
ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ ព្រះសង្ឃ ជា វុទ្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីតុលាការដំបូងរាជធានីភ្នំពេញ សួរចម្លើយរយៈពេលមួយថ្ងៃពេញ។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យសមត្ថកិច្ចដោះលែងព្រះសង្ឃអង្គនេះវិញ ដោយថា ការចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
ក្រោយពីឃុំខ្លួន១យប់ នៅស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមេសា តុលាការក្រុងភ្នំពេញ បានសាកសួរចម្លើយព្រះសង្ឃ ជា វុទ្ធី រយៈពេលមួយថ្ងៃពេញ តុលាការបានសម្រេចចោទប្រកាន់ ព្រះភិក្ខុ ជា វុទ្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ(ប៉េហ្សេ)។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថ្ងៃទី២ ខែមេសាថា ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកដល់រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី០១ ខែមេសា និងបានបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក យិន ម៉េងលី សោកស្ដាយដែលតុលាការសម្រេចចោទប្រកាន់បែបនេះ ទៅលើអ្នកដែលហ៊ានបញ្ចេញមតិ នឹងធ្វើឲ្យសិទ្ធិសេរីភាពបញ្ចេញនៅកម្ពុជា កាន់តែរួមតូចទៅៗ និងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។ លោកទទូចឲ្យអាជ្ញាធរដោះលែង ព្រះភិក្ខុ ជា វុទ្ធី ឲ្យមានសេរីភាពឡើងវិញ។
លោក យិន ម៉េងលី៖ «យើងចង់ឲ្យមានការដោះលែង លោក ជា វុទ្ធី វិញ ហើយឲ្យមានការបើកលំហសេរីភាព កាន់តែធំឡើងទៀតដើម្បីជាប្រយោជន៍ដល់រដ្ឋាភិបាល ការទទួលបានព័ត៌មានគ្រប់មជ្ឈដ្ឋាន ព័ត៌មានវិជ្ជមានក្ដី ព័ត៌មានអវិជ្ជមានក្ដី រដ្ឋាភិបាលងាយស្រួលក្នុងការសម្រេចចិត្ត ធ្វើគោលនយោបាយ និងបញ្ហាផ្សេងៗ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២ ខែមេសា។
ព្រះភិក្ខុ ជា វុទ្ធី គង់នៅវត្តប៉ាឆា ក្រុងបាត់ដំបង គឺជាព្រះសង្ឃមួយអង្គដែលតែងតែសកម្ម ក្នុងកិច្ចការងារសង្គម និងតែងតែបញ្ចេញមតិ ពាក់ពន្ធ័បញ្ហារបស់ប្រទេសជាតិ ការគ្រប់គ្រងរដ្ឋ និងបញ្ហាព្រំដែនជាដើម។ ក្រៅពីនោះ ព្រះអង្គក៏ជា អ្នកសារព័ត៌មានពលរដ្ឋមួយអង្គផងដែរ។ ព្រះអង្គត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ស្លៀកពាក់ស៊ីវិល ចុះទៅចាប់ផ្សឹកនៅព្រឹកថ្ងៃទី០១ ខែមេសា ដោយសារព្រះអង្គបង្ហោះសារនិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
ក្នុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ លោក ហ៊ុន ម៉ាណែត ធ្លាប់ បានប្រកាសថា ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ពីបញ្ហាសង្គម ជាពិសេស ពីបញ្ហាព្រំដែន ពីព្រោះពលរដ្ឋក៏ចេះបារម្ភពីបញ្ហាបូរណភាពទឹកដីដែរ។
ទោះជាយ៉ាងណា សមត្ថកិច្ចនៃរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្តចាប់ខ្លួនពលរដ្ឋ សកម្មជននយោបាយ និងសង្គម រួមទាំងព្រះសង្ឃ ដាក់ពន្ធនាគារដោយសារតែ ការបញ្ចេញមតិឈឺឆ្អាលពីបញ្ហាសង្គម និងទឹកដី។ គិតមកដល់ពេលនេះមានមនុស្សជិត ១០០នាក់ហើយ រួមមាន ព្រះសង្ឃ កម្មករសកម្មជនសង្គម សកម្មជននយោបាយ និងអ្នកសារព័ត៌មានជាដើម ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារ៕










