

អ្នកឃ្លាំមើលបញ្ហាសង្គមបន្តជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត និងចាត់វិធានការជាក់ស្ដែងទៅលើក្រុមមន្ត្រីជាន់ខ្ពស់ និងក្រុមឧកញ៉ាគ្រាក់ៗដែលអាមេរិករកឃើញថា ជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ។ ពួកគាត់រិះគន់ថា ការច្រានចោលរបាយការណ៍របស់សហរដ្ឋអាមេរិក មិនត្រឹមតែបង្ហាញពីភាពទន់ខ្សោយនៃការអនុវត្តច្បាប់នោះទេ ប៉ុន្តែក៏បង្ហាញថា រដ្ឋាភិបាលកំពុងព្យាយាមកាងការពារមន្ត្រីទុច្ចរិតដែលពាក់ព័ន្ធនឹងអំពើពុករលួយ និងឧក្រិដ្ឋកម្ម។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងមន្ត្រីគ្រាក់ៗនៅតែរក្សាវប្បធម៌ទាត់ចោលរបាយការណ៍អន្តរជាតិ ស្ដីពីបញ្ហាជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ទោះបីកម្ពុជាកំពុងរងការរិះគន់យ៉ាងខ្លាំងជុំវិញវិបត្តិឧក្រិដ្ឋកម្មទាំងនេះលើឆាកអន្តរជាតិក៏ដោយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យរដ្ឋាភិបាលពិនិត្យរបាយការណ៍អាមេរិក ដែលទម្លាក់ចំណាត់ថ្នាក់កម្ពុជាលើការជួញដូរមនុស្សដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ដើម្បីកែលម្អចន្លោះប្រហោងនៃការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសនេះ។ លោកទាមទារឱ្យស៊ើបអង្កេត និងអនុវត្តច្បាប់ដោយស្មើភាពលើអ្នកពាក់ព័ន្ធ ព្រមទាំងព្រមានមន្ត្រីអនុវត្តច្បាប់កុំឱ្យជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ។
លោក អំ សំអាត ចង់ឃើញរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិដូចជា FBI របស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីទប់ស្កាត់បញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលផ្សារភ្ជាប់យ៉ាងស៊ីជម្រៅទៅនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។
កន្លងមកយើងឃើញមានជនពាក់ព័ន្ធមួយចំនួនដែលជាសមត្ថកិច្ចផងនោះក៏ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសដែរ។ អ៊ីចឹង បញ្ហាហ្នឹងត្រូវតែទប់ស្កាត់កុំឱ្យមានបន្តទៅទៀតបើជនដែលពាក់ព័ន្ធត្រូវតែអនុវត្តតាមផ្លូវច្បាប់ហើយលុបបំបាត់រាល់ទម្រង់នៃអំពើពុករលួយពាក់ព័ន្ធនឹងបញ្ហានៃការជួញដូរមនុស្ស ហើយបុគ្គលដែលជាសមត្ថកិច្ច ឬក៏អាជ្ញាធរត្រូវនៅឱ្យឆ្ងាយកុំឱ្យមានពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្ស ហើយបើពាក់ព័ន្ធត្រូវតែធានាក្នុងការអនុវត្តតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ
ប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សរូបនេះកើតឡើងបន្ទាប់ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃរដ្ឋាភិបាលក្រុងភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៩ ខែវិច្ឆិកា ដោយច្រាលចោល និងសម្ដែងការខកចិត្តចំពោះអាមេរិកដែលបន្តដាក់ចំណាត់ថ្នាក់កម្ពុជាអាក្រក់បំផុត (Tier 3) ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ២០២៦។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រដ្ឋាភិបាលក្រុងភ្នំពេញ អះអាងថា រដ្ឋាភិបាលកម្ពុជាមិនបានព្រងើយកន្តើយក្នុងការប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងដែលជួញដូរមនុស្សទៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញឡើយ។ ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជាក៏តែងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីចែករំលែកព័ត៌មានសម្ងាត់បង្ក្រាបលើបណ្ដាញជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ សេចក្ដីថ្លែងការណ៍ដដែល ក៏អះអាងថា រដ្ឋាភិបាលកម្ពុជាក៏តែងតែគិតគូរផ្នែកកិច្ចការមនុស្សធម៌ និងដាក់ចេញនូវគោលការណ៍មិនផ្ដន្ទាទោសលើជនរងគ្រោះដែលត្រូវបានគេជួញដូរ និងបង្ខំឱ្យធ្វើការក្នុងមជ្ឈមណ្ឌលឆបោកឡើយ។
ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រដ្ឋាភិបាលក្រុងភ្នំពេញនេះ មិនបានបង្ហាញឆន្ទៈស៊ើបអង្កេតលើមន្ត្រី និងក្រុមឧកញ៉ាគ្រាក់ៗដែលរងការចោទប្រកាន់ថា ជាមេខ្លោងជួញដូរមនុស្សឡើយ ក្រៅពីបង្ហាញចំណាត់ការសមត្ថកិច្ចបង្ក្រាបចាប់បញ្ជូនជនបរទេស និងអ្នកពាក់ព័ន្ធតូចតាចទៅតុលាការ។
ទន្ទឹមគ្នានេះ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគឺអ្នកស្រី ជូ ប៊ុនអេង ក៏ជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងចំណោមមន្ត្រីគ្រាក់ៗ និងសមាជិកក្រុមគ្រួសារត្រកូល ហ៊ុន ផ្សេងទៀត ដែលសមាជិករដ្ឋសភាអាមេរិក ស្នើឱ្យរដ្ឋាភិបាលអាមេរិកពិចារណា ដាក់ទណ្ឌកម្មដោយសារតែពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
របាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០២៦ របស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីខែតុលា បង្ហាញថា រដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈបង្ក្រាបមេខ្លោងជួញដូរមនុស្សដែលមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ សមាជិកគ្រួសារមន្ត្រី និងឧកញ៉ាគ្រាក់ៗ រួមទាំងសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និងលោក កុក អាន ដែលអាមេរិកបានដាក់ទណ្ឌកម្មរួចទៅហើយ។ អាមេរិករកឃើញថា បុគ្គលទាំងនេះមានជាប់ពាក់ព័ន្ធ ឬបានទទួលផលប្រយោជន៍ពីមជ្ឈមណ្ឌលឆបោកអនឡាញ តាមរយៈការជួញដូរមនុស្ស និងបង្ខំជនរងគ្រោះឱ្យធ្វើការខុសច្បាប់។
អាមេរិកបានបន្តចាត់ចំណាត់ថ្នាក់កម្ពុជានៅកម្រិតទី៣ (Tier 3) ដែលមានន័យថា បញ្ហាជួញដូរមនុស្សនៅកម្ពុជានៅតែមានស្ថានភាពអាក្រក់ដដែល ដោយសាររដ្ឋាភិបាលកម្ពុជាបរាជ័យបំពេញតាមស្តង់ដារអប្បបរមា ដើម្បីលុបបំបាត់ការជួញដូរមនុស្ស។ ក្រៅពីនេះ អាមេរិកក៏រិះគន់ចំណាត់ការរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលបង្ក្រាប និងឃុំខ្លួនតាមអំពើចិត្តលើពលរដ្ឋខ្មែរ និងជនបរទេសដែលរត់ចេញពីមជ្ឈមណ្ឌលឆបោក ដោយមិនបានស៊ើបអង្កេត ឬកំណត់អត្តសញ្ញាណពួកគេឱ្យបានច្បាស់លាស់។
សហរដ្ឋអាមេរិកលើកឡើងថា បញ្ហាអំពើពុករលួយ និងការឃុបឃិតគ្នារវាងមន្ត្រី និងបណ្ដាញឧក្រិដ្ឋជនក្នុងបទល្មើសជួញដូរមនុស្ស គឺជាឧបសគ្គដ៏ធំមួយដែលបានរារាំងដល់ការអនុវត្តច្បាប់ និងបានអនុញ្ញាតឱ្យអំពើជួញដូរមនុស្សនៅកម្ពុជាបន្តរីករាលដាលទ្រង់ទ្រាយធំ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា លើកឡើងថា ការច្រានចោលរបាយការណ៍សហរដ្ឋអាមេរិកមិនអាចដោះស្រាយបញ្ហាជួញដូរមនុស្សបានឡើយ។ លោកថា របាយការណ៍អាមេរិកផ្អែកលើការពិត មិនមែនធ្វើឡើងតាមការស្រមើស្រមៃទេ ដូច្នេះលោកថា រដ្ឋាភិបាលគួរបង្ហាញលទ្ធផលជាក់ស្ដែង និងតម្លាភាពក្នុងការបង្ក្រាបមេខ្លោងឧក្រិដ្ឋជនពាក់ព័ន្ធ ព្រមទាំងសង្គ្រោះជនរងគ្រោះដែលត្រូវបានជួញដូរឱ្យទទួលបានយុត្តិធម៌ និងទទួលបានកិច្ចគាំពារដោយច្បាប់។
ការបដិសេធនេះយើងឃើញហូរហែមកហើយ ប៉ុន្តែយើងគួរតែរកវិធីណានៅពេលដែលមានការសិក្សាស្រាវជ្រាវរកឃើញបែបហ្នឹងហើយយើងសុំកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យប្រសិទ្ធភាពនៃដំណោះស្រាយហ្នឹងឱ្យវាប្រសើរឡើង។ មែនទៅគួរតែអរគុណការសិក្សាស្រាវជ្រាវរបកគំហើញអីផ្សេងៗដែលគេធ្វើដោយយើងមិនបានចំណាយលុយ គេរកឃើញហើយ យើងឃើញលទ្ធផលបែបម៉េចដែលត្រូវកែយើងគួរតែកែទៅ វាបានប្រយោជន៍ជាងការណ៍ដែលយើងត្រឹមតែបដិសេធ។
លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL)
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ពោលគឺចាប់ពីឆ្នាំ២០២២ មក កម្ពុជាបានជាប់ក្នុងកំណត់ត្រាដ៏អាក្រក់របស់អាមេរិកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ ការរីករាលដាលអំពើជួញដូរមនុស្សនេះក៏ស្របពេលដែលបណ្ដាញឧក្រិដ្ឋជនបានយកប្រទេសកម្ពុជាធ្វើជាជម្រកឧក្រិដ្ឋកម្ម និងមូលដ្ឋានប្រតិបត្តិការមជ្ឈមណ្ឌលឆបោកនៅស្ទើរទូទាំងប្រទេស ដោយបានល្បួងពលរដ្ឋខ្មែរ និងជួញដូរជនបរទេសចម្រុះជាតិសាសន៍ បង្ខំឱ្យធ្វើការឆបោកតាមអនឡាញក្រោមរូបភាពគំរាមកំហែង និងអំពើទារុណកម្ម។
អាមេរិកឱ្យដឹងថា អំពើជួញដូរមនុស្សនៅកម្ពុជាមិនមានរីករាលដាលតែក្នុងមជ្ឈមណ្ឌលឆបោកអនឡាញឡើយ ប៉ុន្តែទម្រង់ជួញដូរមនុស្សផ្សេងទៀតដូចជា ការបង្ខំស្ត្រីខ្មែរឱ្យរៀបការជាមួយជនជាតិចិន ការកេងប្រវ័ញ្ចផ្លូវភេទ ពលកម្មដោយបង្ខំនៅលើទូកនេសាទ ការដ្ឋានសំណង់ រោងចក្រ និងឡឥដ្ឋ ព្រមទាំងការជួញដូរកុមារឱ្យធ្វើជាអ្នកសុំទាន ក៏នៅតែបន្តកើតមាន ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៅឡើយ៕









