លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ចូលចិត្ត​ឈឺឆ្អាល​រឿង​ជីវិត​ស្នេហា​ឯកជន​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម

0
59
​អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន លើកបង្ហាញទូរសព្ទ​ពេលថ្លែងសារ។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
​អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន លើកបង្ហាញទូរសព្ទ​ពេលថ្លែងសារ។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ជា​ឪពុក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រង​ការរិះគន់​ជាថ្មី​ទៀត ថា​ជា​មេដឹកនាំ​ដែល​រវល់​តែ​នឹង​បណ្ដាញ​សង្គម និង រឿង​អត់​ចំណេញ​ដល់​ជាតិ បើទោះ​ជា​ប្រទេសជាតិ​កំពុងតែ​ញាំញី​ដោយ​អំពើ​ឈ្លានពាន​ទឹកដី ពី​យោធា​ថៃ​ក្ដី​។ ការ​រិះគន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី លោក ហ៊ុន សែន បាន​បង្ហោះ​សារ និង​រូបភាព រៀបរាប់​អំពី​រឿងរ៉ាវ​ស្នេហា​ឯកជន​របស់​ស្ត្រី​ម្នាក់ ដែល​មាន​ប្ដី​២ ហើយ លោក​បាន​ស្ដីបន្ទោស​ថា កំពុងតែ​បំផ្លាញ​ប្រពៃណី​ស្ត្រី​ខ្មែរ។

អ្នកឃ្លាំមើល និង​ពលរដ្ឋ​លើកឡើង​ថា វា​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន តែងតែ ឈឺឆ្អាល រឿង​ឯកជន ជាពិសេស​ពាក់ព័ន្ធ រឿងរ៉ាវ​លើ​គ្រែ និង ផ្លូវភេទ​របស់​អ្នកដទៃ​។ ពួកគាត់​ថាបើ​ទោះបីជា ករណីនេះ លោក ហ៊ុន សែន ដឹង​ច្បាស់​ថា គ្មាន​ផល​ចំណេញ ដល់​ប្រទេសជាតិ​ក្ដី ក៏​លោក​នៅតែ​បន្ត​ធ្វើ ព្រោះ​នេះ ជា​របៀប​ធ្វើ​នយោបាយ​របស់​បក្ស​កាន់អំណាច ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​របស់​មហាជន​មក​លើ​ភាព​កម្សោយ​របស់​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ដែល​អសមត្ថភាព​ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ​ជាតិ បញ្ហា​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ និង​វិបត្តិ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ជាដើម។

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែ​មីនា​ថា ការ​ដែល​ពលរដ្ឋ​យកប្ដី​ប្រពន្ធ ២ ឬ​៣ ពុំ​មែន​ជា​ទោសកំហុស ដែល​លោក ហ៊ុន សែន ត្រូវ​យក​មក​វែកញែក នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ។ ប៉ុន្តែ លោក​ថា ធាតុ​ពិត​នៃ​សារ​របស់​លោក ហ៊ុន សែន គឺ​គ្រាន់​ចង់ឱ្យ​មហាជន​ចាប់អារម្មណ៍ ដើម្បី​បង្វែរ​ស្ថានការណ៍​ក្នុងស្រុក ជាពិសេស​បញ្ហា លោក ហ៊ុន ម៉ាណែត អសមត្ថភាព មិន​អាច​ទាមទារ​ទឹកដី​ដែល​បាត់បង់​ពី​ថៃ​មកវិញ បញ្ហា​ជនភៀសសឹក គ្មាន​ទីជម្រក​ច្បាស់លាស់ និង​វិបត្តិ​ពលរដ្ឋ​អត់​ការងារ​ធ្វើ​ជាដើម។

លោក ម៉ែន ណាត៖ «គំនិត​ហ៊ុន សែន គាត់​ចូលចិត្ត​ធ្វើ​តែ​អ៊ីចឹង​តាំង​ពី​ដើម​មក។ មនុស្ស​គាត់​មិនមែន​ជា​មនុស្ស​ដែល​មាន​ការ​យល់ដឹង​ស៊ីជម្រៅ​ទៅលើ​ការដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន​រុងរឿង​ម៉េច​ទេ​។ ចេះតែ​គ្រប់គ្រង​គេ​តាមរយៈ​អំពើ​ហិង្សា និង​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ប្រជាធិបតេយ្យ​។ សូម្បីតែ​ស្រុក​កើតសង្គ្រាម​អ៊ីចឹង​ហើយ ក៏​លោក​ហ៊ុន សែន បញ្ជា​ឱ្យ​មនុស្ស​ចាប់​អ្នក​រិះគន់​ព្រំដែន​មួយចំនួន​ដាក់គុក»។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៤ ខែ​មីនា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​និយាយ​ពី​ជីវិត​ស្នេហា​ឯកជន​របស់​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា មាន​ប្ដី​ពីរ​ក្នុង​ពេល​តែមួយ​។ លោក​ថែមទាំង​សរសេរ​ឌឺដង​ថា​ក្រៅ​តែ​ពី រស់នៅ​ជាមួយគ្នា ជិះ​រថយន្ត​ជាមួយគ្នា ហូបបាយ​ជាមួយគ្នា និង​ធ្វើការ​ជាមួយគ្នា តើ​ពួកគេ​អាច​មាន​ជីវិត​លើ​គ្រែ​រួមគ្នា​ឬក៏​អត់។

លោក​ក៏បាន​បង្ហាញ​មាត្រា​៤៥ នៃ​ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍​ដែល​ចែងថា «​អាពាហ៍ពិពាហ៍​ត្រូវធ្វើ​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់ និង​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ប្ដី​មួយ​ប្រពន្ធ​មួយ»។

ទោះ​យ៉ាងណា លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​ស្ត្រី​ម្នាក់​នេះ​យកប្ដី​២​នាក់​ពិតប្រាកដ ​ឬ​គ្រាន់តែ ជា​ការ​សម្ដែង​ដើម្បី​ទាក់ទាញ​អ្នកមើល​។ លោក​បន្ត​ថា ប្រសិនបើ​ស្ត្រី​ម្នាក់​នេះ យកប្ដី​២​នាក់​មែន ការរស់នៅ​ជាមួយគ្នា គឺ​នឹង​ចែកវេន​គ្នា​រួមភេទ។ លោក​ថា នេះ​ជា ជា​ស្ត្រី​ដ៏​មហិមា និង​ជា​ស្ត្រី​ដែល​បំផ្លាញ​ប្រពៃណី​ស្ត្រី​ខ្មែរ​ខ្លាំង​បំផុត ក្នុង​សម័យ​ទំនើប​ក្រោយ របប ប៉ុល ពត។

ក្រោយពី​មានការ​បង្ហោះ​សារ​ទាំងនេះ​រួច ឃើញ​មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​បាន​ចូល​ទៅ​បញ្ចេញមតិ​លើ​ហ្វេសប៊ុក របស់​លោក ដោយ​អ្នកខ្លះ គាំទ្រ​ចំពោះ​សារ​របស់​លោក ហ៊ុន សែន ជា​របៀប​លើកជើង និង​សរសើរ​ថា ជា​រឿង​ដែល​ត្រឹមត្រូវ​។ ចំណែក​អ្នកខ្លះ​ទៀត​ថា ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់ មិន​គួរ​យក​រឿង​បែបនេះ​មក​វែកញែក​នោះ​ឡើយ ព្រោះ​គ្មាន​ផល​ចំណេញ​ដល់​ប្រទេសជាតិ​នោះ​ទេ។

គណនី​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​ហាវ វ៉ែ (Hau Weii) បាន​សរសេរ​បែប​ស្រទន់​ថា​សូម​គោរព​ដល់​សម្ដេច​ជា​ទី​គោរព ខ្ញុំ​គ្រាន់តែ​យល់ឃើញ ការពិត​រឿង​នេះ​ជា រឿង​ផ្ទះ​គេ មិន​សម​យក​មក​វែកញែក​ទាល់តែ​សោះ​។ ចំណែក គណនី​ហ្វេសប៊ុក​ម្នាក់ទៀត ឈ្មោះ ទេព ភក្រ បាន​រៀបរាប់​ថា រឿង​នេះ​មិនឃើញ​ល្បី ដូច​រឿង​កូន​អភិបាលស្រុក​កងមាស​ម្នាក់ បាន​បើកឡាន​បុក​ក្មេង​បណ្ដាល​ឱ្យ​ស្លាប់ ហើយ​ស្រែក​ថា បង់លុយ​ឱ្យ​២​ម៉ឺន​ដុល្លារ នោះ ទើប​ជា​រឿង​ល្បី​ពេញ​ប្រទេស។ លោក​ស្នើ​ថា «​សូម​សម្ដេច​បិតា​សន្តិភាព​ជួយ​មើល​នឹង​យក​មក​ផុស​ផង ព្រោះ​សម្ដេច​មាន​ឥទ្ធិពល​ណាស់»។

ជុំវិញ​រឿង​នេះ​ដែរ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យល់ឃើញ​ថា លោក ហ៊ុន សែន គួរតែ​ចំណាយពេល​គិត​រក​វិធី​ទាមទារ​ទឹកដី ដែល​ថៃ​បាន​រំលោភ​យក​មក​វិញ ហើយ​ត្រូវ​រក​ដំណោះស្រាយ ជូន​ពលរដ្ឋ ដែល​កំពុងតែ​ប្រឈម​បញ្ហា​សេដ្ឋកិច្ច គ្មាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ នោះ​ទើប​ជា​រឿង​ប្រសើរ ជា​ជាង​ខ្វល់​រឿង​ឯកជន​របស់​អ្នកដទៃ។

លោក រ៉ុង ឈុន៖ «ចំពោះ​ខ្ញុំ គួរតែ​យើង​យកចិត្តទុកដាក់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាពិសេស ដែល​យកចិត្តទុកដាក់​បំផុត​នោះ បញ្ហា​សៀម​ឈ្លានពាន​។ ទី​២​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​គឺ​តម្លៃ​ប្រេងឥន្ធនៈ​មានការ​ហក់​ឡើង​ខ្ពស់​នៅ​កម្ពុជា​យើង​។​នេះ​ជា​កង្វល់​ដែល​ប្រជាពលរដ្ឋ​ខ្វាយខ្វល់ ហើយ​គាត់​ចង់បាន​ដំណោះស្រាយ​ជុំវិញ​ប្រេង​ឥន្ធនៈ​ឱ្យ​មាន​ការ​ចុះ​ទាប»។

បើ​ទោះជា​លោក ហ៊ុន សែន ចូលចិត្ត​ឆ្កឹះឆ្កៀល​រឿង​ស្នេហា​ឯកជន​របស់​អ្នកដទៃ​ក្តី រូប​លោក​ផ្ទាល់ និង​កូនប្រុស​ពៅ​របស់​លោក គឺ​លោក ហ៊ុន ម៉ានី កន្លង​មក ក៏​ធ្លាប់​ទទួលរង​នូវ​ការ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្នេហា​លួចលាក់ និង​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​ថែមទៀត​ផង។

គេ​នៅ​ចាំ​បាន​ថា កាល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​១៩៩៩ នាដ​ការី​របាំ​ព្រះរាជ​ទ្រព្យ ដ៏​ល្បីល្បាញ​មួយ​រូប​គឺ អ្នកស្រី ពិសិដ្ឋ ពិលីកា បាន​ស្លាប់ បន្ទាប់ពី​ឃាតករ​បាន​បាញ់​នៅ​គ្រា​ដែល​អ្នកស្រី កំពុង​ចូល​ហាង​លក់​កង់​មួយ​នៅ​ក្បែរ​ផ្សារ​អូរឫស្សី ក្រុងភ្នំពេញ។ បី​ខែ​ក្រោយមក​ទស្សនាវដ្ដី​បារាំង​មួយ ឈ្មោះ​អេចប្រេស (L’Express) បាន​ចុះផ្សាយ ដោយ​ផ្អែក​លើ​ភស្តុតាង​មួយ​ចំនួន​ថា គឺ​ភរិយា​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន តែម្ដង​ជា​អ្នក​នៅ​ពីក្រោយ​ការ​បញ្ជា​ឱ្យ​បាញ់សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ស្នេហា​ត្រីកោណ ជាមួយនឹង លោក ហ៊ុន សែន។

រីឯ​លោក ហ៊ុន ម៉ានី វិញ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​២០១៨ ជនអនាមិក ឬ​ហៅថា ហែគឃើរ (Hacker) បាន​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី ហើយ​បាន​បង្ហាញ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក នូវ​រឿងអាស្រូវ​ស្នេហា​ហិង្សា​ផ្លូវភេទ​របស់​លោក ហ៊ុន ម៉ានី ដែល​ធ្វើ​ឲ្យ​នារី​មួយ​ចំនួន​រងគ្រោះ​រហូត​ដល់​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។

ក្នុង​ហេតុការណ៍​នោះ លោក ហ៊ុន ម៉ានី បាន​ឲ្យ​លុយ​តារា​ស្រី​ម្នាក់​ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤​ពាន់​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ក និង​ដើម្បី​ឲ្យ​តារា​ស្រី​រូប​នេះ​ធ្វើជា​ឈ្មួញកណ្ដាល​ក្នុង​ការ​រក​តារា​ស្រីៗ ដែល​នៅ​ក្រមុំ​ព្រហ្មចារី ឱ្យ​មក​កំដរ​លោក ហ៊ុន ម៉ានី។ ក្នុង​នោះ មាន​កញ្ញា​ម្នាក់​ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បាន​ព្យាយាម​សម្លាប់​ខ្លួន​ដោយសារតែ​លោក ហ៊ុន ម៉ានី ឈប់​ស្រលាញ់ និង​មិន​ព្រម​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ​របស់​នាង។ នាង​បាន​និយាយ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន ម៉ានី ថា បើ​នាង​ស្លាប់​ទៅ នោះ​នាង​នឹង​តាម​ចងកម្ម​ចងពៀរ​ចិត្ត​តិរច្ឆាន​របស់ លោក ហ៊ុន ម៉ានី អស់​មួយ​ជីវិត។

ក្រោយ​មក បើទោះបី​ជា​រឿង​នេះ​ត្រូវ​បាន​គេ​យក​មក​ចែកចាយ ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ក្ដី លោក ហ៊ុន សែន មិនដែល​លើក​មក​និយាយ​ជា​សាធារណៈ​នោះ​ឡើយ​។ ចំណែក​រឿង​របស់​ស្ត្រី​ម្នាក់​ដែល​ស្នេហា​របស់​គាត់​មិន​បាន​បង្ក​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស ឬ​បញ្ហា​ដល់​សង្គមជាតិ​ធ្ងន់ធ្ងរ​ផង​នោះ លោក ហ៊ុន សែន បែរជា​យក​ទៅ​បង្ហោះ​ឱ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ទៅវិញ​។ អ្នកឃ្លាំមើល​រិះគន់​ថា ថ្វី​ត្បិត​ថា​សារ​របស់ លោក ហ៊ុន សែន បង្ហោះ​ឱ្យ​សាធារណជន​ចាប់អារម្មណ៍​ដើម្បី​បង្វែរ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ក្ដី ក៏​សារ​របស់​លោក​អាច​ទៅ​បំបែកបំបាក់​គ្រួសារ​របស់​គេ​ឱ្យ​លែងលះ​គ្នា​ក៏​អាច​ថា​បាន​ដោយសារតែ​ឥទ្ធិពល​អំណាច​របស់​លោក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ