អគ្គលេខាធិការ​អាស៊ាន​ព្រមាន​ថា ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ​អាច​កើត​ឡើង​ជាថ្មី បើ​ការ​ចរចា​មិន​រីក​ចម្រើន

0
49
ទិដ្ឋភាព​​ទម្លាក់​គ្រាប់​បែក​​បំផ្លាញ​ស្ពាន​មេទឹក នៅ​ខេត្ត​ពោធ៍សាត់ ដោយ​យន្តហោះ​ចម្បាំង​ថៃ F-16 នៅ​ពេល​​យោធា​ថៃ​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ Fresh News
ទិដ្ឋភាព​​ទម្លាក់​គ្រាប់​បែក​​បំផ្លាញ​ស្ពាន​មេទឹក នៅ​ខេត្ត​ពោធ៍សាត់ ដោយ​យន្តហោះ​ចម្បាំង​ថៃ F-16 នៅ​ពេល​​យោធា​ថៃ​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ Fresh News

អគ្គលេខាធិការអាស៊ាន​បានព្រមានថា ការប៉ះទង្គិចប្រដាប់អាវុធរវាង​កម្ពុជា និងថៃអាចកើតឡើងជាថ្មី ហើយបទឈប់បាញ់ដែលបានចូលជាធរមានក្នុងខែធ្នូ ឆ្នាំ២០២៥ អាច​ប្រឈម​នឹង​ការ​រលាយ ប្រសិនបើ​ប្រទេសទាំងពីរមិនបង្កើនការចរចាដើម្បីដោះស្រាយជម្លោះព្រំដែន។ ការព្រមាននេះ ស្របពេល​ដំណើរការ​ចរចា​ទ្វេភាគីព្រំដែនគោករវាងកម្ពុជា-ថៃកំពុងជាប់គាំងដោយសារតែភាគីថៃមិនមានឆន្ទៈពិតប្រាកដក្នុងការចូលរួមតុចរចា និង​ខណៈដែលភាគីថៃក៏ហាក់មានជំហរប្រែប្រួលក្នុងការចរចាព្រំដែនសមុទ្រតាមយន្តការផ្សះផ្សានៃតុលាការ​មជ្ឈត្តការអចិន្រ្តៃយ៍ (PCA)។

ស្របពេលដែលតំណាងរបស់កម្ពុជា និងថៃកំពុងចូលរួមកិច្ចប្រជុំលើកទី៣​ដើម្បីដោះស្រាយ​បញ្ហា​ព្រំដែនសមុទ្រក្រោមយន្តការផ្សះផ្សានៃអនុសញ្ញាអន្តរជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅទីក្រុងគូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានសម្តែងការបារម្ភពីភាព​ផុយស្រួលនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបង្ហាញការជឿទុកចិត្តលើសិង្ហបុរី ដែលនឹងធ្វើ​ជាប្រធានអាស៊ាននៅឆ្នាំ២០២៧ ថាអាចជួយនាំប្រទេសទាំងពីរត្រឡប់ទៅតុចរចា និងបន្តដឹកនាំ​ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីតាមដានការអនុវត្តបទឈប់បាញ់។

លោក កៅ គឹមហួន បាននិយាយទៅកាន់កាសែតសិង្ហបុរី The Straits Times ដែលបានចេញ​ផ្សាយ​នៅថ្ងៃទី២៤ វិច្ឆិកា ថា ការចរចារវាងប្រទេសជិតខាងទាំងពីរនៅមានវឌ្ឍនភាពតិចតួច បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពពីប្រធានអាស៊ានជាបន្តបន្ទាប់ក៏ដោយ។

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ រូប៖ បណ្ដាញសង្គម

អគ្គលេខាធិការអាស៊ានដែលមានសញ្ជាតិខ្មែររូបនេះបានជំរុញឱ្យកម្ពុជា និងថៃប្រើប្រាស់​បទ​ឈប់បាញ់ និងយន្តការទ្វេភាគីដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព ដើម្បីពន្លឿនការចរចា ស្វែងរកដំណោះស្រាយ និងទប់ស្កាត់ការផ្ទុះអាវុធជាលើកទីបី។ លោកក៏បានលើកឡើងពីយន្តការដោះស្រាយវិវាទក្រោមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា​មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ យន្តការ​ទាំងនេះរួមមានការ​សម្រុះសម្រួល មជ្ឈត្តការ និងក្រុមប្រឹក្សាជាន់ខ្ពស់ ដែលមានគោលបំណងជួយ​ឱ្យប្រទេស​សមាជិកដោះស្រាយជម្លោះដោយសន្តិវិធី។

សិង្ហបុរីនឹងចូលកាន់តំណែងជាប្រធានអាស៊ានជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ បន្ទាប់ពី​ហ្វីលីពីនបានប្រគល់តំណែងនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ អាណត្តិរបស់សិង្ហបុរីនឹងស្របពេលនឹងខួបលើកទី៦០ នៃការបង្កើតអាស៊ាន ខណៈជម្លោះព្រំដែនកម្ពុជា-ថៃនៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។

លោក កៅ គឹមហួន បានទទួលស្គាល់ការគាំទ្រផ្នែកការទូតពីសហរដ្ឋអាមេរិក និងចិន ប៉ុន្តែបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងអាស្រ័យជាចម្បងលើអាស៊ាន និងប្រទេសទាំងពីរផ្ទាល់។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាននិយាយថា ការព្រមានរបស់​អគ្គលេខាធិការអាស៊ានគឺជាសារដែលកម្ពុជា ថៃ និងអាស៊ានគួរយកចិត្តទុកដាក់។ លោកយល់​ថា ការរក្សាបទឈប់បាញ់ត្រូវការការអនុវត្តជាក់ស្តែងពីកងកម្លាំងនៅតាមព្រំដែន និងការទាក់​ទងគ្នា​ឱ្យបានឆាប់រហ័សនៅពេលមានហេតុការណ៍កើតឡើង។

អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី។ រូប៖ ហ្វេសប៊ុកលោក សេង វណ្ណលី

លោកបានព្រមានថា ប្រសិនបើការចរចាអូសបន្លាយ ហើយបញ្ហានៅទីតាំងជាក់ស្តែងនៅតែ​បន្ត​កើតមាន ការមិនទុកចិត្តគ្នាអាចកាន់តែខ្លាំងឡើង ហើយប្រជាពលរដ្ឋតាមព្រំដែននឹងបន្តរស់នៅ​ក្នុងភាពភ័យខ្លាច។ លោក​ថា ការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់គឺជាវិធីសមស្រប ប៉ុន្តែប្រសិទ្ធភាពរបស់វាអាស្រ័យលើឆន្ទៈ និងការគោរពកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរ។

លោក សេង វណ្ណលី «ដូច្នេះ អាស៊ានគួរជួយជំរុញឱ្យមានកាលវិភាគច្បាស់លាស់ ការតាមដានការអនុវត្តឲ្យបានទៀងទាត់ និងការផ្ទៀងផ្ទាត់ហេតុការណ៍ដោយឯករាជ្យ។ ការកំណត់ការទទួលខុសត្រូវត្រូវផ្អែកលើភស្តុតាងគឺជារឿងចាំបាច់។ បើភស្តុតាងបង្ហាញថា ថៃរំលោភកិច្ចព្រមព្រៀង អាស៊ានគួរលើកបញ្ហាជាមួយថៃនិងជំរុញ​ឲ្យថៃអនុវត្តឲ្យ​បានខ្ជាប់ខ្ជួន​បាទ»។

លោក សេង វណ្ណលី បានសង្កត់ធ្ងន់ថា កម្ពុជាគួរបន្តចរចា និងកត់ត្រាឱ្យបានច្បាស់នូវកិច្ច​ព្រមព្រៀង ការអនុវត្ត និងហេតុការណ៍ដែលខ្លួនចាត់ទុកថាជាការរំលោភ ដើម្បីឱ្យអាស៊ានអាច​វាយតម្លៃបាន។ លោកថា វឌ្ឍនភាពមិនគួរត្រូវបានវាស់ត្រឹមតែចំនួនកិច្ចប្រជុំទេ ប៉ុន្តែគួរវាស់តាម​ការថយចុះនៃហេតុការណ៍ប្រឈមមុខ ការគោរពបទឈប់បាញ់ និងសុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។

ទោះជាយ៉ាងណា ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា  លោក អ៊ុំ សំអាន បានឲ្យដឹងថា ទោះបីអាស៊ាន ជួយជំរុញយ៉ាងណាក៏ដោយ ក៏អាស៊ានគ្មានឥទ្ធិពលមកលើប្រទេសថៃ  ដើម្បីឱ្យថៃងាក​មកតុចរចានោះទេ ព្រោះអាស៊ានប្រៀបដូចជាខ្លាក្រដាសដូច្នេះ​មិនអាចជំរុញឱ្យថៃគោរពបទឈប់បាញ់នោះទេ។

លោក អ៊ុំ សំអាន «និយាយខ្លីទៅ គឺអគ្គលេខាធិការអាស៊ាន ក៏ដូចជាអាស៊ាន អត់មានទឹកមាត់ប្រៃ ដើម្បីដាក់សម្ពាធទៅលើថៃ ឬជំរុញឱ្យថៃងាកមកតុចរចាជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហា​ព្រំដែនរវាង​កម្ពុជា និងថៃ ឬក៏ដាក់សម្ពាធឱ្យថៃត្រូវតែគោរពបទឈប់បាញ់ និងប្រើយន្តការ​ទ្វេភាគី ដើម្បីដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា និងថៃនោះទេ»។

លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ថៃនៅតែបន្តរំលោភបទឈប់បាញ់ និងសាងសង់សំណង់រឹងនៅតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន។ លោកបានអំពាវនាវ​ឱ្យកម្ពុជាពិចារណាប្រើប្រាស់យន្តការផ្លូវច្បាប់អន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីសឆ្នាំ១៩៩១ និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA

ជម្លោះព្រំដែនកម្ពុជា-ថៃបានឈានដល់ការប្រយុទ្ធគ្នាពីរលើកក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា ជនភៀសសឹកជាង ២ម៉ឺននាក់នៅមិនទាន់​អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាននៅឡើយ។

កម្ពុជាបានអំពាវនាវឱ្យថៃអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងបន្តការវាស់វែង និងខណ្ឌសីមាព្រំដែន​តាមរយៈគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)។ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​លើក​ទី២០ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ