អ្នកឃ្លាំមើល​ថា កិច្ចប្រជុំ UNCLOS លើកទី៣​ជា​ការ​សាកល្បង​ឆន្ទៈ​នយោបាយ​កម្ពុជា-ថៃ

0
26
ជំនួបរវាងរដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក្រៅកិច្ចប្រជុំ​អ.ស.ប កាលពីថ្ងៃទី២៧ ឧសភា ២០២៦។ រូប៖ ក្រសួងការបរទេសកម្ពុជា
ជំនួបរវាងរដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក្រៅកិច្ចប្រជុំ​អ.ស.ប កាលពីថ្ងៃទី២៧ ឧសភា ២០២៦។ រូប៖ ក្រសួងការបរទេសកម្ពុជា

អ្នកឃ្លាំមើលសង្គម ចាត់ទុកកិច្ចប្រជុំលើកទី៣ រវាងកម្ពុជា និងថៃ ក្រោមយន្តការ​អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថា ជាជំហានការទូត និងផ្លូវច្បាប់ដ៏សំខាន់មួយ ប៉ុន្តែព្រមានថា ដំណើរការ​នេះអាចមិនទទួលបានជោគជ័យ ប្រសិនបើភាគីទាំងពីរ​មិនបង្ហាញ ឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះ។

កម្ពុជា និងថៃកំពុងចូលរួមកិច្ចប្រជុំលើកទី៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ និងស្វែងរកចំណុចរួមតាមរយៈយន្តការសម្របសម្រួលអន្តរជាតិ។ អ្នកឃ្លាំមើលថា ការដែលប្រទេសទាំងពីរយល់ព្រមចូលរួមចរចានៅប្រទេសទីបីដែលជាសមាជិកអាស៊ានដូចគ្នា បង្ហាញពីការព្យាយាមបន្ធូរបន្ថយភាពតានតឹង និងផ្តល់ឱកាសឱ្យយន្តការអន្តរជាតិឯករាជ្យជួយសម្របសម្រួលរកដំណោះស្រាយ ជំនួសឱ្យការប្រឈមមុខដាក់គ្នា។

ទោះជាយ៉ាងណា  អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា    លោក សេង វណ្ណលី បានសម្តែងការព្រួយបារម្ភថា    កិច្ចចរចានេះអាចបាត់បង់ប្រសិទ្ធភាព ប្រសិនបើថៃនៅតែបន្តសកម្មភាពយោធា និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែនគោក ដែលលោកចាត់ទុកថាជាការរំលោភបំពានទឹកដីកម្ពុជា។

«គួរឱ្យកត់សម្គាល់ផងដែរថា ខណៈពេលដែលភាគីទាំងពីរកំពុងប្រើប្រាស់ក្របខណ្ឌរបស់ PCA នៅប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ភាគីថៃបែរជាប្រើប្រាស់ល្បិចកលដាក់សម្ពាធផ្លូវចិត្ត និងនយោបាយមកលើកម្ពុជាទៅវិញ តាមរយៈការនាំក្រុមអ្នកសារព័ត៌មានចុះទៅពិនិត្យមើលទីតាំងដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅលើដែនគោករបស់កម្ពុជា។ ទង្វើដ៏គឃ្លើននេះបង្ហាញឱ្យឃើញពីភាពមិនស្មោះត្រង់របស់ថៃនៅក្នុងដំណើរការចរចា»។

លោក សេង វណ្ណលី

លោក សេង វណ្ណលី បន្ថែមថា យន្តការរបស់គណៈកម្មការសម្របសម្រួលនៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ផ្តល់ឱកាសឱ្យកម្ពុជាបង្ហាញភស្តុតាង ផែនទី និងឯកសារផ្លូវច្បាប់ពាក់ព័ន្ធទៅកាន់អ្នកសម្របសម្រួលអន្តរជាតិដោយផ្ទាល់។លោកយល់ថា ដំណើរការនេះក៏អាចជួយទប់ស្កាត់ការផ្លាស់ប្ដូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន និងការពារសុវត្ថិភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការប៉ះទង្គិចកន្លងមក។

លោក សេង វណ្ណលី បានបញ្ជាក់ថា ទោះបីជាយន្តការសម្របសម្រួលនេះមិនមែនជាការកាត់ក្តីដែលមានអំណាចចាប់បង្ខំឱ្យភាគីណាមួយអនុវត្តតាមដូចសាលក្រមតុលាការក៏ដោយ ក៏វាជាការសាកល្បងឆន្ទៈនយោបាយរបស់កម្ពុជា និងថៃក្នុងការគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែវិច្ឆិកា គណៈកម្មការ សម្របសម្រួលនៃ PCA  បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដោយផ្អែកលើការផ្លាស់ប្ដូរយោបល់ប្រកបដោយផ្លែផ្កានៅក្នុងកិច្ចប្រជុំពីរលើកមុន។ គណៈកម្មការ និងភាគីទាំងពីរនឹងបន្តពិភាក្សាលើបញ្ហាបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ ព្រមទាំងស្វែងរកចំណុចដែលអាចឈានដល់ការយល់ព្រមរួម។ កិច្ចប្រជុំនេះនឹងធ្វើឡើងជាសម្ងាត់។

ដំណើរការសម្របសម្រួលត្រូវបានផ្តួចផ្តើមដោយកម្ពុជាកាលពីថ្ងៃទី២ ខែមិថុនា តាមរយៈសេចក្ដីជូនដំណឹងក្រោមមាត្រា១១ នៃឧបសម្ព័ន្ធទី៥ ស្របតាមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃ UNCLOS។ កម្ពុជាមានគោលបំណងសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយថៃ ស្តីពីការកំណត់ព្រំដែនសមុទ្រតែមួយដែលអាចអនុវត្តបានសម្រាប់គ្រប់គោលបំណងរវាងប្រទេសទាំងពីរ។ ជាជម្រើសមួយទៀត កម្ពុជាចង់ឈានដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានប្រកបដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងចុងក្រោយស្តីពីព្រំដែនសមុទ្រ។

ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានការកសាងទំនុកចិត្ត ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីខែតុលា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា  លោក អ៊ុំ សំអាន យល់ថា កិច្ចប្រជុំលើកទី៣ នេះទំនងជាមិនទទួលបានលទ្ធផលវិជ្ជមានច្រើននោះទេ។ លោកបានអះអាងថា ថៃចូលរួមក្នុងយន្តការសម្របសម្រួលនេះគ្រាន់តែដើម្បីបំពេញបែបបទប៉ុណ្ណោះ ដោយសារអនុសាសន៍របស់គណៈកម្មការមិនមានអំណាចចាប់បង្ខំឱ្យភាគីណាមួយអនុវត្តតាមឡើយ។

លោក អ៊ុំ សំអាន បានលើកឡើងថា ប្រសិនបើថៃបដិសេធអនុសាសន៍របស់គណៈកម្មការ កម្ពុជាគួរពិចារណាប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ឬតុលាការអន្តរជាតិផ្នែកច្បាប់សមុទ្រ (ITLOS) ជាជាងបន្តពឹងផ្អែកតែលើការចរចាទ្វេភាគី។

«ខ្ញុំគិតថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងមិនហ៊ានប្តឹងថៃទៅកាន់តុលាការអន្តរជាតិនោះទេ ពីបញ្ហាជម្លោះដែនសមុទ្រ ដោយខ្លាចប៉ះពាល់នឹងផលប្រយោជន៍វៀតណាម ជាពិសេសប៉ះពាល់ទៅដល់ សន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រ ដែលលោក ហ៊ុន សែន បានកាត់កោះត្រល់, កាត់កោះក្រចកសេះ និងដែនសមុទ្រខ្មែរយើងឱ្យទៅវៀតណាម កាលពីឆ្នាំ១៩៨២ សម័យវៀតណាមត្រួតត្រាកម្ពុជា»។

លោក អ៊ុំ សំអាន

កិច្ចប្រជុំលើកទី១ ក្រោមយន្តការសម្របសម្រួលនេះ បានធ្វើឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ខណៈកិច្ចប្រជុំលើកទី២ បានប្រព្រឹត្តទៅនៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា។ ក្នុងកិច្ចប្រជុំលើកទី២ ភាគីទាំងពីរបានព្រមព្រៀងលើវិធានការកសាងទំនុកចិត្តមួយចំនួន។ ទោះជាយ៉ាងណា នៅមុនកិច្ចប្រជុំលើកទី៣នេះ នាយករដ្ឋមន្រ្តីថៃលោក អានុទីន ឆាន់វីរៈគុល បានព្រមានថា ថៃអាចបញ្ឈប់ការចរចាជាមួយកម្ពុជា ប្រសិនបើកម្ពុជានៅតែបន្តប្រើប្រាស់យន្តការផ្សះផ្សាមួយនេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ