

អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។ ពួកគេយល់ថា ករណីនេះ អាចបង្កឱ្យមានការភ័យខ្លាចក្នុងការបញ្ចេញមតិ និងរិះគន់បញ្ហាសង្គម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សេរីភាពបញ្ចេញមតិគឺជាផ្នែកសំខាន់មួយនៃប្រទេសប្រជាធិបតេយ្យ ព្រោះវាផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកែលម្អ និងអភិវឌ្ឍប្រទេសជាតិ។ លោកយល់ថា ប្រសិនបើប្រជាពលរដ្ឋមិនអាចរិះគន់បញ្ហាដែលកើតឡើងក្នុងសង្គមបានទេ នោះអាចធ្វើឱ្យអ្នកដែលចង់ចូលរួមដោះស្រាយបញ្ហាជាតិមានការភ័យខ្លាចក្នុងការបញ្ចេញមតិ។
លោក ស៊ឹង សែនករុណា បានប្រៀបធៀបស្ថានភាពនេះទៅនឹងពាក្យសម្ដីដែលប្រជាពលរដ្ឋធ្លាប់ប្រើក្នុងសម័យខ្មែរក្រហមថា «ត្រូវដាំដើមគ ដើម្បីរស់» ដោយលោកពន្យល់ថា ប្រសិនបើមនុស្សគ្រប់គ្នាត្រូវនៅស្ងៀម ទោះបីមើលឃើញបញ្ហាក្នុងសង្គមក៏ដោយ នោះសេរីភាពបញ្ចេញមតិនឹងត្រូវរឹតត្បិត។
ពាក់ព័ន្ធនឹងការផ្ដន្ទាទោសយុវតី ភី ស្រីណយ លោក ស៊ឹង សែនករុណា ចាត់ទុកថា ជាការសម្រេចមួយដែលអយុត្តិធម៌ចំពោះយុវតីរូបនេះ ដែលបានបញ្ចេញមតិរិះគន់ការដឹកនាំ និងការអនុវត្តការងាររបស់អាជ្ញាធរខេត្តពោធិ៍សាត់។
«ខ្ញុំថាវាជាសាលាក្រមមួយដ៏អយុត្តិធម៌សម្រាប់ក្មេងស្រីម្នាក់ហ្នឹង ដែលគាត់ហ៊ានបញ្ចេញមតិ គាត់ហ៊ានរិះគន់នៅក្នុងបញ្ហាដឹកនាំរបស់ខាងខេត្តពោធិ៍សាត់ ឬក៏ខាងអាជ្ញាធរខេត្តពោធិ៍សាត់ដែលធ្វើមិនត្រឹមត្រូវអីទាំងអស់នេះ។ ខ្ញុំគិតថាគួរតែចុះទៅពិនិត្យមើល បើសិនជាការរិះគន់អីទាំងអស់ហ្នឹង វាសុទ្ធសឹងតែជារឿងពិតជាក់ស្ដែងកើតឡើងនៅក្នុងប្រទេសកម្ពុជា ឬក៏នៅក្នុងខេត្ត អញ្ចឹងគួរតែត្រូវពិនិត្យ ហើយយកមករកដំណោះស្រាយជូនគាត់ទៅ ឬក៏ជូនប្រជាពលរដ្ឋ ឬក៏បញ្ហាហ្នឹងរកដំណោះស្រាយទៅ ហ្នឹងវាជារឿងល្អប្រសើរបាត់ទៅហើយណា»។
លោក ស៊ឹង សែនករុណា
លោកបានអំពាវនាវឱ្យអាជ្ញាធរចុះពិនិត្យបញ្ហាដែលយុវតីបានលើកឡើង ហើយប្រសិនបើការរិះគន់នោះពាក់ព័ន្ធនឹងហេតុការណ៍ពិតដែលបានកើតឡើង គួរតែស្វែងរកមូលហេតុ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាជាងចាត់វិធានការលើអ្នកដែលបានលើកឡើងពីបញ្ហានោះ។
លោកក៏បានព្រមានថា ការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការមិនដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ អាចបង្កើនភាពឈឺចាប់ និងការមិនពេញចិត្តក្នុងសង្គម។ លោកយល់ថា ផលប៉ះពាល់ចុងក្រោយអាចធ្លាក់ទៅលើអាជ្ញាធរ និងរដ្ឋាភិបាលខ្លួនឯង។
លោកបន្ថែមថា ការបើកលំហសេរីភាពឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមបញ្ចេញមតិ នឹងជួយឱ្យអ្នកដឹកនាំទទួលបានព័ត៌មានពីបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ។ លោកព្រមានថា ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយទេ ការឈឺចាប់អាចបណ្ដាលឱ្យមានការទាមទារ និងការតវ៉ានាពេលក្រោយ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តពោធិ៍សាត់បានប្រកាសថា ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចផ្ដន្ទាទោសយុវតី ភី ស្រីណយ អាយុ១៩ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង»។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែតុលា តុលាការបានដកស្រង់សម្ដីរបស់យុវតីរូបនេះពីវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម។ ក្នុងវីដេអូនោះ នាងបានរិះគន់ពីការលួចប្រេងពីរថយន្តដឹកទំនិញធុនធំ និងបានប្រើពាក្យសម្ដីមួយចំនួនដែលតុលាការយល់ថា នាំឱ្យមានការរើសអើង និងគុំកួនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។
យុវតី ភី ស្រីណយ ឬ ភី យ៉ាងរី បានបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok ដោយលើកឡើងពីករណីចោរលួចប្រេងពីរថយន្តដឹកជញ្ជូនធុនធំដែលចតសម្រាកនៅម្ដុំផ្លូវវាងក្រុង ក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ខេត្តពោធិ៍សាត់។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ពាក្យសម្ដីមួយចំនួនដែលយុវតីបានប្រើប្រាស់អាចមិនសមរម្យ ប៉ុន្តែលោកថា អាជ្ញាធរ និងតុលាការក៏គួរពិនិត្យមើលមូលហេតុដែលនាំឱ្យនាងបញ្ចេញមតិរិះគន់បែបនេះដែរ។
លោក អំ សំអាត បានពន្យល់ថា ការចោទប្រកាន់បទល្មើសណាមួយត្រូវពិនិត្យលើធាតុផ្សំសំខាន់ៗចំនួនបី គឺធាតុច្បាប់ ដែលមានន័យថា ច្បាប់ត្រូវកំណត់អំពីបទល្មើសនោះ ធាតុសម្ភារ ដែលសំដៅលើអំពើ ឬសកម្មភាពដែលបានប្រព្រឹត្ត និងធាតុអត្តនោម័ត ដែលពាក់ព័ន្ធនឹងចេតនា ឬឆន្ទៈរបស់បុគ្គលក្នុងការប្រព្រឹត្តអំពើនោះ។ លោកថា ប្រសិនបើធាតុផ្សំទាំងបីនេះមិនមានគ្រប់គ្រាន់ទេ ការកំណត់ថាអំពើណាមួយជាបទល្មើសអាចមានបញ្ហា។
លោក អំ សំអាត ក៏បានស្នើឱ្យអាជ្ញាធរ និងតុលាការអនុវត្តច្បាប់ដោយមានស្តង់ដារដូចគ្នាចំពោះបុគ្គលផ្សេងៗដែលប្រើពាក្យសម្ដីប្រមាថ ឬប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ដើម្បីជៀសវាងការរិះគន់ថា ការអនុវត្តច្បាប់មានភាពមិនស្មើគ្នា។
កាលពីខែតុលា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បានបង្ហាញការព្រួយបារម្ភចំពោះការរឹតត្បិតសេរីភាពបញ្ចេញមតិ លំហសង្គមស៊ីវិល និងការចូលរួមនយោបាយនៅកម្ពុជា។
ទោះបីជាលោកទទួលស្គាល់ការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិក៏ដោយ លោកបានលើកឡើងពីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងអ្នកសារព័ត៌មាន ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្ត ខណៈកម្ពុជាត្រៀមរៀបចំការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨៕









