អ្នកស្រុកកំរៀងថា កម្ពុជាបាត់ដី មិនមែនចំណេញ ដូចការអះអាងរបស់លោក ហ៊ុន ម៉ាណែត ឡើយ

0
87
ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ដោយយោធាថៃ តាមបណ្ដោយបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូប៖ យោធាថៃ
ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ដោយយោធាថៃ តាមបណ្ដោយបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូប៖ យោធាថៃ
ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ដោយយោធាថៃ តាមបណ្ដោយបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូប៖ យោធាថៃ
ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ដោយយោធាថៃ តាមបណ្ដោយបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូប៖ យោធាថៃ

ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនថៃ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងថា ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ របស់យោធាថៃ នៅតាមបណ្ដោយបង្គោលព្រំដែនលេខ៥២ ដល់៥៩ គឺមានតែធ្វើឱ្យកម្ពុជាខាតបង់ទឹកដីទៅភាគីថៃ ដោយមិនមែន ចំណេញទឹកដីដូចការទទួលស្គាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជឿលើរបាយការណ៍របស់យោធាថៃនោះឡើយ។ ក្នុងនោះពួកគាត់បានស្នើឱ្យលោក ហ៊ុន ម៉ាណែត ចុះមកពិនិត្យនៅតំបន់ព្រំដែនស្រុកកំរៀងដោយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ទីតាំងបង្គោលព្រំដែនឡើងវិញ។

ពលរដ្ឋលើកឡើងថា ប្រសិនបើរដ្ឋាភិបាលហ៊ានបើកសិទ្ធិនិងមិនចាប់ពួកគាត់យកទៅដាក់គុកទេនោះ ពួកគាត់នឹងដឹកដៃលោក ហ៊ុន ម៉ាណែត ទៅពិនិត្យមើលតំបន់ព្រំដែនស្រុកកំរៀង ដើម្បីចង្អុលប្រាប់ពីទីតាំងបង្គោលព្រំដែនចាស់ និងបង្ហាញថាតើកម្ពុជាបានបាត់បង់ទឹកដីណាខ្លះទៅកាន់ភាគីថៃ។

មន្រ្តីនៅតំបន់ព្រំដែនម្នាក់រស់នៅស្រុកកំរៀង បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកស្រី និងពលរដ្ឋនៅឃុំបឹងរាំង ជាច្រើនគ្រួសារបានបាត់បង់ដីអាស្រ័យផលទៅកាន់ប្រទេសថៃ ចាប់តាំងពីទសវត្សឆ្នាំ៨០ និងបន្តបាត់ក្រោយមានការសាងសង់របងព្រំដែនរបស់យោធាថៃ ចាប់ពីបង្គោលលេខ៥២ ដល់៥៩។ លោកស្រីបន្តថា ត្បិតការសាងសង់នេះ បានធ្វើឱ្យដីអាស្រ័យផលរបស់ពលរដ្ឋថៃមួយផ្នែក បានកាត់ចូលក្នុងទីតាំងរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែចំនួននេះគឺតិចតួចខ្លាំង ជាងដីអាស្រ័យផលរបស់ពលរដ្ឋខ្មែរដែលបានបាត់បង់ទៅកាន់ភាគីថៃ។

ថៃគេនិយាយថា បាត់ដីប្រជាជនថៃ តែអត់ទេ គឺសុទ្ធតែដីប្រជាជនខ្មែរទាំងអស់ តែរដ្ឋាភិបាលកម្ពុជាមិនបើកចិត្តឱ្យពលរដ្ឋខ្មែរតវ៉ា និយាយអំពីរឿងប្រជាជនបាត់ដីហ្នឹងទេ តាមពិតដីប្រជាជនខ្មែរគឺបាត់ទៅប្រទេសថៃអស់ច្រើនណាស់។

ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនថៃក្នុងស្រុកកំរៀង

មន្រ្តីព្រំដែន ដែលជាអ្នកស្រុកកំរៀង ចាស់ រូបនេះបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ អាជ្ញាធរនៅស្រុកកំរៀង នៅមិនបានចុះពិនិត្យ និងប្រមូលឈ្មោះពលរដ្ឋដែលបាត់បង់ដីអាស្រ័យផលនៅតាមព្រំដែននោះទេ ខណៈពលរដ្ឋរងគ្រោះមួយចំនួន ត្រូវអាជ្ញាធរដាក់សម្ពាធមិនឱ្យនិយាយពីរឿងនេះជាសាធារណៈនោះឡើយ។ លោកស្រីបានអះអាងថា លោកស្រីគឺជាអ្នកបានឃើញយោធាថៃរំកិលបង្គោលព្រំដែនលេខ៥៥ និង៥៦ ដោយផ្ទាល់ភ្នែក នៅច្រកបឹងឆ្នាំង ក្នុងភូមិព្រះពុទ្ធ ចូលក្នុងទឹកដីកម្ពុជា កាលពីទសវត្សឆ្នាំ៨០ ប៉ុន្តែកាលនោះ កងកម្លាំងរបស់កម្ពុជា មិនបានតវ៉ាជាក់ស្ដែង ឬធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើនោះឡើយ រហូតមកដល់សម័យបច្ចុប្បន្ន លោកស្រីបានឃើញទឹកដីកម្ពុជាបានបាត់បង់ម្ដងទៀត ក្រោយយោធាថៃបានសាងសង់របង។

ពលរដ្ឋរងគ្រោះបាត់ដីត្រូវគេទន្ទ្រានយករហូតហ្នឹង សូមសំណូមពររដ្ឋាភិបាល ឬរដ្ឋមន្ត្រីឱ្យចុះពិនិត្យមើលព្រំប្រទល់ប្រទេសថៃ គឺបាត់បង់ច្រើនណាស់មិនមែនអត់បាត់បង់ទេ

ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនថៃក្នុងស្រុកកំរៀង

កាលពីថ្ងៃទី២៨ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសំណេរ ដោយបានទទួលស្គាល់ ជាថ្មីម្ដងទៀត នូវអ្វីដែលលោកអះអាងថា កម្ពុជាបានចំណេញទឹកដី ក្រោយយោធាថៃសាងសង់របងព្រំដែន បន្ទាប់ពីលោកបានជឿលើរបាយការណ៍របស់ទីបញ្ជាការកងទ័ពថៃ ដែលបានអះអាងថា មានពលរដ្ឋថៃជាង ៦០គ្រួសារ បានបាត់បង់ដីអាស្រ័យផលសរុបជាង ១៣៨ហិកតារ មកខាងកម្ពុជា ក្រោយការសាងសង់របងព្រំដែន។ អមដោយរូបភាពសើចក្អាកក្អាយ លោក ហ៊ុន ម៉ាណែត បានយករបាយការណ៍របស់យោធាថៃនេះ មកវាយប្រហារ និងប្រមាថអ្នករិះគន់ទៀតផង។

ទោះជាយ៉ាងណា ផ្ទុយពីសំណើចអំនួតរបស់មេដឹកនាំនេះ ពលរដ្ឋម្នាក់ទៀតដែលរងគ្រោះបាត់ដីនៅក្នុងតំបន់បង្គោលព្រំដែនលេខ៥៧ ដែលប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកពិតជាហួសចិត្ត និងណែនដើមទ្រូង នៅពេលបានអានសំណេររបស់លោក ហ៊ុន ម៉ាណែត ដែលទទួលស្គាល់ពីការបាត់បង់ដីរបស់ពលរដ្ឋថៃ ប៉ុន្តែបែរជាមកបំបិទមាត់ពលរដ្ឋខ្មែរខ្លួនឯង ដែលកំពុងបាត់បង់ដីច្រើនជាងនេះទៅវិញ។ លោកបានចោទជាសំណួរថា អ្នករស់នៅក្បែរបង្គោលព្រំដែនលេខ៥៧ ភាគច្រើនសុទ្ធតែដឹងថា ភាគីថៃបានរំកិលបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា កាលពីឆ្នាំ២០០០ ហើយក្រោយការសាងសង់របងព្រំដែននេះ ធ្វើឱ្យពួកគាត់បាត់បង់ដីមួយតង់ទៀត ដូច្នេះលោក ហ៊ុន ម៉ាណែត គណនាគណិតវិទ្យាយ៉ាងម៉េច ទើបបានសន្និដ្ឋានថា កម្ពុជាចំណេញដីពីភាគីថៃបែបនេះ។

មានពេលខ្លះនោះខ្ញុំគ្រាន់តែចង់សរសេរតែខ្ញុំអត់សរសេរទេ សរសេរក្នុងចិត្តហ្នឹងណា។ ខ្ញុំចង់សរសេរថាចង់ដឹងថាបាត់ដី ឬមិនបាត់ដីមានរឿងអីត្រូវទៅសួរលោក អ៊ុំ សំអាន ឬក៏សួរជានាយករដ្ឋមន្ត្រី សួរម្ចាស់ដីអ្នកនៅព្រំដែនផ្ទាល់ឱ្យបានដឹង ខ្ញុំចង់សរសេរអ៊ីចឹងណា៎ តែសរសេរក្នុងចិត្តទេណា បងបារម្ភពីខ្លួនឯងជិតងាប់ហើយ រាល់ថ្ងៃនេះបងខ្លាចតែវាទ្រាំអត់បាន ក៏និយាយចេញមក ជាប់គុកបាត់។

ពលរដ្ឋរងគ្រោះបាត់ដីក្នុងតំបន់បង្គោលព្រំដែនលេខ៥៧

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងមេបញ្ជាការកងការពារព្រំដែនលេខ៥០៤ លោក យ៉យ ស៊ីដូ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៩ ខែតុលា។

កន្លងមកលោក ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសទទួលស្គាល់ពីភាពស្របច្បាប់នៃទីតាំងបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងស្រុកកំរៀង នេះ។ លោកបានលើកឡើងថា ភាគីកម្ពុជាគឺគ្រាន់តែតវ៉ាផ្នែកច្បាប់ចំពោះភាគីថៃ ដែលបានសាងសង់របងព្រំដែនជាឯកតោភាគី ដោយគ្មានការឯកភាពពីកម្ពុជា ក៏ប៉ុន្តែកម្ពុជាមិនបានតវ៉ាចំពោះទីតាំងបង្គោលព្រំដែននោះឡើយ។

បើតាមការអះអាងរបស់ពលរដ្ឋ បង្គោលព្រំដែននៅស្រុកកំរៀង គឺជាបង្គោលព្រំដែនថ្មីដែលកម្ពុជាបានឯកភាពសាងសង់ជាមួយយោធាថៃកាលពីឆ្នាំ២០២០ ខណៈបង្គោលព្រំដែនចាស់ បានខូចខាត និងត្រូវគេដកចេញ។

ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា តាមផ្លូវច្បាប់គេមិនអាចយកសម្ដីលោក ហ៊ុន ម៉ាណែត មកធ្វើជាមាត្រដ្ឋានកំណត់ខ្សែបន្ទាត់ព្រំដែន ជំនួសឱ្យសន្ធិសញ្ញាបារាំង -សៀម ឆ្នាំ១៩០៤-១៩០៧ ដែលមានទទួលស្គាល់ជាអន្តរជាតិ នោះបានឡើយ។

យើងស្រមៃ ១០ ជាតិទៀតក៏មិនអាចគិតឃើញថាកម្ពុជាទៅចំណេញដីអីពីថៃបានដែរ នៅក្នុងរឿងនេះ គ្មានពេលណាដែលកម្ពុជាអាចទៅទន្ទ្រានទៅរស់នៅ ឬក៏ធ្វើស្រែចម្ការលើដីថៃបានទេ។ ព័ត៌មានដែលថាថៃបាត់ដីនៅតាមព្រំដែនខ្លះនេះច្បាស់ណាស់គឺថៃមានចេតនាបង្កើតព្រឹត្តិការណ៍បន្លំភ្នែក ដើម្បីបោកប្រាស់រដ្ឋាភិបាលកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន យកព័ត៌មានថៃភូតកុហកហ្នឹងយកមកភូតកុហកប្រជាពលរដ្ឋខ្មែរថាចំណេញដី។

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

យ៉ាងណាក៏ដោយចុះ ក្រៅតែពីមានអ្នកបង្ហាញអារម្មណ៍តានតឹងផ្លូវចិត្តហើយនោះ អ្នកស្រុកកំរៀង មួយចំនួនដែលជាអ្នកធ្វើចម្ការនៅក្នុងព្រំដែននេះបានលើកយករឿងដែលលោក ហ៊ុន ម៉ាណែត ដែលនិយាយថា កម្ពុជាចំណេញបានដី ក្រោយថៃធ្វើរបងនោះ មកនិទានជារឿងកំប្លែងក្រោយសម្រាកពីការងារ។ ពួកគាត់បានយល់ឃើញដូចៗគ្នាថា លោក ហ៊ុន ម៉ាណែត ទំនងជារៀនរកស៊ី «កួកជេដី» តាមឪពុក គឺលោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភាក្នុងពេលបច្ចុប្បន្ន ដោយកាលពីឆ្នាំ២០២០ លោក ហ៊ុន សែន បានអះអាងពីការចំណេញទឹកដីពីប្រទេសវៀតណាម ចំនួន៥០០ហិកតារ ក្រោយធ្វើការដោះដូរដី បន្ទាប់ពីប្រទេសទាំងពីរបានបោះបង្គោលព្រំដែនកាលពីឆ្នាំ២០០៥ ខណៈពលរដ្ឋខ្មែរជាច្រើនគ្រួសារ ដែលធ្វើស្រែក្បែរព្រំដែន បានអះអាងពីការបាត់បង់ដីអាស្រ័យផលទៅកាន់ប្រទេសវៀតណាម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ