មហាជន​រិះគន់​លោក ហ៊ុន ម៉ានី ពី​ការរៀបចំ​កម្មវិធី​ចូលឆ្នាំ​នៅ​ជំរំ​ភៀស​សឹក​ទាំង​ពលរដ្ឋ​កំពុង​បាត់បង់​ផ្ទះសម្បែង និង​ទឹកដី

0
40
ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី។ រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ានី
ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី។ រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ានី

មហាជន​ផ្ទុះ​ការរិះគន់​កូនប្រុស​ពៅ លោក ហ៊ុន សែន គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែល​រៀបចំ​កម្មវិធី​សប្បាយ​ចូលឆ្នាំ​ខ្មែរ​នៅ​ជំរំ​ភៀស​សឹក ខណៈ​ពលរដ្ឋ​កំពុង​បាត់បង់​ផ្ទះសម្បែង និង​ទឹកដី​។ មហាជន​លើកឡើង ថា លោក ហ៊ុន ម៉ា​នី មិន​ចេះ​ខ្មាស​ភាគី​ថៃ ដែល​កំពុង​កាន់កាប់​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ភៀស​សឹក បន្ទាប់ពី​ទាហាន​ថៃ​បាន​ឈ្លានពាន​ចូល​មក​គ្រប់គ្រង។

មហាជន​ខ្មែរ​ទូទៅ ចាត់ទុក​កម្មវិធី​សប្បាយ​ចូលឆ្នាំ​ខ្មែរ​នៅ​ជំរំ​ភៀស​សឹក ដែល​រៀបចំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថា ជា​ការ​ព្យាយាម​បង្វក់​ស្មារតី​ខ្មែរ ឲ្យ​ភ្លេច​ឈឺចាប់ និង រំសាយ​ការ​ប្រឹងប្រែង​រួមគ្នា​គិត​រក​វិធី​ដោះស្រាយ​រឿង​ព្រំដែន។

មហាជន​ថា ទង្វើ​បែបនេះ​របស់​លោក ហ៊ុន ម៉ានី មិន​ឈរ​នៅ​ជាមួយ​ពលរដ្ឋ​ខ្មែរ ដើម្បី​ទាមទារ​យក​ដីធ្លី និង ផ្ទះសម្បែង​របស់​ពួកគាត់​ត្រឡប់មកវិញ​នោះ​ទេ ប៉ុន្តែ លោក ហ៊ុន ម៉ានី កំពុង​ឈរ​ខាង​ប្រយោជន៍​ភាគី​ថៃ ដោយ​រៀបចំ​ពិធី​សប្បាយ ដើម្បី​ពង្វក់​ពលរដ្ឋ​ខ្មែរ​ភៀស​សឹក ឲ្យ​ទទួលយក​ការឈ្លានពាន​របស់​កង​ទ័ព​ថៃ បន្តិច​ម្ដងៗ។

ការរិះគន់​នេះ បន្ទាប់ពី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១៩ ខែមីនា ថា ស​.​ស​.​យ​.​ក នឹង​រៀបចំ​កម្មវិធី​ចូលឆ្នាំ​ខ្មែរ នៅ​ជំរំ​ភៀស​សឹក​ក្នុង​ខេត្ត​ចំនួន​៣ រួមមាន​ព្រះវិហារ សៀមរាប និង​ខេត្តបន្ទាយមានជ័យ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩-៣១ ខែមីនា​នេះ។

លោក ហ៊ុន ម៉ានី៖ «ក្នុងនោះ គឺ​បាន​ជួបជុំ​ជាមួយ​វិស័យ​ឯកជន ជាមួយ​បងៗ​សិល្បករ សិល្បៈការិនី ហើយ​មាន​តារា​កំប្លែង​ដែរ ដែល​យើង​នឹង​រៀបចំ​ធ្វើ​យ៉ាងណា គឺ​មុន យើង​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​រាជធានី​ភ្នំពេញ ឬក៏​ការ​អបអរសាទរ​ណាមួយ​ផ្សេង តាម​លក្ខណៈ​ប្រពៃណី​ជាតិ​របស់​យើង​។ យើង​នឹង​យក​កម្មវិធី​ទាំងអស់​នេះ ទៅ​ជួន​ពួកគាត់»។

ជុំវិញ​រឿង​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ច័ន្ទ រ៉ូ​ហ្សា សួរថា «​តើ​ពួកគាត់​មាន​អារម្មណ៍​សប្បាយ​ដែរ​ទេ ខណៈ​សេដ្ឋកិច្ច និង ការរស់នៅ​ពិបាក ហើយ​មាន​សម្ពាធ​ផ្លូវចិត្ត​បាត់បង់​ផ្ទះ និង ដីធ្លី​ទៀត​នោះ ?»។

ជាមួយ​គ្នា​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សឿន រ៉ានី (Soeurn Rany) បាន​បញ្ចេញមតិ​ថា « ខ្មាស​ទាហាន​ថៃ​ផង គេ​យក​ដី​ហើយ គេ​នៅ​ការពារ គេ​ឃើញ​យើង​សប្បាយ​អ៊ីចឹង គេ​សើច​ងាប់​ហើយ » ។​

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ហេង ហេង (Heng Heng)​វិញ គាត់ រិះគន់​ថា យក​ស្អី​មក​គិត​នឹង​លោក មនុស្ស​កំពុង​មាន​ទុក្ខ​មក​បើក​បាសខ្លាំងៗ​នៅ​កៀន​ត្រចៀក ខណៈ​ឈ្មោះ ភក្ដិ ហុង (Pheak Hong) ប្រាប់​ឲ្យ​លោក ហ៊ុន ម៉ានី ទៅ​មើល​ធុង​អង្ករ មើល​ស្បៀង​ពួកគាត់​ផង។

ចំណែក​ហ្វេសប៊ុក​ឈ្មោះ តែម ភ្លឺះ (Tem Ple) រិះគន់​លោក ហ៊ុន ម៉ានី ថា អត់​គិត​រក​វិធី​ដោះស្រាយ​រឿង​ព្រំដែន​ទេ គិតតែ​សប្បាយ​ដូច​សត្វ​រៃ។ រីឯ​ឈ្មោះ ឈុំ សុ​ភី ឃី (Chhum Sophy Kl ) លើកឡើង​ថា បើ​បែប​នឹង​បាន​ន័យ​ថា កំពុង​ដឹកនាំ​បង្វក់​ស្មារតី​ខ្មែរ ឲ្យ​ភ្លេច​ការឈឺចាប់​ហើយ។

ជាមួយ​គ្នា​នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ លី តែមីន (Ly Tae Min) ចំអក​ឲ្យ​លោក ហ៊ុន ម៉ានី ថា ចេះ​រក​គិត​អ្វី​ឲ្យ​ប្រសើរ​ជាង​នេះ​ផង​បានទេ។ លី តែ​មីន សួរ ថា តើ​មនុស្ស​ដែល​បាត់បង់​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ ដូច​ពលរដ្ឋ​ភៀស​សឹក តើ​មាន​អារម្មណ៍​ណា​ទៅ​សប្បាយ​កើត​? ចំណែកឯ ហ្វេសប៊ុក​ឈ្មោះ ម៉ាណែត អេង (Manet Eng) បញ្ចេញមតិ​ថា មិន​ប៉ះចំ​សាច់​អស់លោក ទើប​មិនដឹង​ថា ទំហំ​នៃ​ការឈឺចាប់​របស់​អ្នក​ដែល​បាត់បង់​ធំ​ប៉ុណ្ណា?

ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ភៀស​សឹក​នៅ​បឹង​ត្រកួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ពួកគាត់​មិន​សប្បាយ នឹង​ការរៀបចំ​កម្មវិធី​ចូលឆ្នាំ​ខ្មែរ​នោះ​ទេ​។ លោក​ថា ពួកគាត់​ចង់បាន​ដី និង​ផ្ទះសម្បែង​ត្រឡប់​មកវិញ​ឆាប់ៗ ពីព្រោះ​ការរស់នៅ​ក្នុង​តង់ ឬ​ផ្ទះ​បណ្ដោះអាសន្ន ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត សង់​ឲ្យ​ពួកគាត់​ស្នាក់នៅ​នោះ មិន​កក់ក្ដៅ​ដូច​រស់នៅ​លើ​ដី និង​ផ្ទះ​ខ្លួនឯង​ឡើយ។

ពលរដ្ឋ​​​​​​​​​​​​​​​​​​លាក់​ឈ្មោះ៖ «មានអី​ត្រូវ​សប្បាយ ខ្ញុំ​បាត់​ដី បាត់​ផ្ទះ ។ អត់​សប្បាយចិត្ត​ទេ ខ្ញុំ​ចង់​ឲ្យ​ដោះស្រាយ​រឿង​ដី​ផ្ទះ​ហ្នឹងឯង​។ អាហ្នឹង​បាន​ខ្ញុំ​សប្បាយចិត្ត​ពិតប្រាកដ»។

ចំណែក​ហ្វេសប៊ុក​ឈ្មោះ វង្ស សុគន្ធា (Vong Sokunthea) បាន​ចែក​ផ្សាយ​បន្ត​នូវ​យោបល់​លោក ហ៊ុន ម៉ានី និង​ភ្ជាប់​មតិយោបល់​ថា ឯកឧត្តម​ប្អូន​អើយ គ្មាន​ន​ណា​មាន​អារម្មណ៍​សប្បាយ​ទេ អស់​ផ្ទះ អស់​ដី អស់​ស្រែ ចំការ អស់​មុខរបរ​ហើយ​។ វង្ស សុគន្ធា លើកឡើង​ទៀត​ថា បើ​សៀម​ឃើញ​សៀម​នាំគ្នា​សើចចំអក​ទៀត ថា សៀម​គេ​វាយ គេ​ផ្លោង​ដាក់ គេ​ទំលាក់​គ្រាប់ ធ្វើ​ឲ្យ​ខ្មែរ​ស្លាប់​រាប់​រយ​នាក់ ហើយ​សៀម​គេ​ប្លន់​យក​ដី គេ​បំផ្លាញ​ផ្ទះសំបែង បំផ្លាញ​វត្ត​អារាម ធ្វើ​ឲ្យ​ខ្មែរ​រត់​ខ្ចាត់ខ្ចាយ​ទៅ​រស់នៅ​តង់ … បែប​នេះ​ហើយ អត់​ចេះ​ឈឺចាប់​អី​តិច ហើយ​នៅ​សប្បាយ​អធិកអធម​ចូលឆ្នាំ​ទៀត​?

ហ្វេសប៊ុក​ឈ្មោះ យូ អាស៍ (Yuu Ahh) ទទូច​ឲ្យ​លោក ហ៊ុន ម៉ានី និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទទួលយក​មតិ​រិះគន់​របស់​ប្រជាពលរដ្ឋ​ផង។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា យល់​ថា ការ​រៀប​ចំ​នេះ ជា​ការ​ពង្វក់​ស្មារតី​ពលរដ្ឋ ឲ្យ​ភ្លេច​ព្រឹត្តិការណ៍ ដែល​នាំ​ពួកគាត់​ឈឺចាប់ និង​រឿង​ដែល​នាំ​ឲ្យ​កើតមាន​សង្គ្រាម រហូតដល់​បាត់បង់​ទឹកដី ផ្ទះសម្បែង​ពលរដ្ឋ។

លោក​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែមីនា ថា អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ភៀស​សឹក​រីករាយ​នោះ គឺ​ការ​ផ្ដល់​នូវ​សេវា​ផ្សេងៗ ដែល​ពួកគាត់​កំពុង​ជួប​ការ​លំបាក ក្នុង​កាលៈទេសៈ ពួកគាត់​គ្មាន​មុខរបរ ខណៈ​ពិភពលោក​ក៏​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធំៗ ដូចជា វិបត្តិ​ប្រេង​ជាដើម ដោយសារតែ​សង្គ្រាម ។ លោក​ថា បញ្ហា​ទាំងនេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គួរ​គិតពិចារណា ហើយ​ងាក​មក​រក​វិធីសាស្ត្រ​ជួយ​ស្ដារ​ជីវភាព ឲ្យ​រស់​នៅ​បាន​សុខ​សន្តិភាព​ពិតប្រាកដ មិនមែន​ចេះតែ​និយាយ​អួត ហើយ​ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «ជីវភាព​រស់នៅ​មិន​ទាន់ មាន​ភាពសមរម្យ​ផ្គត់ផ្គង់​ថវិកា ផ្គត់ផ្គង់​សម្ភារៈ​ផ្សេងៗ អាហារ​អី​មិន​ដិតដល់ ខ្វះមុខខ្វះក្រោយ អាហ្នឹង​សុទ្ធសឹងតែ​រឿង ត្រូវ គិត​គួរ​មិនមែន​ជា​យក​រឿង​សប្បាយ​ទៅ​មួយ​គ្រា​ពេល​ហ្នឹង ហើយ​ទុក្ខសោក​ត្រឡប់មកវិញ​ដដែល អាហ្នឹង​វា​មិនអាច​ធ្វើ​ឲ្យ​រឿងរ៉ាវ​ទាំងអស់​នោះ រសាត់​ចេញពី អារម្មណ៍​របស់​ពួកគាត់​ទេ​។ អ៊ីចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា មិន​គួរ​គប្បី រៀបចំ​ពិធី​ហ្នឹង ក្នុង​កាលៈទេសៈ​បែប​នេះ​ទេ»។

អ្នកឃ្លាំមើល លើកឡើង ថា មតិ​រិះគន់​របស់​មហាជន និង​ពលរដ្ឋ​ភៀស​សឹក​ចំពោះ​លោក ហ៊ុន ម៉ានី សមល្មម​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ទទួលស្គាល់ ពី​ផ្នត់គំនិត​ខុស និងអសមត្ថភាព​នៃ​ការដឹកនាំ​របស់​ខ្លួន​ហើយ ។ ពួកគាត់​ថា ខណៈ​គ្រោះ​របស់​ប្រទេសជាតិ និង​ទុក្ខ​ធំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បែបនេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរ​ផ្តោត​លើ​ការ​ជួយ​ជីវភាព​ពលរដ្ឋ​ភៀស​សឹក ដោះស្រាយ​បញ្ហា​ចំពោះមុខ​របស់​ពួកគាត់ ហើយ​បង្ហាញ​សេណារីយោ​ទាមទារ​យក​ដីធ្លី និង​ផ្ទះ​របស់​ពួកគាត់​ពី​ភាគី​ថៃ​វិញ គឺ​មិនមែន​ទៅ​រៀបចំ​ពិធី​សប្បាយ​ពង្វក់​ពួកគាត់ ដែល​កំពុង​តែ​មាន​គ្រោះ​ធំ​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ