ពលរដ្ឋ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​ធ្លាក់ខ្លួន​ក្រ​លំបាក ក្រោយ​កម្ពុជា និង​ថៃ​បិទ​ច្រក​ជាង​មួយ​ឆ្នាំ

0
59
ទិដ្ឋភាពពលករខ្មែរត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែន​បានឡែម ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​បាត់ដំបង
ទិដ្ឋភាពពលករខ្មែរត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែន​បានឡែម ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​បាត់ដំបង

ប្រជា​ពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម និង​អ្នក​ធ្វើការ​នៅ​ច្រកទ្វារ​ព្រំដែន​កម្ពុជា-ថៃ​មួយចំនួន បាន​បាត់បង់​មុខរបរ និង​ធ្លាក់​ខ្លួន​ក្រីក្រ ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ​បាន​សម្រេច​បិទ​ច្រកទ្វារ​ព្រំដែន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ដោយសារ​ជម្លោះ​ព្រំដែន​។ ការ​បិទ​ព្រំដែន បូករួមទាំង​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​នៅក្នុង​តំបន់​នេះ បាន​ធ្វើឱ្យ​ពួកគាត់​ចាកចេញ​ពី​តំបន់​ព្រំដែន ដើម្បី​រក​ទីតាំង​ប្រកប​មុខរបរ​ថ្មី ខណៈ​ពលរដ្ឋ​មួយចំនួន​ទៀត ដែល​គ្មាន​ដើមទុន និង​ផ្ទះ​សម្រាប់​ទៅ បាន​ដើរ​រើស​អេតចាយ និង​ស្នាក់នៅ​លើ​ទីលាន​ចាក់​សំរាម។

ត្រឹមតែ​រយៈពេល​ជាង​មួយ​ឆ្នាំ នៃ​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​ធ្វើឱ្យ​ស្ថានភាព និង​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន មាន​ភាព​ក្រឡាប់​ចាក់​ស្ទើរ​ទាំងស្រុង។ ក្នុង​នោះ នៅ​តំបន់​ទីក្រុង​ជាយដែន​មួយ​ចំនួន ដែល​ធ្លាប់​តែ​មាន​ភាព​អ៊ូអរ បាន​ប្រែក្លាយជា​ស្ងាត់​ជ្រងំ ដោយសារ​មនុស្ស​នាំគ្នា​រត់​ចោល​ក្រុង​ទៅកាន់​តំបន់​ផ្សេង។

ម្ចាស់​អាជីវកម្ម​ម្នាក់ នៅ​ក្រុង​ប៉ោយប៉ែត គឺ​លោក ប៊ុន លឿ បាន​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ថា អាជីវកម្ម​របស់​លោក​ចំនួន​៤ បាន​ដួល​រលំ​ជា​បន្តបន្ទាប់ ក្រោយពី​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​បាន​បិទ​ច្រកទ្វារ​ព្រំដែន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។ លោក​បន្ត​ថា បន្ទាប់ពី​បិទ​ច្រក​ព្រំដែន លោក​បាន​ធ្លាក់​ខ្លួន និង​ប្ដូរ​មុខរបរ​មក​ធ្វើជា​អ្នក​ដឹកជញ្ជូន​ដែល​អាច​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​បាន ដោយ​អាស្រ័យ​ទៅលើ​ជន​បរទេស និង​ប្រតិបត្តិករ ដែល​ធ្វើការ​នៅក្នុង​អាគារ​កាស៊ីណូ បាន​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន។ ក៏​ប៉ុន្តែ​លោក​បន្ថែម​ថា ក្រោយពេល​អាជ្ញាធរ​បាន​បើក​យុទ្ធនាការ​បោសសម្អាត​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មក បាន​ធ្វើឱ្យ​មុខរបរ​ចុងក្រោយ​របស់​លោក​ត្រូវ​ក្ស័យធន ​រហូត​លោក​ត្រូវ​បង្ខំចិត្ត​រើ​របស់របរ​ចាកចេញ​ពី​ទីក្រុង​ប៉ោយប៉ែត ទៅកាន់​តំបន់​ផ្សេង។

លោក ប៊ុន លឿ៖ «របៀប​របប​ការ​រស់នៅ ហើយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ក្រុង​ប៉ោយប៉ែត​ហ្នឹង​គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការ​ដឹកជញ្ជូន និង​បើក​ច្រក​ព្រំដែន ហើយ និង​វិស័យ​ល្បែង​អនឡាញ ដូចជា​កាស៊ីណូ​ជាដើម។ កាលណា​វិស័យ​អស់​ហ្នឹង​បិទ​អស់​ទៅ គឺ​មិន​អាច​នៅ​បាន​ទៀត​ទេ ព្រោះ​អីក្រុង​ប៉ោយប៉ែត​ជា​តំបន់​ច្រកទ័ល»។

ក្រុង​ប៉ោយប៉ែត ដែល​រដ្ឋាភិបាល​គ្រោង​នឹង​អភិវឌ្ឍ​ឱ្យ​ក្លាយទៅជា​ទីក្រុង​ដែល​គួរឱ្យ​ចង់​រស់នៅ ពេល​នេះ​ស្ទើរតែ​ក្លាយទៅជា​ទីក្រុង​ខ្មោច​ទៅ​ហើយ។ ជា​រៀងរាល់​ថ្ងៃ​គេ​តែងតែ​ឃើញ​ប្រជា​ពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន បាន​ដឹកជញ្ជូន​របស់​របរ​ចាកចេញ​ទៅ​ជា​រៀងរាល់​ថ្ងៃ ខណៈ​ហាង​លក់​ទំនិញ និង​អាគារ​ពាណិជ​កម្ម​ភាគ​ច្រើន បាន​ប្រកាស​ក្ស័យធន និង​បិទ​ទ្វារ​ជា​បន្តបន្ទាប់ ដោយសារ​ការ​កាត់​ផ្ដាច់​ចរន្ត​សេដ្ឋកិច្ច​ពី​ប្រទេស​ថៃ និង​ការ​ចាកចេញ​របស់​ជន​បរទេស ដែល​ជា​ប្រតិបត្តិករ​ធ្វើការ​នៅក្នុង​អាគារ​កាស៊ីណូ។

ទោះជា​យ៉ាងណា ខុសពី​អ្នក​រកស៊ី ដែល​មាន​ទុន​បម្រុង និង​លំនៅឋាន ចំពោះ​កម្មករ​មួយចំនួន ដែល​គ្មាន​ផ្ទះ​សម្រាប់​ទៅ និង​ធ្វើការ​មួយ​ថ្ងៃ​សម្រាប់​រស់​មួយ​ថ្ងៃ​វិញ បាន​តស៊ូ​បន្ត​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ដោយសារ​គ្មាន​ផ្លូវ​ជ្រើសរើស។

ជាក់ស្ដែង​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លោក ម៉ូវ ម៉ៅ បាន​បន្ត​ជីវិត​រស់នៅ​ក្រុង​ប៉ោយប៉ែត អាស្រ័យ​លើ​មុខរបរ​ដើរ​រើស​អេតចាយ​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ដោយ​ស្នាក់​នៅ​លើ​ទីតាំង​ចាក់​សំរាម។ ស្ថិត​ក្នុង​វ័យ​ជាង​៤០​ឆ្នាំ លោក ម៉ូវ ម៉ៅ រម្លឹក​ថា កាលពី​ដំបូង​ឡើយ លោក​គឺជា​កម្មករ​អូស​រទេះ និង​ជា​អ្នក​ជញ្ជូន​ទំនិញ​នៅ​ច្រក​ព្រំដែន​។ ក៏ប៉ុន្តែ ចាប់​តាំងពី​បិទ​ច្រក​ព្រំដែន​មក លោក​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​សម្រាប់​បង់​ថ្លៃ​បន្ទប់​ជួល រហូត​លោក​បាន​រើ​អីវ៉ាន់​មក​ស្នាក់នៅ​លើ​ទីតាំង​ចាក់​សំរាម ដោយ​យក​រទេះ​ប្រក់​សំពត់​កៅស៊ូ​ធ្វើ​ដំបូល និង​លូន​ចូល​ទៅ​ដេក​នៅ​ចន្លោះ​កណ្ដាល។

លោក ម៉ូវ ម៉ៅ៖ «មួយ​ថ្ងៃ​បាន ២​ម៉ឺន​ទៅ ៣​ម៉ឺន​អញ្ចឹង​ទៅ ហូប​ចុក​គ្រាន់​ហូប​ចុក​ទប់ទល់​កម្លាំង​ខ្លួនឯង។ ធម្មតា រស់នៅ​យូរ​ៗ​ទៅ​ស៊ាំ​ទៅ ដល់​ពេល​តែ​គេ​ត្រូវការ​ដី​គេ​អញ្ចឹង​ទៅ គេ​បិទ​ព័ទ្ធ​របង​ព័ទ្ធ​ដី​អញ្ចឹង ខ្ញុំ​មាន​តែ​ដាក់​រទេះ​ឈប់​កន្លែង​ណា ដេក​តាម​មុខ​ផ្ទះ​គេ​ទៅ​អញ្ចឹង»។

ក្រៅ​ពី​លោក ម៉ូវ ម៉ៅ មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត បាន​បាត់បង់​ការងារ​រហូត​ធ្លាក់​ខ្លួន​នាំ​សមាជិក​គ្រួសារ​មក​រស់នៅ​ក្រោម​ដើមឈើ និង​របង​វត្ត ដោយ​អ្នក​ខ្លះ​បាន​ចង​អង្រឹង​ដេក និង​ខ្លះ​ទៀត​ប្រក់​តង់​កៅស៊ូ។ ជាមួយនឹង​ភាព​វេទនា​គ្មាន​ទី​ជម្រក​នេះ ពួក​គាត់​បាន​អះអាង​ដូច​ៗ​គ្នា​ថា អាជ្ញាធរ​មិន​បាន​ផ្ដល់​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​ក្រីក្រ​ដល់​ពួកគាត់​នោះ​ឡើយ ដោយ​ពួកគាត់​បាន​រស់នៅ​ដោយ​ពឹងផ្អែក​លើ​របរ​ដើរ​រើស​អេត​ចាយ ​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ ​ដើម្បី​ចិញ្ចឹម​ជីវិត។

ទូរទស្សន៍​អាស៊ី​សេរី​​មិន​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

ចេញ​ពី​តំបន់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​ឆ្ពោះទៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំឌិន ដែល​ស្ថិត​នៅ​ខេត្ត​បាត់ដំបង វិញ​ក៏​មាន​ស្ថានភាព​មិន​ខុសពី​ក្រុង​ប៉ោយប៉ែត ​នោះ​ឡើយ។ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ ច្រក​អន្តរជាតិ​ភ្នំឌិន មិន​ដែល​បើក​សូម្បី​ម្ដង​នោះ​ឡើយ រហូត​បណ្ដាលឱ្យ​មាន​ស្មៅ​ដុះ និង​វល្លិ​ព័ន្ធ​ទ្វារ​ព្រំដែន​ទៅ​ហើយ។ ការ​បិទ​ច្រក​នេះ បាន​ធ្វើឱ្យ​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​មុខរបរ និង​ការងារ ខណៈ​ពលរដ្ឋ​មួយ​ចំនួន បាន​ចងក្រង​គ្នា​ជា​បណ្ដាញ​ធ្វើ​មេ​ខ្យល់​នាំ​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល។

មិន​ខុសពី​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ នៅ​ខាង​ទឹក​ដី​ថៃ​ឯ​ណោះ​វិញ ផ្សារ​ខៅឌីន ដែល​ធ្លាប់​មាន​ភាព​អ៊ូអរ និង​មាន​ពលរដ្ឋ​ខ្មែរ​ឡើង​ទៅ​ទិញ​ទំនិញ បាន​ប្រែ​សភាព​ទៅ​ជា​ស្ងប់ស្ងាត់ ដោយ​តូប និង​ហាង​លក់​ទំនិញ​ទាំងអស់​បាន​បិទ​ទ្វារ។

ចំណែក​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ឬ​បាន​ឡែម ដែល​ស្ថិត​នៅ​ស្រុក​កំរៀង វិញ ពលរដ្ឋ​ម្នាក់​គឺ​លោក​ស្រី រស់ ស្រីរ័ត្ន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រោយពី​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​បាន​សម្រេច​បិទ​ច្រក​ព្រំដែន​មក ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​ព្រំដែន​ភាគ​ច្រើន បាន​ផ្លាស់ប្ដូរ​មុខរបរ ​ដោយ​អ្នក​ខ្លះ​ទៅ​ធ្វើ​ស្រែ​ចម្ការ ខណៈ​ខ្លះ​ទៀត​បាន​លួច​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។

លោក​ស្រី រស់ ស្រីរ័ត្ន «ចាស! ចំពោះ​អ្នក​នៅ​ច្រកដូង សំខាន់​នៅតែ​ចំពោះ​អ្នក​មាន​ផ្ទះ​ធំ​ៗ និង​អាជីវកម្ម​ធំ​ៗ ក្រៅ​ពី​ហ្នឹង​ចេញ​អស់​ហ្នឹង។ ចំពោះ​អ្នក​រកស៊ី​តូច​ៗ លក់ដូរ​តាម​ផ្សារ ឬ​ក៏​អ្នក​រកស៊ី​ចេញ​ចូល​ទៅ​ថៃ​អី​ហ្នឹង ចេញ​អស់​ហើយ»។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ប្រព័ន្ធ​សេដ្ឋកិច្ច​នៅ​តំបន់​ព្រំដែន​ថៃ តាមរយៈ​ការ​អភិវឌ្ឍ​ ​និង​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ ​ដែល​សមស្រប​ទៅ​តាម​តំបន់​ដូចជា វិស័យ​កសិកម្ម ទេសចរណ៍ និង​រោងចក្រ​ឧស្សាហកម្ម​ជាដើម។

លោក វន់ ពៅ «ជានិច្ច​ជា​កាល រដ្ឋ​ត្រូវ​គិត​បង្កើន​ធនធាន​មនុស្ស​ជំនាញ ចំណេះ ​បន្ថែម​ទៀត ទាក់ទង​សម័យ​ឌីជីថល ឱ្យ​ដើរ​ទាន់​សម័យ​ឌីជីថល ​ខ្ញុំ​គិត​ថា​វា​ជា​ការ​ជំនួស​ក្នុង​ការ​រក​ប្រាក់​ចំណូល ជំនួស​នៃ​ការ​ប្រកប​មុខរបរ​មិន​ស្របច្បាប់ មុខរបរ​ដែល​ពិភពលោក​មិន​ចូលចិត្ត គឺ​អាស្គេម​អនឡាញ​នេះ​ឯង អញ្ចឹង​ខ្ញុំ​គិត​ថា​វា​អាច​ជំនួស​បាន»។

ប្រទេស​ថៃ​បាន​ចាប់ផ្ដើម​រឹតបន្តឹង និង​បិទ​ច្រក​ព្រំដែន​ជា​ឯកតោ​ភាគី​ដំបូង ជាមួយ​កម្ពុជា កាលពី​ខែ​មិថុនា ឆ្នាំ​២០២៥។ ជា​ការ​ឆ្លើយតប ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន​សែន បាន​ណែនាំឱ្យ​រដ្ឋាភិបាល​កូនប្រុស​របស់​លោក រឹត​បន្តឹង​ការ​ចេញ​ចូល​តាម​ព្រំដែន និង​បិទ​ការ​នាំចូល​ទំនិញ​យុទ្ធសាស្រ្ត​សំខាន់​មួយចំនួន ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា។

ភាព​តានតឹង​នេះ បាន​បង្ក​ទៅ​ជា​វិបត្តិ​តាម​ព្រំដែន រហូត​បណ្ដាលឱ្យ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ចំនួន​ពីរ​លើក រហូត​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ផ្អាក​ការ​ចេញ-ចូល​របស់​ពលរដ្ឋ​ខ្មែរ និង​ថៃ ​នៅ​តាម​ច្រក​ទ្វា​ព្រំដែន​ទាំងអស់​ កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ ដោយ​លើក​ហេតុផល​សុវត្ថិភាព អំឡុងពេល​ដែល​យោធា​ថៃ​បន្ត​បើក​ការ​វាយប្រហារ ​ដោយ​មិន​រើស​ទិសដៅ​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

តាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ពន្ធ-គយ ​របស់​ថៃ ​បាន​បង្ហាញ​ថា​ ការ​បិទ​ច្រក​នេះ បាន​ធ្វើឱ្យ​ការ​នាំចេញ​ទំនិញ​របស់​ថៃ ​មក​កម្ពុជា​ធ្លាក់ចុះ​៨០​ភាគរយ គិត​ត្រឹម​ចុង​ឆ្នាំ​២០២៥។ ទន្ទឹម​នឹង​ការ​ធ្លាក់ចុះ​នេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ប្រកាស​ដោយ​មោទនភាព​ថា ទោះបី​ប្រទេស​ថៃ​បិទ​ច្រក​ព្រំដែន​១០០​ឆ្នាំ​ទៀត ក៏​កម្ពុជា​មិន​ស្លាប់​ដែរ។ ចំណែក​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែល​ជា​កូន ​បាន​ប្រកាស​ស្រដៀង​គ្នា​នឹង​ការ​លើកឡើង​របស់​ឪពុក​លោក​ដែរ​ថា ការ​បិទ​ច្រក​ព្រំដែន​ជាមួយ​ថៃ ​មិន​ធ្វើឱ្យ​ផលិតកម្ម ​និង​កសិកម្ម​កម្ពុជា​ស្លាប់​ទេ តែ​ជា​ឱកាស​ពង្រឹង​ខ្លួនឯង​និង​បង្វែរ​ទីផ្សារ​បាន​ទាន់ពេល។

ខុសពី​អំនួត​មេដឹកនាំ​របស់​ខ្លួន ពល​រដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ព្រំដែន បាន​បន់ស្រន់​ឱ្យ​តែ​ស្ថានភាព​នៅ​តាម​ព្រំដែន​ត្រឡប់​មក​សភាព​ដើម​វិញ។ ពួក​គាត់​បាន​លើកឡើង​ដូច​ៗ​គ្នា​ថា ភាព​ស្ងៀមស្ងាត់​នៅ​ពេល​នេះ បាន​ធ្វើឱ្យ​បេះដូង​របស់​ពួកគាត់​ព្រួយបារម្ភ​ពី​អនាគត ខណៈ​អ្នក​ខ្លះ​បាត់បង់​ការងារ អ្នក​ខ្លះ​លក់ដូរ​មិន​ដាច់ ហើយ​អ្នក​ខ្លះ​កំពុង​តស៊ូ​ទាំង​ទឹកភ្នែក​ ​ដើម្បី​ទប់ទល់​នឹង​ជីវភាព​ក្នុង​គ្រួសារ​របស់​ខ្លួន។

ពួកគាត់​លើកឡើង​ទៀត​ថា អ្វី​ដែល​ពួកគាត់​លើកឡើង​នេះ គឺ​មិន​មែន​ចង់ឱ្យ​រដ្ឋាភិបាល​ហៅ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត ​មក​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ទឹកដី​កម្ពុជា​ដូច​កាលពី​មុន ដែល​ជា​ការ​វិនិយោគ​ស្មោក​គ្រោក និង​ធ្វើឱ្យ​កម្ពុជា​ស្អុយ​ឈ្មោះ​អសោច ​ដូច​កាលពី​មុន​នោះឡើយ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ពួកគាត់​ចង់បាន​នោះ គឺ​ការ​វិនិយោគ​ដែល​មាន​និរន្តរភាព​យូរ​អង្វែង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ