អ្នកឃ្លាំមើលលើកឡើងថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនអាចស្ដារជំនឿសាធារណជនលើការអនុវត្តច្បាប់ស្មើភាពគ្នាក្នុងករណីកូនប្រុសមេប៉ូលិសផ្កាយ១ ម្នាក់បើកឡានទំនើបបុករះបណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់នៅបាត់ដំបងបានឡើយ។ ផ្ទុយទៅវិញ មហាជនកាន់តែអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ ព្រោះច្បាប់ត្រូវបានអ្នកមានអំណាចជាន់ឈ្លីតាមការប្រព្រឹត្តពុករលួយ និងបក្ខពួកនិយម។ ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធតាមចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ ក្រោយមហាជនរិះគន់ការអនុវត្តច្បាប់ស្តង់ដារពីរ។
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើកដំបូងលើបុគ្គល និងក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធមជ្ឈមណ្ឌលឆបោកអនឡាញ
ការសម្រេចនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែកក្កដា ដោយចោទប្រកាន់ថា បុគ្គល និងអង្គភាពទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានការជួញដូរមនុស្ស ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តការឆបោកតាមប្រព័ន្ធអនឡាញ។







