សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ស្នើសុំរដ្ឋាភិបាលកាណាដា ជួយអន្តរាគមន៍រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា

0
19
លោក ទេព មនោរម្យ ប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស។ រូបៈ Tep Monorom
លោក ទេព មនោរម្យ ប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស។ រូបៈ Tep Monorom
លោក ទេព មនោរម្យ ប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស។ រូបៈ Tep Monorom
លោក ទេព មនោរម្យ ប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស។ រូបៈ Tep Monorom

សមាជិកសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំប្រទេសកាណាដា បានដាក់លិខិតស្នើឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ប្រើឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ និង១៦ ខែវិច្ឆិកា ដើម្បីលើកបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាមួយមេដឹកនាំកម្ពុជា។ អ្នកឃ្លាំមើល ចាត់ទុកសកម្មភាពរបស់សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ គឺជារឿងត្រឹមត្រូវ និងលើកទឹកចិត្តឲ្យធ្វើសកម្មភាពកាន់តែសកម្មថែមទៀត ដើម្បីឲ្យអន្តរជាតិដាក់សម្ពាធលើមេដឹកនាំកម្ពុជាឲ្យស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។

សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ប្រចាំប្រទេសកាណាដាចំនួន៦រូប រួមទាំងប្រធានសភា លោក ទេព មនោរម្យ បានធ្វើលិខិតរួមគ្នាដាក់ជូននាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) រដ្ឋមន្ត្រីការបទេសកាណាដា ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា និងតំណាងផ្ទាល់របស់នាយករដ្ឋមន្ត្រីកាណាដា ទទួលបន្ទុកអង្គការហ្វ្រង់កូហ្វូនី ដើម្បីឲ្យជួយអន្តរាគមន៍ទៅមេដឹកនាំរបបក្រុងភ្នំពេញ ឲ្យដោះស្រាយបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិកាទាំងអស់ក្នុងឱកាសរៀបចំកិច្ចប្រជុំពូលនៃក្រុមប្រទេសនិយាយភាសាបារាំង ឬកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញ។ សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ប្រចាំប្រទេសកាណាដានោះរួមមាន លោក ស៊ន សុវណ្ណថេត លោក ជិន សុខង៉េង លោក រ៉ុង ដាវ លោក កយ សៅឌីន អ្នកស្រី ព្រំ លីដា និងអ្នកស្រី ថឹង ណាវី។

ក្នុងលិខិតនោះ សមាជិកសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំង៦រូបនេះ អំពាវនាវឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney លើកឡើងពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាមួយមេដឹកនាំកម្ពុជានិងដៃគូអន្តរជាតិ ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅទីក្រុងភ្នំពេញ។

សមាជិកសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំង៦រូបនេះ បានលើកឡើងពីក្តីបារម្ភចំពោះស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយស្នើឱ្យប្រទេសកាណាដាប្រើប្រាស់កិច្ចប្រជុំអន្តរជាតិនេះជាឱកាស ដើម្បីជំរុញឱ្យមានការគោរពគោលការណ៍ប្រជាធិបតេយ្យ សេរីភាពជាមូលដ្ឋាន និងនីតិរដ្ឋ។

បញ្ហាទាំងនោះរួមមាន ការស្វែងរកយុត្តិធម៌ក្នុងករណីឃាតកម្មលើលោក លឹម គិមយ៉ា ការដោះលែងអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិដោយសន្តិវិធីរួមទាំងសកម្មជនចលនាមាតាធម្មជាតិទាំង៦នាក់ ការគាំទ្រប្រជាធិបតេយ្យពហុបក្ស និងការបញ្ជាក់ឡើងវិញនូវគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានលើកឡើងក្នុងលិខិតនោះថា ទោះបីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាងបីទសវត្សរ៍មកហើយក៏ដោយ ក៏ប្រទេសនេះនៅតែប្រឈមនឹងបញ្ហាពាក់ព័ន្ធនឹងពហុនិយមនយោបាយ លំហសង្គមស៊ីវិល និងការការពារសិទ្ធិមនុស្ស។ បន្ថែមពីនេះ សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស បានសង្កត់ធ្ងន់ថា សន្តិភាព និងវិបុលភាពប្រកបដោយចីរភាពត្រូវការស្ថាប័នដែលមានគណនេយ្យភាព ការចូលរួមផ្នែកនយោបាយ សេរីភាពជាមូលដ្ឋាន និងការអនុវត្តនីតិរដ្ឋ។

ការអំពាវនាវនេះក៏ធ្វើឡើងមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា លិខិតនេះបង្ហាញពីការយកចិត្តទុកដាក់របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសចំពោះអនាគតជាតិ និងសុខទុក្ខរបស់អ្នកដែលចូលរួមការពារផលប្រយោជន៍សាធារណៈ។ លោកថា ការលើកឡើងអំពីការស្វែងរកយុត្តិធម៌ជូនលោក លឹម គិមយ៉ា សេរីភាពរបស់សកម្មជនចលនាមាតាធម្មជាតិ និងការបង្កើតការប្រកួតប្រជែងនយោបាយពិតប្រាកដ គឺជាសំណើដែលរដ្ឋាភិបាលកម្ពុជាគួរតែយកចិត្តទុកដាក់ និងឆ្លើយតប។

លោក សេង វណ្ណលី បានបញ្ជាក់ថា លោកគាំទ្រជាពិសេសចំពោះការអំពាវនាវឱ្យដោះលែងសកម្មជនមាតាធម្មជាតិទាំងប្រាំរូប គឺកញ្ញា ឡុង គន្ធា លោក យឹម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុធ។ លោកថា ការការពារធនធានធម្មជាតិ និងការបញ្ចេញមតិដោយសន្តិវិធី គឺជាការចូលរួមដ៏មានតម្លៃក្នុងសង្គម ហើយរដ្ឋាភិបាលគួរបង្កើតលក្ខខណ្ឌឱ្យយុវជនអាចចូលរួមកសាងប្រទេសដោយសុវត្ថិភាព។

ខ្ញុំគាំទ្រចំពោះលិខិតខាងលើ ជាពិសេសលិខិតរបស់ប្រជាពលរដ្ឋនៅក្រៅប្រទេស ជាពិសេសការអំពាវនាវដោះលែងសកម្មជនធនធានធម្មជាតិ។ ព្រោះថា ការការពារធនធានធម្មជាតិ និងការបញ្ចេញមតិដោយសន្តិវិធី គឺជាការចូលរួមដែលមានតម្លៃសម្រាប់សង្គម។ ដូច្នេះ លោក ម៉ាណែត គួរចាត់វិធានការតាមសមត្ថកិច្ច ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់ ដើម្បីធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបាត់បង់សេរីភាព ដោយសារតែការប្រើប្រាស់សិទ្ធិជាមូលដ្ឋានដោយសន្តិវិធីនោះទេ។

លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា

ជុំវិញបញ្ហានេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានចាត់ទុកការផ្ញើលិខិតរបស់សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA )ទៅកាន់នាយករដ្ឋមន្ត្រីកាណាដា និងការដាក់សំណើស្រដៀងគ្នាទៅកាន់ប្រធានាធិបតីបារាំងកន្លងមក ថាជាសកម្មភាពត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅកម្ពុជា។

លោក ស៊ឹង សែនករុណា បានថ្លែងថា ប្រទេសប្រជាធិបតេយ្យអាចយកសំណើទាំងនេះទៅពិចារណា និងស្វែងរកមធ្យោបាយពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញឱ្យមានការបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសការដោះលែងសកម្មជនដែលកំពុងជាប់ឃុំ។

ការដាក់លិខិតនេះ យើងដឹងហើយ ប្រទេសលោកសេរីកាលណាគេទទួល គេនឹងយកទៅគិតពិចារណា ហើយនឹងរកមធ្យោបាយដើម្បីជជែកជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមានការបើកនូវលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសសំណើដែលស្នើសុំឱ្យមានការដោះលែងសកម្មជនទាំងឡាយ។

លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ

អ្នកឃ្លាំមើលសង្គមអះអាងថា ការរួមគ្នាជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ដោះលែងសកម្មជនដែលកំពុងជាប់ឃុំ និងបើកលំហសេរីភាពសម្រាប់អង្គការសង្គមស៊ីវិល សហជីព និងគណបក្សនយោបាយ នឹងជួយបង្កើតបរិយាកាសនយោបាយដែលមានការចូលរួមកាន់តែទូលំទូលាយ។ ពួកគេអះអាងថា ស្ថានភាពបច្ចុប្បន្នក៏ជាឱកាសសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការស្តារកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសឡើងវិញផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ