អ្នកវិភាគ​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត សិក្សា​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​នៃ​ការ​បិទ​ព្រំដែន​ជា​មួយ​ថៃ

0
4
ទិដ្ឋភាពរថយន្តដឹកទំនិញឆ្លងកាត់ច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ទិដ្ឋភាពរថយន្តដឹកទំនិញឆ្លងកាត់ច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកវិភាគ​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​បិទ​ព្រំដែន​ជា​មួយ​ថៃ​ដោយ​ឯករាជ្យ ជា​ជាង​គ្រាន់​តែ​និយាយ​ថា គ្មាន​ផល​ប៉ះពាល់។ ការ​លើក​ឡើង​នេះ​គឺ​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ជា​ថ្មី​ថា ទោះ​បី​ជា​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​ជិត​មួយ​ឆ្នាំ​ក៏​ដោយ ក៏​កម្ពុជា​មិន​ស្លាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ វា​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​រឹងមាំ។

អ្នក​វិភាគ​លើក​ឡើង​ថា​ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរ​តែ​សិក្សា​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ដោយ​ឯករាជ្យ និង​មាន​អំណះអំណាង​ច្បាស់លាស់ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជាក់ស្ដែង ក្រោយ​ពី​ភាគី​ថៃ​បាន​សម្រេច​បិទ​ច្រក​ព្រំដែន​ជា​ឯកតោ​ភាគី​ជិត​មួយ​ឆ្នាំ​មក​នេះ។

ពួក​គាត់​ថា កន្លងមក ប្រជាពលរដ្ឋ​តែង​តែ​ឮ​រដ្ឋាភិបាល​លើក​ឡើង​ថា «កម្ពុជា​មិន​ស្លាប់» ហើយ​ជីវភាព​ពលរដ្ឋ​កាន់​តែ​ប្រសើរ​ឡើង។ ប៉ុន្តែ​ជាក់ស្ដែង ពលរដ្ឋ​មួយ​ចំនួន​បាន​បាត់បង់​ចំណូល​ស្ទើរ​ទាំង​ស្រុង និង​ស្ទើរ​តែ​គ្មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ដោយ​សារ​តែ​ការ​បិទ​ព្រំដែន​នេះ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ថា ការ​ដែល​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​មិន​ស្លាប់ ទោះ​បី​ជា​ថៃ​បាន​បិទ​ច្រក​ព្រំដែន​ជា​មួយ​កម្ពុជា គឺ​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​កម្ពុជា​បាន​ពង្រីក​ទី​ផ្សារ​នាំ​ចូល និង​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​វៀតណាម ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ លោក​ថា ក៏​មាន​ការ​កើន​ឡើង​នៃ​សហគ្រាស​ធុន​តូច​និង​ធំ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ផង​ដែរ ក្រោយ​ពី​មាន​ការ​បិទ​ច្រក​ព្រំដែន​ជា​មួ​យ​ថៃ។

ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​មិន​គួរ​មើល​រំលង​ផល​ប៉ះពាល់​នៃ​ការ​បិទ​ច្រក​ព្រំដែន ដែល​កំពុង​គំរាមកំហែង​ដល់​ជីវភាព​ពលរដ្ឋ​នោះ​ទេ។ ជាពិសេស រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល​ថា តើ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ មាន​ប្រាក់​ចំណូល​កើន​ឡើង និង​មាន​លទ្ធភាព​រស់​នៅ​ប្រសើរ​ជាង​មុន​ឬ​អត់។

ទន្ទឹម​គ្នា​នេះ លោក​ថា កម្ពុជា​មិន​គួរ​វាស់វែង​ស្ថាន​ភាព​សេដ្ឋកិច្ច​តែ​តាម​បរិមាណ​ផលិតកម្ម​ក្នុង​ស្រុក​ដែល​កើន​ឡើង និង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដទៃ​ក្រៅ​ពី​ថៃ​នោះ​ទេ។ លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​កម្ពុជា និង​ថៃ​មាន​ជម្លោះ​ព្រំដែន រហូត​ដល់​ការ​បិទ​ច្រក​ព្រំដែន និង​លែង​មាន​ការ​រក​ស៊ី​ជា​មួយ​គ្នា កម្ពុជា​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់ ដែល​បង្ហាញ​ថា ប្រទេស​ខាតបង់ ឬ​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ណា​នោះ​ទេ។ ដូច្នេះ ​លោក​ថា រដ្ឋាភិបាល​គួរតែ​សិក្សា​ពី​ផល​ប៉ះពាល់ និង​ផល​អ​វិជ្ជមាន​ដែល​កើត​មាន ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​អះអាង​ថា ការ​ប្រើ​ប្រាស់​វោហារសាស្ត្រ​នយោបាយ​របស់​រដ្ឋាភិបាល​គឺ​ជា​រឿង​មួយ ប៉ុន្តែ​ការ​គិត​គូរ​ពី​ជីវភាព ប្រាក់​ចំណូល និង​ស្ថិរភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ គឺ​ជា​បញ្ហា​ចម្បង​ដែល​រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើង​វិញ។

«​យើង​សួរ​ថា​តើ​ពលករ​ខ្មែរ​​ដែល​១លាន​នាក់ ឥឡូវ​នេះ​​មាន​ការ​ងារ​ធ្វើ​ប៉ុន្មាន​ ហើយ​ជីវភាព​​យ៉ាង​ណា​ គឺ​យើង​អត់​ទាន់​បាន​​ការ​ស្រាវ​ជ្រាវ​ ឬ​ការ​ស្ទឹង​មតិ​ ដើម្បី​​រក​ដំណោះស្រាយ​ ​​​វិបត្តិ​​​យ៉ាង​ណា​នោះ​ ពុំ​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ​។ ហើយ​អ្នក​ដែល​បាត់បង់​ផ្ទះ​សម្បែង និង​ការងារ​នៅ​តាម​ព្រំដែន ដោយ​សារ​តែ​ជម្លោះ​ព្រំដែន​នោះ​ថា​តើ យើង​បាន​ដោះស្រាយ​យ៉ាងម៉េច​ នេះ​គឺ​ជា​កិច្ច​ការងារ​ដែល​យើង​ត្រូវ​ឆ្លុះ​បញ្ចាំង»។

លោក ឯម សុវណ្ណារ៉ា

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា បាន​អះអាង​ថា ចាប់​តាំង​ពី​ថៃ​បាន​បិទ​ព្រំដែន​មក កម្ពុជា​បាន​បង្វែរ​ផលិតកម្ម​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេស​ផលិតផល​កសិកម្ម នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​បាន​ទាន់​ពេល​វេលា ទាំង​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​ត្រូវ​ការ​ឱ្យ​ថៃ​បើក​ច្រក​ព្រំដែន​ឡើង​វិញ​នោះ​ឡើយ ព្រោះ​កម្ពុជា​មិន​ស្លាប់​នោះ​ទេ។

«​​យើង​មិន​មាន​តម្រូវ​ការ​​​បើក​ស្អី​​​​នោះ​​ទេ។ ពី​ណា​ថា​​បិទ​​ឱ្យ​​​​ឲ្យ​យើង​ស្លាប់ កម្ពុជា​អត់​ស្លាប់​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​បិទ​គឺ​ជា​​ឱកាស។ ការ​បង្កើត​ការ​លំបាក ធ្វើ​ឲ្យ​យើង​មើល​ខ្លួន​ឯង ពង្រឹង​ខ្លួន​ឯង ដើម្បី​រឹងមាំ​ខ្លួន​ឯង​ជា​ឱកាស​មាស។​​ គេ​ថា​ពេល​ខ្លះ​សុខ យើង​អត់​បាន​គិត ទាល់​តែ​លំបាក​បាន​ប្រឹង។​ របង​​​២ ម៉ែត្រ​ធម្មតា គ្រាន់​តែ​ឃើញ​ដួល​បាត់​ហើយ ​អត់​​លោត​ទេ ​តែ​បើ​ឆ្កែ​ដេញ ​លើក​លោត​រួច។​​​ បើ​យើង​មិន​ប្រឹង យើង​ត្រូវ​ស្លាប់ យើង​ត្រូវ​ឆ្កែ​ខាំ យើង​ត្រូវ​របួស អញ្ចឹង​យើង​​គេ​ថា​បដិសេធ​នឹង​នៅ​ស្លាប់ យើង​ត្រូវ​​រួម​គ្នា​ ធ្វើ​ស្អី​ផ្សេង»។

លោក ហ៊ុន ម៉ាណែត

ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី អ្នក​ឃ្លាំមើល​យល់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់​តែ​ជា​វោហារ​សាស្ត្រ​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ផ្នែក​នយោបាយ ប៉ុន្តែ​លោក​មិនបាន​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ពី​ផល​ប៉ះពាល់​នៃ​ការ​បិទ​ច្រក​ព្រំដែន​នេះ​ឡើយ។ ជាពិសេស លោក​បាន​មើល​រំលង​ពី​ជីវភាព​ពលរដ្ឋ​នៅ​តាម​ព្រំដែន និង​អាជីវកម្ម​ខ្នាត​តូច និង​ធំ​ជា​ច្រើន​ដែល​ត្រូវ​បាន​បិទ​ទ្វារ ដូច​ជា​រោង​ចក្រ​កាត់ដេរ​ជា​ច្រើន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ជា​ដើម។

ពួក​គេ​ថា បញ្ហា​ធំ​មួយ​ទៀត គឺ​ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ។ ការ​សិក្សា​របស់​អង្គការ​សហ​ប្រជា​ជាតិ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ​ខែ​មេសា ឆ្នាំ២០២៦ បាន​បង្ហាញ​ថា ពលករ​ខ្មែរ​ប្រមាណ​ ៩០ម៉ឺន​នាក់​បាន​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ត្រឹម​ចុង​ខែ​កញ្ញា ឆ្នាំ២០២៥។ ការ​វិល​ត្រឡប់​របស់​ពលករ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ទី​ផ្សារ​ការងារ​ក្នុង​ស្រុក​ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង ដោយ​សារ​តម្រូវ​ការ​ការងារ​កើន​ឡើង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​គ្មាន​ការងារ​ធ្វើ​សមរម្យ។

ការ​សិក្សា​របស់​វិទ្យាស្ថាន ISEAS–Yusof Ishak ដែល​ចេញ​ផ្សាយ​នៅ​ខែ​ឧសភា​ ឆ្នាំ២០២៦ បាន​លើក​ឡើង​ថា ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​ពលករ​មួយ​ចំនួន​ដែល​ត្រឡប់​មក​ពី​ថៃ​វិញ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ការ​ស្ទង់​មតិ​ដំបូង​ក្រោយ​ជម្លោះ​បាន​បង្ហាញ​ថា ពលករ​ជា​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ៤០​ភាគ​រយ ឬ​ច្រើន​ជាង​នេះ បើ​ធៀប​នឹង​ពេល​ធ្វើ​ការ​នៅ​ថៃ។

ទោះ​បី​ជា​ក្រោយ​មក​មាន​ពលករ​មួយ​ចំនួន​រក​ការងារ​ថ្មី​បាន​ក៏​ដោយ ក៏​ការ​បាត់បង់​ប្រាក់​ចំណូល​ពី​មុន​នៅ​តែ​ជា​បញ្ហា​សម្រាប់​គ្រួសារ​របស់​ពួកគេ។​ ​ចំណែក​របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យា​ស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​កម្ពុជា (CDRI) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ២០២៦ ក្រោម​ចំណង​ជើង​ថា​ «ផល​ប៉ះពាល់​នៃ​ការ​បិទ​ព្រំដែន​លើ​សេដ្ឋកិច្ច​កម្ពុជា​៖ ការ​វិភាគ​តាម​គំរូ​សេដ្ឋកិច្ច»​ បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០៣០ ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​កម្ពុជា​អាច​ខ្ពស់​ជាង​ពេល​ដែល​គ្មាន​ការ​បិទ​ព្រំដែន​ប្រមាណ ​១,៥ភាគរយ ហើយ​ការងារ​សរុប​អាច​កើន​ឡើង​ប្រមាណ​ ៣,៩ភាគរយ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ GDP សម្រាប់​មនុស្ស​ម្នាក់​អាច​ទាប​ជាង​កម្រិត​ដែល​គួរ​តែ​ទទួល​បាន​ប្រមាណ​ ១ភាគរយ ហើយ​ការ​ប្រើ​ប្រាស់​ជាក់ស្ដែង​សម្រាប់​មនុស្ស​ម្នាក់​អាច​ធ្លាក់​ចុះ​ប្រមាណ ៥,៤​ភាគ​រយ បើ​ធៀប​នឹង​ពេល​ដែល​គ្មាន​ការ​បិទ​ព្រំដែន។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រនយោបាយ លោក សេង វណ្ណលី លើក​ឡើង​ថា ការ​រីក​ចម្រើន​របស់​សហគ្រាស​ក្នុង​ស្រុក​មួយ​ចំនួន ក្រោយ​ពី​ថៃ​បិទ​ព្រំដែន មិន​មាន​ន័យ​ថា ពលរដ្ឋ​ទូទាំង​ប្រទេស​ទទួល​បាន​ផល​ប្រយោជន៍​នោះ​ទេ។ លោក​​ថា លោក ហ៊ុន ម៉ាណែត គួរតែ​ចុះ​ទៅ​​​ស្ដាប់​​​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ អាជីវករ កសិករ និង​ពលករ​នៅ​តាម​តំបន់​ព្រំដែន ដែល​កំពុង​បាត់បង់​ការងារ មុខរបរ និង​ប្រាក់​ចំណូល។ អ្នក​ខ្លះ​ឈាន​ដល់​ការ​លក់​ដីធ្លី និង​ផ្ទះ​សម្បែង ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព និង​បំណុល។

លោក​សង្កត់​ធ្ងន់​ថា ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គួរ​ទទួល​ស្គាល់​បញ្ហា និង​ស្វែង​រក​ដំណោះស្រាយ ជា​ជាង​និយាយ​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​រដ្ឋាភិបាល ដោយ​មើល​រំលង​ការ​លំបាក​របស់​ពលរដ្ឋ។

លោក សេង វណ្ណលី បន្ថែម​ថា មុន​នឹង​លោក ហ៊ុន ម៉ាណែត វាយ​តម្លៃ​ថា កម្ពុជា​កាន់​តែ​រឹងមាំ​ដោយ​សារ​ការ​បិទ​ព្រំដែន លោក​គួរ​មាន​ទិន្នន័យ​ច្បាស់លាស់ និង​ការ​សិក្សា​ដោយ​ឯករាជ្យ​មក​បញ្ជាក់។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​សិក្សា​ថា តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់​បាត់បង់​ការងារ​ អាជីវកម្ម​ប៉ុន្មាន​ត្រូវ​បិទ​ទ្វារ គ្រួសារ​ប៉ុន្មាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល កសិករ​ប៉ុន្មាន​នាក់​បាត់បង់​ទីផ្សារ និង​ពលករ​ប៉ុន្មាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ថៃ​ដោយ​ខុស​ច្បាប់។

លោក​បន្ត​ថា ជាក់ស្ដែង ​ការ​សិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​បិទ​ព្រំដែន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា លើស​ពី​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ ដូច្នេះ លោក​ថា លោក ហ៊ុន ម៉ាណែត មិន​គួរ​យក​ភាព​ជោគជ័យ​របស់​អាជីវករ​មួយ​ចំនួន​មក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​វាយតម្លៃ​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ទេ។ ការ​ដឹកនាំ​ប្រទេស​ត្រូវ​ផ្អែក​លើ​ទិន្នន័យ និង​ការ​ពិត មិន​មែន​ផ្អែក​លើ​អារម្មណ៍ មោទនភាព​ជាតិ​និយម ឬ​ការ​ឃោសនា​នយោបាយ​នោះ​ឡើយ។

«ចំពោះ​ដំណោះស្រាយ ខ្ញុំ​យល់​ថា លោក ហ៊ុន ម៉ាណែត គួរ​បញ្ឈប់​ការ​ប្រើប្រាស់​សារ​នយោបាយ​ប្រជាភិថុតិ ហើយ​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្នែក​ការ​ទូត ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ច្រក​ព្រំដែន​ឡើង​វិញ​ជា​បណ្ដើរ​ៗ ក្រោម​លក្ខខណ្ឌ​ដែល​ធានា​បាន​នូវ​សន្តិសុខ និង​ការ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​គួរ​មាន​វិធានការ​បន្ទាន់ ដូចជា ការ​ជួយ​សម្រួល​ការ​សង​បំណុល​ធនាគារ ការ​បង្កើត​ការងារ ការ​ផ្ដល់​ជំនួយ​ដល់​គ្រួសារ​ដែល​បាត់បង់​ប្រាក់​ចំណូល និង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់​កសិករ»។

លោក សេង វណ្ណលី

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​មិន​គួរ​យក​ការ​បិទ​ព្រំដែន​ធ្វើ​ជា​ឱកាស​បង្ហាញ​តែ​ភាព​រឹងមាំ​ផ្នែក​នយោបាយ ឬ​ជាតិ​និយម​នោះ​ទេ ប៉ុន្តែ​ត្រូវ​បង្ហាញ​តាម​រយៈ​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រជាពលរដ្ឋ​ជាក់ស្ដែង។ ព្រោះ​ការ​ការពារ​ជាតិ​មិន​អាច​វាស់វែង​តែ​តាម​សមត្ថភាព​ការពារ​ព្រំដែន​បាន​ឡើយ​ ប៉ុន្តែ​ត្រូវ​វាស់វែង​តាម​សមត្ថភាព​ការពារ​សន្តិសុខ​សេដ្ឋកិច្ច សុវត្ថិភាព​សង្គម និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​ជីវិត​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក សេង វណ្ណលី បន្ថែម​ថា ​លោក ហ៊ុន ម៉ាណែត គួរ​យល់​ថា ប្រជាពលរដ្ឋ​មិន​អាច​យក​សារ​ជាតិ​និយម​ទៅ​ចិញ្ចឹម​គ្រួសារ ឬ​សង​បំណុល​ធនាគារ​បាន​ទេ។ ភាព​រឹងមាំ​ពិត​ប្រាកដ​របស់​ប្រទេស គឺ​ស្ថិត​នៅ​លើ​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ មិន​មែន​ស្ថិត​នៅ​លើ​សម្តី​របស់​មេដឹកនាំ​នោះ​ទេ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ