

ករណីសោកនាដកម្មនៃគ្រោះថ្នាក់ក្រឡាប់ឡានធ្លាក់ចូលទឹកស្រះ ដែលបានបណ្តាលឲ្យសិស្សសាលាក្មេងៗចំនួន៥នាក់ស្លាប់ និងរបួស២១នាក់ កាលពីថ្ងៃទី១០ ខែវិច្ឆិកានោះ បានធ្វើឲ្យមានការសោកសៅ និងរំជួលចិត្តយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារ និងប្រជាពលរដ្ឋខ្មែរស្ទើគ្រប់គ្នា។ មកទល់ពេលនេះ ឪពុកម្តាយរបស់សិស្សសាលាប៊ែលធីដែលបានស្លាប់នោះ ពួកគាត់ទាមទាររកយុត្តិធម៌ និងបន្ទោសអ្នកបើកបរធ្វេសប្រហែស ព្រមទាំងរិះគន់សមត្ថកិច្ចពាក់ព័ន្ធថា យឺតយ៉ាវ និងខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះ ហើយថែមទាំងបញ្ឈប់ការរាវរកសិស្សដែលបាត់ខ្លួនក្នុងទឹកទៀតរហូតដល់ម្តាយជនរងគ្រោះសុំអង្វរ ទើបសមត្ថកិច្ច ចុះជួយរាវរកសិស្សក្នុងទឹកម្តងទៀត។
ឪពុកម្តាយសិស្សសាលាប៊ែលធីដែលបានបាត់បង់ជីវិត នៅតែបន្តទួញសោកសង្រេងក្រៀមក្រំ និងមិនអាចទទួលយកបាននោះទេនៅពេលកូនៗរបស់ពួកគាត់ បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ត្រឹមមួយប៉ប្រិចភ្នែក។លើសពីនេះ ពួកគាត់នៅតែ មិនអស់ចិត្តចំពោះការយឹតយ៉ាវនិងការខ្វះចន្លោះប្រហោងរបស់សមត្ថកិច្ចពាក់ព័ន្ធដែលបញ្ឈប់ការរាវរកសិស្សពីក្នុងទឹកទាំងមិនទាន់កំណត់អត្តសញ្ញាណបានគ្រប់ចំនួន ខណៈអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្នលើអាយុជីវិតសិស្សានុសិស្ស។ ពួកគាត់ យល់ថា ប្រសិនបើមានការជួយសង្គ្រោះទាន់ពេលវេលា និងមានបច្ចេកទេសត្រឹមត្រូវ គឺកូនៗរបស់ពួកគាត់ នឹងមិនស្លាប់នោះទេ។
ម្តាយរបស់យុវតី ឡេង យូលីង រៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកមួយទាំងទឹកភ្នែកថា លោកស្រីបានចេញទៅស្វែងរកកូនភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថា ឡានដែលកូនលោកស្រីជិះនោះជួបគ្រោះថ្នាក់ធ្លាក់ចូលទឹក។ នៅពេលដល់កន្លែងកើតហេតុលោកស្រីបានប្រទះឃើញស្បែកជើងកូន ប៉ុន្តែមិនឃើញកូនស្រីឡើយ។ លោកស្រីបានបន្តទៅស្វែងរកកូននៅឯមន្ទីពេទ្យបង្អែក ដោយបានប្រាប់ឈ្មោះកូន និងបង្ហាញរូបថត ប៉ុន្តែមន្ត្រីនៅទីនោះបានប្រាប់ថា មិនមានឈ្មោះកូនលោកស្រីឡើយ។ លោកគ្រូនាយកដែលនៅមន្ទីរពេទ្យបង្អែកបានប្រាប់ឲ្យលោកស្រីទៅរកនៅឯសាលារៀនវិញ ប៉ុន្តែនៅតែមិនឃើញ រហូតលោកស្រីត្រឡប់ទៅមន្ទីរពេទ្យបង្អែកជាថ្មី និងបានស្នើសុំឲ្យលោកគ្រូនាយកស្វែងរកកូនស្រីនៅកន្លែងកើតហេតុម្តងទៀត។
ម្តាយរបស់យុវតី រូបនេះបន្តថា លោកស្រីបានគិតថា កូនស្រីខ្លួនប្រហែលនៅមានសុវត្ថិភាពនៅឡើយ ដោយសារនៅកន្លែងកើតហេតុសមត្ថកិច្ចពាក់ព័ន្ធបានបញ្ឈប់ការរាវរកនៅក្នុងទឹកយូរមកហើយ ប៉ុន្តែនៅពេលលោកស្រីទៅប្រាប់អាជ្ញាធរនៅទីនោះ ទើបពួកគេចុះស្វែងរកជាថ្មី ក៏ប្រទះឃើញកូនស្រីលោកស្រី បានផុតដង្ហើមបាត់ទៅហើយ។ លោកស្រីថ្លែងទាំងអារម្មណ៍ក្តុកក្តួលញាប់ញ័រថា កូនលោកស្រីនៅក្នុងទឹកគ្មាននរណារាវរកនោះទេ ហើយពួកគេមិនដឹងថា ចំនួនសិស្សមានប៉ុន្មាននោះទេ។ លោកស្រីថ្ងួចថ្ងូរឈឺចាប់ទាំងអារម្មណ៍រវើរវាយដោយសារការបាត់បង់កូនស្រីជាទីស្រលាញ់ និងទាមទារឲ្យគេស្រង់កូនលោកស្រីឡើងពីទឹកមកវិញដដែលៗ។
«កូនខ្ញុំនៅក្នងទឹក ហូៗៗៗ……មិនដឹងកូនខ្ញុំពិបាកយ៉ាងណាទេលោកអើយ។ កូនខ្ញុំស្រង់មកលោកអើយកូនខ្ញុំផុតបាត់ហើយ។ ហើយខ្ញុំគិតថា បើដឹងក្មេងមាននៅក្នុងហ្នឹងគេរាវយូរហើយខ្ញុំថាកូនខ្ញុំប្រហែលជាមិនអីទេគេយកតែដែលៗៗដឹងមកគេយកមកហើយចុះកូនខ្ញុំនៅក្នុងទឹកគេគ្មានរាវផងគេអត់ដឹងចំនួនសិស្សមានប៉ុន្មាន។ ហូអូយ..កូនខ្ញុំនៅក្នងទឹកស្រង់ទឹកកូនខ្ញុំមកបង»។
លោកស្រី ឡេង យូលីង
ចំណែក ឪពុកយុវតី លី នីតា ថ្លែងទាំងឈឺចាប់ថា ឡានដែលបានបើកដឹកកូនលោករហូតជួបគ្រោះថ្នាក់ដល់ស្លាប់នេះ តែងបើកបរក្នុងល្បឿនលឿនជាប្រចាំ ហើយលោកក៏ធ្លាប់បានណែនាំ និងទទូចសុំឲ្យបើកបរយឺត ដើម្បីសុវត្ថិភាពសិស្សទាំងអស់ផងដែរ ប៉ុន្តែអ្នកបើបរតែងចចេះ ប្រកែក មិនស្តាប់ឡើយ។ លោកថា នៅពេលដែលលោកស្នើសុំឲ្យបើកយឺតម្តងៗ អ្នកបើកបរនោះ តែងឈ្លោះជាមួយលោក និងបានស្នើឲ្យលោករកឡានឈ្នួលថ្មីដឹកកូនស្រីវិញទៅ។ លោកថា កូនស្រីលោក ជាប់នៅក្នុងឡាន ហើយពេលជួយសង្គ្រោះចេញមក គឺបានផុតដង្ហើមតាំងពីនៅក្នុងទឹកមកម៉្លេះ។
«យើងចេះតែអាណិតថា ធ្លាប់ជិះប៉ុន្មានឆ្នាំមកហើយតាំងថ្នាក់ទីបួនដល់ថ្នាក់ទីប្រាំពីរ។ ដល់អញ្ចឹងចេះតែទ្រាំទៅអាណិត តែពីរបីនាក់ដឹកកូនយើងក៏ដឹកដែរ។ ខ្ញុំថាបើកនេះបើកលឿនខ្លាំងណាស់។ ចាប់ប្រាំងបីតង់អត់ជាប់ផងដល់អញ្ចឹងក្មេងៗវាជិះក្នុងឡានវាថាដូចបែកកង់។ ចូលចង់សាមសែសិបម៉ែត្រហើយណា ប៉ូលិសអីគេអូសចេញមកក្រៅ។ គេធ្វើចលនាជួយអីអត់ទៅមុខរួចហើយ។ ដល់អញ្ចឹងគាត់និយាយប្រាប់មកថាអស់មានសមត្ថភាពជួយកើតទៀតហើយ»។
ឪពុកយុវតី លី នីតា
រីឯ សិស្សស្រីដែលរងគ្រោះក្នុងហេតុការណ៍ម្នាក់ ថ្លែងដោយមិនបញ្ចេញឈ្មោះ ថា តៃកុងឡានដឹកសិស្សនោះ តែងបើកបរទៅតាមអារម្មណ៍របស់ខ្លួន។ កញ្ញាថា នៅពេលលោកអារម្មណ៍ល្អ ក៏បើកក្នុងល្បឿនយឺត តែនៅពេលខឹងមួរម៉ៅ គឺតែងបើកលឿន។ កញ្ញាបន្តថា នៅពេលឡានធ្លាក់ចូលទៅក្នុងទឹកស្រះនោះ គឺទឹកបានលិចចូលក្នុងឡានភ្លាមៗ ហើយកញ្ញាអង្គុយនៅក្បែរបង្អួចឡានបានព្យាយាមស្រវ៉ាឲ្យគេជួយ ទើបមានគេទាញកញ្ញាចេញពីឡាននោះ ប៉ុន្តែបងប្អូនជីដូនមួយកញ្ញាដែលអង្គុយក្រោយកញ្ញានោះ បានបាត់បង់ជីវិតក្នុងហេតុការណ៍នោះទៅហើយ។
«គាត់បើកលឿនខ្លាំងពូ។ អឺ បើកលឿនខ្លាំងហើយគាត់គេចម៉ូតូឆ្លងផ្លូវទៅ។ គាត់រេចង្កូតហើយគាត់ជាន់ប្រាំងទៅ។ ចូលស្រះហ្នឹងហ្មង។ អឺដោយសារទឹកលូរពណ៌ខ្មៅចឹងទៅមើលអត់ឃើញផង។ ទឹកលិចដល់ក្បាលអស់ហើយហ្នឹង។ ទឹកស្រះហ្នឹងជ្រៅដែរ។»
កុមារក្នុងហេតុការណ៍
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តកណ្តាលលោក ឈឿន សុចិត្ត ដើម្បីឆ្លើយតបជុំវិញករណីនេះបានទេ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។ ចំណែក អ្នកនាំពាក្យក្រសួងអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏មិនលើកទូរស័ព្ទ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានបណ្តាលឲ្យសិស្សសាលាប៊ែលធី ៥នាក់ បានស្លាប់ របួសធ្ងន់ និងស្រាលចំនួន ២១នាក់។ អាជ្ញាធរបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្ដបើកបរក្នុងល្បឿនលឿន ស្របពេលដែលមានម៉ូតូបើកបរបញ្ច្រាសឆ្លងកាត់ផ្លូវ ហើយរថយន្តក៏បើកគេចទៅស្ដាំរេចង្កូតធ្លាក់ចូលស្រះទឹក។
នៅថ្ងៃដដែល អាជ្ញាធរបានវាយខ្នោះអ្នកបើកបរ និងបានធ្វើតេស្តរកសារធាតុញៀន ព្រមទាំងជាតិស្រវឹងហើយ ប៉ុន្តែលទ្ធផល គឺអវិជ្ជមាន។
សិស្សទាំង៥នាក់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ជាយុវតីរស់នៅក្នុងស្រុកពារាំង ខេត្តព្រៃវែង មានឈ្មោះ សៀង សុផាវត្តី ឡេង យូលីង លី នីតា សីហា សួស្តី និង ឃាង ឈីងឈីង។ បច្ចុប្បន្ន សពសិស្សរងគ្រោះ អាជ្ញាធរបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។
អគ្គនាយកប៊ែលធី គ្រុប លោក លី ឆេង ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ វិច្ឆិកាថា រថយន្តដឹកសិស្សជួបគ្រោះថ្នាក់ចរាចរណ៍នោះ ជារថយន្តស៊ីឈ្នួលដឹកសិស្ស និងពលរដ្ឋទូទៅ មិនមែនជារថយន្តរបស់សាលាប៊ែលធីឡើយ។
ចំណែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសិស្សរងគ្រោះកាលពីថ្ងៃទី១០ វិច្ឆិកា ប៉ុន្តែមិនបានបង្ហាញអំពីចំណាត់ស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីទទួលខុសត្រូវ ឬវិធានការណាមួយករណីគ្រោះថ្នាក់លើសិស្សានុសិស្សទាំងនេះនៅឡើយ។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវលោក សេក សុជាតិ មានប្រសាសន៍ថា អាជ្ញាធរគួរអនុវត្តការងារឲ្យច្បាស់លាស់ក្នុងការស្វែងរកសិស្សដែលជួបគ្រោះថ្នាក់នោះ មិនគួរមានការពន្យាពេលណាមួយក្នុងការជួយសង្គ្រោះរហូតឈានដល់បាត់បង់អាយុជីវិតសិស្សានុសិស្សឡើយ។ លោកថា ស្ថាប័នពាក់ព័ន្ធគួរស្រាវ់ជ្រាវឲ្យបានម៉ត់ចត់លើករណីគ្រោះថ្នាក់នេះ និងស្វែងរកករណីពាក់ព័ន្ធផ្សេងៗ ដើម្បីរកយុត្តិធម៌ឲ្យគ្រួសាររងគ្រោះ។ លោកទទូចឲ្យអាជ្ញាធររដ្ឋទាំងអស់ គួរត្រៀមខ្លួនទុកជាមុន ដូចជាសម្ភារៈ ឧបករណ៍ អ្នកជំនាញ បច្ចេកទេសជាដើម ដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅពេលមានហេតុការណ៍បែបនេះកើតឡើង។
«អឺយើងអឺពិបាកនៅក្នុងការស្វែងរករបស់អឺដើម្បីគ្រប់គ្រងដោយសារយើងអត់បានគិតគូរទុកដាក់ពីមុនមកអីចឹងទៅណា។ ហើយយើងមានបំណងមួយគឺលើកទឹកចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រៀមរៀបចំអឺសម្ភារៈអឺសង្គ្រោះបន្ទាន់អឺទុកនៅការិយាល័យ ហើយនៅពេលដែលមានបញ្ហាបែបនេះកើតឡើងទោះបីជារវល់ប៉ុណ្ណា ក៏ដោយគឺត្រូវតែគិតគូរទៅដល់គ្រោះថ្នាក់នៃអាយុជីវិតរបស់មនុស្សជាអាទិភាពមិនគួរបណ្តែតបណ្តោយរហូតទៅដល់អឺៗមានការបាត់បង់ហើយទើបអឺមានអឺវត្តមាននៅកន្លែងកើតហេតុអីចឹងជាដើមបាទ»។
លោក សេក សុជាតិ
អ្នកលេងបណ្តាញសង្គមម្នាក់ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលមានឈ្មោះ ហេង អង្គារ ថា ឧប្បត្តិហេតុនេះ មិនមែនគ្រាន់តែជា “គ្រោះថ្នាក់អយុត្តិធម៌ធម្មតា” នោះទេ ប៉ុន្តែវាបញ្ជាក់យ៉ាងច្បាស់អំពីភាពខ្វះការប្រុងប្រយ័ត្ន និងភាពធ្វេសប្រហែសរបស់អ្នកបើកបរ និងការធូរលុងក្នុងការត្រួតពិនិត្យបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសិស្សានុសិស្សពីសំណាក់ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច។ លោកសួរថា តើត្រូវមានជីវិតក្មេងៗប៉ុន្មាននាក់ទៀត ទើបអាជ្ញាធរភ្ញាក់ខ្លួន និងមានវិធានការតឹងរ៉ឹង?
លោកទទូចឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មិនត្រូវគេចវេសពីការទទួលខុសត្រូវឡើយ ហើយត្រូវតែបើកការស៊ើបអង្កេតដោយតម្លាភាព ស្វែងរកអ្នកខុសត្រូវ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះអ្នកពាក់ព័ន្ធ។ ការដោះស្រាយត្រឹមការរំលែកទុក្ខ គឺមិនគ្រប់គ្រាន់ទេ គឺទាមទារឱ្យមាន “ការទទួលខុសត្រូវផ្នែកច្បាប់ និងស្មារតី” យ៉ាងម៉ឺងម៉ាត់។ ដើម្បីកុំឱ្យសោកនាដកម្មបែបនេះកើតឡើងជាថ្មីលោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងគ្រប់សាលារៀនទាំងអស់ ត្រូវតែដាក់ចេញជាបន្ទាន់នូវបទដ្ឋានបច្ចេកទេសសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត លើរថយន្តដឹកសិស្ស ការត្រួតពិនិត្យល្បឿន ស្មារតីអ្នកបើកបរ និងការរៀបចំរបាំងសុវត្ថិភាពតាមដងផ្លូវ ឬចំណុចប្រឈមគ្រោះថ្នាក់នានា៕









