អ្នកឃ្លាំ​មើល​រិះគន់​ថា កម្ពុជា​នឹង​មិន​អាច​លុប​បំបាត់​បញ្ហា​គ្រឿងញៀន​បានទេ ខណៈ​អ្នក​ជួញដូរ​ជា​មន្ត្រី​មាន​អំណាច

0
75
អាជ្ញាធរបង្ហាញគ្រឿងញៀនដែលចាប់បានពីភូមិ​ស្មាច់ដែង សង្កាត់​រាម ក្រុង​កំពង់​សោម កាលពីថ្ងៃទិ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
អាជ្ញាធរបង្ហាញគ្រឿងញៀនដែលចាប់បានពីភូមិ​ស្មាច់ដែង សង្កាត់​រាម ក្រុង​កំពង់​សោម កាលពីថ្ងៃទិ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នក​ឃ្លាំមើល​រិះគន់​ថា កម្ពុជា​នឹងមិន​អាចលុប​បំបាត់​បញ្ហា​គ្រឿង​ញៀន​ដែល​កំពុង​រីករាល​ដាល​ធ្ងន់ធ្ងរ​បាន​ទេ ខណៈអ្នក​ជួញដូរ គឺ​ជា​មន្ត្រី​អនុវត្ត​ច្បាប់ និង​មាន​អំណាច។ ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​ដែល​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន ស្នងការ​រងនគរ​បាល​ខេត្ត​កំពត​ម្នាក់ និង​បក្ខពួក​ច្រើន​រូបទៀត បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​ករណី«រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ»ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជិត ១តោន។

អ្នកឃ្លាំ​មើល​បារម្ភ​ថា អំពើពុករលួយ​ជាប្រព័ន្ធ​របស់​មន្ត្រី​អាជ្ញាធរ​មួយចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿង​ញៀន និង​ជួញដូរ​ដោយ​ផ្ទាល់ អាច​បង្កឲ្យ​កម្ពុជា​ជួបវិបត្តិ​អសន្តិសុខ​សង្គម​ធ្ងន់ធ្ងរ និង​បាត់បង់​ធនធាន​មនុស្ស​ល្អៗ​កាន់តែ​ច្រើន។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ឲ្យដឹង​ថា ករណី​ធំៗ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿង​ញៀន​នេះ គឺ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្សែ​ស្រឡាយ សាច់​ញាត្តិ​របស់​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ដោយ​លោក​ចោទចំៗ​ថា ក្នុង​នោះ​មាន​ដូចជា​លោក ហ៊ុន តូ លោកហ៊ុន ជា និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ សីហា ជាដើម។ លោកថា ប្រសិន​បើរដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន​នេះមែន គួរតែ​ចាត់វិធាន​ការផ្លូវ​ច្បាប់​លើ​មេក្លោង​ធំៗ​ដែល​ជាខ្សែ​ស្រឡាយ​របស់​ខ្លួន​សិន ជាជាង​ចាប់ខ្លួន​តែ​លើ​មន្ត្រី​ក្រោម​ឳវាទ​តូចតាច។ លោកបន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បណ្តែត​បណ្តោយ​ឲ្យ​ករណី​គ្រឿង​ញៀន​នេះ​ចរាចរណ៍​បាន​នៅ​កម្ពុជា ហើយ​មេក្លោង​ពិត​ប្រាកដ​នៅតែ​រួច​ពី​សំណាញ់​ច្បាប់​នោះ អនាគត​ក្មេង​ជំនាន់​ក្រោយ​នឹង​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពី​ឥទ្ធិពល​នៃ​គ្រឿង​ញៀន​នេះ ហើយ​ប្រព័ន្ធ​ច្បាប់​នឹង​កាន់តែ​ទន់ខ្សោយ​ទៀត​ជាក់ជា​មិនខាន។ លោក​លើក​ឡើង​ថា អំពើ​ពុករលួយ​នៃ​ការ​ជួយដូរ​គ្រឿង​ញៀន​នេះ ក៏នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ធ្លាក់ចុះ​ផងដែរ នៅ​ពេល​បញ្ហា​នេះ​ធ្លាយ​ដល់​ខាងក្រៅ ពោល​គឺ​អន្តរជាតិ នោះនឹង​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ភ្ញៀវ​ទេស​ចរណ៍ អ្នក​វិនិយោគ និង​ជាប់​ឈ្មោះ​អាក្រក់​បន្ថែម​ទៀត​ផងដែរ។

«រឿង​ចាប់​ស្នងការ​រងខេត្ត​កំពត​ហ្នឹង ជួនកាល​វាអាច​ពាក់ព័ន្ធ​ការចែក​ផលប្រយោជន៍​មិន​ស្មើគ្នា​ក្នុង​ជួរពួក​រកស៊ី​គ្រឿង​ញៀន និង​ពួកប៉ូលីស​ហ្នឹង។ អាប៉ូលីស​ដែលៗ​ទទួល​ការ​ចាប់ខ្លួន​ហ្នឹង ជួន​កាល​គាត់​មាន​ឋានៈ​តូចតាច​ជាងគេ មាន​ប៉ូលីស​ធំជាង​ហ្នឹង​នៅ​ក្រសួង​មហាផ្ទៃ​អ៊ីចឹង ឬក៏​មាន​មេ​បញ្ជាការ​កងទ័ព​ណាមួយ​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង​ដែរ ហើយ​មាន​ថ្នាក់ខ្ពស់​ជាង​ហ្នឹង​ទៅ ដែល​ចែកផល​ប្រយោជន៍​មិន​ឈ្នះ លាបពណ៌​អាអ្នក​ថ្នាក់​តូច​ហ្នឹង​ទទួល​ខុស​ត្រូវ​ទៅ ព្រោះ​អ៊ីចឹង​ហើយ​បានៗ​ជា រឿង​ចាប់​គ្រឿង​ញៀន​ចាប់​មិន​ឈ្នះ ចាប់​ដូច​ចាប់​ក្តាម​ដាក់​ចង្អេ​អ៊ីចឹង ចាប់​កន្លែង​នេះ​ចេញ​កន្លែង​នោះ ចាប់​កន្លែង​នោះ​ចេញ​កន្លែង​នេះ​គឺថា»។

លោក ម៉ែន ណាត

ប្រតិកម្ម​នេះ គឺ​ក្រោយ​ពេល​ដែល​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ចោទ​ប្រកាន់​ស្នងការ​រងខេត្ត​កំពត លោក ហួរ យ៉ៃ និង​បក្ខពួក​ចំនួន៦នាក់​ផ្សេង​ទៀត ពី​បទ«រក្សាទុក ដឹកជញ្ជូន ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ទម្ងន់ ៨៧៤ គីឡូក្រាម ការ​សមគំនិត​ក្នុង​ការ​រក្សាទុក កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង សម្អាត​ប្រាក់» ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅភូមិ​ស្មាច់ដែង សង្កាត់​រាម ក្រុង​កំពង់​សោម និង​នៅភូមិ​ទ្វីខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត និងនៅ​ក្នុងភូមិ​សាស្ត្រ​ផ្សេង​ទៀត​នៅ​កម្ពុជា កាល​ពីអំឡុង​ខែកញ្ញា រហូត​ដល់​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុង​សេចក្តី​ប្រកាស​របស់​អយ្យការ​អមសាលា​ដំបូង​ខេត្ត​ព្រះសីហនុ កាល​ពីថ្ងៃ​ទី ២២ វិច្ឆិកា ឲ្យ​ដឹង​ថា កម្លាំង​កងរាជ​អាវុធ​ហត្ថខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ជា​បុរស ចំនួន៧រូប ក្នុងនោះ​មាន​ជនជាតិ​ខ្មែរ៤នាក់ មានឈ្មោះ ហួ យ៉ៃ អាយុ៥៦ឆ្នាំ ថែន ទូច អាយុ៣៣ឆ្នាំ គឹម សំណាង អាយុ​៥៣ឆ្នាំ ហួ ច័ន្ទវិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ និង​ជនជាតិ​ឡាវ​ចំនួន៣រូប ក្នុងប្រតិបត្តិ​ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន បន្ទាប់​ពីទទួល​បានព័ត៌មាន​រាយការណ៍​ពីកម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ចារកិច្ច​មូលដ្ឋាន​សមុទ្ររាម និង​តាមការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ។

អាជ្ញាធរ បាន​ឆែកឆេរ​រកឃើញ​មាន​វត្ថុតាង​ចាប់យក​ជា សារធាតុ​ញៀន ប្រភេទ​កេតាមីន (KETAMINE) ទម្ងន់​សរុប ៨៧៤ គីឡូក្រាម អាវុធខ្លី ១ដើម, គ្រាប់​អាវុធ​វែង-ខ្លី, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និង​ថង់ច្រក​គ្រឿង​ញៀន​មួយ​ចំនួន ដែល​បម្រើ​ឱ្យ​សកម្មភាព​ល្មើស​នេះ។

មិនតែ​ប៉ុណ្ណោះ អយ្យការ​អមសាលា​ដំបូង​ខេត្ត​ព្រះសីហនុ ក៏បាន​សម្រេច​ឃាត់ទុក​ទ្រព្យ​សម្បត្តិ​ជា​បណ្តោះ​អាសន្ន ដែល​សង្ស័យ​ថា ជា​ទ្រព្យ​សម្បត្តិ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ឬផល​នៃ​បទល្មើស​សម្អាត​ប្រាក់។

ចំណែក សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​នៅថ្ងៃ​ដដែល​នោះ ក៏បាន​សម្រេច​ឃុំខ្លួន ជនសង្ស័យ​ទាំង៧រូប​ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ ដើម្បី​បន្តនីតិវិធី​ស៊ើបសួរ និងមាន​ចំណាត់​ការផ្លូវ​ច្បាប់​បន្តលើ​បក្ខ​ពួក​មួយ​ចំនួន​ទៀត​ដែល​កំពុង​គេចខ្លួន​ផងដែរ។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យរង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃ​ទី២៥ ខែវិច្ឆិកា​នេះ។

កាលពី​អំឡុង​ឆ្នាំ២០២២ ស្នងការ​រងខេត្ត​កំពត លោក ហួរ យ៉ៃ ក៏ធ្លាប់​មានរឿង​ស្រូវ​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ផងដែរ។ លោក​ធ្លាប់​ត្រូវ​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ កោះហៅ ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​ចោទ​ប្រកាន់​លោក​ពីការ​ប្រព្រឹត្ត​កំហុស​ក្នុង​ការ​បំពេញ​តួនាទី កាល​លោក​នៅ​ធ្វើ​ជា​អធិការ​នគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

នៅថ្ងៃ​ទី២៥ វិច្ឆិកា នេះ ករណី​គ្រឿង​ញៀន​មួយ​ទៀត គឺ​មេប៉ុស្តិ៍ សង្កាត់​អូរឬស្សី ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ក្នុង​ករណី​ប្រើប្រាស់​គ្រឿង​ញៀន​ផងដែរ។ នេះបើ​តាម​សារព័ត៌​មាន​ក្នុង​ស្រុក។

អ្នកតាម​ដាន​ភូមិ​សាស្ត្រន​យោបាយ លោក សេង វណ្ណលី ថ្លែងថា ករណី​នេះ គឺជារឿង​មួយ​ដែល​គួរឲ្យ​ព្រួយ​បារម្ភ ខណៈ​មន្ត្រី​នគរបាល​ដែល​មាន​តួនាទី​ការពារ​សន្តិសុខ​សង្គម និង​បង្ក្រាប​បទល្មើស បែរ​ជា​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង គឺ​ឆ្លុះ​បញ្ចាំង​ពី​ភាពទន់​ខ្សោយ​នៃ​ប្រព័ន្ធ​គ្រប់គ្រង ការ​ត្រួត​ពិនិត្យ​ផ្ទៃក្នុង និង​ហានិភ័យ​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​អនុវត្ត​ច្បាប់​ផងដែរ។ លោក​ថា ករណី​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​បាត់បង់​ជំនឿ​លើ​ស្ថាប័ន​រដ្ឋ​បន្ថែម​ទៀត។ លោក​យល់​ថា កត្តា​ដែល​ធ្វើ​ឱ្យ​មន្ត្រី​មាន​តួនាទី​ខ្ពស់​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​បែប​នេះ បណ្តាល​មក​ពីវប្បធម៌​និទណ្ឌ​ភាព បក្ខពួក​និយម និង​ការ​ប្រើប្រាស់​អំណាច ដើម្បី​ស្វែងរក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក សេង វណ្ណលី អះអាង​ថា នៅ​​ពេល​មន្ត្រី​មាន​អំណាច​គិត​ថា ឋានៈ តួនាទី និងខ្សែខ្នង​របស់​ខ្លួន​អាចជួយ​ឱ្យ​គេច​ផុត​ពី​ច្បាប់ ពួកគេ​នឹង​កាន់តែ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស។ លោក​គិត​ថា ករណី​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច មាន​ឥទ្ធិពល​ធំជាង​នេះទៀត​ដែល​នៅពី​ក្រោយ​ខ្នងនៃ​ការជួញ​ដូរ​នេះ ដែល​ផ្តល់​ទុន សម្រប​សម្រួល និង​ការពារ​ក្រុម​ទាំង​នេះ។

«ខ្ញុំ​គិត​ថា កម្ពុជា​ពិបាក​នឹង​លុប​បំបាត់​បញ្ហាគ្រឿង​ញៀន​ណាស់ អឺ​ប្រសិន​បើ​មន្ត្រី​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស បែរ​ជា​ចូលរួម​ក្នុង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ដោយ​ខ្លួនឯង។ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អឺ​មិន​គួរ​បញ្ឈប់​អឺការ​ស៊ើប​អង្កេត​ត្រឹម​មន្ត្រី និង​បក្ខពួក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ស៊ើបអង្កេត​ឱ្យ​ដល់​ឫស​គល់ អឺ​ទាំង​ប្រភព​ហិរញ្ញ​វត្ថុ ទ្រព្យ​សម្បត្តិ និង​អ្នកដែល​អាច​នៅពី​ក្រោយ។ ប្រសិន​បើតុលាការ​រកឃើញ​ថា​មាន​ពិរុទ្ធភាព អឺ​ត្រូវ​អនុវត្ត​ទោស​ឱ្យ​បាន​ម៉ឺងម៉ាត់​តាមច្បាប់ ដោយ​មិន​គិត​ពី​ឋានៈ ឬក៏​ខ្នង​បង្អែក​នយោបាយ​នោះ​ទេ។ បើរដ្ឋាភិបាល​បង្ក្រាបតែ​អឺអ្នក​ជួញដូរ​តូចតាច ប៉ុន្តែ​បណ្តោយ​ឱ្យអ្នក​មានអំណាច​រួចផុត​ពី​សំណាញ់​ច្បាប់ នោះ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នឹង​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ពិត​ប្រាកដ​ទេ​បាទ»។

លោក សេង វណ្ណលី

ករណី​មួយទៀត​នៅ​ខេត្ត​កំពត កាល​ពីអំឡុង​ឆ្នាំ២០២១ ស្នងការ​រងនគរបាល​ខេត្តកំពត ទទួល​ផែន​អគ្គិភ័យ និង​អាវុធ​ជាតិផ្ទុះ គឺ​លោក អ៊ឹម ឈួន ក៏ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន រួម​ជាមួយ​បក្ខ​ពួក២នាក់​ផ្សេងទៀត ករណី​គ្រឿង​ញៀន និង​បាន​ដកហូត ថ្នាំញៀន ប្រភេទ​ម៉េតំហ្វេតាមីន (ICE)​ ទម្ងន់​ជិត២គីឡូ (១,៧៣៨.៣៣ក្រាម)​ផងដែរ។

ចំណែក កាល​ពីអំឡុង​ឆ្នាំ២០២៤ នគរបាល​នៃស្នង​ការដ្ឋាន​រាជធានី​ភ្នំពេញ​ក៏បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់ ដែល​កាន់​តួនាទីជា​អនុប្រធាន​ការិយាល័យ​ចរាចរណ៍​នៅ​ខេត្ត​ស្ទឹងត្រែង​ឈ្មោះ ប្រាក់ ភិរម្យ រួម​ជាមួយ​មនុស្ស​ពីរនាក់​ទៀត​បាន​ដឹក​គ្រឿង​ញៀន​៥គីឡូក្រាម និង​ម្សៅ​ពណ៌ស្វាយ ១០០​កញ្ចប់​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ។ ការ​ឃាត់​ខ្លួន​នេះ​កើត​ឡើង​នៅ​ពេល​សមត្ថកិច្ច ចុះត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​នៅ​ផ្លូវ​ជាតិលេខ១ មុខ​មន្ទីរ​ពេទ្យ​ជោរៃ​ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ។ ក្រៅពីនេះ​ករណី​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន ជាប់​ពាក់ព័ន្ធ​នឹងការ​ជួញដូរ​គ្រឿង​ញៀន​នេះ មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​នាក់ ក៏ត្រូវ​បាន​គេរកឃើញ​ជាបន្ត​បន្ទាប់​ថា ជាអ្នក​ពាក់ព័ន្ធ​នឹងឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អនឡាញ​ផងដែរ។

តាម​របាយ​ការណ៍​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ គិត​ចាប់​ពីខែ​មករា ដល់​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ សមត្ថកិច្ច​បាន​បង្រ្កាប​បទល្មើស​គ្រឿង​ញៀន​នៅទូ​ទាំង​ប្រទេស​ចំនួន​ជិត១ម៉ឺន​ករណី (៩,៨៤២ករណី) ដោយ​បាន​​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជិត២ម៉ឺន៧ពាន់នាក់ (២៦,៦៧៦នាក់) និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន​ជិត៦តោន (៥តោន ៨៥១គីឡូក្រាម ១២០,០២ក្រាម) រួមទាំង​កញ្ឆា​ស្ងួត​ចំនួន​ជាង៦រយគីឡូ (៦១៩គីឡូក្រាម ៥៧៥,២០ក្រាម) និង​សារធាតុ​គីមី​ផ្សំ​ចំនួន​ជាង៣តោន (៣តោន ៤០០គីឡូក្រាម ៩៧០ក្រាម) ព្រម​ទាំង​ឧបករណ៍ សម្ភារៈ មធ្យោបាយ លុយ​ជាច្រើន​ប្រភេទ និង​អាវុធ​ចំនួន ១៥៤ដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ