

សង្គមស៊ីវិលចងក្រងវីដេអូបង្ហាញពីក្តីនឹករលឹករបស់គ្រួសារចំពោះយុវជន ធី ថន ក្រោយអវត្តមានរបស់លោករស់នៅក្បែរក្រុមគ្រួសារ រយៈពេលជាង២ឆ្នាំមកនេះ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការផ្តន្ទាទោស យុវជន ធី ថន ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ ជារឿងមិនសមហេតុផល ហើយតុលាការគួរដោះលែងយុវជនសង្គមរូបនេះឲ្យមានសេរីភាពវិញ។
រយៈពេលជាងពីរឆ្នាំមកហើយ ដែលយុវជនសង្គមលោក ធី ថន កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងឃ្លាតឆ្ងាយពីគ្រួសារ ដោយអយុត្តិធម៌។
នៅថ្ងៃទី៣០ តុលា សង្គមស៊ីវិលជាច្រើន រួមមាន អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) សមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សសង់ត្រាល់ (CENTRAL) អង្គការមាតាធម្មជាតិ (Mother Nature) អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia) និងបណ្តាញយុវជនកម្ពុជា (CYN) ជាដើម បានបង្ហោះសាររំលឹក និងបង្ហាញពីទុក្ខសោករបស់គ្រួសារយុវជន ធី ថន ដែលបានបាត់បង់ភាពកក់ក្ដៅ និងសុភមង្គលក្នុងគ្រួសារជាខ្លាំង ក្រោយយុវជនរូបនេះជាប់ពន្ធនាគារ។
នៅក្នុងវីដេអូឃ្លីបប្រមាណជិត ២នាទី របស់សង្គមស៊ីវិល បានបង្ហាញអំពីក្តីនឹករម្លឹកកូនជាទីស្រឡាញ់ របស់ឳពុកម្តាយយុវជនសង្គមរួបនេះ និងការណ៍ដែលកូនរបស់អ្នកទាំងពីរត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៧ឆ្នាំ។
ឳពុកលោក ធី ថន គឺលោក មឿង ធី រៀបរាប់ទាំងអារម្មណ៍ខ្សឹកខ្សួលលាយនឹងទឹកភ្នែកថា ២ឆ្នាំមកហើយដែលលោកមិនបានជួបមុខកូន ហើយបារម្ភពីសុខទុក្ខរបស់កូនប្រុសជាខ្លាំង។ លោកថា ទោះបីជាកូនរបស់លោកជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ក្តី តែលោកនៅតែគាំទ្រនូវជំហរបស់កូនប្រុសលោកក្នុងការចូលរួមសកម្មភាពសង្គមជានិច្ច។ លោកថា ទោះលោកជួបការខ្វះខាត លំបាកយ៉ាងណា ក៏លោកនៅតែជួយផ្គត់ផ្ទង់កូនប្រុសនៅក្នុងពន្ធនាគារមិនឲ្យខ្វះខាតឡើយ។
«ការព្រួយបារម្ភខ្ញុំ រករំលែកទុក្ខអត់បាន បើកូនខ្ញុំមានភាពអយុត្តិធម៌ម្លឹងៗ ឱ្យខ្ញុំមិនគិតអាម្តេចកើត? ខ្ញុំតែងតែទទួលស្គាល់ ត្រែកអរ ព្រោះកូនមិនបានប្រព្រឹត្តទង្វើអ្វីមួយដែលខុសច្បាប់ទេ»។
លោក មឿង ធី
យុវជនវ័យ២៥ឆ្នាំ លោក ធី ថន គឺជាអនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាយុវជនម្នាក់ដែលតែងតែសកម្មក្នុងការងារសង្គម កិច្ចការពារបរិស្ថាន និងការទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សលោក កើត សារ៉ាយ និងសកម្មជនចលនាមាតាធម្មជាតិទាំង ៥ រូប ព្រមទាំងការតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិក្នុងការជួបជុំ និងទាមទារឱ្យមាននិតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យពេញលេញជាដើម។
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសយុវជនរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់»។
អាជ្ញាធរចាប់ខ្លួន យុវជន ធី ថន កាលពីខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធព្រឹត្តិការណ៍នៃសកម្មភាពរិះគន់ និងតវ៉ាជាសាធារណៈ ជាពិសេសតាមបណ្ដាញសង្គម ជំទាស់នឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ ក្រោយមករដ្ឋាភិបាលកម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយសារមានការតវ៉ាពីពលរដ្ឋ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា តុលាការមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ និងភស្តុតាងគ្រប់គ្រាន់ក្នុងការកាត់ទោសយុវជនសង្គមរូបនេះឡើយ។ លោកថា សកម្មភាពរបស់យុជន ធី ថន គឺជាការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងនាមជាពលរដ្ឋសកម្មក្នុងរឿងសង្គម ហើយការចាប់ខ្លួនលោក គឺជាការរឹតត្បិតដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ លោកទទូចឲ្យរដ្ឋាភិបាលដោះលែងយុវជនរូបនេះ ព្រមទាំងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ។
«ការគោរពសិទ្ធិមនុស្សហ្នឹងមានការធ្លាក់ចុះដែលប៉ះពាល់ដល់ដំណើរការនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្ដុំដោយសន្តិវិធី។ ហើយកន្លងមកបញ្ហាទាំងអស់នេះមិនមែនតែអង្គការសង្គមស៊ីវិលនៅក្នុងស្រុកដែលធ្វើការផ្នែកសិទ្ធិមនុស្ស បរិស្ថាន ព្រៃឈើ និងអង្គការធ្វើការលើការតស៊ូមតិ និងប្រជាធិបតេយ្យប៉ុណ្ណោះទេ សូម្បីតែអង្គការអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ជាពិសេសគឺអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក ថម អេនដ្រូ ក៏បានលើកឡើងអំពីបញ្ហានេះ ហើយក៏ទាមទារមានការដោះលែងទៅលើយុវជន និងសកម្មជនទាំងអស់ហ្នឹងផងដែរ»។
លោក អំ សំអាត
កន្លងមក រដ្ឋាភិបាលកម្ពុជា ធ្លាប់រងការរិះគន់ខ្លាំងលើការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញពលរដ្ឋស្លូតត្រង់។
របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៦ ចេញផ្សាយកាលពីថ្ងៃទី២១ តុលា ក៏បានបង្ហាញដែរថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបខ្លាំងលើសន្ទស្សន៍នីតិរដ្ឋ ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការប្រឆាំងអំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល ការគោរពសិទ្ធិមនុស្ស និងសេរីភាពនយោបាយជាដើម។
ក្រុមអង្គការសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដោះលែង យុវជន ធី ថន សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បីកុំឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់បន្ថែមទៀតលើការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕









