

សកម្មជនបរិស្ថាន និងសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ បានរកឃើញបទល្មើសព្រៃឈើរាប់រយករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា។ ពួកគាត់ថា បច្ចុប្បន្នតំបន់ព្រៃការពារមួយនេះ ហាក់គ្មានមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធឈរជើងការពារទប់ស្កាត់នោះឡើយ។
សកម្មជនបរិស្ថាន និងសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានចុះល្បាតព្រៃដោយរកឃើញបទល្មើសព្រៃឈើរាប់រយករណី ក្នុងដែនជម្រកសត្វព្រៃព្រះរកា ត្រង់ចំណុចតំបន់អូរស្កាច ដោយក្រុមជនល្មើសបានដឹកជញ្ជូនឈើទាំងអស់នោះចេញពីតំបន់ព្រៃព្រះរកា តាមច្រកតំបន់៩៤ នៃស្រុកជាំក្សាន្ត យ៉ាងអនាធិបតេយ្យ ហាក់គ្មានមន្ត្រីជំនាញឈរជើងការពារនៅតំបន់នោះ។
សហគមន៍ស្នើឲ្យមន្ទីរបរិស្ថានខេត្តព្រះវិហារ ទប់ស្កាត់បទល្មើសឲ្យទាន់ពេលវេលា និងត្រូវស្វែងរកមន្ត្រីខិលខូច លួចបើកដៃឲ្យជនល្មើសទាំងនោះបំផ្លាញធនធានធម្មជាតិ ដើម្បីទទួលខុសត្រូវ និងផ្ដន្ទាទោសតាមច្បាប់។
សហគមន៍លើកឡើងទៀតថា ក្រុមជនល្មើសអះអាងប្រាប់សហគមន៍ថា មានមន្ត្រីយោធាម្នាក់ឈ្មោះអៀង គឺជាអ្នកបញ្ជាឲ្យពួកគេចូលកាប់ឈើ នៅក្នុងតំបន់ព្រៃព្រះរកា ភាគច្រើនក្រុមជនល្មើសកាប់ឈើ ប្រភេទដើមផ្ដៀក និងដើមជ័រច្បោះ ដែលពលរដ្ឋតែងតែអាស្រ័យផល ដងជ័រទឹកលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៩ ខែមេសាថា ទិដ្ឋភាពនៅក្នុងតំបន់ព្រៃព្រះរកា ហាក់គ្មានមន្ត្រីជំនាញឈរជើងការពារនៅតំបន់នោះ ដោយសារក្រុមជនល្មើសបានសាងសង់រោង និងកន្លែងស្នាក់នៅ ដូចមិនខ្លាចរអាមន្ត្រីពាក់ព័ន្ធឡើយ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងបរិស្ថានមិនមានវិធានការណាមួយ ដើម្បីទប់ស្កាត់ និងចំណាត់ការទៅលើអ្នកពាក់ព័ន្ធនោះទេ អ្នកដែលទទួលខុសត្រូវមុនគេ គឺរដ្ឋមន្ត្រីក្រសួងសាមី លោក អ៊ាង សុផល្លែត។
លោក ម៉ា ចិត្រា៖ «យើងសោកស្ដាយដែលរដ្ឋាភិបាលអសមត្ថភាពគ្រប់គ្រងព្រៃឈើ ជាពិសេសព្រៃឈើនៅក្នុងតំបន់ការពារ នៅទីនេះគឺ ក្នុងតំបន់ព្រៃការពារព្រះរកា ជនល្មើសមកកាប់ឈើ យ៉ាងអនាធិបតេយ្យ អត់មានការបង្ក្រាបពីសំណាក់មន្ត្រីបរិស្ថានទេ ខ្ញុំថាមិនបង្ក្រាបដោយសារអ្វី ដោយសារយើងឃើញថា មានកន្លែងបោះតង់ កន្លែងហូបបាយដូចនៅផ្សារអញ្ចឹង មិនមានលក្ខណៈខ្លាចរអាការចាប់ចងនោះទេ»។
លោកបន្ថែមទៀតថា ក្រសួងបរិស្ថានត្រូវតែចាត់វិធានការជាប្រចាំ មិនគួររង់ចាំសហគមន៍រាយការណ៍ ឬជិតដល់ពេលបោះឆ្នោត ទើបនាំគ្នាស្រែក នឹងមានវិធានការនោះទេ ពីព្រោះនៅពេលជិតបោះឆ្នោត ទើបមានវិធានការ វាមិនមែនជាឆន្ទៈពិតប្រាកដក្នុងការការពារព្រៃឈើនោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការបកស្រាយបានទេនៅថ្ងៃទី០៩ ខែមេសា។
កាលពីឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំនួន៤ដើម្បីទប់ស្កាត់និងការពារធនធានធម្មជាតិឲ្យបាន១០០ភាគរយ ដោយទី១ ត្រូវអនុវត្តច្បាប់ និងមិនលើកលែងឲ្យជនល្មើសទៀតនោះទេ ទី២សហការជាមួយមន្ត្រីពាក់ព័ន្ធពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន និងអ្នកមានភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ទី៣ គឺការសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន រីឯទី៤ ជំរុញឲ្យការដាំដុះគម្របព្រៃឈើឡើងវិញឲ្យបាន៦០% នៅឆ្នាំ២០៥០។ ប៉ុន្តែក្រុមអ្នកការពារបរិស្ថានយល់ថា វិធានការ៤ចំណុចរបស់ក្រសួងបរិស្ថាន មិនមានប្រសិទ្ធភាពក្នុងការការពារព្រៃឈើនោះឡើយ ប្រសិនបើរដ្ឋាភិបាលមិនលុបបំបាត់អំពើពុករលួយ និងចាត់វិធានការទៅលើមន្ត្រីក្នុងជួររដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងការរកស៊ីកាប់បំផ្លាញព្រៃឈើទេនោះ។
កាលពីខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃព្រះរកា ស្ថិតក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលមានទំហំជាង៩ម៉ឺន (៩០.៣៦១) ហិកតារ ដើម្បីទុកជាតំបន់ការពារនិងអភិរក្ស។ ទោះជាយ៉ាងណា សកម្មជននិងសហគមន៍មូលដ្ឋានតែងរកឃើញថា អាជ្ញាធរពាក់ព័ន្ធតែងបណ្ដែតបណ្ដោយឱ្យក្រុមជនល្មើសចូលទៅកាប់ព្រៃឈើដោយសេរី ដែលស្ទើរតែបំផ្លាញអស់នូវប្រភេទដើមឈើធំៗទៅហើយ៕









