

សហរដ្ឋអាមេរិកបានប្រកាសពង្រីកការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែមលើបុគ្គល ៤ នាក់ និងក្រុមហ៊ុនជាង ៤០ផ្សេងទៀតដែលអាមេរិករកឃើញថា មានទំនាក់ទំនងជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍ គ្រុប (Prince Group TOC) របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នៅកម្ពុជា។ សហរដ្ឋអាមេរិកឱ្យដឹងថា បុគ្គល និងក្រុមហ៊ុនរងទណ្ឌកម្មទាំងនេះ បានតួនាទីយ៉ាងសកម្ម ដើម្បីសម្របសម្រួលដល់អំពើជួញដូរមនុស្ស លាងលុយកខ្វក់ និងប្រតិបត្តិការឆបោកតាមអនឡាញដែលដាក់គោលដៅឆបោកលុយពីពលរដ្ឋអាមេរិកកាំង។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិកឱ្យដឹងថា ក្នុងចំណោមបុគ្គល ៤នាក់ដែលបានរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្នុងសំណុំឧក្រិដ្ឋកម្មឆបោកតាមអនឡាញភាគច្រើនគឺជាជនជាតិចិនមានសញ្ជាតិខ្មែរ។ ក្រៅពីនេះ ក៏មានសមាជិកឆបោកសំខាន់ម្នាក់ទៀតរបស់លោក ចេន ហ្ស៊ី ដែលជាជនជាតិម៉ាឡេស៊ីគឺលោក ឈុយ កុក វ៉ា (Chui Kok Wa) ក៏បានរងទណ្ឌកម្ម និងការចោទប្រកាន់លើការដឹកនាំបណ្ដាញឆបោកនៅប្រទេសម៉ាដាហ្គាស្កា (Madagascar) ដើម្បីឆបោកលុយពីពលរដ្ឋជនជាតិអាមេរិកជាង ៤០ម៉ឺនដុល្លារ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារអាមេរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកា បញ្ជាក់ថា វិធានការថ្មីនេះ គឺជាផ្នែកមួយនៃការបង្ក្រាបលើបណ្ដាញក្រុមហ៊ុន និងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ដែលជួយឱ្យក្រុមឧក្រិដ្ឋជនអាច ផ្ទេរប្រាក់ឆ្លងដែនដោយខុសច្បាប់ និងបន្តប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីគេចវេះពីការអនុវត្តច្បាប់។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសសិន (Scott Bessent) មានប្រសាសន៍ថា ក្រុមឧក្រិដ្ឋជនឆបោកអនឡាញនៅតែបន្តប្លន់លុយរាប់ពាន់លានដុល្លារពីជនរងគ្រោះជាជនជាតិអាមេរិក ដោយពួកគេបានពឹងផ្អែកលើបណ្ដាញអាជីវកម្មអន្តរជាតិដ៏ស្មុគស្មាញ ដើម្បីលាងលុយកខ្វក់ដែលរកបានមកពីអំពើឧក្រិដ្ឋកម្ម។ លោកសង្កត់ធ្ងន់ថា អាមេរិកនៅតែបន្តប្ដេជ្ញាតាមកម្ទេចបណ្ដាញឆបោកទាំងនេះដោយរាប់ចាប់តាំងពីថ្នាក់ដឹកនាំ រហូតដល់បណ្ដាញក្រុមហ៊ុន និងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុដែលជួយសម្រួលដល់ប្រតិបត្តិការលាងលុយកខ្វក់របស់ពួកគេ។
ក្នុងចំណោមបុគ្គលដែលរងទណ្ឌកម្មចុងក្រោយនេះរួមមានលោក ឈីវ យ៉ុង (Qiu Yong) ដែលជាបុគ្គលសំខាន់ម្នាក់ក្នុងបណ្ដាញអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍ គ្រុប ហើយមានសញ្ជាតិខ្មែរដែរ។ លោក ឈីវ យ៉ុង (Qiu Yong) ត្រូវបានរកឃើញថា បានគ្រប់គ្រងក្រុមហ៊ុនជាច្រើនដែលរកស៊ីផ្ដោតលើការផ្ដល់ប្រាក់កម្ចី ការលក់ស្រា បារី និងអាជីវកម្មច្រើនផ្សេងៗនៅដែនកោះប្រ៊ីធីស វើជីន អាយឡិនដ៍ (British Virgin Islands) និងនៅហុងកុង (Hongkong) ក្នុងនាមសមាជិកខ្ពស់នៃក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលគ្រប់គ្រងដោយមេខ្លោងឆបោកលោក ចេន ហ្ស៊ី។ អាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់លោកចំនួន ៤ផ្សេងទៀតដែលបានចុះបញ្ជីនៅដែន កោះ ប្រ៊ីធីស វើជីន អាយឡិនដ៍ (British Virgin Islands) ដោយអះអាងថា ជាក្រុមហ៊ុនដែលលោក ឈីវ យ៉ុង ប្រើប្រាស់ជាមធ្យោបាយសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិ និងប្រតិបត្តិការអាជីវកម្ម។
សេចក្ដីប្រកាសរបស់ក្រសួងរតនាគារអាមេរិកក៏បានកំណត់ និងដាក់ទណ្ឌកម្មអ្នកស្រី ចាវ ម៉េងយ៉ាវ (Zhao Mengyao) ហៅក្រៅ អេមី ចាវ (Amy Zhao) ដែលជាជំនួយការផ្ទាល់របស់លោក ឈីវ យ៉ុង។ អ្នកស្រី ចាវ ម៉េងយ៉ាវ (Zhao Mengyao) ក៏ជាម្ចាស់ភាគហ៊ុនរួមជាមួយលោក ឈីវ យ៉ុង នៅក្នុងក្រុមហ៊ុនជាច្រើននៅហុងកុង និងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកជំនួញចិន លោក ចូវ យុន (Zhou Yun) ដែលអាមេរិកធ្លាប់កំណត់ថា ជាជំនួយការគ្រប់គ្រងឃ្លាំងទ្រព្យសម្បត្តិរបស់មេខ្លោងឆបោកលោក ចេន ហ្ស៊ី។
ក្រៅពីបុគ្គលខាងលើចំណាត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏បានពង្រីកទៅដល់បុគ្គលចំនួន ២នាក់ទៀត ដែលក្ដោបក្ដាប់ក្រុមហ៊ុនជាច្រើន និងគ្រប់គ្រងអាជីវកម្មចម្រុះនៅក្នុងកម្ពុជា។ អ្នកទាំងពីរនោះរួមមាន អ្នកស្រី ហឺ យូជីង (He Yujing) ជាជនជាតិចិនមានសញ្ជាតិខ្មែរ និងត្រូវជាភរិយារបស់លោក ចេន ប៉ូ (Chen Bo) មនុស្សជំនិតរបស់លោក ចេន ហ្ស៊ី (Chen Zhi)។ ចំណែក បុគ្គលម្នាក់ទៀត គឺលោក ប៉ាង វៃហ្ស៊ី (Pang Weizhi) ក៏ជាអ្នកជំនួញដើមកំណើតជាជនជាតិចិនដូចគ្នា និងមានឈ្មោះក្នុងសញ្ជាតិខ្មែរថា ប៉ាង វិសាល (Pang Visal)។
លោក ចេន ប៉ូ ប្ដីអ្នកស្រី ហឺ យូជីង (He Yujing) ត្រូវបានអាមេរិកដាក់ទណ្ឌកម្មកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងសំណុំឆបោកអនឡាញ និងការលាងលុយកខ្វក់។ ក្រោយមកក្រសួងរតនាគារអាមេរិកឱ្យដឹងថា លោកបានផ្ទេរកម្មសិទ្ធិផ្ទះវីឡាប្រណីតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទៅឱ្យភរិយារបស់លោក គឺអ្នកស្រី ហឺ យូជីង។ អ្នកស្រី ហឺ យូជីង ក៏ជាម្ចាស់ក្រុមហ៊ុន ស៊ុបភើ ឡៃត៍ ស្ពីដ ខេអេច ថេកណូឡូជី (Super Light Speed Kh Technology) នៅកម្ពុជាដែលរកស៊ីលើវិស័យ សេវាកម្មលក់ និងដឹកជញ្ជូនម្ហូបអាហារ (WowNow) លក់ទំនិញតាមអនឡាញ សេវាកម្មដឹកជញ្ជូនទំនិញក្នុងស្រុក និងពីក្រៅប្រទេស និងសេវាកម្មបញ្ចូលលុយហ្គេមអនឡាញ។
ចំណែក លោក ប៉ាង វៃហ្ស៊ី ឬ ប៉ាង វិសាល អាមេរិករកឃើញថា គ្រប់គ្រងក្រុមហ៊ុនយ៉ាងហោចណាស់ចំនួន ១១ នៅកម្ពុជា ហើយក្រុមហ៊ុនមួយចំនួនត្រូវបានគ្រប់គ្រងរួមគ្នាជាមួយលោក ចេន ប៉ូ ដែលជាកូនចៅជំនិតលោក ចេន ហ្ស៊ី។ ក្រុមហ៊ុនក្រោមការក្ដោបក្ដាប់របស់លោកនៅកម្ពុជាទាំងនោះមានឈ្មោះដូចជា ក្រុមហ៊ុន ស៊ីអេហ្វយូ គ្រុប (Cambodia First Unite Construction Group) ហ្វឺស យូណៃធីត អ៊ីនធើណេសិនណល ឡូជីស្ទីក (First Unite International Logistics) ក្រុមហ៊ុន ហ្វឺស យូណៃធីត ណេតវើកស៍ អេនធើថេនមិន (First Unite Networks Entertainment) ហ្វឺស យូណៃធីត (First Unite Property) ហ្វឺស យូណៃធីត ដេគ័ររេសិន ខេមបូឌា (Cambodian First Unite Construction Machinery) ខេមបូឌាន ហ្វឺស យូណៃធីត ខនស្ត្រាក់សិន (Cambodian First Unite Construction Machinery) លីងឌឺស ថេកណូឡូជី (Linkedus Technology) ខេមបូ ឌ្យូធី ហ្វ្រី (Cambo Duty Free Merchandise) ក្រុមហ៊ុន ម៉ាកូ ប៉ូឡូ ហូថែល (Marco Polo Hotel) យូឡាយហ្វ៍ ហ្គោ ណាវ (U-Life Go Now) និងក្រុមហ៊ុន យូឡាយហ្វ៍ ខេអេច ស៊ុបភើ អេប (U-Life KH Super App)។ ក្រុមហ៊ុនរងការចោទពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកទាំងនេះរកស៊ីបាំងមុខដោយរបរអាជីវកម្មស្របច្បាប់ដូចជា គ្រឿងសំណង់ ដឹកជញ្ជូន សេវាកម្មកម្សាន្ត អចលនទ្រព្យ គូសប្លង់អគារ សណ្ឋាគារ សេវាកម្មពាណិជ្ជកម្ម និងសេវាកម្មបច្ចេកវិទ្យា ជាដើម។
ក្រៅពីបុគ្គល និងក្រុមហ៊ុនដែលមានទំនាក់ទំនងនៅកម្ពុជា សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៣ ផ្សេងទៀត ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី ម៉ូរីស និងម៉ាឡេស៊ី ដែលក្រុមហ៊ុនទាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយលោក ដាយ អាន (Dai An) ដែលជាមេដឹកនាំជាន់ខ្ពស់មួយរូបក្នុងក្រុមហ៊ុន ព្រីនស៍ គ្រុប របស់លោក ចេន ហ្ស៊ី។ថ
ក្រសួងរតនាគារអាមេរិកបញ្ជាក់ថា ចំណាត់ការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនទាំងនេះ នឹងធ្វើឱ្យទ្រព្យសម្បត្តិរបស់ពួកគេដែលស្ថិតនៅសហរដ្ឋអាមេរិកត្រូវបានបង្កក និងស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក។ ជាមួយនេះ ក្រុមហ៊ុន ឬបុគ្គលណាដែលកាន់កាប់ភាគហ៊ុនដោយផ្ទាល់ ឬមានភាគហ៊ុនចាប់ពី ៥០ភាគរយក៏រងចំណាត់ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះដូចគ្នា។
វិធានការដាក់ទណ្ឌកម្មថ្មីនេះ ធ្វើឡើងដោយសហការជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ក្រសួងយុត្តិធម៌អាមេរិក និងអាជ្ញាធរពាក់ព័ន្ធមួយចំនួននៅចក្រភពអង់គ្លេស និងសមត្ថកិច្ចនៅដែនកោះ ប្រ៊ីធីស វើជីន អាយឡិនដ៍ (British Virgin Islands)។
ជុំវិញចំណាត់ការទណ្ឌកម្មថ្មីរបស់អាមេរិកនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា បុគ្គល និងក្រុមហ៊ុនឆបោកដែលតែងតែផ្ដល់លុយចិញ្ចឹមអំណាចឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន នឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ លោកសង្កត់ធ្ងន់ថា អ្នកពាក់ព័ន្ធ និងក្រុមហ៊ុនដែលអាមេរិកដាក់ទណ្ឌកម្មនេះប្រសិនបើគ្មានអំណាចរដ្ឋាភិបាលត្រកូល ហ៊ុន កាងការពារ និងរៀបចំជាប្រព័ន្ធ ពួកគេក៏មិនប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជាបានឡើយ។
លោក គឹម សុខ ឱ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នឹងបន្តបេសកកម្ម ដើម្បីទាញកម្ពុជាចេញពីអំណាចគ្រប់គ្រងបែបឧក្រិដ្ឋកម្ម តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ស្ថាប័នអន្តរជាតិ និងបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ ដើម្បីផ្ដល់ព័ត៌មាន និងគិតគូរអំពីយុទ្ធសាស្ត្ររួមប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា។
«របាយការណ៍ចុងក្រោយរបស់អាមេរិក វាជាការបង្ហាញអំពីសកម្មភាពធ្វើយុទ្ធនាការព័ទ្ធចាប់បណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ហើយព័ទ្ធឱ្យដល់ឫសគល់គោលដៅមេធំនៅកម្ពុជាតែម្ដង។ គេចាប់ផ្ដើមប្រលេះម្ដងមួយៗ បន្ទាប់មកគេរុលដល់ពួកឧកញ៉ា ជុំវិញក្រុមគ្រួសារ ហ៊ុន គោលដៅរបស់គេគឺចង់បង្ហាញថា ហ៊ុន សែន ហ្នឹងឯងគឺជាមេធំ។ អ៊ីចឹងហើយបានជារដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ប្រឹងក្រាញននៀលការពារអំណាចឱ្យបានណា។ បើការពារអំណាចមិនបានទេ រឿងទាំងអស់ហ្នឹងត្រូវខ្ចរខ្ចាយក្លាយទៅជាឧក្រិដ្ឋជនទាំងអស់ ក្នុងចំណោមមេដឹកនាំក្រុមគ្រួសារត្រកូល ហ៊ុន នៅកម្ពុជាបច្ចុប្បន្នហ្នឹង»។
លោក គឹម សុខ
ចំណែក អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ចំណាត់ការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកលើបុគ្គល និងក្រុមហ៊ុនពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន គឺជាសញ្ញាព្រមានយ៉ាងធ្ងន់ធ្ងរមួយចំពោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ លោកថា ចំណាត់ការនេះក៏បានបង្ហាញកាន់តែច្បាស់ពីចំណុចខ្សោយនៃប្រព័ន្ធដឹកនាំអភិបាលកិច្ច សេដ្ឋកិច្ច និងការទូតរបស់កម្ពុជាដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងប្រឈមមុខ ព្រមទាំងបង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធត្រួតពិនិត្យហិរញ្ញវត្ថុការប្រឆាំងការលាងលុយកខ្វក់ និងការផ្ទៀងផ្ទាត់ប្រភពទុនដែលមិនច្បាស់លាស់នៅកម្ពុជា។
លោក សេង វណ្ណលី បន្ថែមថា ទណ្ឌកម្មអន្តរជាតិជាបន្តបន្ទាប់នេះបានបន្តប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ លោកព្រមានថា ស្ថានភាពកម្ពុជាបន្តនឹងរងការចោទប្រកាន់ជាជម្រកនៃបទល្មើសហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្មឆ្លងដែន និងអាចបង្កផលប៉ះពាល់រយៈពេលវែងដល់ទំនាក់ទំនងការទូត ការទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសលោកខាងលិច។
«ចំណាត់ការទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើបុគ្គល និងបណ្ដាញក្រុមហ៊ុនដែលពាក់ព័ន្ធនឹងព្រីនស៍ គ្រុប បានបង្ហាញឱ្យច្បាស់ពីចំណុចខ្សោយនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងការលាងលុយកខ្វក់នៅកម្ពុជា ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបង្ហាញភាពអសកម្ម និងស្ទាក់ស្ទើរបើកការស៊ើបអង្កេតដោយឯករាជ្យលើបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ ដោយសារតែការបារម្ភពីផលប៉ះពាល់លើវិស័យអចលនទ្រព្យ និងទំនាក់ទំនងនយោបាយពាណិជ្ជកម្ម។ ប៉ុន្តែ ភាពស្ងៀមស្ងាត់នេះនឹងរុញច្រានឱ្យកម្ពុជាខាតបង់កិត្យានុភាពលើឆាកអន្តរជាតិ បាត់បង់ទំនុកចិត្តពីវិនិយោគិនស្អាតស្អំ និងប្រឈមមុខនឹងហានិភ័យនៃការកាត់ផ្ដាច់ប្រព័ន្ធធនាគារកម្ពុជាចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ»។
លោក សេង វណ្ណលី
ចំណាត់ការទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបណ្ដាញអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍ គ្រុប ក៏ស្របពេលអាជ្ញាធរកម្ពុជាអះអាងថា បានបង្កកទ្រព្យសម្បត្តិមេខ្លោង ចេន ហ្ស៊ីជិត ១ពាន់លានដុល្លារ និងរកឃើញក្រុមហ៊ុនជិត ១រយក្រុមហ៊ុនបានចុះបញ្ជីនៅកម្ពុជា ដើម្បីដំណើរមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ ចំណែក ក្រុមហ៊ុនចំនួន ១០០ ក្រុមហ៊ុនផ្សេងទៀតដែលមានទំនាក់ទំនងជាមួយ ចេន ហ្ស៊ី ទៀត អាជ្ញាធររកឃើញថា បានប្រតិបត្តិការឆបោកពីក្រៅប្រទេស។
អាមេរិកឱ្យដឹងថា កាលពីឆ្នាំ២០២៥ អង្គការឧក្រិដ្ឋកម្មឆ្លងដែនក្រុមហ៊ុន ព្រីនស៍ គ្រុប របស់លោក ចេន ហ្ស៊ី ដែលមានមូលដ្ឋាននៅកម្ពុជាបានឆបោកលុយពលរដ្ឋអាមេរិកយ៉ាងហោចណាស់ជាង ១៨ពាន់លានដុល្លារ។ ក្រសួងរតនាគារអាមេរិកក៏បានចាត់វិធានការប្រឆាំងដោយដាក់ទណ្ឌកម្មក្រុមហ៊ុន ព្រីសន៍ គ្រុប (Prince Group) ព្រមទាំងសមាជិក និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១៤៦ ក្រុមហ៊ុនកាលពីខែតុលា ឆ្នាំ២០២៥ និងបានបង្កកទ្រព្យសម្បត្តិលោក ចេន ហ្ស៊ី ប្រមាណ ១៥ពាន់លានដុល្លារ។ ក្រោយមកក្នុងខែមិថុនា ឆ្នាំ២០២៦ ក្រសួងរតនាគារអាមេរិកក៏បានពង្រីកចំណាត់ការរបស់ខ្លួនដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាគឺលោក កុក អាន និងបុគ្គល ៣៥នាក់ទៀតដែលអាមេរិករកឃើញថា ជាបណ្ដាញរបស់អង្គការឧក្រិដ្ឋកម្មឆ្លងដែនក្រុមហ៊ុន ព្រីនស៍ គ្រុប របស់លោក ចេន ហ្ស៊ី និងពាក់ព័ន្ធយ៉ាងសកម្មនឹងឧក្រិដ្ឋកម្មឆបោក លាងលុយកខ្វក់ និងការជួញដូរមនុស្ស។
អាមេរិកបញ្ជាក់ថា វិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើបណ្ដាញឆបោកទាំងនេះ មិនត្រឹមតែមានគោលដៅបង្ក្រាបថ្នាក់ដឹកនាំក្រុមឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅឈានដល់ការកម្ទេចបណ្ដាញក្រុមហ៊ុន និងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុដែលជួយឱ្យក្រុមឧក្រិដ្ឋជនលាក់បាំងទ្រព្យសម្បត្តិ និងបន្តប្រតិបត្តិការលាងលុយកខ្វក់ឆ្លងដែន៕









