
ប្រទេសចិនកុម្មុយនិស្តនឹងផ្ដល់ជំនួយនាវាចម្បាំងខ្នាតមធ្យមប្រភេទ (056C) ១គ្រឿងទៀតឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ នាវាចម្បាំងដែលចិនត្រៀមផ្ដល់ឱ្យកម្ពុជានេះស្ថិតក្នុងចំណោមប្រភេទនាវាចម្បាំងចំនួន ២គ្រឿងផ្សេងទៀតដែលរដ្ឋាភិបាលកុម្មុយនិស្តចិនបានផ្តល់ឱ្យកម្ពុជាកាលពីឆ្នាំ២០២៤។ អ្នកឃ្លាំមើលថា នាវាចម្បាំងដែលចិនផ្ដល់ឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន មិនមែនមានគោលបំណងបម្រើឱ្យវិស័យការពារជាតិកម្ពុជាឡើយ ប៉ុន្តែសម្រាប់បម្រើផលប្រយោជន៍ និងមហិច្ឆតាវាតទីភូមិសាស្ត្រនយោបាយរបស់ចិននៅក្នុងតំបន់។
នាវាចម្បាំងខ្នាតមធ្យមប្រភេទ (056C) ១គ្រឿងរបស់ចិនបានធ្វើដំណើរចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាមតាំងពីថ្ងៃទី៤ ខែមករា។ ប្រព័ន្ធឃោសនានៃរដ្ឋអំណាចចិនបញ្ជាក់ថា កម្ពុជានឹងរៀបចំពិធីទទួលនាវាចម្បាំងដែលជាជំនួយពីភាគីចិននេះនៅមូលដ្ឋានកងទ័ពជើងទឹករាមនៅថ្ងៃទី៨ ខែមេសា។
នាវចម្បាំងថ្មីសន្លាងមួយគ្រឿងចុងក្រោយដែលភាគីចិនត្រៀមប្រគល់ឱ្យកម្ពុជានេះ គឺស្ថិតក្នុងចំណោមនាវាចម្បាំងចំនួន ២គ្រឿងផ្សេងទៀតដែលចិនបានប្រគល់ឱ្យកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២៤។ នាវាចម្បាំងនេះប្រទេសចិនកុម្មុយនិស្តបានរចនាឡើងសម្រាប់ល្បាតដែនសមុទ្រ និងមានទម្ងន់ចន្លោះពី ១ពាន់ ៣រយតោន ទៅ ១ពាន់ ៥រយតោន។ វត្តមាននាវាចម្បាំងចិនប្រភេទ (056C) និងប្រភេទ (056) ៣គ្រឿងកំពុងសំចតនៅមូលដ្ឋានកំពង់ផែកងទ័ពជើងទឹករាមក៏មានប្រព័ន្ធការពារអាកាស អេចអេចឃ្យួ-១០ (HHQ-10) សម្រាប់ការពារពីមីស៊ីល យន្តហោះចម្បាំង និងមានបំពាក់អាវុធកាំភ្លើងធំ ប្រព័ន្ធប្រឆាំងនាវាមុជទឹក និងមីស៊ីលប្រឆាំងនាវាវាយប្រហារសត្រូវក្នុងចម្ងាយឆ្ងាយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបាននៅឡើយទេនៅថ្ងៃទី៧ ខែមេសា។
អ្នកឃ្លាំមើលលើកឡើងថា ការបញ្ជូននាវាចម្បាំងមកចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាមក្រោមរូបភាពផ្ដល់ជាជំនួយឱ្យកម្ពុជានេះ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភដែលប្រទេសចិនកុម្មុយនិស្តកំពុងរៀបចំយុទ្ធសាស្ត្រសម្រេចមហិច្ឆតាវាតទីភូមិសាស្ត្រនយោបាយក្នុងតំបន់។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែមេសាថា នាវាចម្បាំងរបស់ចិន កំពុងមានវត្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ មិនមែនផ្ដោតសំខាន់បម្រើឱ្យវិស័យការពារជាតិកម្ពុជាឡើយ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគាំទ្រភស្តុភារយោធាចិននៅក្រៅប្រទេស ដើម្បីឆ្លើយតបនឹងស្ថានការណ៍ឡើងកម្ដៅនៅតំបន់សមុទ្រចិនខាងត្បូង។ ជាក់ស្ដែងលោកថា កាលពីអំឡុងសង្គ្រាមថៃឈ្លានពានកម្ពុជា ក៏មិនមានការអនុញ្ញាតណាមួយឱ្យនាវាចម្បាំងចិន ២គ្រឿងដែលមានវត្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាមអាចចល័តទីតាំងបាញ់ទប់ទល់នឹងយោធាជើងទឹកថៃដែលរុលឈ្លានពានចូលដែនសមុទ្រខ្មែរនោះឡើយ។
លោក គឹម សុខ យល់ថា ការផ្ដល់នាវាចម្បាំងឱ្យកម្ពុជា ភាគីចិនក៏ចង់បង្ហាញសាច់ដុំយោធា និងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ តាមរយៈការប្រើប្រាស់ទីតាំងកម្ពុជាឈរជើង និងរដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើជាឈ្នាន់សម្រាប់បម្រើផលប្រយោជន៍ និងមហិច្ឆតាវាតទីភូមិសាស្ត្រនយោបាយរបស់ចិនក្នុងតំបន់។
លោក គឹម សុខ៖ «ប្រសិនបើនាវាចម្បាំងរបស់ចិន ប្រគល់ជូនរដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា ដូច្នេះនាវាចម្បាំងនោះ គេប្រើដើម្បីទប់ទល់នាវាចម្បាំងរបស់ថៃ ដែលរំលោភដែនអធិបតេយ្យសមុទ្ររបស់កម្ពុជា កាលពីប៉ុន្មានខែមុនហើយ ប៉ុន្តែគេអត់ប្រើទេ។ នោះមានន័យថា ក្នុងយុទ្ធសាស្ត្រនៃផលប្រយោជន៍របស់ចិន គឺពិតជាមានហេតុផល ចិនដឹងជាមុនថា ប្រសិនបើមានការប៉ះទង្គិចនៅសមុទ្រចិនខាងត្បូង ចិនត្រូវតែមានសម្ព័ន្ធមិត្តដែលនៅក្បែរសមុទ្រចិនខាងត្បូងនោះឱ្យបានច្រើន។ ហេតុដូច្នេះ ទើបចិនទាញកម្ពុជាឱ្យចូលជាមុន ដោយរបៀបប្រគល់នូវកប៉ាល់ចម្បាំងឱ្យកម្ពុជា»។
រីឯ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ថា ជំនួយនាវាចម្បាំងរបស់ចិនផ្ដល់ឱ្យកម្ពុជាក្នុងពេលដែលកំពុងរងការឈ្លានពានពីប្រទេសថៃគឺជាសញ្ញាវិជ្ជមានសម្រាប់រួមចំណែកឱ្យកម្ពុជាមានសព្វាវុធទប់ទល់នឹងសត្រូវឈ្លានពានទឹកដីកម្ពុជា។ ទោះជាយ៉ាងណា លោកថា សមត្ថភាពកងទ័ពជើងទឹកកម្ពុជានៅមានកម្រិតនៅឡើយ និងទាមទារឱ្យមានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីអាចប្រើប្រាស់នាវាចម្បាំង ឬគ្រឿងបរិក្ខារយោធារបស់ចិនដែលមាននៅលើនាវាចម្បាំង។ លោក ឯម សុវណ្ណារ៉ា ក៏ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្ដាមហាអំណាចលោកសេរី ដើម្បីអាចទទួលការបណ្ដុះបណ្ដាលធនធាន ជំនួយយោធា ឬការបញ្ជាទិញអាវុធទំនើបៗ សម្រាប់ឆ្លើយតបនឹងស្ថានភាពកម្ពុជាបច្ចុប្បន្នដែលកំពុងរងការឈ្លានពានពីប្រទេសជិតខាង។
លោក ឯម សុវណ្ណារ៉ា៖ «កន្លងមកហ្នឹង កម្ពុជា និងចិន ហាក់ដូចជាល្អូកល្អិនជិតស្និទ្ធណាស់ ក៏ប៉ុន្តែនៅពេលដែលយើងមានឧបសគ្គ យើងឃើញសហរដ្ឋអាមេរិកនៅតែលូកដៃចូលជួយអន្តរាគមន៍ឱ្យមានបទឈប់បាញ់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាដើម។ អាហ្នឹងយើងឃើញសហរដ្ឋអាមេរិកនៅតែចូលរួមទោះបីយើងកន្លងមកក្រិតធ្មេញដាក់អាមេរិកក៏ដោយ។ ខ្ញុំតែងតែជំរុញធ្វើម៉េចឱ្យមានតុល្យភាពរវាង កម្ពុជា-ចិន កម្ពុជា-អាមេរិកពីព្រោះកម្ពុជាជាប្រទេសតូច អត់ត្រូវការឈរផ្អៀងទៅប្រទេសណាមួយទេ ត្រូវការចងសម្ព័ន្ធមិត្តទាំងអស់ ហើយកម្ពុជាត្រូវការពឹងពាក់មហាអំណាចទាំងអស់ហ្នឹងជួយជ្រោមជ្រែងច្រើនណាស់។ កម្ពុជាមិនទាន់អាចពើងទ្រូងបានទេ ពីព្រោះកម្ពុជាយើងជាប្រទេសមួយ លទ្ធភាពរបស់យើងនៅពេលដែលកើតសង្គ្រាមជាមួយថៃ យើងឃើញហើយ យើងនៅទន់ខ្សោយ»។
ក្រៅពីវិស័យវិនិយោគ ចិនក៏ជាប្រទេសឈានមុខគេក្នុងការលក់អាវុធយោធាសម្រាប់បម្រើក្នុងវិស័យការពារជាតិរបស់កម្ពុជាចាប់តាំងពីអំឡុងឆ្នាំ២០១០ មក។ ជាមួយគ្នានេះ ប្រទេសចិនក៏ជាម្ចាស់បំណុលធំជាងគេ។ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាជំពាក់ចិនប្រមាណ ៤ពាន់លានដុល្លារ ឬស្មើជិតពាក់កណ្ដាលនៃបំណុលសរុបដែលកម្ពុជាជំពាក់បរទេសដែលមានចំនួនជិត ១៣ពាន់លានដុល្លារ។
កន្លងទៅ សហរដ្ឋអាមេរិកបានបង្ហាញក្តីព្រួយបារម្ភអំពីការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយរបស់ចិន។ សហរដ្ឋអាមេរិកសង្ស័យថា ចិននឹងប្រើប្រាស់មូលដ្ឋានទ័ពរាមនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា ទាំងលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បានបដិសេធម្ដងហើយម្ដងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ៕










