
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស គាំទ្រសកម្មភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា និងវេទិកាឆ្លើយតបមនុស្សធម៌ (HRF) ដែលចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ជនភៀសសឹក។
ការសិក្សានេះគឺដើម្បីកំណត់អាទិភាព ផ្តល់ជំនួយទាន់ពេលវេលា និងគាំទ្រដល់ពលករដែលត្រលប់មកពីប្រទេសថៃ ទទួលបានការងារ និងសេវាសង្គមចាំបាច់ ព្រមទាំងវិភាគទៅលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចពលរដ្ឋភៀសសឹក និងពលករត្រលប់ពីប្រទេសថៃ ដើម្បីគាំទ្រដល់ការរៀបចំផែនការស្តារឡើងវិញសម្រាប់រយៈពេលខ្លី និងមធ្យម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា សាទរចំពោះចំណាត់ការរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដែលជួយទៅដល់ពលរដ្ឋកម្ពុជាកំពុងតែរងគ្រោះដោយសារតែភៀសខ្លួនទៅរកទីតាំងសុវត្ថិភាព។
លោកថា តាមពិតអង្គការសហប្រជាជាតិគួរតែជួយដល់ជនភៀសសឹកតាំងពីដំបូង។
ខ្ញុំទទូចឲ្យរដ្ឋាភិបាលរួមទាំងអង្គការសហប្រជាជាតិ និងអង្គការជាតិអន្តរជាតិនានាគប្បីកិច្ចសហការគ្នាឲ្យបានល្អ ហើយជាបន្ទាន់ក្នុងការជួយទៅដល់ជនរងគ្រោះដែលកំពុង ភៀសសឹកដោយគ្មានផ្ទះសម្បែង គ្មានហេដ្ឋារចនាសម្ព័ន្ធក្នុងការរស់នៅ ជាពិសេសកុមារតូចៗត្រូវបានបាត់បង់ការរៀនសូត្រ ហើយប្រជាពលរដ្ឋត្រូវបានបោះបង់ចោលលំនៅឋាន ជាការរស់នៅក្នុងភាពរងទុក្ខវេទនា
អង្គការ សហប្រជាជាតិនៅកម្ពុជា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃពុធ ទី២៤ ថា អង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិកាឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។
អង្គការសហប្រជាជាតិនៅកម្ពុជា បានសរសេរទៀតថា ក្រុមការងារចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់ និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។
អង្គការសហប្រជាជាតិ លើកឡើងថា «លទ្ធផលនៃការប៉ាន់ប្រមាណរួមគ្នានេះ នឹងជួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងការកំណត់អាទិភាពដើម្បីផ្តល់ជំនួយ ពង្រឹងការសម្របសម្រួល និងធានាដល់ការផ្តល់ជំនួយទាន់ពេលវេលា និងសមស្របតាមស្តង់ដារជំនួយមនុស្សធម៌»។
អង្គការសហប្រជាជាតិបានធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ពលករដែលត្រលប់មកពីប្រទេសថៃ ដើម្បីទទួលបានការងារ និងសេវាសង្គមចាំបាច់ ដូចជាសេវាគាំពារសង្គម។ អង្គការសហប្រជាជាតិក៏កំពុងជួយធ្វើការវិភាគទៅលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចរបស់ពលរដ្ឋភៀសសឹក និងពលករត្រលប់ពីប្រទេសថៃដើម្បីគាំទ្រដល់ការរៀបចំផែនការស្តារឡើងវិញសម្រាប់រយៈពេលខ្លី និងមធ្យម។
អង្គការសហប្រជាជាតិ ឲ្យដឹងបន្ថែមថា ចាប់តាំងពីខែមិថុនាមក ពលរដ្ឋភៀសសឹកប្រមាណជាង១០០ ០០០នាក់ក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រពីវេទិកាឆ្លើយតបមនុស្សធម៌ (HRF) និងអង្គការសហប្រជាជាតិ ផ្នែកអនាម័យ ទឹកស្អាត សុខភាព ការអប់រំ ស្បៀងអាហារ និងជម្រកស្នាក់នៅ។
ជុំវិញបញ្ហានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក រួមទាំងអង្គការសង្គមស៊ីវិល ១៨២ស្ថាប័ន បានចេញលិខិតរួមគ្នាមួយ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធឈ្លានពាន និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែល បានប្រព្រឹត្តទ្បើងដោយរដ្ឋាភិបាល និងយោធាថៃនៅក្នុងទឹកដីកម្ពុជា។
អាដហុកថា ទង្វើទាំងនេះបង្កើតជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋស៊ីវិល សន្តិភាពក្នុងតំបន់ និងនីតិសាកល។
រីឯ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញលិខិតថ្កោលទោស ដោយចាត់ទុកការវាយប្រហារមិនរើសគោលដៅរបស់យោធាថៃមកលើប្រទេសកម្ពុជាថា ជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពន្យល់ថា ការប្រើកម្លាំងយោធាវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀត គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន (Crime of Aggression)។ រីឯ ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងការបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ(Crimes Against Humanity)។
គិតត្រឹមថ្ងៃទី២៥ ខែធ្នូ នេះ គឺឈានចូលថ្ងៃទី ១៩ ហើយដែលយោធាថៃ បានបន្តឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ឱ្យដឹងថា ទង្វើឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ បានធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់កើនដល់ ៣០នាក់ហើយ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៥ ខែធ្នូ៕










