

មហាជនផ្ទុះការរិះគន់កូនប្រុសពៅ លោក ហ៊ុន សែន គឺលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលរៀបចំកម្មវិធីសប្បាយចូលឆ្នាំខ្មែរនៅជំរំភៀសសឹក ខណៈពលរដ្ឋកំពុងបាត់បង់ផ្ទះសម្បែង និងទឹកដី។ មហាជនលើកឡើង ថា លោក ហ៊ុន ម៉ានី មិនចេះខ្មាសភាគីថៃ ដែលកំពុងកាន់កាប់ដីធ្លី និងផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរភៀសសឹក បន្ទាប់ពីទាហានថៃបានឈ្លានពានចូលមកគ្រប់គ្រង។
មហាជនខ្មែរទូទៅ ចាត់ទុកកម្មវិធីសប្បាយចូលឆ្នាំខ្មែរនៅជំរំភៀសសឹក ដែលរៀបចំដោយលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថា ជាការព្យាយាមបង្វក់ស្មារតីខ្មែរ ឲ្យភ្លេចឈឺចាប់ និង រំសាយការប្រឹងប្រែងរួមគ្នាគិតរកវិធីដោះស្រាយរឿងព្រំដែន។
មហាជនថា ទង្វើបែបនេះរបស់លោក ហ៊ុន ម៉ានី មិនឈរនៅជាមួយពលរដ្ឋខ្មែរ ដើម្បីទាមទារយកដីធ្លី និង ផ្ទះសម្បែងរបស់ពួកគាត់ត្រឡប់មកវិញនោះទេ ប៉ុន្តែ លោក ហ៊ុន ម៉ានី កំពុងឈរខាងប្រយោជន៍ភាគីថៃ ដោយរៀបចំពិធីសប្បាយ ដើម្បីពង្វក់ពលរដ្ឋខ្មែរភៀសសឹក ឲ្យទទួលយកការឈ្លានពានរបស់កងទ័ពថៃ បន្តិចម្ដងៗ។
ការរិះគន់នេះ បន្ទាប់ពីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមីនា ថា ស.ស.យ.ក នឹងរៀបចំកម្មវិធីចូលឆ្នាំខ្មែរ នៅជំរំភៀសសឹកក្នុងខេត្តចំនួន៣ រួមមានព្រះវិហារ សៀមរាប និងខេត្តបន្ទាយមានជ័យ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែមីនានេះ។
លោក ហ៊ុន ម៉ានី៖ «ក្នុងនោះ គឺបានជួបជុំជាមួយវិស័យឯកជន ជាមួយបងៗសិល្បករ សិល្បៈការិនី ហើយមានតារាកំប្លែងដែរ ដែលយើងនឹងរៀបចំធ្វើយ៉ាងណា គឺមុន យើងចូលឆ្នាំប្រពៃណីជាតិនៅរាជធានីភ្នំពេញ ឬក៏ការអបអរសាទរណាមួយផ្សេង តាមលក្ខណៈប្រពៃណីជាតិរបស់យើង។ យើងនឹងយកកម្មវិធីទាំងអស់នេះ ទៅជួនពួកគាត់»។
ជុំវិញរឿងនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ច័ន្ទ រ៉ូហ្សា សួរថា «តើពួកគាត់មានអារម្មណ៍សប្បាយដែរទេ ខណៈសេដ្ឋកិច្ច និង ការរស់នៅពិបាក ហើយមានសម្ពាធផ្លូវចិត្តបាត់បង់ផ្ទះ និង ដីធ្លីទៀតនោះ ?»។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សឿន រ៉ានី (Soeurn Rany) បានបញ្ចេញមតិថា « ខ្មាសទាហានថៃផង គេយកដីហើយ គេនៅការពារ គេឃើញយើងសប្បាយអ៊ីចឹង គេសើចងាប់ហើយ » ។
រីឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហេង ហេង (Heng Heng)វិញ គាត់ រិះគន់ថា យកស្អីមកគិតនឹងលោក មនុស្សកំពុងមានទុក្ខមកបើកបាសខ្លាំងៗនៅកៀនត្រចៀក ខណៈឈ្មោះ ភក្ដិ ហុង (Pheak Hong) ប្រាប់ឲ្យលោក ហ៊ុន ម៉ានី ទៅមើលធុងអង្ករ មើលស្បៀងពួកគាត់ផង។
ចំណែកហ្វេសប៊ុកឈ្មោះ តែម ភ្លឺះ (Tem Ple) រិះគន់លោក ហ៊ុន ម៉ានី ថា អត់គិតរកវិធីដោះស្រាយរឿងព្រំដែនទេ គិតតែសប្បាយដូចសត្វរៃ។ រីឯឈ្មោះ ឈុំ សុភី ឃី (Chhum Sophy Kl ) លើកឡើងថា បើបែបនឹងបានន័យថា កំពុងដឹកនាំបង្វក់ស្មារតីខ្មែរ ឲ្យភ្លេចការឈឺចាប់ហើយ។
ជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ លី តែមីន (Ly Tae Min) ចំអកឲ្យលោក ហ៊ុន ម៉ានី ថា ចេះរកគិតអ្វីឲ្យប្រសើរជាងនេះផងបានទេ។ លី តែមីន សួរ ថា តើមនុស្សដែលបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិ ដូចពលរដ្ឋភៀសសឹក តើមានអារម្មណ៍ណាទៅសប្បាយកើត? ចំណែកឯ ហ្វេសប៊ុកឈ្មោះ ម៉ាណែត អេង (Manet Eng) បញ្ចេញមតិថា មិនប៉ះចំសាច់អស់លោក ទើបមិនដឹងថា ទំហំនៃការឈឺចាប់របស់អ្នកដែលបាត់បង់ធំប៉ុណ្ណា?
ទន្ទឹមគ្នានេះ ពលរដ្ឋភៀសសឹកនៅបឹងត្រកួន ប្រាប់ទូរទស្សន៍អាស៊ីសេរី ដោយសុំមិនបញ្ចេញឈ្មោះថា ពួកគាត់មិនសប្បាយ នឹងការរៀបចំកម្មវិធីចូលឆ្នាំខ្មែរនោះទេ។ លោកថា ពួកគាត់ចង់បានដី និងផ្ទះសម្បែងត្រឡប់មកវិញឆាប់ៗ ពីព្រោះការរស់នៅក្នុងតង់ ឬផ្ទះបណ្ដោះអាសន្ន ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សង់ឲ្យពួកគាត់ស្នាក់នៅនោះ មិនកក់ក្ដៅដូចរស់នៅលើដី និងផ្ទះខ្លួនឯងឡើយ។
ពលរដ្ឋលាក់ឈ្មោះ៖ «មានអីត្រូវសប្បាយ ខ្ញុំបាត់ដី បាត់ផ្ទះ ។ អត់សប្បាយចិត្តទេ ខ្ញុំចង់ឲ្យដោះស្រាយរឿងដីផ្ទះហ្នឹងឯង។ អាហ្នឹងបានខ្ញុំសប្បាយចិត្តពិតប្រាកដ»។
ចំណែកហ្វេសប៊ុកឈ្មោះ វង្ស សុគន្ធា (Vong Sokunthea) បានចែកផ្សាយបន្តនូវយោបល់លោក ហ៊ុន ម៉ានី និងភ្ជាប់មតិយោបល់ថា ឯកឧត្តមប្អូនអើយ គ្មាននណាមានអារម្មណ៍សប្បាយទេ អស់ផ្ទះ អស់ដី អស់ស្រែ ចំការ អស់មុខរបរហើយ។ វង្ស សុគន្ធា លើកឡើងទៀតថា បើសៀមឃើញសៀមនាំគ្នាសើចចំអកទៀត ថា សៀមគេវាយ គេផ្លោងដាក់ គេទំលាក់គ្រាប់ ធ្វើឲ្យខ្មែរស្លាប់រាប់រយនាក់ ហើយសៀមគេប្លន់យកដី គេបំផ្លាញផ្ទះសំបែង បំផ្លាញវត្តអារាម ធ្វើឲ្យខ្មែររត់ខ្ចាត់ខ្ចាយទៅរស់នៅតង់ … បែបនេះហើយ អត់ចេះឈឺចាប់អីតិច ហើយនៅសប្បាយអធិកអធមចូលឆ្នាំទៀត?
ហ្វេសប៊ុកឈ្មោះ យូ អាស៍ (Yuu Ahh) ទទូចឲ្យលោក ហ៊ុន ម៉ានី និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទទួលយកមតិរិះគន់របស់ប្រជាពលរដ្ឋផង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា យល់ថា ការរៀបចំនេះ ជាការពង្វក់ស្មារតីពលរដ្ឋ ឲ្យភ្លេចព្រឹត្តិការណ៍ ដែលនាំពួកគាត់ឈឺចាប់ និងរឿងដែលនាំឲ្យកើតមានសង្គ្រាម រហូតដល់បាត់បង់ទឹកដី ផ្ទះសម្បែងពលរដ្ឋ។
លោកប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២០ ខែមីនា ថា អ្វីដែលធ្វើឲ្យពលរដ្ឋភៀសសឹករីករាយនោះ គឺការផ្ដល់នូវសេវាផ្សេងៗ ដែលពួកគាត់កំពុងជួបការលំបាក ក្នុងកាលៈទេសៈ ពួកគាត់គ្មានមុខរបរ ខណៈពិភពលោកក៏កំពុងជួបវិបត្តិសេដ្ឋកិច្ចធំៗ ដូចជា វិបត្តិប្រេងជាដើម ដោយសារតែសង្គ្រាម ។ លោកថា បញ្ហាទាំងនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរគិតពិចារណា ហើយងាកមករកវិធីសាស្ត្រជួយស្ដារជីវភាព ឲ្យរស់នៅបានសុខសន្តិភាពពិតប្រាកដ មិនមែនចេះតែនិយាយអួត ហើយពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចនោះទេ។
លោក ស៊ឹង សែនករុណា៖ «ជីវភាពរស់នៅមិនទាន់ មានភាពសមរម្យផ្គត់ផ្គង់ថវិកា ផ្គត់ផ្គង់សម្ភារៈផ្សេងៗ អាហារអីមិនដិតដល់ ខ្វះមុខខ្វះក្រោយ អាហ្នឹងសុទ្ធសឹងតែរឿង ត្រូវ គិតគួរមិនមែនជាយករឿងសប្បាយទៅមួយគ្រាពេលហ្នឹង ហើយទុក្ខសោកត្រឡប់មកវិញដដែល អាហ្នឹងវាមិនអាចធ្វើឲ្យរឿងរ៉ាវទាំងអស់នោះ រសាត់ចេញពី អារម្មណ៍របស់ពួកគាត់ទេ។ អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំគិតថា មិនគួរគប្បី រៀបចំពិធីហ្នឹង ក្នុងកាលៈទេសៈបែបនេះទេ»។
អ្នកឃ្លាំមើល លើកឡើង ថា មតិរិះគន់របស់មហាជន និងពលរដ្ឋភៀសសឹកចំពោះលោក ហ៊ុន ម៉ានី សមល្មមឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចទទួលស្គាល់ ពីផ្នត់គំនិតខុស និងអសមត្ថភាពនៃការដឹកនាំរបស់ខ្លួនហើយ ។ ពួកគាត់ថា ខណៈគ្រោះរបស់ប្រទេសជាតិ និងទុក្ខធំរបស់ប្រជាពលរដ្ឋខ្មែរបែបនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរផ្តោតលើការជួយជីវភាពពលរដ្ឋភៀសសឹក ដោះស្រាយបញ្ហាចំពោះមុខរបស់ពួកគាត់ ហើយបង្ហាញសេណារីយោទាមទារយកដីធ្លី និងផ្ទះរបស់ពួកគាត់ពីភាគីថៃវិញ គឺមិនមែនទៅរៀបចំពិធីសប្បាយពង្វក់ពួកគាត់ ដែលកំពុងតែមានគ្រោះធំនោះទេ៕









