

ពលរដ្ឋចាញ់បោកក្រុមហ៊ុន ហ៊ី គឹមហុង ស្ដីបន្ទោសតុលាការ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា ការពារអ្នកបោកប្រាស់ ជាជាងរក យុត្តិធម៌ឱ្យពលរដ្ឋរងគ្រោះ ហើយថែមទាំងសួរលោកហ៊ុន ម៉ាណែត ថា ចេះធ្វើនាយករដ្ឋមន្ត្រីទេបានជាពន្យារពេលមិនព្រមដោះស្រាយឱ្យពួកគាត់។ សង្គមស៊ីវិលលើកឡើងថា ប្រតិកម្មរបស់ប្រជាពលរដ្ឋរងគ្រោះបង្ហាញអំពីការអស់ជំនឿលើរដ្ឋាភិបាល និង ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ប្រជាពលរដ្ឋរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង បន្ទោសតុលាការ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា អត់សមត្ថភាព និង ធ្វើជាខ្នងបង្អែកឱ្យជនខិលខូចរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ ក្នុងទ្រង់ទ្រាយធំ ពីព្រោះ លោក ហ៊ី គឹមហុង នៅតែមានសេរីភាពដើរជាមួយអ្នកមានអំណាច ទោះតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំហើយក្តី។
ពលរដ្ឋរងគ្រោះម្នាក់ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ថា លោកស្ទើរអស់ខ្យល់ហើយ ក្នុងការសងបំណុលធនាគារ ហើយបញ្ហាជីវភាពគ្រួសារកាន់តែធ្លាក់ដុនដាប បន្ទាប់ពីចាញ់បោកក្រុមហ៊ុនពិភព ដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង ប្រមាណ ៦ឆ្នាំមកនេះ។
លោកលើកឡើងថា ការប្ដឹងផ្ដល់រកយុត្តិធម៌មានពេល ៣ឆ្នាំហើយ ប៉ុន្តែតុលាការ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចេះតែដោះសាអំពីនីតិវិធី ហើយពន្យារពេល ម្ដងហើយម្ដងទៀត មិនព្រមដោះស្រាយឱ្យពលរដ្ឋ ដែលបានចាញ់បោកក្រុមហ៊ុន។ លោកថា ចំណាត់ការរបស់តុលាការ និងរដ្ឋាភិបាល គឺជាការការពារអំពើល្មើសច្បាប់របស់លោក ហ៊ី គឹមហុង និងលើកទឹកចិត្តឱ្យជនល្មើសហ៊ានបន្តឆបោក ដោយមិនខ្លាចច្បាប់របស់ប្រទេស។
ពលរដ្ឋរងគ្រោះរូបនេះ និយាយថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងបង្កើន ឥទ្ធិពលដល់ជនឆបោក ហើយជារបៀបដឹកនាំប្រទេស ដែលបង្កើតទម្លាប់អាក្រក់ ក្នុងសង្គម និង បំផ្លាញទំនៀមទម្លាប់ល្អរបស់ជាតិកម្ពុជា ដែលជនជាតិខ្មែរ តែងតែស្អប់ការបោកប្រាស់។ លោកថា តាមបទពិសោធន៍ករណីក្រុមហ៊ុនអតីតឧកញ៉ា ហ៊ី គឹមហុង នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើឱ្យជនខិលខូចមានមោទនភាពថា ពួកគេអាចដើរបោកប្រាស់នរណាក៏បាន និង ឆបោកធំប៉ុនណាក៏មិនមានបញ្ហា ឱ្យតែពួកគេមានអ្នកកាន់អំណាចជាខ្នងបង្អែក។
«គិតតែពីអំណាច គិតតែពីគាបសង្កត់លើប្រជាពលរដ្ឋទន់ខ្សោយ អាហ្នឹង មិនមែនហៅថា អ្នកបម្រើរាស្ត្រទេ។ ឈឺចាប់ណាស់ ព្រោះអីការរងគ្រោះ ច្រើនឆ្នាំមកហើយ ជាមួយ ហ៊ី គឹមហុង ដល់ពេលរត់មកច្បាប់ ច្បាប់ពន្យារពេលច្បាប់មិន ដោះស្រាយឱ្យមានតម្លាភាព។ កាត់ទោសហើយនៅដើរហើរសេរី ហើយនៅមាន ពាក្យពេចន៍អីផ្សេងៗគំរាមកំហែង ចំពោះប្រជាពលរដ្ឋថែមទៀត។ ជាក់ស្ដែងដូច ពាក្យថ្មីហ្នឹង មានលេចលឺហើយបង្ហោះទៅធ្វើបុណ្យទានឯណេះ ឯណោះ ដោយសារ ការមានបានពីការបោកប្រាស់ប្រជាពលរដ្ឋហ្នឹង»។
ពលរដ្ឋ
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបំភ្លឺរឿង នេះបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់ពលរដ្ឋរងគ្រោះ គឺស្របនឹងភាពជាក់ស្ដែង ដែលបានកើតឡើង។ បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងខែសីហា ឆ្នាំ២០២៣ នោះប្រមាណតែ ៣ខែក្រោយមក គឺក្នុងដើមខែវិច្ឆិកា ឆ្នាំ២០២៣ដដែល លោក ហ៊ី គឹមហុង ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ ដោះលែងឱ្យមានសេរីភាពនៅក្រៅឃុំបណ្ដោះ អាសន្ន មកដល់សព្វថ្ងៃ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអតីតឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុន ពិភពដីមាស និងបក្ខពួក ២ នាក់ទៀត គឺលោកប្រាក់ ពិន និងលោក ចេង សង្ហាក់ឱ្យជាប់ពន្ធនាគារសរុប ១៥ឆ្នាំ លើសំណុំរឿងឆបោកចំនួន ៣ករណី និងបង្គាប់ឱ្យសង សំណង ៣៣,៥លានដុល្លារ ដល់គ្រួសារជនរងគ្រោះចំនួន ១,១១៥ គ្រួសារ។ ប៉ុន្តែមកទល់ពេលនេះ ពលរដ្ឋរងគ្រោះនៅតែមិនទាន់ទទួលបានសំណង ហើយ លោក ហ៊ី គឹមហុង នៅតែរស់នៅក្រៅឃុំដដែល។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែវិច្ឆិកា ថា ការលើកឡើងរបស់ប្រជាពលរដ្ឋរងគ្រោះបង្ហាញអំពីការអស់ជំនឿរបស់ពួកគាត់ លើការដឹកនាំនៃរដ្ឋាភិបាល និង ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលសភាពអស់ជំនឿនេះ ពិបាកស្ដារឡើងវិញណាស់ ក្នុងស្ថានភាពដុនដាបដូចបច្ចុប្បន្ន។
លោក យិន ម៉េងលី មានប្រសាសន៍ថា អយុត្តិធម៌ ចំពោះពលរដ្ឋចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ា ហ៊ី គឹមហុង ប៉ះពាល់ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននេះ ដោយផ្ទាល់ផង និង ជះឥទ្ធិពលអាក្រក់ដល់បរិយាកាសវិនិយោគរបស់ប្រទេសផង ខណៈប្រព័ន្ធតុលាការ និង រដ្ឋបាលសាធារណៈ នៅតែរងការរិះគន់ខ្លាំង។ លោកស្នើឲ្យតុលាការពិនិត្យឡើងវិញឲ្យបានហ្មត់ចត់អំពីការដោះលែងលោក ហ៊ី គឹមហុង។
«តើការដោះលែងឱ្យនៅក្រៅឃុំមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីឱ្យនៅក្រៅឃុំហ្នឹង? តើជនជាប់ចោទហ្នឹង សន្យាអ្វីខ្លះ សងយ៉ាងម៉េច បំពេញ កាតព្វកិច្ចយ៉ាងម៉េច ត្រូវធ្វើការពិនិត្យពិចារណាឡើងវិញ នៅក្នុងការដោះលែងហ្នឹង? មូលហេតុអីបានលែងឱ្យនៅក្រៅឃុំ ឱ្យនៅក្រៅឃុំ ដើម្បីឱ្យមករកថវិកា មក ប្រមូលថវិកា ដើម្បីសងទៅជនរងគ្រោះឬក៏ដើមបណ្ដឹងរដ្ឋប្បវេណី ឬក៏ឱ្យនៅក្រៅ ឃុំហ្នឹង ដើម្បីមកឱ្យនៅសុខស្រួល»។
លោក យិន ម៉េងលី
អ្នកឃ្លាំមើលកត់សម្គាល់ថា លោក ហ៊ី គឹមហុង រួចខ្លួនពីការជាប់ពន្ធនាគារ ហើយមិនអើពើនឹងដោះស្រាយសំណងឱ្យពលរដ្ឋរងគ្រោះ ដោយសារអតីតឧកញ៉ារូបនេះ បង្ហាញភាពស្និទ្ធស្នាលចុះចែកអំណោយជាមួយប្រធានអង្គរក្សគ្រួសារត្រកូល ហ៊ុន គឺលោក ហ៊ីង ប៊ុនហៀង ដូចករណី ឧកញ៉ា ឡេង ណាវ៉ាត្រា ដែរ។
ពលរដ្ឋម្នាក់ទៀត ដែលចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ា ហ៊ី គឹមហុង ដែរ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ទូរទស្សន៍អាស៊ីសេរី ដោយឆ្ងល់ថា ហេតុអ្វីរដ្ឋាភិបាល មិនខ្វល់ពីការស្លាប់រស់របស់ប្រជាពលរដ្ឋរងគ្រោះ ហើយលោក ហ៊ុន ម៉ាណែត ចេះធ្វើនាយករដ្ឋមន្ត្រីឬទេ?
លោកស្រីឱ្យដឹងថា ពលរដ្ឋរងគ្រោះគ្រប់ក្រុមគ្រួសារ ក្នុងសហគមន៍របស់លោកស្រី ខ្លះអស់ផ្ទះ និង ខ្លះអស់ដី ដោយសារការរឹបអូសពីធនាគារ។ បន្ថែមលើនេះ លោកស្រីថា ជីវភាពគ្រួសារនីមួយៗ ធ្លាក់ក្នុងសភាពវេទនា ធ្វើចំណាកស្រុកទៅថៃទាំងប្រថុយប្រថាន និង បាត់បង់ជីវិតសមាជិកគ្រួសារជាបន្តបន្ទាប់ ព្រោះតែគ្មានប្រាក់ព្យាបាលជំងឺ ក្នុងនោះ ក៏មានប្ដីលោកស្រីដែរ ដែលបានស្លាប់ទៅទុកឱ្យកូនៗគ្មានទីពឹង។
«រកលុយបង់គេរហូត ខ្ញុំលក់ខ្ទិចខ្ទីអស់ហើយ ហើយយើងជីវភាពទន់ខ្សោយអ៊ីចឹងបង់រយៈពេល ៣ឆ្នាំអស់រលីងរលត់ហើយ មានអីទៀត ព្រោះអីខ្ញុំអស់ប្ដីមួយហើយ ពិបាកចិត្តឈឺស្លាប់បាត់ចោលខ្ញុំរកស៊ីចិញ្ចឹមកូន។ កូនតែលតោលអស់រលីង»។
ពលរដ្ឋ
ក្រៅពីក្រុមហ៊ុនពិភពដីមាសរបស់ អតីតឧកញ៉ា ហ៊ី គឹមហុង នៅប្រទេសកម្ពុជា មានក្រុមហ៊ុនឆបោកជាច្រើនទៀត ដែលតុលាការ និងរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន មិនទាន់ដោះស្រាយនៅឡើយ ហើយទុកឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ រងគ្រោះយូរឆ្នាំ។
ក្រុមហ៊ុនឆបោកទាំងនោះ សុទ្ធតែបង្ហាញទំនាក់ទំនងជិតស្និទ្ធជាមួយបក្ខពួក គ្រួសារត្រកូលហ៊ុន រួមមាន ក្រុមហ៊ុនរបស់ អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន អតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន ស៊ីអាយស៊ី (CIC)របស់លោក គុយ វ៉ាត និងក្រុមហ៊ុន ហ៊ួយវ័ន ផេ (Huione Pay) របស់ឧកញ៉ា ហ៊ុន តូ ដែលជាបងជីដូនមួយរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ជាដើម៕







