

ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋាភិបាល ដកតំណែងមន្ត្រីកាំកុងត្រូល ដែលបានកាងជនខិលខូចនាំចូលផ្លែទុរេនពីថៃ មកលក់នៅកម្ពុជា ធ្វើឱ្យពលរដ្ឋខ្មែរ មិនសប្បាយចិត្ត។ អ្នកឃ្លាំមើល យល់ថា ក្រៅពីដកតំណែងមន្ត្រីកាំកុងត្រូលនេះ លោក ហ៊ុន សែនគួរចាត់វិធានការផ្លូវច្បាប់ លើមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែរ។
លោក ហ៊ុន សែន ឆ្លៀតឱកាស ពេលពលរដ្ឋកំពុងចាប់អារម្មណ៍រឿងទុរេន លោកបានរុញ«ទូកបណ្ដោយទឹក»ដោយបញ្ជាឱ្យ រដ្ឋាភិបាលត្រូវចាត់វិធានការផ្លូវច្បាប់មកលើ ប្រធានកិច្ចការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង គឺលោក គឹម ប្រុស ថា បានកាងជនខិលខូច ឱ្យលួចនាំចូលទុរេនពីប្រទេសថៃ មកលក់នៅកម្ពុជា ដែលធ្វើឱ្យពលរដ្ឋខ្មែរមិនសប្បាយចិត្ត។
ការលើកឡើងរបស់លោក ហ៊ុន សែន នេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុង ស្រុក ឃុំ សង្កាត់នៅឯខេត្តស្វាយរៀង នៅថ្ងៃទី១៤ ឧសភា ហើយត្រូវបានអ្នកសារព័ត៌មានក្នុងស្រុកយកមកផ្សព្វផ្សាយព្រោងព្រាត។
លោក ហ៊ុន សែន ថា ពលរដ្ឋ រួមទាំងលោកផង មិនទាន់អស់ចិត្តចំពោះ មន្ត្រីកាំកុងត្រូល (ក.ប.ប.) ខេត្តបាត់បង់នោះទេ ដែលបានអះអាងថា ទុរេនដាក់លក់នៅផ្សារពូភុយ ក្រុងបាត់បង់ គឺជាទុរេនយកពីខេត្តកំពង់ចាម ខណៈអ្នកលក់បានសារភាពហើយថា ជាទុរេននាំចូលពីប្រទេសថៃ។ លោកថាមន្ត្រីរូបនេះ មិនគួរចាត់វិធានការត្រឹមការដាក់វិន័យនោះទេ គួរចាត់វិធានការផ្លូវច្បាប់ដើម្បីកុំឱ្យមន្ត្រីដទៃយកគំរូតាម។
ប៉ុន្តែ ប៉ុន្មាននាទីក្រោយមក លោក ហ៊ុន សែន ក៏បន្ទន់ឥរិយាបថ ដោយថ្លែងថា ការធ្វើពហិការលើផលិតថៃ ពលរដ្ឋខ្មែរ ត្រូវតែបន្តធ្វើ ក៏ប៉ុន្តែមិនត្រូវជ្រុលពេកនោះទេ ហើយថែមទាំងជំរុញឱ្យពលរដ្ឋខ្មែរបន្តប្រើប្រាស់ផលិតផលថៃដែលផលិតនៅស្រុកខ្មែរ។
អ្នកឃ្លាំមើល យល់ថា លោក ហ៊ុន សែន ហ៊ានចាត់វិធានការ ចំពោះមន្ត្រីតូចតាច និងកិច្ចការដែលមិនប៉ះពាល់ផលប្រយោជន៍បក្សកាន់អំណាចប៉ុណ្ណោះ រីឯបញ្ហាធំៗជាច្រើន ដែលបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ដូចជា ករណី ក្មួយលោក គឺលោក ហ៊ុន តូ សមាជិកព្រឹទ្ធសភា លោក កុក អាន និង លោក លី យ៉ុងផាត់ ជាដើម ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការលាងលុយកខ្វក់ និងអំពើជួញដូរមនុស្ស លំដាប់អន្តរជាតិ លោក ហ៊ុន សែន មិនចាត់វិធានការផ្លូវច្បាប់នោះទេ ព្រោះ ខ្លាចប៉ះពាល់ ដល់ហិរញ្ញវត្ថុរបស់បក្សកាន់អំណាច។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៤ ខែឧសភាថា ការដែលលោក ហ៊ុន សែន បញ្ជាឱ្យដកមន្ត្រីកាំកុងត្រូលនៅខេត្តបាត់បង់ ដែលឃុបឃិតប្រព្រឹត្តអំពើពុករលួយនាំចូលទំនិញពីថៃ គឺជារឿងល្អដើម្បីគំរាមដល់មន្ត្រី ដទៃទៀត ក៏ប៉ុន្តែលោកថា ការធ្វើបែបនេះគ្រាន់តែនយោបាយប្រជាភិថុតិរបស់លោក ហ៊ុន សែន ព្រោះនេះគ្រាន់តែជាវិធានការ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋ។
លោកថាបញ្ហានេះគ្រាន់តែជារឿងតូចតាច ចំពោះ បញ្ហាចម្បង ដែលលោក ហ៊ុន សែន គួរតែចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់នោះ គឺចាប់មេខ្លោងឧក្រិដ្ឋជនឆបោកតាមអនឡាញ មកផ្ដន្ទាទោស ជាពិសេសមន្ត្រីធំៗ ក្នុងជួររដ្ឋាភិបាល ដែលសហគមន៍អន្តរជាតិបានរកឃើញថា មានជាប់ពាក់ព័ន្ធ«ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការជួញដូរមនុស្ស។ «»
ជាមួយគ្នានេះ ស្របពេលដែលពលរដ្ឋខ្មែរ កំពុងតែស្រុះគ្នា ពហិការ មិនប្រើប្រាស់ទំនិញថៃ ស្ទើរតែទូទាំងប្រទេស ដោយសារតែខឹងនឹងយោធាថៃ ដែលបានបង្កសង្គ្រាមឈ្លានពានយកទឹកដីខ្មែរចំនួនពីរលើក រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាននាំចូល “មាសដុំ” ជាង២៤តោន ឬស្មើជាង២ពាន់ ៥រយលានដុល្លារ កាលពីចុងឆ្នាំ២០២៥ អំឡុងពេលដែលកម្ពុជា និងថៃកំពុង ផ្ទុះសង្គ្រាម ដាក់គ្នា យ៉ាងខ្លាំងក្លា។
ទន្ទឹមគ្នានេះ លោក ម៉ែន ណាត សង្ស័យថា មាសដុំ ដែលកម្ពុជានាំចូលពីថៃ គឺជារបៀបបម្លែងលុយដែលរដ្ឋាភិបាលត្រកូល«ហ៊ុន» បានមកពីការលាងលុយកខ្វក់ ក្នុងប្រតិបត្តិការ ឆបោកអនឡាញ និង អំពើជួញដូរមនុស្ស រវាងកម្ពុជា និងប្រទេសថៃ។ «»
ងាកមករឿងមន្ត្រីកាំកុងត្រូល វិញ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង លោក គឹម ប្រុស ក្រោយពីលោក ហ៊ុន សែនបានបញ្ជាឱ្យដកហូតតំណែងរួចមក អគ្គនាយកដ្ឋាន ក.ប.ប ខេត្តបាត់បង់ នៅថ្ងៃទី១៤ ខែឧសភា បានបង្ហោះលិខិតបង្គាប់ការ ដោយអះអាងថា លោក គឹម ប្រុស ត្រូវបានដកតួនាទី ឱ្យទៅកាន់តួនាទីផ្សេង ហើយតាំងពីថ្ងៃទី៦ ខែឧសភា ក្រោយពីមានការរិះគន់ខ្លាំងរឿងទុរេន។ សព្វថ្ងៃតួនាទី ប្រធានសាខា ត្រូវបាន លោក ចេង ជីវ័ន្ត ទទួលជំនួសជាប្រធានស្ដីទីបណ្ដោះអាសន្ន។
ជុំវិញបញ្ហារឿងទុរេននេះដែរ តុលាការខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ស្ត្រីពីរនាក់ជាអាជីវករលក់ទុរេន ឈ្មោះ ព្រឿន សាក់ឡែន និងម្នាក់ទៀតឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ពីបទ«ផ្ដើមគំនិតនាំចូលទំនិញគេចពន្ធ» បន្ទាប់ពីកម្លាំងនគរបាលសេដ្ឋកិច្ចរកឃើញសកម្មភាពនាំចូលទុរេនពីថៃតាមច្រកកាប៊ីន ក្នុងស្រុកភ្នំព្រឹក ចំនួន ៣លើក ដោយគ្មានការអនុញ្ញាត។ ប៉ុន្តែសារព័ត៌មានក្នុងស្រុកចុះផ្សាយថា មកទល់ពេលនេះ មានស្ត្រីឈ្មោះព្រឿន សាក់ឡែន ម្នាក់ប៉ុណ្ណោះត្រូវបានតុលាការបញ្ចូនទៅឃុំខ្លួន ខណៈអ្នកផ្សេងទៀត រត់គេចខ្លួន ហើយមន្ត្រីពាក់ព័ន្ធនៅមានសេរីភាពធម្មតា៕







