អ្នកឃ្លាំមើល​រិះគន់​លោក ហ៊ុន ម៉ាណែត ថា​មិន​ហ៊ាន​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

0
57
ជនសង្ស័យក្នុងអំពើឃាតកម្មលើ​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី (ស្ដាំ) ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថតរូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ (រូប៖ បណ្ដាញសង្គម)

ជនសង្ស័យក្នុងអំពើឃាតកម្មលើ​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី (ស្ដាំ) ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថតរូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ (រូប៖ បណ្ដាញសង្គម)

អ្នកឃ្លាំមើល​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា មិន​ហ៊ាន​ស៊ើបអង្កេត​ដើម្បី​តាម​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ដែល​ជាប់​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក លិម គិមយ៉ា មក​ផ្ដន្ទាទោស​តាម​ច្បាប់ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​មុខ​មាត់​បក្ស​កាន់​អំណាច ជា​ពិសេស​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។ ពួក​គាត់​ចោទ​ថា ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ​ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជា​មួយ​លោក ហ៊ុន សែន។ ការ​រិះគន់​នេះ​ធ្វើ​ឡើង​ក្រោយ​លោក ហ៊ុន ម៉ាណែត មិន​ទាន់​បើក​ការ​ស៊ើបអង្កេត​ទោះបី​ប្រធានាធិបតី​បារាំង​បាន​ស្នើ​ឱ្យ​កម្ពុជា​ពិនិត្យ​ករណី​នេះ​ឡើង​វិញ​ក៏​ដោយ។

អំពើ​ឃាតកម្ម​លើ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាលពីឆ្នាំ២០២៥ នៅ​តែ​ជា​ចម្ងល់​សម្រាប់​មហាជន ខណៈ​គ្រួសារ​ជន​រង​គ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ​នៅ​ឡើយ។ អ្នកឃ្លាំមើល​មួយ​ចំនួន​ចាត់​ទុក​ករណី​នេះ​ថា ជា​ឃាត​កម្ម​នយោបាយ ដែល​អាច​​មាន​អ្នក​មាន​អំណាច​នៅ​កម្ពុជា​ជា​អ្នក​បញ្ជា​ពី​ក្រោយ។ ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា ឃាតកម្ម​លើ​លោក លិម គិមយ៉ា កាលពីថ្ងៃទី៧ ខែ​មករា ឆ្នាំ២០២៥ នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ គឺ​ជា​ឃាតកម្ម​នយោបាយ។ លោក​ចោទ​ថា លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ជា​អ្នក​បញ្ជា​ពី​ក្រោយ​ករណី​នេះ។ ការ​ចោទ​បែប​នេះ ដោយ លោក ម៉ែន ណាត សំអាង​ថា ជន​សង្ស័យ​ជន​ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ លី រនតរស្មី ដែល​ជា​ទី​ប្រឹក្សា​របស់​លោក ហ៊ុន សែន គឺ​ជា​អ្នក​ជួល​ខ្មាន់កាំភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា។

លោក​បន្ត​ថា មូលហេតុ​ដែល​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ តាម​សំណើ​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង គឺ​ដោយ​សារ​ខ្លាច​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច ជា​ពិសេស​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក។ ទោះ​ជា​យ៉ាង​ណា លោក ម៉ែន ណាត ជឿ​ថា បារាំង​នឹង​មិន​នៅ​ស្ងៀម​ចំពោះ​រឿង​នេះ​ទេ ដរាប​ណា​ជន​សង្ស័យ និង​អ្នក​ពាក់ព័ន្ធ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស។

លោក ម៉ែន ណាត «ហើយ​បើ​និយាយ​ពី​មុខ​មាត់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត វិញ បើ​ដោះ​រឿង​ហ្នឹង​មិន​ចេញ​ទេ បញ្ហា​កិច្ច​ព្រមព្រៀង​វិនិយោគ​រវាង​កម្ពុជា បារាំង​ហ្នឹង នឹង​ទៅ​ជា​អសារ​បង់ គេ​អនុវត្ត​មិន​បាន​ទេ គេ​មិន​អាច​អនុវត្ត​ទេ ហើយ​កម្ពុជា​នឹង​បន្ត​ខូច​កេរ្តិ៍​ឈ្មោះ​តទៅ​ទៀត» ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​អតីត​តំណាង​រាស្ត្រ​​​គណ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ។ ក្រោយ​ការ​ជំរុញ​របស់​លោក​ម៉ាក្រុង អង្គការ​ប៉ូលីស​អន្តរជាតិ (Interpol) បាន​ចេញ​ប្រកាស​តាម​ចាប់​ខ្លួន​ជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន តាម​សំណើ​របស់​រដ្ឋាភិបាល​បារាំង។  

លោក លិម គិមយ៉ា ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ម្នាក់​បាញ់​សម្លាប់ កាលពីថ្ងៃទី៧ ខែ​មករា ឆ្នាំ២០២៥ នៅ​កណ្ដាល​ទី​ក្រុង​បាងកក ប្រទេស​ថៃ ក្រោយ​លោក​ទើប​ចុះ​ពី​លើ​រថយន្តក្រុង​ក្នុង​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ជា​មួយ​ភរិយា និង​សមាជិក​គ្រួសារ​ត្រឡប់​ទៅ​កាន់​ទី​ក្រុង​បាងកក។

ក្រោយ​កើត​ហេតុ អាជ្ញាធរ​ថៃ​បាន​ស៊ើបអង្កេត និង​ចាប់​ខ្លួន​ខ្មាន់កាំភ្លើង​ឈ្មោះ អេកាឡាក់ ផែណយ នៅ​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា។ ខ្មាន់​កាំ​ភ្លើង​រូប​នេះ​បាន​សារ​ភាព​ប្រាប់​ប៉ូលិស​ថៃ​ថា ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ឈ្មោះ លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន មាន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ឃាតកម្ម​នេះ​។

ទោះ​ជា​យ៉ាង​ណា​ រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា​មិន​ទាន់​បើក​ការ​ស៊ើបអង្កេត និង​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ ទោះ​បី​ពួក​គេ​ត្រូវ​បាន​គេ​សង្ស័យ​ថា​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ។ កន្លងមក ប៉ូលិស​អន្តរជាតិ (Interpol) បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ក្រហម (Red Notice) ដើម្បី​តាម​ចាប់​ខ្លួន​លោក​ លី រនតរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន រួចហើយ តាម​ការ​ស្នើ​របស់​សមត្ថកិច្ច​ថៃ។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន យល់​ថា ការ​រក្សាភាព​ស្ងប់ស្ងាត់​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​មុខ​មាត់​ប្រទេស​ជាតិ​ឡើយ​។ ផ្ទុយ​ទៅ​វិញ វា​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

លោក រ៉ុង ឈុន ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​និង​នាំ​ខ្លួន​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​ដោះស្រាយ​ករណី​នេះ​ដោយ​ត្រឹម​ត្រូវ និង​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ នោះ​អាច​ជួយ​ស្ដារ​មុខ​មាត់​រដ្ឋាភិបាល និង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ផង​ដែរ។

លោក រ៉ុង ឈុន «ហើយ​បើ​សិន​ណា​យើង​មិន​ឆ្លើយ​តប ហើយ​មិន​ស្វះស្វែង​រក​មុខ​ឃាតករ យើង​អត់​មាត់ អត់​ឆ្លើយ​តប​អី​អញ្ចឹង មាន​ន័យ​ថា ​​វា​មិន​មែន​ជា រឿង​ល្អ ធ្វើ​ឱ្យ​រដ្ឋាភិបាល​បារាំង ក៏​ដូច​ជា​បណ្ដា​ប្រទេស​ផ្សេងៗ ហ្នឹង​មើល​ឃើញ​ថា​យើង​ហ្នឹង ដូច​ជា​មិន​មាន​ឆន្ទៈ ឬ​សុឆន្ទៈ ក្នុង​ការ​វែក​មុខ​ពី​អំពើ​ឃាតកម្ម លើ​លោក​ លឹម គិមយ៉ា»។

កាល​នៅ​មាន​ជីវិត លោក លិម គិមយ៉ា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​បណ្ដាញ​សង្គម និង​ការ​លើក​ឡើង​អំពី​បញ្ហា​អភិបាលកិច្ច សិទ្ធិមនុស្ស និង​អំពើ​ពុករលួយ។ 
ជុំវិញ​ករណី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លើក​ឡើង​ថា ការ​សម្លាប់​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​លើ​ទឹក​ដី​ថៃ បង្ក​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ឆ្លងដែន ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​រដ្ឋាភិបាល។ អង្គការ​នេះ​ក៏​បាន​រំឭក​អំពី​ការ​យាយី ការ​គំរាម​កំហែង និង​ការ​វាយ​ប្រហារ​លើ​អតីត​សកម្មជន​បក្ស​ប្រឆាំង​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ដែល​តែង​កើត​មាន​ជា​ញឹកញាប់​នៅ​លើ​ទឹក​ដី​ថៃ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ