ពលរដ្ឋនៅខេត្តព្រះវិហារចំនួន២ស្រុក គឺស្រុកសង្គមថ្មី និងស្រុករវៀង ជិត៤០០គ្រួសារ ត្រូវបានក្រុមហ៊ុនចិនឈ្មោះ ឆាយណាហ្គ្រេត ខស (China Great Cause) រំលោភយកដីស្រែចម្ការរាប់ពាន់ហិកតារដើម្បីធ្វើអាជីវកម្មរ៉ែ។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរសិក្សាអំពីផល ប៉ះពាល់ឲ្យបានច្បាស់លាស់ និងរកដំណោះស្រាយឲ្យពលរដ្ឋដោយសន្តិវិធី និងតម្លាភាព។
ពលរដ្ឋរស់នៅឃុំស្ដៅ និងឃុំចំរើន នៃស្រុកសង្គមថ្មី និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ជិត៤០០គ្រួសារ ត្រូវបានក្រុមហ៊ុន ឆាយណាហ្គ្រេត ខស ធ្វើអាជីវកម្មរ៉ែដែក រំលោភយកដីស្រែចម្ការរបស់ពួកគាត់ជាង២ពាន់ហិកតារ ដែលពួកគាត់ធ្លាប់អាស្រ័យផល ដាំដើមស្វាយចន្ទី និងដំណាំស្រូវ តាំងពីឆ្នាំ១៩៩០ មក។ ពលរដ្ឋស្នើឲ្យរដ្ឋាភិបាលជួយកាត់ឆ្វៀលដីស្រែចម្ការទាំងនោះទុកឲ្យពលរដ្ឋអាស្រ័យផល ចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ។
តំណាងប្រជាពលរដ្ឋ លោក មុត ឈាត អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣០ ខែមីនា ថា ក្រុមហ៊ុន ឆាយណាហ្គ្រេត ខស បានបង្ខំឲ្យពលរដ្ឋទទួលយកសំណងដែលក្រុមហ៊ុនបានផ្ដល់ឲ្យ ក្នុង១ហិកតារចំនួន១លាន២០ម៉ឺន (១.២០០.០០០)រៀល ប៉ុន្តែពលរដ្ឋមិនព្រមយកសំណងនេះនោះទេ ពីព្រោះសំណងទាំងនេះ មិនអាចឲ្យពួកគាត់ទៅរកទិញដីស្រែចម្ការកន្លែងផ្សេង បានអាស្រ័យផលនោះឡើយ។
លោក មុត ឈាត៖ «ខ្ញុំមកនេះសូមតែម្យ៉ាងគឺសូមឲ្យគាត់ជួយដោះស្រាយរឿងដីធ្លីឲ្យពួកខ្ញុំ ព្រោះបើអស់ពីដីនេះទៅ ពួកខ្ញុំមិនដឹងទៅនៅណាទេ បើទទួលសំណងមួយលានម្ភៃម៉ឺន(១២០០០០០ម៉ឺន) មិនដឹងទៅទិញអីបានមកវិញទេ ទៅទិញកន្លែងផ្សេងមិនបាន ខ្ញុំចង់បានតែម្យ៉ាងគឺសូមឲ្យសម្តេចជួយមើលស្ថានភាពជាក់ស្តែង ផលប៉ះពាល់ជាក់ស្តែង មើលជីវភាពប្រជាពលរដ្ឋតែងតែអាស្រ័យផលផ្ទាល់ និយាយជារួមគឺខ្ញុំចង់បានដីអាស្រ័យផលវិញ មិនចង់បានសំណងទេ»។
លោក មុត ឈាត អះអាងទៀតថា នៅថ្ងៃទី៣០ ខែមីនា តំណាងពលរដ្ឋបានឡើងមករាជធានីភ្នំពេញដាក់ញត្តិស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយស្វែងរកដំណោះស្រាយ និងកាត់ឆ្វៀលដីស្រែចម្ការចេញពីបរិវេណក្រុមហ៊ុន ដើម្បីទុកឲ្យពលរដ្ឋបានអាស្រ័យផល ហើយតំណាងឧុទ្ធកាល័យរបស់ លោក ហ៊ុន ម៉ាណែត សន្យាថា នឹងប្រញាប់ស្វែងរកដំណោះឲ្យប្រជាពលរដ្ឋ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុធ្ធី ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៣០ ខែមីនា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា រាល់ការវិនិយោគ ឬអភិវឌ្ឍន៍នៅតំបន់ណាមួយ អាជ្ញាធរ និងក្រុមហ៊ុន ត្រូវតែសិក្សាអំពីផលប៉ះពាល់ ពិគ្រោះយោបល់ជាមួយពលរដ្ឋ និងស្វែងរកដំណោះស្រាយ ជាមុខសិន មិនត្រូវបណ្ដោយឲ្យក្រុមហ៊ុនទៅរំលោភយកដីស្រែចម្ការ និងបណ្ដេញពលរដ្ឋចេញបែបនេះឡើយ។ លោកជំរុញឲ្យរដ្ឋាភិបាល ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតម្លាភាព មិនត្រូវបង្ខិតបង្ខំ ឬគំរាមកំហែងទៅលើពលរដ្ឋនោះទេ។
លោក យិន ម៉េងលី៖ «ក្រុមហ៊ុនត្រូវការប្រាក់ចំណេញ រដ្ឋាភិបាលក៏ត្រូវការពន្ធ ប្រជាពលរដ្ឋក៏ត្រូវការជីវភាព ត្រូវសេដ្ឋកិច្ចដើម្បីការរស់នៅដែរ យើងមើលឃើញថា ត្រូវមានការសម្របសម្រួលមួយឲ្យបានសមរម្យ ត្រូវមានការចរចារពីបញ្ហាតម្លៃជាមួយពលរដ្ឋ ចៀសវាងការគំរាមកំហែងណាមួយ ប្រើប្រាស់ប្រព័ន្ធច្បាប់ ឬប្តឹងផ្តល់ពលរដ្ឋទៅតុលាការ វាមិនមែនជារឿងល្អទេសម្រាប់ពលរដ្ឋសព្វថ្ងៃពួកគាត់កំពុងជំពាក់ធនាគារ កំពុងខ្វះចំណូលរកពុំសូវបានប៉ះពាល់ជីវភាពគ្រួសារ»។
ពលរដ្ឋលើកឡើងថា ក្រុមហ៊ុន ឆាយណាហ្គ្រេត ខស បានចាប់ផ្ដើមឈូសឆាយ និងហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋតាំងពីឆ្នាំ២០១៧ ដោយបានកាត់ឆ្វៀលដីឲ្យពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ចំណែកពលរដ្ឋជិត៤០០គ្រួសារផ្សេងទៀត ក្រុមហ៊ុនមិនបានកាត់ឆ្វៀលឲ្យនោះទេ។ រីឯអាជ្ញាធរមិនបានសិក្សាអំពីផលប៉ះពាល់ និងពិគ្រោះយោបល់ជាមួយពលរដ្ឋនោះឡើយ ដោយគ្រាន់តែប្រាប់ពលរដ្ឋថា ក្រុមហ៊ុន ឆាយណាហ្គ្រេត ខស ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលធ្វើអាជីវកម្មរ៉ែ លើផ្ទៃដីជិត ៦ពាន់(៥.៨៨០)ហិកតារ ហើយអះអាងថា ពលរដ្ឋអាស្រ័យផលលើដីរបស់ក្រុមហ៊ុន៕









