

សហរដ្ឋអាមេរិកបង្ហាញការប្ដេជ្ញាចិត្តឥតងាករេក្នុងកិច្ចសហការជាមួយកម្ពុជា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងតាមរកមេខ្លោងនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ។ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) បញ្ជាក់ថា បេសកកម្មរបស់លោកគឺផ្ដោតសំខាន់លើការការពារសុវត្ថិភាព និងការខាតបង់ប្រាក់របស់ពលរដ្ឋអាមេរិកដែលរងគ្រោះដោយសារក្រុមឆបោកតាមអនឡាញ។
មុនជំនួបទ្វេភាគីជាលើកដំបូងជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) នៅថ្ងៃទី១៣ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការបន្តធ្វើការជាមួយកម្ពុជា ដើម្បីបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងស្វែងរកមេខ្លោងនៅពីក្រោយឧក្រិដ្ឋកម្មនេះ ដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅកម្ពុជា សហរដ្ឋអាមេរិក និងជុំវិញពិភពលោក។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាឱ្យដឹងថា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ក៏ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។
នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ក៏បានជួបទ្វេភាគីជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ លោក ហ៊ុន សែន បានបង្ហាញជំនឿថា រដ្ឋាភិបាលកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាឱ្យបានទាំងស្រុង។ លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ឧក្រិដ្ឋកម្មតាមអនឡាញជាបញ្ហាសកល ហើយការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគី។
ជាការឆ្លើយតប លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក និងជំរុញឱ្យកម្ពុជាបើកទូលាយបន្ថែមទៀតចំពោះអាជីវកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិក។
ជុំវិញជំនួបនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាឱ្យដឹងបន្ថែមថា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានពិភាក្សាជាមួយលោក ហ៊ុន សែន ដោយផ្ដោតសំខាន់លើការបន្តជំរុញទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ ដើម្បីផ្ដល់ផលប្រយោជន៍រួម។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីឱកាសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកផងដែរ។ ស្ថានទូតអាមេរិកលើកឡើងថា ហិរញ្ញប្បទានចំនួន ១០០លានដុល្លារអាមេរិករបស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសក្ខីភាពបង្ហាញពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងតួនាទីរបស់សហរដ្ឋអាមេរិកក្នុងនាមជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ជំនួបរវាង លោក ហ៊ុន សែន និងឯកអគ្គរដ្ឋទូតអាមេរិកថ្មី មិនមែនគ្រាន់តែជាជំនួបពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចធម្មតានោះទេ។ លោកថា ជំនួបនេះបង្ហាញពីសម្ពាធរបស់សហរដ្ឋអាមេរិកទៅលើមេដឹកនាំត្រកូល ហ៊ុន ឱ្យចាត់វិធានការកាន់តែខ្លាំងក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងតាមចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ។
លោក គឹម សុខ ពន្យល់ថា ការថ្លែងរបស់ឯកអគ្គរដ្ឋទូតអាមេរិកដែលទាមទារឱ្យកម្ពុជាបើកលំហបន្ថែមទៀតនោះក៏ជាការដាក់សម្ពាធឱ្យលោក ហ៊ុន សែន ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។
«សាររបស់ទូតថ្មីអាមេរិកនេះក៏ជាការព្រមានដែរថា ប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន មិនស្ដារប្រជាធិបតេយ្យ នៅតែបំពានសិទ្ធិមនុស្ស នៅតែមិនកម្ចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ នៅតែមិននាំយកឧក្រិដ្ឋជនដែលជាមេបណ្ដាញធំៗឱ្យទៅប្រឈមមុខច្បាប់ ហើយនៅតែអនុវត្តច្បាប់ដោយមិនធានាយុត្តិធម៌ នោះអាមេរិកាំងមិនដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្តទៀតទេ ឬក៏អាចមានទណ្ឌកម្មកម្រិតសេដ្ឋកិច្ចធ្ងន់ធ្ងរបន្តិចផង ប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន នៅតែមានះមិនព្រមធ្វើតាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិក»។
លោក គឹម សុខ
មុនពេលមកដល់កម្ពុជា និងចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មី លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានប្រកាសប្ដេជ្ញា និងសន្យាចំពោះ មុខគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា ការកម្ទេចបណ្ដាញឆបោកនៅកម្ពុជា គឺជាអាទិភាពសំខាន់មួយនៃបេសកកម្មរបស់លោក ព្រោះបណ្ដាញឆបោកទាំងនេះបានប្លន់លុយពីពលរដ្ឋអាមេរិកអស់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ក្រុមមេដឹកនាំនៃរដ្ឋាភិបាលត្រកូល ហ៊ុន រងការរិះគន់ថា បានព្យាយាមកាងការពារក្រុមបណ្ដាញឧក្រិដ្ឋជនឆបោកនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ បន្តិចម្ដងៗបញ្ហាឆបោកតាមអនឡាញ ក៏បានក្លាយជាវិបត្តិញាំញីបំផ្លាញប្រជាជាតិខ្មែរ និងធ្វើឱ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង ដោយសារបណ្ដាញឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការឆបោកមនុស្សជុំវិញពិភពលោក។ បណ្ដាញឧក្រិដ្ឋជនទាំងនេះប្រើប្រាស់កាស៊ីណូ និងអគារអាជីវកម្មនានានៅកម្ពុជា ធ្វើជាមូលដ្ឋានមជ្ឈមណ្ឌលឆបោកជនរងគ្រោះតាមរយៈការបោកប្រាស់ក្នុងទម្រង់វិនិយោគក្លែងក្លាយ ការឆបោកស្នេហា និងតាមរូបិយប័ណ្ណគ្រីបតូ ជាដើម។ សហរដ្ឋអាមេរិក និងស្ថាប័នជំនាញក៏បានរកឃើញថា ក្រុមបណ្ដាញឆបោកដែលភាគច្រើនជាឧក្រិដ្ឋជនគឺមានខ្នងបង្អែកដ៏រឹងមាំពីរដ្ឋអំណាចនៃរដ្ឋាភិបាលត្រកូល ហ៊ុន ព្រមទាំងផ្សារភ្ជាប់យ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងការជួញដូរមនុស្ស ដោយមានជនរងគ្រោះចម្រុះជាតិសាសន៍នៅជុំវិញពិភពលោក រួមទាំងពលរដ្ឋខ្មែរផងត្រូវបានគេបោកបញ្ឆោតរួចបង្ខាំង និងបង្ខំឱ្យធ្វើសកម្មភាពឆបោកតាមអនឡាញក្រោមរូបភាពការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សផ្សេងៗ។
របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី៣ (Tier 3) ដែលមានន័យថា ស្ថានភាពអំពើជួញដូរមនុស្សនៅកម្ពុជានៅតែមានលក្ខណៈអាក្រក់។ អាមេរិកលើកឡើងថា រដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការបង្ការ និងទប់ស្កាត់បញ្ហាជួញដូរមនុស្ស និងមិនបានចាត់វិធានការលើអ្នកមានអំណាច និងមន្ត្រីជាន់ខ្ពស់មួយចំនួនដែលទទួលផលប្រយោជន៍ពីអំពើជួញដូរមនុស្ស និងពាក់ព័ន្ធប្រតិបត្តិការមជ្ឈមណ្ឌលឆបោក ដើម្បីយកមកអនុវត្តទោសតាមច្បាប់ឡើយ។ សហរដ្ឋអាមេរិកសង្កត់ធ្ងន់ថា បញ្ហាអំពើពុករលួយ និងការអនុវត្តច្បាប់មិនស្មើភាពបានធ្វើឱ្យមន្ត្រី និងឧកញ៉ាគ្រាក់ៗមួយចំនួននៅតែបន្តរស់នៅក្រៅសំណាញ់ច្បាប់ ហើយពួកគេនៅតែអាចឃុបឃិតជាប្រព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សនៅកម្ពុជា៕









