ក្រុមហ៊ុនថៃ​ប្រកាស​បិទ​ដំណើការ​ហាង​លក់​ទំនិញ 7-Eleven ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា

0
37
ហាងលក់ទំនិញ 7-Eleven ​នៅកម្ពុជា។ រូប៖ បណ្ដាញសង្គម
ហាងលក់ទំនិញ 7-Eleven ​នៅកម្ពុជា។ រូប៖ បណ្ដាញសង្គម


ក្រុមហ៊ុន CP All របស់ថៃ បានប្រកាសបិទដំណើការហាងលក់ទំនិញ 7-Eleven ទាំងអស់នៅ​ក្នុងប្រទេសកម្ពុជា  ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ ។ ការសម្រេចបិទហាងទំនិញ​ដែលមាន​កេរ្តិ៍ឈ្មោះល្បីរបស់ថៃនេះ ដោយសារ​ចំនួន​សាខា​របស់​ក្រុមហ៊ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ចំ​ពេល​មាន​ភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់។

ក្រុមហ៊ុនយក្សរបស់ថៃ CP All បានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មហាងលក់ទំនិញរាយ 7-Eleven ទាំងស្រុងនៅកម្ពុជា បន្ទាប់ពីបើកដំណើការអស់រយៈពេល៥ឆ្នាំនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន CP All បានបញ្ជាក់ក្នុងឯកសារចុះថ្ងៃទី២៤ វិច្ឆិកាថា ការបញ្ឈប់ប្រតិបត្តិការ​ហាងលក់​ទំនិញ 7-Eleven  នៅកម្ពុជានេះ ធ្វើឡើងស្របតាមលក្ខខណ្ឌដែលបាន​ព្រមព្រៀងជាមួយ​ម្ចាស់​ម៉ាក​យីហោ 7-Eleven។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុលម្អិតនៃ​ការសម្រេចចិត្ត​នេះទេ។

ហាង 7-Eleven ដំបូងបង្អស់នៅកម្ពុជា បានបើកដំណើរការនៅខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រោមកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មរយៈ​ពេល​៣០ឆ្នាំ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២០។

ទោះយ៉ាងណា ការសម្រេចចិត្តនេះកើតឡើងក្រោយពីហាង 7-Eleven នៅកម្ពុជា បានជួប​ប្រទះ​ការ​ដាំក្បាលចុះនៃចំនួនសាខាយ៉ាងឆាប់រហ័ស។

ទិន្នន័យរបស់ក្រុមហ៊ុន CP All បង្ហាញថា នៅចុងឆមាសទី១ឆ្នាំ២០២៥ ចំនួនហាង 7-Eleven  នៅកម្ពុជា មាន១១២សាខា ប៉ុន្តែនៅចុងខែមីនា ឆ្នាំ២០២៦ ហាងលក់ទំនិញមួយនេះ បាន ធ្លាក់ចុះមកត្រឹម៦៣សាខា។ កាន់តែធ្ងន់ធ្ងរជាងនេះ គឺគ្រាន់តែនៅចុងខែមីនា ឆ្នាំ២០២៦ ដដែលនោះ  ហាងលក់ទំនិញ7-Eleven បានបន្តធ្លាក់ចុះរហូតនៅសល់ចំនួន៣៩សាខា ហើយបន្តធ្លាក់ចុះបន្ថែមទៀតនៅចុងខែកញ្ញា ឆ្នាំ២០២៦ ដោយនៅសល់ត្រឹមចំនួន២៣សាខាប៉ុណ្ណោះ។ ការរួញតូចនៃអាជីវកម្មនេះ កើតឡើងស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា-ថៃ បានជួបភាពតានតឹងដោយសារជម្លោះព្រំដែនកាលពីឆ្នាំ២០២៥ ដែលបង្កឱ្យមានចលនាពហិការផលិតផលថៃ និងការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី យល់ថា ការបិទអាជីវកម្មនេះបង្ហាញពីរបៀបដែលជម្លោះនយោបាយ និងភាពតានតឹងរវាងប្រទេសអាចជះឥទ្ធិពលដោយផ្ទាល់ដល់ពាណិជ្ជកម្ម និងទម្លាប់ទិញទំនិញរបស់ប្រជាពលរដ្ឋ។

លោក សេង វណ្ណលី បន្ថែមទៀតថា នៅពេលអ្នកប្រើប្រាស់ងាកទៅរកម៉ាកយីហោ ឬផលិតផលក្នុងស្រុកជំនួសទំនិញថៃ អាជីវកម្មដែលមានប្រភពពីប្រទេសថៃ​អាចបាត់បង់ចំណែកទីផ្សារ។ ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពធូរស្រាលនៅពេលក្រោយក៏ដោយ ការទាក់ទាញអតិថិជនឱ្យត្រឡប់មកវិញអាចត្រូវការពេលវេលា។

«យ៉ាងណាក្តី ដើម្បីឱ្យអាជីវករខ្មែរបានទទួលផលប្រយោជន៍ ផលិតករខ្មែរត្រូវរក្សាគុណភាពឱ្យបានស្មើគ្នា ដាក់តម្លៃដែលអតិថិជនអាចទទួលយកបាន និងផ្គត់ផ្គង់ឱ្យទាន់តម្រូវការរបស់ហាង។ រដ្ឋាភិបាលក៏ជួយសហគ្រាសតូចៗឱ្យងាយទទួលបានទុន និងការណែនាំអំពីស្តង់ដារផលិតផល បើធ្វើបាន ទំនិញខ្មែរអាចរក្សាអតិថិជនបាន ទោះទំនិញថៃត្រឡប់មកវិញប្រកួតប្រជែងក្នុងទីផ្សារកម្ពុជាក្រោយអំពីស្ថានភាពទំនាក់ទំនងមានភាពធូរស្រាលក៏ដោយបាទ»។

លោក សេង វណ្ណលី

លោកបានបន្ថែមថា ផលប៉ះពាល់មិនត្រឹមតែធ្លាក់ទៅលើក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់បុគ្គលិកខ្មែរ និងអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលធ្លាប់ផ្គត់ផ្គង់ទំនិញឱ្យហាងទាំងនេះផងដែរ។ លោក ថា ការចាកចេញរបស់ 7-Eleven អាចបង្កើតឱកាសសម្រាប់ផលិតករ និងអាជីវករកម្ពុជា ជាពិសេសក្នុងវិស័យភេសជ្ជៈ អាហារកែច្នៃ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។

ទោះជាយ៉ាងណា លោកថា ដើម្បីទាញយកប្រយោជន៍ពីឱកាសនេះ ផលិតករក្នុងស្រុកត្រូវធានាគុណភាពផលិតផល កំណត់តម្លៃសមរម្យ និងមានសមត្ថភាពផ្គត់ផ្គង់ឱ្យបានទៀងទាត់តាមតម្រូវការទីផ្សារ។ លោកក៏ជំរុញឱ្យរដ្ឋាភិបាលជួយសហគ្រាសធុនតូច និងមធ្យមឱ្យទទួលបានទុន ព្រមទាំងផ្តល់ការណែនាំអំពីស្តង់ដារផលិតផល ដើម្បីឱ្យទំនិញខ្មែរអាចប្រកួតប្រជែងបាន ទោះបីផលិតផលថៃវិលត្រឡប់មកទីផ្សារកម្ពុជានាពេលអនាគតក៏ដោយ។

ជាមួយគ្នានេះ អ្នកនាំពាក្យនៃរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ បានលើកឡើងថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនបរទេសមួយចំនួនក្នុងការបិទ ឬផ្លាស់ប្តូរអាជីវកម្មនៅកម្ពុជា មិនគួរត្រូវបានពន្យល់ដោយសារតែជម្លោះព្រំដែនកម្ពុជា-ថៃ និងការបិទច្រកព្រំដែនតែមួយមុខនោះទេ។ លោកអះអាងថា កត្តាផ្សេងទៀតដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន គឺហានិភ័យនៃវិធានការរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។

លោក គឹម សុខ បានយោងទៅលើការអនុម័តសេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្ត្រអាមេរិក ដែលមានគោលបំណងបង្កើតយន្តការថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញនៅកម្ពុជា។ លោកអះអាងថា វិធានការនាពេលអនាគតអាចរួមមានការដាក់កម្រិតលើជំនួយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងវិធានការការទូតលើបុគ្គល ឬស្ថាប័នដែលពាក់ព័ន្ធ។

«ក្នុងករណីដែលរឿងទាំងអស់នេះកើតឡើង ហើយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងតែប្រឈមទៅហើយ ដូច្នេះ បញ្ហាសេដ្ឋកិច្ចនៅប្រទេសកម្ពុជានឹងដាំក្បាលចុះ ធ្លាក់ក្នុងវិបត្តិយ៉ាងជ្រៅ ម្ល៉ោះហើយ ក្រុមហ៊ុននានា គេពិបាកដាក់ទីតាំងរកស៊ី​នៅប្រទេសកម្ពុជា​ខ្លាំងណាស់»។

លោក គឹម សុខ

លោក គឹម សុខ បាននិយាយថា ភាពមិនច្បាស់លាស់អំពីទំនាក់ទំនង​របស់កម្ពុជា​ជាមួយ​ប្រទេស​លោកខាងលិច និងហានិភ័យនៃការបាត់បង់ទីផ្សារអន្តរជាតិ អាចធ្វើឱ្យក្រុមហ៊ុនបរទេស​ពិចារណា​ឡើងវិញអំពីការបន្តវិនិយោគនៅកម្ពុជា។

អ្នកឃ្លាំមើលសង្គមអះអាងថា ការបិទហាង 7-Eleven នេះកើតឡើងចំពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងថៃនៅតែរងឥទ្ធិពលពីភាពតានតឹងនៃជម្លោះព្រំដែន។ ចំណែកឯ​ផលប៉ះពាល់​រយៈពេលវែង​ចំពោះអ្នកផ្គត់ផ្គង់ក្នុងស្រុក បុគ្គលិក និងទីផ្សារលក់រាយនៅកម្ពុជា នៅមិនទាន់​អាចវាយតម្លៃ​បាន​នៅ​ឡើយទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ