សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ឪពុក​សកម្មជន​នយោបាយ​លោក ស៊ន តារា ដាក់​ពន្ធនាគារ ៤ឆ្នាំ

0
139
លោក ​សុខ ស៊ុនណារ៉េត​ ឪពុកអ្នកអត្ថាធិប្បាយល្បីឈ្មោះ​លោក ស៊ន តារា។ រូប៖ ហ្វេសប៊ុកលោក ស៊ន​ សារ៉ាត់
លោក ​សុខ ស៊ុនណារ៉េត​ ឪពុកអ្នកអត្ថាធិប្បាយល្បីឈ្មោះ​លោក ស៊ន តារា។ រូប៖ ហ្វេសប៊ុកលោក ស៊ន​ សារ៉ាត់

តុលាការ​ជាន់ខ្ពស់ មិន​ត្រឹមតែ​មិន​ដោះលែង​ឪពុក របស់​អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ​និង​សង្គម លើ​បណ្តាញ​សង្គម​លោក ស៊ន តារា ទេ ប៉ុន្តែ​បែរជា​តុលាការ​ដាក់​បន្ថែម​ពិន័យ​ជា​ប្រាក់​ថែមទៀត។ គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់ទុក​ការសម្រេច​ក្តី​នេះ គឺជា​រឿង​អយុត្តិធម៌។

ចៅក្រម​សាលាឧទ្ធរណ៍​ភ្នំពេញ លោក អ៊ិត សុធា បាន​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃទី​២៩ មករា ដោយ​សម្រេច​បន្ត​ឃុំខ្លួន​អតីតមន្ត្រី​យោធា​លោក សុខ ស៊ុនណារ៉េត និង​ជា​ឪពុក​របស់​លោក ស៊ន តារ៉ា ចំនួន ៤ ឆ្នាំ ដូច​សាលា​ក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​បាន​បន្ថែម​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ឬ​ស្មើ ១២៥០ ដុល្លារ​។ ការប្រកាស​សាលដីកា​នេះ ធ្វើឡើង​ដោយ​កំបាំងមុខ ដោយសារ​មន្ត្រី​ពន្ធនាគារ មិនបាន​បញ្ចូន​លោក សុខ សុណារ៉េត មក​តុលាការ​នោះ​ទេ។

កូនប្រុស​លោក សុខ ស៊ុនណារ៉េត គឺ​លោក ស៊ន សារ៉ាត់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា សេចក្តី​សម្រេច​របស់​តុលាការ គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ឪពុក​របស់​លោក​ដែល​គ្មាន​កំហុស​អ្វី​សោះ​។ លោក សង្កត់ធ្ងន់​ថា ឪពុក​របស់​លោក ធ្លាប់​បម្រើ​ការងារ​ជា​កងទ័ព​ជាង​៣០​ឆ្នាំ ដូច្នេះ​មិន​គួរ​ដាក់ទោស​គាត់​ទាំង​ដែល​គាត់ មិនបាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​អ្វី​នោះ​ទេ។ កូនប្រុស​ជន​ជាប់​ជាប់ឃុំ​ក្រោម​ហេតុផល នយោបាយ​រូប​នេះ បន្ត​ថា លោក​នឹង​ជជែក​ជាមួយ​មេធាវី​ការពារ​ក្តី​ដើម្បី​ដាក់​បណ្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល​ទៀត។

លោក សុខ ស៊ុនណារ៉េត ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ កាត់ទោស​ជាប់​ពន្ធនាគារ ៤​ឆ្នាំ​ក្រោម​បទ​ចោទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​លោក​តែងតែ បដិសេធ​ការចោទប្រកាន់​នេះ។ គិត​មកដល់​បច្ចុប្បន្ន លោក ជាប់​ពន្ធនាគារ ជាង ១​ឆ្នាំ​ហើយ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ចាត់ទុក​ករណីនេះ ថា​ជា​ការ​ធ្វើ​ទុកបុកម្នេញ​ទៅលើ​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ហ៊ាន​បញ្ចេញមតិ អំពី​បញ្ហា​សង្គម និង​នយោបាយ ខណៈ​កូនប្រុស​របស់​លោក គឺ​លោក ស៊ន តារា នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល លើ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស និង ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

លោក យី សុខសាន្ត បន្ត​ថា សមត្ថកិច្ច និង​អ្នកស្រុក​របស់​លោក សុខ ស៊ុនណារ៉េត សុទ្ធតែ​ដឹង​ថា លោក​គ្មាន​កំហុស ដូច្នេះ​លោក​ជឿ​ថា ករណី​លោក សុខ ស៊ុន ណារ៉េត មាន​គេ​បង្កើត​បទល្មើស​ឱ្យ​គាត់​ទទួល​ទណ្ឌកម្ម។

លោក យី សុខសាន្ត៖ «អ្វី​ដែល​យើង​សោកស្ដាយ​នោះ គឺ​យក​មនុស្ស ដែល​គ្មាន​កំហុស​ហើយ​បង្កើត​បទល្មើស​ឲ្យ​គាត់ ហើយ​សព្វថ្ងៃ​មាន​ច្រើន​រឿង​របៀប អ៊ីចឹង​។ យើង​ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល យើង​ស្នើសុំ​ដ៏​ទទូច​ទៅ​រដ្ឋាភិបាល ក៏ ដូចជា​ស្ថាប័ន​តុលាការ​បើសិនជា​យើង​យក​មនុស្ស​គ្មាន​កំហុស ហើយ​យក​ទៅ​កាត់ ទោស​ឲ្យ​ជាប់​ពន្ធនាគារ ហើយ​ដាក់​ទោសទណ្ឌ​ជាពិសេស ឪពុក​លោក ស៊ន តារា នេះ ដែល​គាត់​មិន​មាន​គេ​ហៅថា គាត់​អត់​បាន​ប្រព្រឹត្ត​អ្វី​ខុស​ផង កន្លងមក ដែល គាត់​ឡើង​ឆ្លើយ​ឡើង​អី គាត់​នៅតែ​ប្រកាន់យក​ជំហរ​របស់​គាត់​ថា គាត់​មិន​បាន​ធ្វើ​ខុស​ហើយ​គាត់​ក៏​មិន​ដឹង​ថា អាហ្នឹង​ជា​របស់​អ្នកណា​ទៀត ហើយ​មាន​ឆែក​គាត់​ទេ ថា​នៅក្នុង​ខ្លួន​គាត់​មាន​សារធាតុ​ញៀន​អត់ គឺ​អត់​មាន​ទៀត»។

លោក សុខ ស៊ុនណារ៉េត ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ចាប់ខ្លួន ក្រោយពី​លោក ហ៊ុន សែន ព្រមាន​ដក​តំណែង និង​បណ្ដេញ​ចេញពី​ក្របខណ្ឌ​ការងារ​រដ្ឋ ប្រសិនបើ​លោក ស៊ន តារា ជា​កូន ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បន្ត​រិះគន់ អំពើ​ផ្ដាច់ការ និង​រំលោភសិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន និង ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ។ លោក សុខ ស៊ុនណារ៉េត គឺជា​អតីតមន្ត្រី​យោធា​សឹក​រង ខេត្តកំពង់ស្ពឺ និង​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២២។

មជ្ឈដ្ឋាន​ទូទៅ​មើលឃើញ​ករណីនេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដោយសារ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ប្រឌិត​រឿង​នេះ​ឡើង​ដើម្បី​ចាប់​ឃុំ​ឪពុក​របស់​លោក ស៊ន តារា ធ្វើជា​ចំណាប់ខ្មាំង ក្នុង​បំណង​បំបិទមាត់​លោក ស៊ន តារា មិន​ឲ្យ​និយាយ​ពី​បញ្ហា​សង្គម និង​ភាព​អសកម្ម​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន។

មន្ត្រី​គណបក្សប្រឆាំង និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ តែងតែ​ថ្កោលទោស និង​ចាត់ទុក​ករណីនេះ​ថា ជា​អំពើ​ឧក្រិដ្ឋ​គាបសង្កត់​ឆ្លងដែន ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ដោះលែង​លោក សុខ ស៊ុនណារ៉េត ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ឥត​លក្ខខណ្ឌ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ