

កម្ពុជា និងថៃបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅតំបន់ព្រំដែនក្នុងទម្រង់ម្យ៉ាងម្នាក់។ នៅខាងប្រទេសថៃ ក្រុមយោធាបានបញ្ចុះបញ្ចូលឱ្យក្រុមប្រជាពលរដ្ឋបាននាំគ្នាមកលេងកម្សាន្តនៅតំបន់ព្រំដែន ក្នុងទីតាំងដែលយោធាថៃបានឈ្លានពានដណ្ដើមកាន់កាប់ពីកម្ពុជា។ ចំណែកនៅខាងកម្ពុជា ក្នុងខេត្តជាប់ព្រំដែនថៃវិញ អាជ្ញាធរបានដឹកនាំប្រជាពលរដ្ឋបង្កើតកម្មវិធីជួបជុំគ្នារាំច្រៀង នៅតាមសាលារៀន និងនៅតាមទីប្រជុំជន តាំងពីមុនបុណ្យចូលឆ្នាំមកម្ល៉េះ ខណៈក្រុមហ៊ុនស្រាបៀ បានបង្កើតកម្មវិធីប្រគំតន្ត្រី គ្រប់ខេត្តក្រុង។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ កម្ពុជា និងថៃ នៅតែបន្តរៀបចំពិធីបុណ្យចូលឆ្នាំថ្មីជាធម្មតា បើទោះជាប្រទេសថៃបានធ្វើសង្គ្រាមឈ្លានពានកម្ពុជានៅតាមតំបន់ព្រំដែនចំនួនពីរលើកយ៉ាងណាក៏ដោយ។
នៅតំបន់ប្រាសាទតាក្របី យោធាថៃបានបើកឱ្យប្រជាពលរដ្ឋថៃចូលទៅទស្សនានៅបរិវេណប្រាសាទ និងភ្នំ៣៥០ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បន្ទាប់ពីយោធាថៃបានសាងសង់ ព្រះពុទ្ធរូប ផ្លូវបេតុង ជណ្ដើរដែកភ្ជាប់ទៅភ្នំ៣៥០ ជាពិសេសយោធាថៃបានសាងសង់វេទិកាមួយនៅក្បែរតួប្រាសាទតាក្របី ដើម្បីទុកឱ្យពលរដ្ឋថៃរូបថតជាប់នឹងប៉មប្រាសាទ ដែលមានសភាពបែកបាក់ដោយសារយោធាថៃផ្លោងគ្រាប់កាំភ្លើងធំបំផ្លាញ។ បច្ចុប្បន្ន ពលរដ្ឋថៃច្រើនកុះករ បានសម្រុកទៅទស្សនាតំបន់ប្រាសាទតាក្របី រហូតដល់មានការកកស្ទះរថយន្តបន្តកន្ទុយគ្នា។
ចំណែកនៅតំបន់ប្រាសាទតាមាន់ធំ វិញ ក្រុមប្រជាពលរដ្ឋ និងយោធាថៃ បានប្រារព្ធពិធីបួងសួងនៅក្នុងបរិវេណប្រាសាទ ដែលមានចម្ងាយពីទីតាំងលេណដ្ឋានរបស់យោធាខ្មែរ ត្រឹមតែជាង៤០ម៉ែត្រ។ នៅក្នុងពិធីកម្មជាភាសាថៃ ពលរដ្ឋថៃ បានប្រកាសពីភាពជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខ ចំពោះប្រាសាទតាមាន់ធំ និងបួងសួងឱ្យបុព្វបុរស របស់ប្រាសាទខ្មែរបុរាណមួយនេះ ជួយការពារទឹកដីថៃទៀតផង។ ទាហានខ្មែរ ដែលឈរជើងនៅក្បែរនោះ បានត្រឹមឈរមើលក្រុមពលរដ្ឋថៃ ធ្វើពិធីកម្មនៅមុខប្រាសាទរបស់ដូនតាខ្លួន ដោយទឹកមុខស្រពោន។
ចំណែកនៅតំបន់អានសេះ ភ្នំ៥០០ ភ្នំ៦៧៧ និងភ្នំទ្រព្យ ក្នុងខេត្តព្រះវិហារ វិញ មានសភាពស្ងប់ស្ងាត់ និងមិនសូវមានពលរដ្ឋថៃទៅទស្សនានោះឡើយ ដោយសារមានករណីភ្លើងឆេះព្រៃជាច្រើនទីតាំង។ រីឯតំបន់ព្រំដែនផ្សេងទៀត ដូចជា តំបន់អូរស្មាច់ ថ្មដា ជាំតែ បឹងត្រកួន និងមុំបី ហាក់មានសភាពស្ងប់ស្ងាត់ធម្មតា ខណៈយោធាថៃ បានបង្កើតការយាមល្បាតខ្លាំងជាងមុន។
ក្រឡេកមកមើលតំបន់ខេត្តជាប់ព្រំដែនថៃវិញ មានដូចជាឧត្តរមានជ័យ សៀមរាប និងបាត់ដំបង ជាដើម អាជ្ញាធរខ្មែរបានដឹកនាំប្រជាពលរដ្ឋ និងសិស្សសាលា ឱ្យបង្កើតពិធីជួបជុំ ច្រៀងរាំ និងប្រគំតន្ត្រី តាំងពីមុនបុណ្យចូលឆ្នាំថ្មី ទោះបីជាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមចំនួនពីរលើក និងត្រូវយោធាថៃចូលឈ្លានពានទឹកដីជាង ៥០ទីតាំងយ៉ាងណាក្ដី។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រឱ្យប្អូនប្រុសរបស់លោក ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) គឺលោក ហ៊ុន ម៉ានី រៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោក ហ៊ុន ម៉ាណែត បានអះអាងថា ការបើកឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមែនមានបំណងឱ្យប្រជាពលរដ្ឋសប្បាយ ភ្លេចរឿងបញ្ហាព្រំដែនចោលនោះឡើយ ដោយពិធីនេះ បង្កើតឡើងគឺដើម្បីផ្សារភ្ជាប់ទៅនឹងកងទ័ពជួរមុខ ជនភៀសសឹក និងប្រពៃណីខ្មែរ។
ទោះជាបែបនេះក្ដី ទិដ្ឋភាពជាក់ស្ដែង តាំងពីមុនបុណ្យចូលឆ្នាំថ្មី រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានបើកឱ្យក្រុមហ៊ុនស្រាបៀ ក្រុមមន្ត្រីរដ្ឋាភិបាល និងអ្នកសិល្បៈ បង្កើតកម្មវិធីប្រគំតន្ត្រី ច្រៀងរាំ និងផ្សាយពាណិជ្ជកម្មស្រាបៀនៅតាមវេទិកាតាមបណ្ដាខេត្ត រហូតបង្កឱ្យមានករណីក្មេងទំនើងវាយកាប់ចាក់គ្នា និងបង្កគ្រោះថ្នាក់ចរាចរទៀតផង។ ទន្ទឹមគ្នានេះអាជ្ញាធរថែមទាំងបានចាប់ឃុំខ្លួន និងគំរាមកំហែងមកលើប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬរិះគន់ពីបញ្ហាព្រំដែន ជាច្រើនករណី។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា គឺជារឿងអកុសលសម្រាប់កម្ពុជា ដែលទើបតែរងគ្រោះបាត់បង់ទឹកដីនៅតាមព្រំដែន និងមានមេដឹកនាំ ដែលគ្មានសមត្ថភាពទាមទារទឹកដីមកវិញ។
លោក ម៉ែន ណាត៖ «វាមិនមែនជាកំហុសពលរដ្ឋទេ វាជាកំហុសមេដឹកនាំ។ អត់ចេះដឹកនាំពលរដ្ឋឱ្យស្រលាញ់ជាតិទេ បណ្ដោយឱ្យគេឈ្លានពានបានហើយ អាចសប្បាយកើតទៀត។ ចូលឆ្នាំថ្មី ចូលទៅយើងអត់ជំទាស់ទេ។ ធ្វើតាមប្រពៃណីទៅ។ ល្មមៗបានហើយ»។
យោធាថៃប្រកាសថា ថៃនឹងបន្តបង្កើនការអភិវឌ្ឍនៅតំបន់ព្រំដែន ដែលដណ្ដើមបានពីកម្ពុជា និងការពារតំបន់ទាំងនេះ តាមគ្រប់វិធី ទាំងយន្តការការទូត និងយន្តការច្បាប់អន្តរជាតិ ដោយមិនឱ្យធ្លាក់ទៅកាន់កម្ពុជាវិញនោះឡើយ។ ចំណែកភាគីកម្ពុជា បានបន្តប្រើប្រាស់យន្តការចរចាទ្វេភាគី ក្នុងការទាមទារតំបន់តាមព្រំដែនពីយោធាថៃមកវិញ៕









