
ប្រពន្ធរបស់ចាងហ្វាងការផ្សាយព័ត៌មានHVNN TV online ទទូចឲ្យតុលាការដោះលែងប្ដី ដោយថា ការបន្តឃុំខ្លួននេះ នឹងប៉ះពាល់ការសិក្សាកូនៗ និងជីវភាពគ្រួសារ។ ការទទូចនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ខេត្តបាត់ដំបង តម្កល់សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានរូបនេះ នៅក្រៅឃុំបណ្ដោះអាសន្ន។
ប្រពន្ធរបស់លោក ហែម វណ្ណា ស្នើឲ្យតុលាការដោះលែងប្ដីវិញ ដោយថា ការឃុំខ្លួនប្ដីនេះ ធ្វើឲ្យកូនរបស់លោកស្រីពីរនាក់បោះបង់ការសិក្សា ដើម្បីជួយរកលុយដោះបំណុលធនាគារ និងផ្គត់ផ្គង់ជីវភាព។
សាលាឧទ្ធរណ៍ខេត្តបាត់ដំបងនៅថ្ងៃទី០២ ខែមេសាបានប្រកាសសាលដីកា ដោយតម្កល់សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការដដែល ពោលគឺមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានលោក ហែម វណ្ណា នៅក្រៅឃុំបណ្ដោះ អាសន្នតាមការស្នើសុំនោះទេ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចមិនអនុញ្ញាតឲ្យលោក ហែម វណ្ណា នៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមហេតុផលថា សំណុំរឿងលោក ហែម វណ្ណា ស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ ហើយការដោះលែងឲ្យនៅក្រៅឃុំ អាចធ្វើឲ្យអ្នកសារព័ត៌មានអនឡាញរូបនេះ ដាក់សម្ពាធគាបសង្កត់ ឬត្រូវរ៉ូវជាមួយជនត្រូវចោទផ្សេងទៀត។
ប្រពន្ធរបស់លោក ហែម វណ្ណា គឺលោកស្រី សែម ស្រីពៅ សង្ឃឹមថា តុលាការនឹងដោះលែងប្ដីឲ្យមានសេរីភាពវិញ។ លោកស្រីប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២ ខែមេសា ថា ការបន្តឃុំខ្លួនប្ដីបន្តទៀតនេះ ធ្វើឲ្យលោកស្រី និងកូនៗ ត្រូវទទួលបន្ទុកធ្ងន់ធ្ងរ។
លោកស្រី សែម ស្រីពៅ៖ «ស្នើសុំឲ្យតុលាការជួយដោះលែងប្ដីខ្ញុំនៅក្រៅឃុំ ពីព្រោះគ្រួសារខ្ញុំមានបន្ទុកធ្ងន់ ខ្ញុំជំពាក់ធនាគារច្រើន ហើយប្ដីខ្ញុំគាត់មានជំងឺលើសឈាម និងលើសជាតិស្ករ រលាកប្លោកនោម ហើយប្ដីខ្ញុំគាត់ធ្លាប់បកភ្នែក។ ឥឡូវភ្នែកគាត់ខ្សោយជាងមុន។ ខ្ញុំនៅរៀនទាំងអស់ នៅពេលដែលមានបញ្ហាហ្នឹង កូនខ្ញុំពីរនាក់ គាត់បានផ្អាករៀនសូត្រ ដើម្បីការងារធ្វើ ដើម្បីយកលុយដោះទ័លនៅក្នុងគ្រួសារ។ កូនខ្ញុំបងគេ គាត់ត្រូវចូលរៀននៅមហាវិទ្យាល័យ កូនទី២ គាត់រៀនថ្នាក់ទី១១។ ខ្ញុំសង្ឃឹមថា តុលាការនឹងមានភាពយុត្តិធម៌ជូនប្ដីខ្ញុំ»។
លោក ហែម វណ្ណា ចាងហ្វាងកាសែតHVNN TV Online ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រោយបានរាយការណ៍ព័ត៌មានតាមអនឡាញពីទីតាំងអគារមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការប្រើប្រាស់ហិង្សាលើជនជាតិចិន។ នៅក្នុងវីដេអូនោះ លោកបានរៀបរាប់ថា ទីតាំងឆបោកអនឡាញនោះ ស្ថិតនៅខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ប្រមាណ ១០០ម៉ែត្រប៉ុណ្ណោះ ដោយហាក់ចង់បញ្ជាក់ថា បើវានៅជិតគ្នាបែបនេះ សមត្ថកិច្ចគួរតែបានដឹងអំពីបញ្ហានេះ។
ទោះជាយ៉ាង ក្រោយការផ្សាយនេះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនលោកសួរនាំ និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយតុលាការ ចោទប្រកាន់បទ«ញុះញង់ឱ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍» និង «ស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន» តាមមាត្រា ៤៩៥ និង ៣០១ នៃក្រមព្រហ្មទណ្ឌ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICAHDO) លោក អំ សំអាត សោកស្ដាយ និងចាត់ទុកការសម្រេចបន្តឃុំខ្លួនអ្នកសារព័ត៌មានលោក ហែម វណ្ណា ថា នឹងជះឥទ្ធិពលមិនល្អ និងប៉ះពាល់ដល់ សិទ្ធិនិងលំហសេរីភាពសារព័ត៌មាននៅកម្ពុជា ខណៈលោក ហែម វណ្ណា ជាអ្នក សារព័ត៌មានបំពេញវិជ្ជាជីវៈ និងមានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានផងដែរ។ លោកថា ប្រសិនបើអ្នកសារព័ត៌មានផ្សាយមានកំហុសឆ្គង ត្រូវយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្ត ដោយមិនគួរយកច្បាប់ក្រមព្រហ្មទណ្ឌ មកធ្វើការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនអ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈ និងផ្សាយ ព័ត៌មាននោះឡើយ។
លោក អំ សំអាត៖ «បញ្ហានេះ គឺវាជះឥទ្ធិពលមិនល្អ និងប៉ះពាល់ដល់សិទិ្ធ និងសេរីភាព ឬក៏លំហសេរីភាពសារព័ត៌មាន ដែលធ្វើឲ្យមានការរឹត្បិតទៅលើសេរីភាពនៃសារព័ត៌មាន ដែលវាផ្ទុយពីកម្ពុជាយើងតែងតែលើកឡើងថា របបសារព័ត៌មាន វាជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា។ អ៊ីចឹងបើយើងមើលទៅការអនុវត្តជាក់ស្ដែងវាមានការផ្ទុយស្រលះ វាជាការរិតត្បិតទៅលើលំហសេរីភាពសារព័ត៌មាន»។
អង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ឃុំខ្លួនលោក ហែម វណ្ណា ជាការបំបិទសំឡេងរបស់អ្នកសារព័ត៌មានបន្ថែមទៀត ក្រោយពីអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន៥នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយសារការផ្សព្វផ្សាយព័ត៌មានចាប់តាំងពីខែមករាមក។ ពួកគេបានទាមទាររដ្ឋាភិបាលគោរព និងការពារសេរីភាពអ្នកសារព័ត៌មានដើម្បីពួកគេអាចបំពេញមុខងារវិជ្ជាជីវៈដោយមិនមានការភ័យខ្លាច ការយាយី ការបំភិតបំភ័យ និងការចាប់ដាក់ពន្ធនាគារ។
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជាលេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០២៥។ ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ៤២ ផ្សេងទៀតដែលសេរីភាពសារព័ត៌មានកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង៕










