្ធសភាជប៉ុន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុកថា អ្នកស្រី សាគូរ៉ា អ៊ូជីកូស៊ី បានសរសេរក្នុង​សេចក្តីប្រកាសរបស់ខ្លួនថា បញ្ហាប្រជាធិបតេយ្យនៅកម្ពុជាមិនមែនជាបញ្ហា​របស់ប្រទេសមួយ​ដែល​ស្ថិតនៅឆ្ងាយពីជប៉ុននោះទេ។ អ្នកស្រីបានលើកឡើងថា ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋក្នុងប្រទេស ហើយក៏អាច​ឆ្លងដែនទៅគំរាមកំហែងដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនប្រទេសដទៃទៀត​ផង​ដែរ។

ក្នុងជំនួបនោះ លោក សម រង្ស៊ី បានអរគុណប្រទេសជប៉ុន ដែលបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងបានចូលរួមចំណែកក្នុងដំណើរការ​ស្វែងរក​សន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ លោកក៏បានរិះគន់យ៉ាងខ្លាំងចំពោះស្ថានភាព​នយោបាយបច្ចុប្បន្ន ដោយលើកឡើងថា លទ្ធិប្រជាធិបតេយ្យបានដើរថយក្រោយយ៉ាងខ្លាំង ទោះបីកម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងជប៉ុនក៏ដោយ។

តាមការរៀបរាប់របស់អ្នកស្រី អ៊ូជីកូស៊ី លោក សម រង្ស៊ី បានលើកឡើងពីការផ្ទេរអំណាចក្នុង​គ្រួសារ​ត្រកូល​ហ៊ុន និងអ្នកនយោបាយបក្សកាន់អំណាច ការចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាល ការខ្វះការធានាសេរីភាពសារព័ត៌មាន និងការខ្វះឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។ អ្នកស្រីបានបញ្ជាក់ថា លោក សម រង្ស៊ី បានលើកឡើងពីបញ្ហាទាំងនេះយ៉ាងម៉ឺងម៉ាត់ក្នុងជំនួប។

អ្នកស្រីក៏បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលោក សម រង្ស៊ី បានលើកឡើងថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលនៃសកម្មភាពឆបោក ហើយយុវជនមកពី​ប្រទេសផ្សេងៗ រួមទាំងជប៉ុន ត្រូវបានបង្ខំឱ្យចូលរួមក្នុង​សកម្មភាពខុសច្បាប់ទាំងនោះ។ ក្នុង​ចំណោម​ជនរងគ្រោះទាំងនោះ មានអ្នកដែលត្រូវបានចាប់ជំរិត ឬជួញដូរមនុស្ស និងបង្ខំឱ្យ​ប្រព្រឹត្ត​បទល្មើស។

អ្នកស្រី អ៊ូជីកូស៊ី បានចាត់ទុកថា បញ្ហានេះបង្ហាញពីផលប៉ះពាល់ឆ្លងដែននៃការខ្វះនីតិរដ្ឋ និងការ​គោរពសិទ្ធិមនុស្ស។ អ្នកស្រីបានបញ្ជាក់ជាថ្មីថា ប្រទេសជប៉ុននៅតែមានតួនាទីធំធេង​ក្នុងការជួយជំរុញឱ្យកម្ពុជាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ចំណុចមួយទៀតដែលអ្នកស្រីលើកឡើង គឺស្ថានភាពរបស់យុវជនខ្មែរដែលកំពុង​រស់នៅ​ក្នុង​ប្រទេសជប៉ុន។ អ្នកស្រីបានឱ្យដឹងថា យុវជនទាំងនោះបានចូលរួមក្នុងពិធីជួបសំណេះសំណាល ហើយមួយចំនួនមិនអាចវិលត្រឡប់ទៅប្រទេសកំណើតវិញបាន​ដោយសារស្ថានភាព​នយោបាយ​នៅកម្ពុជា។

អ្នកស្រីបានអះអាងថា បន្ទាប់ពីពិធីបញ្ចប់ យុវជនមួយចំនួនបានប្រាប់អ្នកស្រីថា ក្រុមគ្រួសារ​របស់​ពួកគេនៅកម្ពុជាពេលខ្លះប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែង ដោយសារ​ពួកគេចូលរួមសកម្មភាពទាមទារលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជានៅប្រទេសជប៉ុន។ ក្នុងចំណោមយុវជនទាំងនោះ ក៏មានអ្នកកំពុងដាក់ពាក្យស្នើសុំឋានៈជាជនភៀសខ្លួនផងដែរ។

អ្នកស្រីបានបញ្ជាក់ថា បញ្ហានេះធ្វើឱ្យប្រទេសជប៉ុនត្រូវពិចារណាថា តើខ្លួនអាចការពារមនុស្ស​ដែលប្រឈមនឹងការធ្វើទុក្ខបុកម្នេញដោយសារការទាមទារប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជានៅក្នុងប្រទេសជប៉ុនបានយ៉ាងដូចម្តេច។ អ្នកស្រីមានបំណងលើកយកបញ្ហានេះទៅពិភាក្សានៅក្នុងគណៈកម្មាធិការកិច្ចការច្បាប់នៃព្រឹទ្ធសភា ដែលអ្នកស្រីជាសមាជិក។

ពិធីជួបសំណេះសំណាលនេះត្រូវបានរៀបចំឡើងដោយសមាជិកព្រឹទ្ធសភាចម្រុះគណបក្សចំនួនបួនរូប រួមមានអ្នកស្រី ហ៊ីរ៉ូអិ ម៉ាគីយ៉ាម៉ា លោក មិឈិហ៊ីរ៉ូ អ៊ីស៊ីបាស៊ី លោក ខេនជិ អ៊ីសេហ្សាគិ និងអ្នកស្រី អ៊ូជីកូស៊ី។ ក្រៅពីយុវជនខ្មែរ ក៏មានការចូលរួមពីសមាជិកសភា និងសមាជិក​ព្រឹទ្ធសភា​ជប៉ុនមួយចំនួនមកពីគណបក្សផ្សេងៗផងដែរ។

អ្នកស្រី អ៊ូជីកូស៊ី បានសម្តែងការរីករាយចំពោះការចូលរួមរបស់អ្នកតំណាងរាស្ត្រ និងសមាជិក​ព្រឹទ្ធសភាជាច្រើនរូប ទោះបីនៅថ្ងៃនោះមានកិច្ចប្រជុំសួរដេញដោល​ក្នុងគណៈកម្មាធិការ​ទាំង​ពេល​ព្រឹក និងពេលរសៀលក៏ដោយ។ អ្នកស្រីបានចាត់ទុកការចូលរួមពីសមាជិកសភាចម្រុះគណបក្សថា ជាការបង្ហាញពីការ​យកចិត្តទុក​ដាក់លើបញ្ហាកម្ពុជា។

កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ មុនពេលកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស​ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប្រទេសជប៉ុនបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ និងដើរតួនាទីសំខាន់ក្នុងការជួយ​សម្របសម្រួល​ដំណើរការសន្តិភាព។ នៅឆ្នាំ១៩៩៣ ការបោះឆ្នោតសកលត្រូវបានរៀបចំឡើង​ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។

លោក សម រង្ស៊ី បានចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់​ពី​ការ​បោះឆ្នោតឆ្នាំ១៩៩៣ ប៉ុន្តែត្រូវបានដកចេញពីតំណែងនៅឆ្នាំ១៩៩៤។ ក្រោយមក លោកបាន​ក្លាយជាមេដឹកនាំគណបក្សប្រឆាំង និងបន្តសកម្មភាពនយោបាយ​ប្រឆាំងរហូតដល់ពេល​បច្ចុប្បន្ន។

ពាក់ព័ន្ធនឹងសេចក្តីប្រកាសរបស់សមាជិកព្រឹទ្ធសភាជប៉ុន អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជា​ឯករាជ្យ២៣តុលា លោក គឹម សុខ បានលើកឡើងថា សាររបស់ស្រីអ្នក  អ៊ូជីកូស៊ី  បង្ហាញ​ពីការ​យល់ឃើញថា កម្ពុជាចាំបាច់ត្រូវស្តារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរីពហុបក្សឡើងវិញ ដើម្បីដោះស្រាយវិបត្តិជាតិ។

«អ្វីដែលជប៉ុនចង់ឃើញ គឺប្រទេសកម្ពុជាមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដែលផ្ដល់សិទ្ធិស្វ័យសម្រេចទៅដល់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស»។

លោក គឹម សុខ

លោក គឹម សុខ បាននិយាយថា វត្តមានរបស់លោក សម រង្ស៊ី និងសហការីនៅកម្ពុជា គឺជាផ្នែកមួយនៃដំណោះស្រាយដែលលោកយល់ថា ចាំបាច់សម្រាប់ការស្តារប្រជាធិបតេយ្យ និងសេដ្ឋកិច្ចជាតិ។ លោកក៏បានសង្កត់ធ្ងន់ថា សន្តិភាព និងប្រជាធិបតេយ្យមិនអាចបំបែកចេញពីគ្នាបានឡើយ ហើយការរក្សាសន្តិភាព​តែមួយមុខ​មិនគ្រប់គ្រាន់ទេ ប្រសិនបើគ្មានការគោរពសិទ្ធិមនុស្ស និងសេរីភាពនយោបាយ។

លោក គឹម សុខ យល់ឃើញថា ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដែលផ្តល់សិទ្ធិ​សម្រេចជោគវាសនាប្រទេសទៅដល់ប្រជាពលរដ្ឋខ្មែរ គឺជាអ្វីដែលជប៉ុនចង់ឃើញ។

អ្នកស្រី អ៊ូជីកូស៊ី បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា អ្នកស្រីនឹងបន្តជំរុញការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការទូត និងការការពារសិទ្ធិមនុស្ស។ អ្នកស្រីបានចោទជាសំណួរថា តើជប៉ុនអាចធ្វើអ្វីបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាដែលកំពុងទាមទារសេរីភាព និងប្រជាធិបតេយ្យ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើទឹកដីជប៉ុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ