

អាជ្ញាធរស្រុកទឹកឈូ ខេត្តកំពត បង្កើនការធ្វើទុក្ខបុកម្នេញ រឹតត្បិត គំរាមកំហែង និងបំភិតបំភ័យមកលើគណបក្សកម្លាំងជាតិ មិនឲ្យរៀបចំវេទិកានយោបាយ ជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ។ មន្ត្រីសិទ្ធិមនុស្សបារម្ភថា ការបន្តបិទខ្ទប់សិទ្ធិសេរីភាពរបស់គណបក្សប្រឆាំងមិនឲ្យធ្វើសកម្មភាពនយោបាយនេះ អាចបណ្តាលឲ្យប៉ះពាល់ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្របពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងថ្នាក់ជាតិឆ្នាំ២០២៨ ខិតជិតមកដល់អាជ្ញាធររបបក្រុងភ្នំពេញបង្កើនសកម្មភាពយាយី គំរាមកំហែងផ្នែកស្មារតី និងរឹតបន្តឹងទៅលើសកម្មភាពជួបជុំគណបក្សប្រឆាំងកាន់តែខ្លាំងជាងមុន។
ជាក់ស្តែង កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ គណបក្សកម្លាំងជាតិគ្រោងរៀបចំវេទិកាសាធារណៈធំមួយ ដែលមានការចូលរួមពីប្រធានគណបក្សកម្លាំងជាតិលោក ជា មុនី អនុប្រធានគណបក្សលោក សុខ គឹមសេង និងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត នៅទីតាំងដីរបស់តំណាងគណបក្សខ្លួន ក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែត្រូវរំសាយទៅវិញ ដោយសារអាជ្ញាធរនៅមូលដ្ឋាន បានព្រមានចាត់វិធានការច្បាប់ បំបាក់ស្មារតីលើម្ចាស់ទីតាំងដី និងប្រើគ្រប់មធ្យោបាយទប់ស្កាត់ការរៀបចំកម្មវិធីនេះ។
តំណាងគណបក្សកម្លាំងជាតិខេត្តកំពត និងជាអនុប្រធានយុវជនថ្នាក់ជាតិគណបក្សកម្លាំងជាតិ លោក ព្រំ រ័ត្ន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា គណបក្សបានដាក់លិខិតជូនដំណឹងស្នើសុំរៀបចំកម្មវិធីធំនេះ ទៅអាជ្ញាធរឃុំស្របតាមនីតិវិធី ប៉ុន្តែអាជ្ញាធរបានបង្កការលំបាក និងណែនាំឲ្យគណបក្សដាក់លិខិតជាថ្មីថា ជាកម្មវិធីជួបជុំធម្មតាបែបតូចចង្អៀតវិញ ហើយគណបក្សក៏បានយល់ព្រមធ្វើតាម ដោយសារកៀកនឹងថ្ងៃកម្មវិធីទៅហើយ។ លោកបន្តថា នៅពេលគណបក្ស បានធ្វើតាមការណែនាំ ស្រាប់តែ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ក៏បានចេញលិខិតអញ្ជើញម្ចាស់ទីតាំងដី២រូប គឺលោក នូ សាវ៉ាត ត្រូវជាប្តី និងលោកស្រី ឡេស ម៉ៃសារ៉ស់ ជាប្រពន្ធ ឲ្យចូលទៅជួបកាលពីថ្ងៃទី១៩ វិច្ឆិកា កន្លងទៅនេះ។ លោកថា អភិបាលស្រុករូបនេះ បានព្រមានអនុវត្តនីតិវិធីច្បាប់ និងបានដាក់បំរាមមួយចំនួនដូចជា មិនឲ្យបំពងសម្លេងខ្លាំងលឺដល់អ្នកជិតខាង សុំបញ្ចីវត្តមានអ្នកដែលចូលរួមប្រជុំទាំងអស់ មិនឲ្យមានពលរដ្ឋចូលរួមក្នុងកម្មវិធី ហើយត្រូវមានតែសមាជិកសមាជិការបស់ខ្លួនប៉ុណ្នោះ ហើយក្នុងករណីមានអ្នកប្តឹងពីការប្រជុំនោះមានការបំពងសម្លេងរំខាន នោះម្ចាស់ទីតាំងនិងអ្នកតំណាងគណបក្សត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ព្រំ រ័ត្ន អះអាងទៀតថា អាជ្ញាធរអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកថា អាជ្ញាធរ បានប្រើប្រាស់មធ្យោបាយ គាបសង្កត់ បំបាក់ស្មារតីដល់សកម្មជនគណបក្ស ដាក់លក្ខខណ្ឌដែលមិនសមស្រប និងរឹតត្បិតបំបិទសិទ្ធិសេរីភាពដល់ពលរដ្ឋយ៉ាងខ្លាំង។ លោកថ្លែងថា អាជ្ញាធរអនុវត្តច្បាប់ហាក់លើសពីកាតព្វកិច្ចរបស់ខ្លួនទៅទៀត។
«ខាងអឺអភិបាលស្រុក គាតដាក់លក្ខខណ្ឌចង្អៀត មិនឱ្យមានសំឡេងបំពងឮទៅក្រៅ ហើយចុះបើសិនជានៅក្នុងហេតុផលហ្នឹង បើមានអ្នកណាម្នាក់ដែលត្រូវបានរៀបចំដើម្បីឱ្យមានការប្តឹងផ្តល់ម្ចាស់ផ្ទះ ឬតំណាងគណបក្សយើង វាធ្វើឱ្យមានបញ្ហា។ ដូច្នេះហើយការអនុវត្តនេះវាផ្ទុយធម្មតា ការបំពងសំឡេងឬអីហ្នឹង វាតែងតែឮមិនខានទេ។ គាត់យកលក្ខខណ្ឌបែបនេះជាការតឹងរ៉ឹង។ ហើយមួយទៀត ដែលថាការអញ្ជើញតំណាងឃុំ ឬតំណាងគណបក្សស្រុកហ្នឹង គឺប៉ះពាល់ដល់ស្មារតីរបស់គាត់បាត់ហើយ ធ្វើឱ្យមានសម្ពាធផ្លូវចិត្ត ហើយទៅដល់កន្លែងហើយ យើងដាក់លក្ខខណ្ឌដែលតឹងរ៉ឹង ដែលមិនអាចទទួលយកបានទៀត វាចូលលក្ខណៈបិទសិទ្ធិសេរីភាព ទាក់ទងទៅនឹងលំហសេរីភាព លំហនៃការធ្វើសកម្មភាពនយោបាយ ដែលៗយើងមិនអាចទទួលយកបាន»។
លោក ព្រំ រ័ត្ន
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ដើម្បីឆ្លើយបំភ្លឺជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ វិច្ឆិកានេះ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាលោក សរ ចំរុង បានណែនាំទៅអភិបាលខេត្តកំពតលោក ម៉ៅ ធនិន និងអាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះសកម្មភាពនយោបាយរបស់គណបក្សប្រឆាំងទាំងនៅមូលដ្ឋាន និងលើបណ្តាញសង្គម មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ ដែលអាចបង្កការបំផុសបំផុល ធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿ ប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល។
គណបក្សកម្លាំងជាតិ យល់ឃើញថា ការបង្គាប់ឲ្យអាជ្ញាធរមូលដ្ឋាន តាមដាន និងប្រុងប្រយ័ត្នសកម្មភាពរបស់គណបក្សប្រឆាំងនេះ ជារឿងមិនសមហេតុផលទាល់តែសោះ ហើយថា គណបក្សប្រឆាំងជាពិសេសគណបក្សកម្លាំងជាតិ គឺធ្វើសកម្មភាពស្របតាមច្បាប់នានា ហើយបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងមហាផ្ទៃផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កម្ពុជា ជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយរាល់គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃដោយស្របច្បាប់ និងមានតម្កល់លក្ខខន្ធិកៈជាមួយក្រសួងមហាផ្ទៃ នោះគណបក្សទាំងនោះ អាចធ្វើសកម្មភាពនយោបាយបានដោយស្របច្បាប់នៅកម្ពុជា និងត្រូវបានធានាដោយច្បាប់ ដោយស្មើភាពគ្នា។ លោកថា ប្រសិនបើគណបក្សទាំងនោះធ្វើការជួបជុំ ហើយត្រូវរងការបំភិតបំភ័យ ហាមឃាត់ និងគំរាមកំហែងតាមរូបភាពណាមួយ នោះគឺបង្ហាញឲ្យឃើញពីការរឹតត្បិតសេរីភាពនយោបាយ និងប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ។
«អាហ្នឹងហើយ ដែលកន្លងមកគេតែងតែរិះគន់ថា លំហសេរីភាពនយោបាយត្រូវបានរឹតត្បិត លំហស៊ីវិលត្រូវបានរឹតត្បិត ឬក៏លំហសារព័ត៌មានត្រូវបានរឹតត្បិត ហើយសហគមន៍អន្តរជាតិតែងតែអំពាវនាវឱ្យកម្ពុជាយើងបើកនូវលំហសេរីភាពទាំងអស់ហ្នឹង ឱ្យស្របតាមទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដើម្បីកុំឱ្យមានរឹតត្បិតទៅលើលំហសេរីភាពទាំងអស់ហ្នឹង ជាពិសេសគឺលំហសេរីភាពនយោបាយហ្នឹងឯងបាទ។»
លោក អំ សំអាត
គណបក្សកម្លាំងជាតិខេត្តកំពត គ្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ណែនាំ និងពិនិត្យមើលបន្ថែមលើការអនុវត្តច្បាប់របស់អាជ្ញាធរនៅថ្នាក់មូលដ្ឋានថា សមស្របទៅនឹងស្មារតី សជណ លេខ ៤១១០ ដែលនិយាយអំពីការណែនាំឲ្យមន្ត្រីមូលដ្ឋានបង្កភាពងាយស្រួលដល់គណបក្សនយោបាយទាំងអស់៕









